+855 92 92 1000
Logo
កម្ពុជា​ចាំបាច់​ត្រូវ​​​បង្កើន​ល្បឿន​​បញ្ចេញ​​​ច្បាប់​កាស៊ីណូដើម្បី​​ប៉ះប៉ូវ​ផល​ប៉ះពាល់​អវិជ្ជមានអាជីវកម្ម​កាស៊ីណូ
Updated on: May 9, 2022, 6:03 a.m.
Published on: February 26, 2019, 3:22 a.m.

កម្ពុជា​ចាំបាច់​ត្រូវ​​​បង្កើន​ល្បឿន​​បញ្ចេញ​​​ច្បាប់​កាស៊ីណូដើម្បី​​ប៉ះប៉ូវ​ផល​ប៉ះពាល់​អវិជ្ជមានអាជីវកម្ម​កាស៊ីណូ


(រូបភាពតំណាង)

កាលពីថ្មីៗកន្លងទៅនេះ អគ្គ​នាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​​ជា​​និយតករ​អាជីវកម្ម​កាស៊ីណូ​​រដ្ឋាភិបាល​បាន​ផ្តល់​​អាជ្ញាប័ណ្ណ​អាជីវកម្ម​កាស៊ីណូ​​៥២ក្រុមហ៊ុន ​កាល​ពី​ឆ្នាំ​២០១៨​ ដែល​​ធ្វើ​ឲ្យ​​​ចំនួន​កាស៊ីណូ​នៅ​កម្ពុជា​​​កើន​ឡើង​​​​ដល់​​ចំនួន​សរុប​១៥០គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៨។​ គ្រាន់​តែ​ខេត្ត​ព្រះ​​សីហនុ​មួយ​មាន​ទីតាំង​អាជីវកម្ម​កាស៊ីណូ​ស្រប​ច្បាប់៨៨ទីតាំង ។

Naga World ជាក្រុមហ៊ុន​​អាជីវកម្ម​កាស៊ីណូ​​តែ១គត់​នៅទីក្រុងភ្នំពេញ​​​ដែលរក​បាន​ប្រាក់​ចំណេញ​ជិត​​​៤០០លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨។ ប្រាក់ចំណេញនេះស្ទើរ​តែប្រហាក់​ប្រហែល​នឹង​ប្រាក់​ចំណេញ​១ឆ្នាំ​ពេញ​របស់​គ្រឹះស្ថានធនាគារ​ពាណិជ្ជនៅ​កម្ពុជា​ទាំង​អស់​បូក​បញ្ចូល​គ្នា​។

អានអត្ថបទបន្ថែម៖  ក្រុមហ៊ុន​វិនិយោគ​លើ​អាជីវកម្ម​កាស៊ីណូមួយ រក​បាន​ប្រាក់​ចំណេញ​ជិត​​​ ៤០០ លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០១៨

ប្រធានក្រុមហ៊ុន NagaCorp លោក​ Timothy Patrick McNally បាន​​ឱ្យ​ដឹង​​ថា៖ «​នេះជាភាព​ជោគជ័យ និង​កំណើន​ដ៏​រហ័ស​របស់​ Naga World 2 ដែល​នាំឱ្យមានការ​រៀបចំ​ផែនការ ​សម្រាប់ ​ការ​អភិវឌ្ឍ​ Naga World 3 ដើម្បីឱ្យសមស្របនឹងកំណើន​ភ្ញៀវ​ទេសចរក្រៅ​ស្រុកជា​ពិសេសមក​ពី ប្រទេស​ចិនព្រមទាំង​ស្ថិរភាព​នយោបាយរបស់កម្ពុជាបច្ចុប្បន្ន» ។

លោក ​សន ​ជ័យ ​ប្រធាន​សម្ព័ន្ធ​គណនេយ្យភាព​សង្គមបាន​ឲ្យ​ដឹង​ថា​កំណើន​​ចំនួន​​កាស៊ីណូ​ និង​ប្រាក់​ចំណូល​របស់​កាស៊ីណូជា​និន្នាការ​គួរ​ឲ្យ​​បារម្ភ​មួយ​ដោយ​​សារ​តែ​កត្តា​ហានិភ័យ​សង្គម​ ខណៈ​លោក​បាន​ឲ្យ​ដឹង​ថា ​មាន​​​ផល​ប៉ះពាល់​អវិជ្ជមាន​ជា​ច្រើន​ ដោយ​សារ​​កំណើន​ ចំនួន​អ្នក​លេង​ល្បែង។​

លោក​ថ្លែង​ថា​៖ «​​កម្ពុជា​មិន​ទាន់​​មាន​ការ​អនុវត្ត​ច្បាប់លើ​អាជីវកម្ម​កាស៊ីណូ​ទាំង​ស្រុង​នៅ​ឡើយ​ទេ។ ខ្ញុំ​តែង​តែ​បារម្ភ​ថា​នៅ​ពី​ក្រោយ​កំណើន​ប្រាក់​ចំណេញ​ដ៏​ច្រើន​របស់​ប្រតិបត្តិករ​កាស៊ីណូ​នេះ ។ តើ​អ្វី​ជា​ផល​ប៉ះពាល់​​​​នៅ​ពី​ក្រោយ​​នេះ?»​ ​

លោក​បញ្ជាក់​ថា​៖ «​​​កម្ពុជា​ចាំបាច់​ត្រូវ​​​បង្កើន​ល្បឿន​​បញ្ចេញ​​​ច្បាប់​កាស៊ីណូ​ដើម្បី​ប្រមូល​ពន្ធ​កាន់​តែ​ច្រើន​ និងដើម្បី​​ប៉ះប៉ូវ​ផល​ប៉ះពាល់​អវិជ្ជមាន​ដ៏​ធំ​ដោយ​សារ​តែ​អាជីវកម្ម​លេង​ល្បែង​»។

លោក​បន្ត​ថា​៖ «​​រហូត​មក​ដល់​​ពេល​នេះ ខ្ញុំ​មិន​ទាន់​ជឿជាក់​ថា ​ប្រាក់​ចំណូល​ពន្ធ​​បាន​ពី​​ក្រុមហ៊ុន​ កាស៊ីណូ ​​កំពុង​រួម​ចំណែក​ដល់​ដំណោះ​ស្រាយ​​របស់​បញ្ហា​នេះ​នោះ​ទេ​»។

បើតាមការបញ្ជាក់របស់តាម​លោក ​ម៉ី វ៉ាន់ អគ្គ​នាយក​អគ្គ​នាយកដ្ឋាន​ ឧស្សាហកម្ម​ហិរញ្ញវត្ថុនៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបានឱ្យដឹងថា៖ «​សេចក្ដី​ព្រាង​ច្បា​ប់​ស្តីពី​អាជីវកម្ម​កាស៊ីណូ​ បាន​ធ្វើ​សេចក្តី​ព្រាង​រួច​ហើយ។ បច្ចុប្បន្ន​រង់ចាំ​​តែការ​អនុម័ត​​​ពី​រដ្ឋាភិបាល និង​រដ្ឋសភាប៉ុណ្ណោះ​» ។ ''

ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ជួលលក់សូមចូលទៅកាន់ Realestate.com.kh

Comments