+855 92 92 1000
Logo
ការស្វែងយល់កម្មសិទ្ធិដីធ្លីមុននឹងចុះកិច្ចសន្យាទិញលក់
Updated on: June 6, 2022, 8:24 p.m.
Published on: March 30, 2018, 6:09 a.m.

ការស្វែងយល់កម្មសិទ្ធិដីធ្លីមុននឹងចុះកិច្ចសន្យាទិញលក់


នៅប្រទេសកម្ពុជាការចុះបញ្ជីដីធ្លីនៅមានភាពខ្វះចន្លោះច្រើនដោយអ្នកខ្លះបានកាន់កាប់ដោយស្របច្បាប់ខ្លះក៏មិនស្របច្បាប់​។ ភាពមិនច្បាស់លាស់បែបនេះអាចបង្កជាជម្លោះណាមួយនៅពេលមានការទិញលក់។ ដូច្នេះដើម្បីជៀសវាងការទិញដីមានបញ្ហាអ្នកទិញត្រូវមានការប្រុងប្រយ័ត្នដោយពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តចុះកិច្ចសន្យា។
តើត្រូវពិនិត្យលើកម្មសិទ្ធិដីធ្លីយ៉ាងដូចម្តេច?

ក្នុងលក្ខខណ្ឌច្បាប់គេត្រូវពិនិត្យមើលជាបឋមអំពីប្រភេទនៃប័ណ្ណកាន់កាប់ដីរបស់ម្ចាស់ដីក្នុងគោលបំណងឲ្យដឹងថាតើគាត់ជាកម្មសិទ្ធិករ (មានប្លង់រឹង) ឬគ្រាន់តែជាអ្នកកាន់កាប់ស្របច្បាប់ (មានត្រឹមប្លង់ទន់)។

ក្នុងករណីអ្នកទិញដីពីភោគី ឬអ្នកកាន់កាប់ស្របច្បាប់ដែលមានត្រឹមតែប្លង់ទន់អ្នកទិញត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដោយសារដីប្លង់ទន់អាចមានភាពស្មុកស្មាញច្រើនវាមានត្រឹមតែលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីដែលទទួលស្គាល់ត្រឹមតែអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ឬស្រុកប៉ុណ្ណោះ។

ម្យ៉ាងទៀតបើទិញដីប្លង់ទន់ត្រូវពិនិត្យឲ្យច្បាស់អំពីប្រវត្តិលិខិតផ្ទេរសិទ្ធិកាន់កាប់នេះថាតើបានផ្ទេរប៉ុន្មានដំណាក់កាល ឬប៉ុន្មានម្ចាស់រួចមកហើយ  ហើយថាតើលិខិតនេះអាចនៅប្រើប្រាស់បានទៀតដែរឬទេ។ ខណៈប្លង់រឹងវិញមានភាពងាយស្រួលច្រើនដោយសារប្លង់រឹងមានទាំងទំហំដី និងឈ្មោះដែលមានការទទួលស្គាល់ពីការិយាល័យសុរិយោដី ហើយការទិញលក់អាចផ្ទៀងផ្ទាត់យ៉ាងងាយស្រួលនៅមន្ទីរ ឬការិយាល័យសុរិយោដី។

តើត្រូវពិនិត្យលើចំណុចផ្សេងទៀតដែរឬទេ?

ប្រាកដណាស់ការពិនិត្យទៅលើតែឯកសារកម្មសិទ្ធិតែម្យ៉ាងមិនទាន់គ្រប់គ្រាន់ទេអ្នកទិញត្រូវពិនិត្យលើចំណុចមួយចំនួនទៀតដូចជា៖ ការជាប់បន្ទុកដីដែលរួមមានការដាក់ធានា ការបញ្ចាំ ឬជួលលើអចលនទ្រព្យនោះ ឬថាតើដីនោះមានការហាមឃាត់ណាមួយតាមផ្លូវតុលាការជាដើម។

អ្នកទិញក៏ត្រូវចុះពិនិត្យដោយផ្ទាល់លើទីតាំងដី ព្រំប្រទល់ដី និងរបងដីច្បាស់លាស់ដើម្បីជៀសវាងជម្លោះទៅថ្ងៃក្រោយ។ ម្យ៉ាងវិញទៀតក៏ត្រូវពិនិត្យមើលថាតើដីនេះនឹងត្រូវកាត់ជា​ចំណែកផ្លូវដែរឬក៏អត់(តើរដ្ឋនឹងទុកជាដីចំណែកផ្លូវប៉ុន្មានម៉ែត្រ?)។

លទ្ធភាពក្នុងការចុះកិច្ចសន្យាទិញលក់

នៅក្នុងការចុះកិច្ចសន្យាភាគីទាំងសងខាងត្រូវពិនិត្យថាតើភាគីម្ខាងទៀតរបស់ខ្លួនមានសិទ្ធិពេញលេញក្នុងការចុះកិច្ចសន្យា ឬផ្តិតមេដៃដែរទេ។ ដោយពិនិត្យថាតើភាគីទាំងពីរជារូបវន្តបុគ្គល ឬនិតិបុគ្គល (ក្រុមហ៊ុន)។ ក្នុងន័យនេះលក្ខខណ្ឌនីមួយៗត្រូវមានការកំណត់ឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្ត ចុះកិច្ចសន្យាទិញលក់។ មួយវិញទៀតជាពិសេសសម្រាប់អ្នកទិញពួកគាត់ត្រូវមានសញ្ជាតិខ្មែរដើម្បីមានសិទ្ធិទិញដី​នៅក្នុង ប្រទេសកម្ពុជាបាន។

កិច្ចសន្យាទិញលក់ដីប្លង់រឹង និងដីប្លង់ទន់

សម្រាប់ដីកម្មសិទ្ធិករ (ដីប្លង់រឹង) តាមច្បាប់កិច្ចសន្យាទិញលក់ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរដោយមានសាក្សីផ្តិតមេដៃបញ្ជាក់ និងមានការទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ច។  បន្ទាប់មកត្រូវធ្វើការផ្ទេរកម្មសិទ្ធិកាន់កាប់នៅមន្ទីរសូរិយោដីខេត្ត ហើយការផ្ទេរសិទ្ធិនេះតម្រូវឲ្យបង់ពន្ធ៤%នៃតម្លៃអចលនទ្រព្យសរុប។​ សូមបញ្ជាក់ថា​ករណីដីប្លង់រឹងនេះនៅមានជាប់បន្ទុកផ្សេងៗម្ចាស់ដីត្រូវតែដោះបន្ទុកទាំងអស់ជាមុនសិនទើបអាចបន្តនីតិវិធីនៃការផ្ទេរកម្មសិទ្ធិបាន។

សម្រាប់ភោគី (ប្លង់ទន់) ការទិញលក់ត្រូវធ្វើនៅត្រឹមអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះដែលអាចនៅត្រឹមថ្នាក់ឃុំ/សង្កាត់ ឬស្រុកខណ្ឌតាមតំបន់ផ្សេងខុសៗគ្នាដោយធ្វើត្រឹមតែលិខិតផ្ទេរសិទ្ធិគ្រប់គ្រងដីធ្លីមិនចាំបាច់ឆ្លងកាត់មន្ទីរសូរិយោដីខេត្តនោះទេ ដោយសារដីនេះមិនទាន់ចុះបញ្ជីក្នុងប្រព័ន្ធរដ្ឋបាលសូរិយោដី​នៅឡើយ៕  

ស្វែងរកដីសម្រាប់លក់តាមរយៈ Realestate.com.kh!

Comments