+855 92 92 1000
Logo
ស្ថាបត្យកម្មខ្មែរដ៏អស្ចារ្យ៖ កម្រងរូបភាពអនុស្សាវរីយរោងភាពយន្តនៅក្នុងប្រទេសកម្ពុជា
Updated on: June 6, 2022, 5:04 p.m.
Published on: July 31, 2017, 11:37 a.m.

ស្ថាបត្យកម្មខ្មែរដ៏អស្ចារ្យ៖ កម្រងរូបភាពអនុស្សាវរីយរោងភាពយន្តនៅក្នុងប្រទេសកម្ពុជា


អតីតសំណង់អគាររោងភាពយន្តរបស់កម្ពុជាបានបង្ហាញពីស្ថាបត្យកម្មដ៏ល្បីល្បាញរបស់ខ្លួន​មុនពេលសង្គ្រាមស៊ីវិលបានញុំាញី។ ទោះជាយ៉ាងណាក៏ដោយនាពេលបច្ចុប្បន្ននេះភាគច្រើនក្មេងជំនាន់ក្រោយហាក់ដូចជាមិនបានដឹងច្រើនអំពីប្រវត្តិនៃអគារទាំងនោះទេ។ ហេតុផលនេះហើយបានជា Amazing Cambodia បានចាប់ធ្វើការសិក្សាជ្រាវប្រមូលរូបថត និងប្រវត្តិសំណង់អគាររោងភាពយន្តចាស់ៗទាំងអស់នោះដើម្បីឱ្យប្រជាជនខ្មែរបានយល់ដឹងពីស្ថាបត្យកម្មដ៏អស្ចារ្យកាលពីអតីតកាល។

Amazing Cambodia គឺជាទំព័រទំនាក់ទំនងសង្គមហ្វេសប៊ុកមួយដែលមានគោលបំណង ប្រមូលរូបភាពចាស់ៗកាលពីអតីតកាលមានដូចជា៖ រូបភាពប្រវត្តិសាស្រ្តដែលទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ សិល្បៈភាពយន្ត តន្រ្តី និងរឿងរ៉ាវផ្សេងៗទៀតដែលផ្តោតសំខាន់លើវប្បធម៌ជាដើម។ នៅក្នុងបទសម្ភាសន៍ជាមួយនឹង Realestate.com.kh លោក ស្រ៊ិន សុខមាន ស្ថាបនិក Amazing Cambodia បានផ្តល់បទសំភាសន៍ទាក់ទងនឹងកម្រងរូបភាពនៃសំណង់អគាររោងភាពយន្តចាស់ទាំងអស់នោះ។

ហេតុអ្វីបានជាអ្នកចងក្រងរូបថតអគារទាំងអស់នេះ?

ហេតុផលដែលខ្ញុំប្រមូលរូបភាពចាស់ៗនៃអគាររោងភាពយន្តរបស់កម្ពុជាទាំងអស់នេះដោយសារតែវាគឺជាផ្នែកមួយនៃការស្រាវជ្រាវដែលខ្ញុំចូលចិត្តបំផុត។ ខ្ញុំពិតជាងប់ងល់ នឹងសិល្បៈវប្បធម៌ដ៏រុងរឿងកម្ពុជាមុនឆ្នាំ1975យ៉ាងខ្លាំង។ ជាក់ស្តែងវត្តមានរោងភាពយន្តជាច្រើនជាពិសេសមានរោងភាពយន្តប្រមាណជាង30ស្ថិតនៅរាជធានីភ្នំពេញតែម្តងដែលទាំង អស់នេះជាតឹងតាងបញ្ជាក់ពីការជឿនលឿនយ៉ាងខ្លាំងនៅក្នុងវិស័យភាពយន្តខ្មែរកាលពីជំនាន់នោះ។

ម្យ៉ាងវិញទៀតវាបានធ្វើឲ្យយើងនឹកឃើញពីអនុស្សាវរីយវ័យកុមារដូចជារូបខ្ញុំផ្ទាល់បានស្គាល់រោងភាពយន្តមួយចំនួននៅក្នុងអំឡុងដើមឆ្នាំ2000ដូចជារោងកុនអង្គរនិងរោងកុនគិរីរម្យដូច្នេះនេះធ្វើឱ្យខ្ញុំចង់ដឹងពីកន្លែងនោះតើកាលពីដើមឡើយវាមានរូបរាងបែបណា និងមានប្រវត្តិយ៉ាងណា!

នៅពេលណាអ្នកចាប់ផ្តើមចងក្រងរូបថតអគារចាស់ទាំងអស់នេះ?

