+855 92 92 1000
Logo
ថ្លៃចំណាយបន្ថែមផ្សេងៗនៅពេលអ្នកទិញផ្ទះថ្មី (ភាគ១)
Updated on: June 6, 2022, 5:04 p.m.
Published on: July 19, 2017, 12:27 p.m.

ថ្លៃចំណាយបន្ថែមផ្សេងៗនៅពេលអ្នកទិញផ្ទះថ្មី (ភាគ១)


ការទិញផ្ទះថ្មីដើម្បីរស់នៅគឺជារឿងចាំបាច់មួយសម្រាប់មនុស្សគ្រប់រូបនៅក្នុងប្រទេសកម្ពុជាជាពិសេសនៅទីក្រុងភ្នំពេញដោយសារភាគច្រើនអ្នកទាំងនេះកំពុងជួលផ្ទះដើម្បីស្នាក់នៅ ប៉ុន្តែពួកគេក៏កំពុងពិចារណាទិញផ្ទះមួយសម្រាប់គ្រួសារទាំងមូលផងដែរ។ ទោះជាយ៉ាងណាក៏ដោយការទិញផ្ទះថ្មីមិនមានន័យថាអ្នកចំណាយតែលើតម្លៃផ្ទះនោះទេ ប៉ុន្តែអ្នកក៏ត្រូវចំណាយលើការចំណាយបន្ថែមផ្សេងទៀតដែលទាក់ទងនឹងអចលនទ្រព្យនេះ។ ដូច្នេះវាជាការសំខាន់បំផុតដែលអ្នកត្រូវស្វែងយល់អំពីការចំណាយបន្ថែមដែលទាក់ទងនឹងការទិញអចលនទ្រព្យដើម្បីកុំឱ្យមានការខកចិត្តណាមួយ។

ខាងក្រោមនេះជាគន្លឹះសំខាន់ៗមួយចំនួនតាមរយៈគេហទំព័រ realestate.com.kh នឹងជួយអ្នកទិញផ្ទះលើកដំបូងអោយធ្វើការគ្រប់គ្រងថវិកាសម្រាប់ផ្ទះថ្មីនោះបានយ៉ាងត្រឹមត្រូវ៖

សេវាកម្ចីឥណទាន និងថ្លៃសេវាផ្នែកច្បាប់៖

នៅពេលអ្នកដាក់ពាក្យស្នើសុំប្រាក់កម្ចីទិញផ្ទះ អ្នកផ្តល់កម្ចី ឬធនាគារតម្រូវឲ្យអ្នកបង់ថ្លៃសេវាកម្មនៃការវាយតម្លៃ និងប្រតិបត្តិការប្រាក់កម្ចីមានន័យថាអ្នកត្រូវបង់១ភាគរយនៃប្រាក់កម្ចីសរុបដល់ធនាគារ។ ដូចគ្នានេះដែរអ្នកក៏ត្រូវបង់ប្រាក់ចំនួន២៥០ដុល្លារ ទៅឱ្យមេធាវីសម្រាប់សេវាកម្មផ្នែកច្បាប់៖  ដំបូន្មានផ្នែកច្បាប់ត្រួត​ពិនិត្យអចលនទ្រព្យនិងដំណើរការច្បាប់។

សេវាលើការផ្ទេរកម្មសិទ្ធិ៖

នេះគឺជាថ្លៃសេវាពន្ធប្រថាប់ត្រាដែលបានផ្ទេរកម្មសិទ្ធិពីអ្នកលក់ទៅអ្នកទិញ អ្នកទិញផ្ទះត្រូវបង់៤%នៃតម្លៃផ្ទះសរុបដែលត្រូវផ្ទេរកម្មសិទ្ធិ ហើយក៏ត្រូវបង់ប្រាក់ចំនួន១,០០០ដុល្លារសម្រាប់សេវាកម្មរបស់ការិយាល័យសុរិយោដី។ ជាធម្មតាដំណើរចេញប្លង់ត្រូវចំណាយរយៈពេលប្រហែល១២សប្តាហ៍ដើម្បីបញ្ចប់ការផ្ទេរប្លង់រឹងដែលបានធ្វើនៅការិយាល័យសុរិយោដី។ ប្លង់រឹងជាលិខិតបញ្ជាក់កម្មសិទ្ធិដែលចេញដោយការិយាល័យសុរិយោដីថ្នាក់ជាតិគឺជាទម្រង់នៃប័ណ្ណកម្មសិទ្ធិដែលមានសុវត្ថិភាពបំផុតហើយត្រូវបានទទួលស្គាល់នៅថ្នាក់ជាតិក៏ដូចជានៅថ្នាក់ស្រុក និងឃុំ។

