លោក វណ្ណ ម៉ូលីវណ្ណ ដែលត្រូវបានគេចាត់ទុកថាជាស្ថាបនិកនៃស្ថាបត្យកម្មខ្មែរសម័យទំនើប លោកបានទទួលមរណភាពនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងអាយុ៩១ឆ្នាំ នៅក្នុងលំនៅដ្ឋានរបស់លោកនៅតាមបណ្តោយស្ទឹងសៀមរាបក្នុងក្រុងសៀមរាប។
លោក វណ្ណ ម៉ូលីវណ្ណ គឺជាស្ថាបត្យករខ្មែរដ៏ល្បីល្បាញមួយរូបក្នុងទសវត្សរ៍ឆ្នាំ១៩៥០រហូតដល់ទសវត្សឆ្នាំ១៩៧០ដែលការងារផ្នែកស្ថាបត្យកម្មរបស់លោកត្រូវបានគេចាត់ទុកថាជាស្ថាបត្យកម្មល្អបំផុតដែលបានលេចឡើងអំឡុងពេលនោះ។ លោកបានបញ្ចប់គម្រោងសាងសង់ចំនួនជិត១០០ ដែលមាននៅទាំងក្នុងប្រទេស និងក្រៅប្រទេសរួមមានគម្រោងនៅក្នុងប្រទេស ជប៉ុន បារាំង និងបណ្តាប្រទេសសំខាន់ៗជាច្រើនទៀត។ ឥទ្ធិពលនៃស្ថាបត្យកម្មរបស់លោកនៅតែរីកសុះសាយក្នុងប្រទេសកម្ពុជាដោយមនុស្សជាច្រើននៅតែកោតសរសើរពីស្នាដៃរបស់លោកទាំងនោះហើយភាពច្នៃប្រឌិតនេះបានចូលរួមយ៉ាងច្រើនទៅលើស្ថាបត្យកម្មកម្ពុជាក្នុងពេលបច្ចុប្បន្ន។
គម្រោងសំខាន់ៗមួយចំនួនរបស់លោក ម៉ូលីវណ្ណ រួមមាន៖ វិមានឯករាជ្យ ពហុកីឡាដ្ឋានជាតិ អូឡាំពិក ស្ពានជ្រោយចង្វារ សំណង់អគារសាកលវិទ្យាល័យភូមិភ្នំពេញ សាលសន្និសិទ្ធិចតុមុខ រោងមហោស្រពជាតិព្រះសុរាម្រិតទន្លេបាសាក់ និងវិមានរដ្ឋនៅចំការមនក្រុងភ្នំពេញ បច្ចុប្បន្នជាកន្លែងព្រឹទ្ធសភា។គម្រោងទាំងនេះត្រូវបានចាត់ទុកថាជាទីតាំងសំខាន់ៗសម្រាប់អ្នកស្រុក និងជនបរទេសជាច្រើនដែលរស់នៅក្នុងប្រទេសកម្ពុជា។
ក្រៅពីនេះលោកក៏មានគម្រោងជាច្រើទៀតដែលមានមនុស្សជាច្រើនពុំសូវបានស្គាល់ដូចជា៖ ព្រះចេតិយ ឬប្រសាទផ្នូរក្នុងព្រះបរមរាជវាំង មន្ទីរពេទ្យគន្ធបុប្ផា ផែនការមេខេត្តព្រះសីហនុ អាកាសយានដ្ឋានសៀមរាបលើកដំបូង និងរោងបុណ្យពាក់កណ្តាលសាសនាពីស្ថានីយរថភ្លើងដល់មាត់ទន្លេសាប។ ថ្វីត្បិតតែគម្រោងទាំងនេះមិនសូវមានគេស្គាល់ក៏ពិតមែនប៉ុន្តែវានៅតែជាគំរូពិតប្រាកដនៃរចនាបទ និងភាពល្អឥតខ្ចោះនៃស្នាដៃរបស់លោក ម៉ូលីវណ្ណ ដែលលោកបានខិតខំប្រឹងប្រែងក្នុងគម្រោងទាំងអស់នេះ។