ក្នុងអំឡុងឆ្នាំ2004-2005ខ្ញុំបានអានអត្ថបទទស្សនាវដ្តីក្នុងស្រុកមួយដែលមានឈ្មោះថាទស្សនាវដ្តីប្រជាប្រិយដែលអត្ថបទនោះសរសេរទាក់ទងនឹងរូបថតចាស់របស់រោងភាពយន្ត ចាស់ៗនៅក្នុងរាជធានីភ្នំពេញ។ នាពេលនោះខ្ញុំបានរៀនសូត្រច្រើនពីអត្ថបទអំពីការផ្លាស់ប្តរូអគារទាំងនោះ។ បន្ទាប់មកខ្ញុំចាប់ផ្តើមប្រមូលទស្សនាវដ្តីចាស់ៗទាំងអស់នោះសម្រាប់ធ្វើការស្រាវជ្រាវផ្ទាល់ខ្លួនបន្ថែមទៀត។ នៅក្នុងឆ្នាំ2010ខ្ញុំបានចាប់ផ្តើមប្រើអ៊ិនធឺរណែតហើយតាំងពីពេលនោះមកវាបានក្លាយជាមធ្យោបាយដ៏អស្ចារ្យបំផុតសម្រាប់ការស្រាវជ្រាវតាមអ៊ីនធឺណែតលើប្រធានបទនេះ។

តើរូបថតរោងភាពយន្តមួយណាជាដែលអ្នកចូលចិត្តជាងគេ? ហេតុអ្វី?

រូបភាពដែលខ្ញុំចូលចិត្តបំផុតរបស់ខ្ញុំគឺរូបនៅទសវត្សឆ្នាំ1960 និងដើមទសវត្សឆ្នាំ1970 ដែលបានបង្ហាញពីស្ថាបត្យកម្មដ៏អស្ចារ្យនៃអគាររោងភាពយន្តទាំងនោះ និងទិដ្ឋភាពហ្វូងមនុស្សយ៉ាងច្រើនដែលកំពុងរងចាំទិញសំបុត្រពីព្រោះរូបភាពទាំងនោះបង្ហាញពីទំនាក់ទំនងរវាងអគារនិងការបញ្ចាំងភាពយន្តដ៏មានភាពជោគជ័យនៅក្នុងប្រទេសកម្ពុជាកាលពីជំនាន់នោះ។

រូបភាពមួយក្នុងចំណោមរូបភាពទាំងនេះគឺជារូបភាពរោងភាពយន្តព្រហ្មបាយ័នជាមួយនឹងផ្ទាំងរូបភាពនៃភាពយន្តបារាំងដែលបានដកស្រង់ពីកាសែត Cambodge d'Aujourd'hui ដែលបានចេញផ្សាយនៅខែធ្នូឆ្នាំ1958 ។

តើអ្នកអាចពិពណ៌នាសង្ខេបពីរោងកុនចាស់ទាំងនេះបានទេ?

ផ្អែកលើទិន្នន័យស្រាវជ្រាវរបស់ខ្ញុំមានប្រហែល36រោងកុននៅក្នុងរាជធានីភ្នំពេញ និងមួយចំនួនទៀតនៅតាមទីប្រជុំជននៅទូទាំងប្រទេស។ រោងភាពយន្តទាំងនេះត្រូវបានបែងចែកជា 4 ក្រុម៖ ក្រុមទី1 មុនឆ្នាំ 1950 ដែលមានរោងភាពយន្តល្បីៗមានដូចជា៖ រោងភាពយន្ត Ciné Star, រោងភាពយន្តលុច្យ, រោងភាពយន្ត Eden, រោងភាពយន្ត Majestic, រោងភាពយន្ត Kim Phong, រោងភាពយន្ត Kim Son, រោងភាពយន្ត Trung Quoc  និងរោងភាពយន្តផ្សេងៗទៀតដែលមានទីតាំងនៅ ផ្សារកណ្តាល និងផ្សារចាស់។ ក្រុមទី2ទសវត្សឆ្នាំ1950ដែលមានរោងភាពយន្តល្បីៗដូចជា៖ រោងភាពយន្តភ្នំពេញ រោងភាពយន្តភ្នំពេជ្យ រោងភាពយន្តវិមានសួស្តី រោងភាពយន្ត ព្រហ្មបាយ័ន។ ក្រុមទី 3 ឆ្នាំ 1960 ដែលមានរោងភាពយន្តដូចជា៖ រោងភាពយន្តហេមជាតិ រោងភាពយន្តគិរីរម្យ រោងភាពយន្តម្កុដពេជ្យ រោងភាពយន្តសារព្រហ្មមាស ចំណែកឯនៅក្នុងឆ្នាំ 1970 ដូចជារោងភាពយន្តវិមានទិព្វ រោងភាពយន្តសន្តិភាព និងរោងភាពយន្តមនោរម្យ។

តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការបាត់បង់អគាររោងភាពយន្តចាស់ៗទាំងអស់នោះ?

