+855 92 92 1000
Logo
រដ្ឋាភិបាល​ជម្រុញម្ចាស់​គម្រោងលំនៅដ្ឋានឲ្យគោរពតាមគោលការណ៍បរិស្ថាន​
Updated on: May 28, 2022, 1:43 p.m.
Published on: October 6, 2018, 3:06 p.m.

រដ្ឋាភិបាល​ជម្រុញម្ចាស់​គម្រោងលំនៅដ្ឋានឲ្យគោរពតាមគោលការណ៍បរិស្ថាន​


ស្របពេលដែលការវិនិយោគលើវិស័យអចលនទ្រព្យកំពុងមានកំ​ណើនឡើងកាន់តែច្រើននៅទូទាំងប្រទេសកម្ពុជាការវិនិយោគលើវិស័យលំនៅដ្ឋានបានក្លាយជាចលករមួយដ៏សំខាន់រុញច្រានវិស័យទាំងមូលឲ្យហក់ឡើងមួយកម្រិតទៀត។ ជាក់ស្តែងនៅក្នុងពេលបច្ចុប្បន្ននេះទីក្រុងភ្នំពេញមើលឃើញថាការសាងសង់កំពុងរីកដុះដាល់ឥតឈប់ឈរទាំងគម្រោងបុរី ខុនដូ វីឡា សណ្ឋាគារ ផ្ទះល្វែង អាផាតមេន និងអគារពាណិជ្ជកម្មជាដើម។

ឆ្លើយតបទៅនឹងកំណើននេះក្រសួងបរិស្ថានបានចេញមុខជម្រុញឲ្យគ្រប់ម្ចាស់គម្រោង និងអ្នកអភិវឌ្ឍន៍ លំនៅដ្ឋាន​ ទាំងបុរី និងខុនដូត្រូវតែធ្វើឲ្យបានតាមស្តង់ដារបច្ចេកទេសដែលសមស្របតាមគោលការណ៍បរិស្ថាន។​

ការសាងសង់តាមបទដ្ឋានបរិស្ថានគឺចង់សំដៅ ការយកចិត្តទុកដាក់ខ្ពស់ទៅលើចំណុចសំខាន់នានា​ដែលជួយសម្រួលដល់ការរស់នៅរបស់ម្ចាស់អចលនទ្រព្យឲ្យបានល្អប្រសើរក្នុងនោះរួមមាន​៖ ហេដ្ឋារចនាសម្ព័​ន្ធ ផ្លូវចេញចូល ប្រព័ន្ធលូ ​និង​ប្រព័ន្ធ​ចំរោះ​ទឹក ​ប្រព័ន្ធគ្រង់កាកសំណល់ការការពារហានិភ័យជាពិសេសការធានាបាននូវគុណភាពសំណង់រឹងមាំ ​ និង​ដើម្បី​ឲ្យការអភិវឌ្ឍន៍ ប្រកបដោយសោភណភាពមាន​បរិស្ថានល្អ ​និងធានា​គុណភាពនៃជីវិត​។

ការអភិវឌ្ឍន៍មួយចំនួនកន្លងមក គឺមិនបានឆ្លើយតាមទៅនឹងគោលការណ៍បរិស្ថានធម្មជាតិសមស្រប នោះទេ។​ ដោយគម្រោងមួយបុរី​មួយចំនួនមិនបានឆ្លើយតបតាមស្តង់ដារ ដែលបានកំណត់ ដូចជា៖ ​មិនមាន​សួន​ច្បារ មិនមានកន្លែងកំសាន្ត ឬកន្លែងសាធារណៈតូចចង្អៀត ​ប្រព័ន្ធ​លូតូចពេក និងផ្លូវ​តូចពេក​ដែលធ្វើឲ្យជួបការលំបាកនៅពេលចំនួនប្រជាជនកើនឡើង។

បើពិនិត្យក្របខណ្ឌច្បាប់ទាក់ទងជាមួយការសាងសង់គម្រោងលំនៅដ្ឋានកន្លងមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានតម្រូវឲ្យម្ចាស់គម្រោងអភិឌ្ឍន៍នីមួយមុននឹងសាងសង់ត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណក្នុងលក្ខខណ្ឌភ្ជាប់មកជាមួយប្លង់មេរបស់គម្រោងដែលបានគូបញ្ជាក់ច្បាស់លាស់ពីលក្ខខណ្ឌលម្អិត និងលក្ខណៈពិសេសតាមគោលការណ៍ក្នុងនោះក៏មានការដាក់បញ្ចូលពីលក្ខណៈបរិស្ថាននេះផងដែរ។​

ថ្មីៗនេះផងដែរក្រសួងដែនដីទើបតែចេញប្រកាសដើម្បីស្តីអំពីការភិវឌ្ឍដីនៅកម្ពុជា។​ ដែលប្រកាសនេះបានកំណត់ម្ចាស់គម្រោងរក្សាទុកផ្ទៃដី២៥%នៃផ្ទៃដីសរុបសម្រាប់សាងសង់ហេដ្ឋារចនាដូចជា៖​ ផ្លូវសាធារណៈប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹក បណ្តាញ អគ្គិសនី បណ្តាញទូរគមនាគមន៍ប្រព័ន្ធគ្រងគ្រងសំណល់រឹង និងរាវ និងប្រព័ន្ធគ្រប់គ្រងអគ្គិភ័យ និងហានិភ័យផ្សេងៗ។ មួយផ្នែកទៀតគឺរៀបចំការអភិវឌ្ឍបៃតងដើម្បីជួយជម្រុញដល់ការរស់នៅលក្ខណៈធម្មជាតិ។

​ក្រសួង​ដែនដីក៏បាន​កំណត់​ឲ្យ​គ្រប់គម្រោងសាងសង់មុន​នឹង​មាន​ការ​អនុញ្ញាតចាំបាច់​ត្រូវ​តែ​ឆ្លង​កាត់​ការ​ពិនិត្យ​របស់​ក្រសួង​បរិស្ថាន ​ជាមុនសិនដើម្បីធានាជម្រុញដល់បទដ្ឋានប្រសិទ្ធិភាពបរិស្ថានបានត្រឹមត្រូវ។

គេរំពឹងថាការចូលរួមចំណែកពីស្ថាប័នរដ្ឋទាំងអស់នេះ នឹងជួយជម្រុញដល់ការអភិវឌ្ឍន៍លំនៅដ្ឋានមានការវិវត្តន៍ទៅមុខដោយភាពរឹងមាំ៕

ស្វែងរកគម្រោងបុរីនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!

Comments