លោក ម៉ូលីវណ្ណ ធ្លាប់បាននិយាយដោយមោទនភាពអំពីគម្រោងរបស់លោក បើទោះបីជាមាន គម្រោងខ្លះបានបាត់រូបរាងហើយក៏ដោយ។ លោកបាននិយាយថា “ខ្ញុំបានសាងសង់គម្រោងស្ថាបត្យកម្មជាច្រើនតែមានខ្លះបានបាត់បង់ទៅវិញ។ ស្នាដៃមួយដែលខ្ញុំចូលចិត្តបំផុតគឺពហុកីឡាដ្ឋានជាតិអូឡាំពិក និងរោងមហោស្រពជាតិព្រះសុរាម្រឹតនៅបាសាក់ក្នុងរាជធានីភ្នំពេញ។ មានគម្រោងជាច្រើនទៀតដែលខ្ញុំពេញចិត្តប៉ុន្តែជាអកុសលគម្រោងមួយចំនួនត្រូវបានជំនួសដោយអគារថ្មីៗឬត្រូវបានបំផ្លាញចោលតែម្តង។”
ការស្លាប់របស់គាលោក បានធ្វើឲ្យមានការសោកស្តាយសម្រាប់ប្រជាជនខ្មែរដោយសារតែមនុស្សជាច្រើនស្គាល់ និងបានសរសើរការងារស្ថាបត្យកម្មដ៏អស្ចារ្យរបស់លោក។ និស្សិតផ្នែកស្ថាបត្យ ម្មបានបង្ហាញពីភាពសោកស្តាយចំពោះការបាត់បង់រូបលោកជាពិសេសត្រង់ថាពួកគេពិតជាយល់ពីកម្រិតនៃជំនាញ និងភាពអត់ធ្មត់ដើម្បីបញ្ចប់គម្រោងនីមួយៗដែលលោកបានធ្វើដែលគម្រោងទាំងអស់ត្រូវរចនាដោយដៃ និងគ្មានជំនួយពីផ្នែកបច្ចេកវិទ្យាទំនើបឡើយ។ លោក គា សុវណ្ណា ជានិស្សិតឆ្នាំទី៤ផ្នែកស្ថាបត្យកម្មខ្មែរបាននិយាយថា “ខ្ញុំមានការសោកស្តាយខ្លាំងណាស់ដែលបានឮដំណឹងអំពីការស្លាប់របស់លោក[វណ្ណម៉ូលីវណ្ណ]។ លោកបានរចនាណ និងសាងសង់គម្រោងស្ថាបត្យកម្មដ៏ល្អបំផុតដែលយើងមិនអាចបំភ្លេចបាន”។ លោក សុវណ្ណា បានបន្ថែមថាលោកនឹងបន្តប្រើប្រាស់គំនិតបែបច្នៃប្រឌិតនៃការងាររបស់លោកម៉ូលីវណ្ណចូលទៅក្នុងរចនាបទស្ថាបត្យកម្មផ្ទាល់ខ្លួនរបស់លោក ក្នុងពេលលោកបន្តការសិក្សារ និងក្នុងអាជីពការងាររបស់លោកក្នុងវិស័យនេះ។