ថ្លៃសេវាកម្មធានារ៉ាប់រងផ្ទះ៖

ក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាតម្រូវឱ្យអ្នកទិញផ្ទះទិញសេវាធានារ៉ាប់រងផ្ទះប្រសិនបើពួកគេខ្ចីលុយពីធនាគារ។ ថ្លៃសេវាធានារ៉ាប់រងផ្ទះអាស្រ័យទៅតាមទំហំ និងតម្លៃនៃផ្ទះ។ ប្រសិនបើតម្លៃផ្ទះខ្ពស់ជាង១០០,០០០ដុល្លារ ម្ចាស់ផ្ទះត្រូវបង់ប្រាក់១០០ដុល្លារ ឬខ្ពស់ជាងនេះក្នុងមួយឆ្នាំ។ ប្រសិនបើតម្លៃផ្ទះ ១០០,០០០ ដុល្លារ ឬទាបជាងនេះម្ចាស់ផ្ទះត្រូវតែបង់ប្រាក់តិចជាង ១០០ ដុល្លារក្នុងមួយឆ្នាំ។

សេវាភ្នាក់ងារអចលនទ្រព្យ៖

សេវានេះសម្រាប់អ្នកលក់ដែលត្រូវបង់ឱ្យភ្នាក់ងារអចលនទ្រព្យសម្រាប់ប្រតិបត្តិការទិញលក់ផ្ទះ។ ប៉ុន្តែពេលខ្លះអាចជាអ្នកទិញដែលត្រូវបង់ថ្លៃសេវាទៅឱ្យភ្នាក់ងារអចលនទ្រព្យ។ នៅក្នុងប្រទេសកម្ពុជាភ្នាក់ងារអចលនទ្រព្យគិតកម្រៃជើងសារចំនួន៣%ពីអ្នកលក់ ហើយមិនគិតសេវាពីអ្នកទិញនោះទេសម្រាប់ប្រតិបត្តិការទិញផ្ទះ។ ប៉ុន្តែក្នុងករណីខ្លះអ្នកទិញក៏ត្រូវបង់ថ្លៃកម្រៃជើងសារ៣%នៅពេលពួកគេចង់ទិញអចលនទ្រព្យពីនរណាម្នាក់។ ករណីនេះកើតឡើងនៅពេលដែលអ្នកលក់មិនមានបំណងលក់ផ្ទះ ប៉ុន្តែអ្នកទិញមានចង់ទិញនោះហើយសុំឱ្យភ្នាក់ងារអចលនទ្រព្យបញ្ចុះបញ្ចូលម្ចាស់ផ្ទះឲ្យលក់ផ្ទះឲ្យ។

ទោះជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាការចំណាយបន្ថែមសំខាន់ៗមួយចំនួនដែលទាក់ទងនឹងការទិញអចលនទ្រព្យទ្រព្យ ហើយវាក៏នៅមានចំណុចសំខាន់ទាក់ទងនឹងការចំណាយផ្សេងទៀតដែលត្រូវចងចាំ។ Realestate.com.kh នឹងពន្យល់ពីការចំណាយបន្ថែមទៀតនៅភាគទី២នៅសប្តាហ៍ក្រោយនៅក្នុងទំព័រអចលនទ្រព្យនៅថ្ងៃពុធ! ឬស្វែងរកការណែនាំទាំងស្រុងនៅលើអ៊ីនធើណិត @ Realestate.com.kh/news

Comments