ខ្ញុំពិតជាមានអារម្មណ៍សោកស្តាយចំពោះការបាត់បង់ដ៏ធំបែបនេះ។ ទោះបីជាយើងមិនអាចទប់ស្កាត់ទំនើបកម្មទីក្រុងយ៉ាងណាក្តីប៉ុន្តែយើងនៅតែអាចជួសជុល ឬកែលំអ អគារចាស់ៗទាំងនោះបាន លើសពីនេះទៅទៀតអគារទាំងនេះអាចមានតម្លៃដែលមិនអាច កាត់ថ្លៃបានវាអាចប្រែក្លាយជាសារមន្ទីរវិចិត្រសាល ឬមហោស្រព្យសំដែងសិល្បៈជាដើម។ គ្រាន់តែលាបឬជួសជុលកន្លែងដែលទ្រុឌទ្រោមបំផុតឲ្យអស់ពីសមិទ្ធិផលទន្ទឹមនឹងនេះដែរលក្ខណៈពិសេសស្ថាបត្យកម្មពិសេសគួរតែត្រូវបានរក្សាទុកសភាពដើម ព្រោះថាវាជាអត្តសញ្ញាណនៃស្នាដៃកាលពីជំនាន់នោះ។

តើអ្វីទៅជាអត្ថប្រយោជន៍នៃការចងក្រងរូបសំណង់អគារចាស់ៗទាំងអស់នេះ?

សម្រាប់មតិខ្ញុំផ្ទាល់អត្ថប្រយោជន៍ទីមួយរូបថតប្រវត្តិសាស្ត្រទាំងអស់នេះមានអត្ថប្រយោជន៍ដល់ប្រជាជនខ្មែរយ៉ាងខ្លាំង។ កម្រងរូបភាពរោងភាពយន្តទាំងអស់នេះបានបង្ហាញអំពីចំនួនរោងភាពយន្តយ៉ាងច្រើនក៏ដូចជាកញ្ជក់ឆ្លុះបញ្ចាំងពីកិត្យានុភាពនៃវិស័យភាពយន្តពីជំនាន់នោះមុនពេលដែលរបបខ្មែរក្រហមបានមកដល់។ ទីពីរយើងអាចសិក្សាអំពីរចនាបថនៃសំណង់អគារតាមសម័យកាលផងដែរ។ ទីបីវាអាចត្រូវបានគេមើលឃើញថាជាប្រភពដែលមានសារៈប្រយោជន៍សម្រាប់និស្សិតស្ថាបត្យកម្មជាតិនិងអន្តរជាតិក៏ដូចជាអ្នកស្រាវជ្រាវវប្បធម៌ផងដែរ។

តើអ្នកមានគម្រោងពិសេសណាមួយសម្រាប់រូបថតរោងកុនចាស់ៗទាំងនេះដែរឬទេ? តើអ្នកមានពាក្យផ្តាំផ្ញើអ្វីខ្លះប្រាប់ទៅក្មេងជំនាន់ក្រោយ?

ខ្ញុំចាប់ផ្តើមសហការជាមួយនឹងក្រុមការងារមួយដែលមានឈ្មោះថារោងកុន ពួកគាត់ជាក្រុមនិសិ្សតស្ថាបត្យកម្មមកពីសាកលវិទ្យាល័យវិចិត្រសិល្បៈដែលធ្វើការសិក្សាស្រាវជ្រាវដើម្បីចង ក្រងសៀវភៅទាក់ទងអំពីសំណង់ អគារចាស់ៗនៃរោងភាពយន្តនៅក្នុងទីក្រុងភ្នំពេញការងាររបស់យើងគឺធ្វើការការសិក្សាស្រាវជ្រាវទៅលើអគាររោងភាពយន្តចាស់ៗចំនួន៥នៅក្នុងរាជធានីភ្នំពេញហើយយើងនឹងធ្វើការចងក្រងបោះះពុម្ពជាសៀវភៅ។ សម្រាប់ការងារមួយនេះពួកយើងទើបតែចាប់ផ្តើម យើងសង្ឃឹមថាគម្រោងនេះនឹងដំណើរការដោយរលូន។

ខ្ញុំក៏បានបង្កើតពិព័ណ៌រូបថតមួយដែលក្នុងនោះមានការប្រមូលផ្តុំរូបថតចាស់ៗជាច្រើន។ ចុងក្រោយខ្ញុំចង់អោយក្មេងជំនាន់ក្រោយស្វែងយល់ពីតម្លៃប្រវត្តិសាស្ត្ររបស់អគារទាំងនោះព្រោះវាជាស្នាដៃដែលមិនអាចកាត់ថ្លៃបាន។ នៅពេលដែលសំណង់អគារមួយក្នុងចំណោមអគារទាំងនោះត្រូវបានបាត់បង់រូបរាងវាមិនអាចត្រលប់មកដូចដើមឡើយ។ អ្វីដែលយើង អាចធ្វើបានគឺត្រូវរំឭករឿងអតីតកាលតាមរយៈភស្តុតាងរូបថតក៏ដូចជាផ្សព្វផ្សាយចំនេះដឹងរបស់យើងទៅកាន់ក្មេងៗជំនាន់ក្រោយឲ្យពួកគេបានយល់ដឹងនិងធ្វើការសិក្សាស្រាវជ្រាវបន្ថែម៕

ស្វែងរកព័ត៌មានអចលនទ្រព្យល្អបំផុតតាមរយៈ Realestate.com.kh

Click here to subscribe

Comments