មនុស្សជំនាន់ក្រោយជាច្រើននៅតែស្រលាញ់ និងកោតសរសើរស្នាដៃរបស់លោកអ្នក តួយ៉ាងលោក ស្រ៊ិន សុខមាន ជាម្ចាស់គេហទំព័រនៃគហទំព័រហ្វេសប៊ុក "Amazing Cambodia" បានកំពុងធ្វើការទៅលើការស្រាជ្រាវរូបភាពសំណង់អគារចាស់ៗជាពិសេសលោកបានប្រមូលរូបថតសំណង់ អគាររបស់លោក វណ្ណ ម៉ូលីវណ្ណបានច្រើនផងដែរ។ លោកបានបន្តទៀតថា “វាគឺជាការសោកស្តាយដ៏ធំមួយ ផងដែរនៅពេលដែលស្នាដៃដ៏ល្អដែលមិនអាចកាត់ថ្លៃត្រូវបានបាត់បង់ជាបន្តបន្ទាប់ៗ។ ខ្ញុំតែងតែសួរខ្លួនឯងថាហេតុអ្វីបានជាពួកគេត្រូវបានបំផ្លាញហើយមិនត្រូវបានជួសជុលឱ្យបានសមរម្យឡើងវិញ។ "
លោកសុខមានក៏បានចងក្រងសៀវភៅប្រមូលផ្តុំរូបថតចាស់ដែលមានឈ្មោះថា "ប្រទេសកម្ពុជា: Half Century Then & Now"។ ការចងក្រងសៀវភៅនេះឡើងមានគោលបំណងដើម្បីឲ្យប្រជាជនអាចមើលឃើញ នៃភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជាពីអតីតកាល និងការវិវត្តន៍មុខមាត់ថ្មីរបស់ទីក្រុងរហូតដល់ពេលបច្ចុប្បន្ន។ ហើយនៅក្នុងការចងក្រងសៀវភៅរូបភាពទាំងនេះក៏មានរូបភាពនៃសំណង់ស្ថាបត្យកម្មផងដែរ របស់លោក វណ្ណ ម៉ូលីវណ្ណជាច្រើនផងដែរ។
ដើម្បីបន្តការងារអភិរក្សស្នាដៃដែលមិនអាចកាត់ថ្លៃរបស់លោក វណ្ណ ម៉ូលីវណ្ណ ក៏មានការរៀបចំធ្វើការបោះពុម្ពសៀវភៅមួយចំនួនម្តងទៀតដែលរៀបរាប់លម្អិតអំពីដំណើរជីវិត និងស្នាដៃរបស់លោកផងដែរ។ គម្រោងបោះពុម្ពសៀវភៅនេះគឺជាការផ្តួចផ្តើមឡើងដោយអ្នកស្រី ទាវ បណ្តូល។
អ្នកស្រីបាននិយាយថា ”ការបោះពុម្ពសៀវភៅទាំងនេះមានគោលបំណងក្នុងការថែរក្សា និងបន្តការពារស្នាដៃរបស់លោកវណ្ណ ម៉ូលីវណ្ណ ហើយវាក៏ជាការចែកចាយចំណេះដឹង និងគំនិតច្នៃប្រឌិតនៅក្នុងវិស័យស្ថាបត្យកម្មទៅកាន់ក្មេងជំនាន់ក្រោយផងដែរ" អ្នកស្រីបានបន្តទៀតថា លោក វណ្ណ ម៉ូលីវ៉ាណ្ណ សង្ឃឹមថាប្រទេសកម្ពុជានឹងចំណាយពេលវេលាដើម្បីស្វែងរកអ្នកមានទេពកោសល្យនិងអភិវឌ្ឍធនធានមនុស្សឲ្យកាន់តែប្រសើរដើម្បីកសាងសម័យកាលមួយដ៏រ៉ុងរឿងនៃការអភិវឌ្ឍន៍នគរូបនីយកម្ម និងសំណង់។ ទោះបីជាលោក វណ្ណ ម៉ូលីវណ្ណ បានទទួលអនិច្ចកម្មទៅហើយ ក៏ប៉ុន្តែស្នាដៃដ៏អស្ចារ្យរបស់លោកនៅតែក្លាយ ជាកេរ្តិ៍តំណែលមួយដែលស្ថិតនៅក្នុងចិត្តកូនខ្មែរជំនាន់ក្រោយដដែល៕
Comments