+855 92 92 1000
Logo
លំនៅដ្ឋានតម្លៃសមរម្យនឹងបន្តមានតម្រូវការច្រើនថែមទៀតនៅឆ្នាំ២០១៨
Updated on: June 7, 2022, 12:35 a.m.
Published on: December 22, 2017, 3:20 a.m.

លំនៅដ្ឋានតម្លៃសមរម្យនឹងបន្តមានតម្រូវការច្រើនថែមទៀតនៅឆ្នាំ២០១៨


កាលពីប៉ុន្មានឆ្នាំមុនអ្នកអភិវឌ្ឍន៍បានផ្ដល់អាទិភាពលើការសាងសង់លំនៅដ្ឋានប្រណិតសម្រាប់អ្នកដែលមានចំណូលលើមធ្យម និងចំណូលខ្ពស់។ គម្រោងលំនៅដ្ឋានទាំងនោះភាគច្រើនមានទីតាំងស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ។

យ៉ាងណាក៏ដោយយោងតាមអ្នកជំនាញក្នុងស្រុកនៅឆ្នាំ២០១៧នេះគម្រោងលំនៅដ្ឋានភាគច្រើនបានចាប់ផ្ដើមផ្ដោតលើគ្រួសារចំណូលក្រោមមធ្យមវិញម្តងដោយសាងសង់លំនៅដ្ឋានតម្លៃសមរម្យជាច្រើននៅតាមជាយក្រុង។

ទន្ទឹមនេះពួកគេមានសុទិដ្ឋិនិយមថាតម្រូវការលំនៅដ្ឋានតម្លៃសមរម្យនឹងបន្តមានកំណើនច្រើនថែមទៀតនៅឆ្នាំ២០១៨។ ជាលទ្ធផលក្រុមហ៊ុនអភិវឌ្ឍន៍ត្រៀមបន្តសាងសង់លំនៅដ្ឋាន ប្រភេទនេះជាច្រើនថែមទៀតដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាជនខ្មែរដែលមានចំណូលក្រោមមធ្យម។

លោក ហឹម សីហា នាយកស្រាវជ្រាវក្រុមហ៊ុន VTrust Appraisal ទើបនឹងចេញផ្សាយរបាយការណ៍មួយស្ដីពីទស្សនៈវិស័យទីផ្សារលំនៅដ្ឋានឆ្នាំ២០១៧។ របាយការណ៍នោះសរសេរថាទីផ្សារលំនៅដ្ឋានតម្លៃសមរម្យមានការកើនឡើងខ្លាំងនៅឆ្នាំ២០១៧ ស្របពេលដែលលំនៅដ្ឋានប្រណិតមិនសូវមានតម្រូវការច្រើន។

លោកមានប្រសាសន៍ថា ដោយសារតែមិនសូវមានតម្រូវការលំនៅដ្ឋានប្រណិតអ្នកអភិវឌ្ឍន៍ចាប់ផ្ដើមផ្តោតលើទីផ្សារក្នុងស្រុកដោយសាងសង់លំនៅដ្ឋានដែលមានតម្លៃចន្លោះពី ៣០,០០០ ទៅ ៦០,០០០ វិញម្ដង។ ឧទាហរណ៍បុរីពិភពថ្មីលក់ក្នុងតម្លៃតែ ៤០,០០០ ទៅ ៦០,០០០ ប៉ុណ្ណោះ។ តម្លៃនេះមានភាពពេញនិយមខ្លាំងបំផុតពីសំនាក់គ្រួសារចំណូលមធ្យមជាពិសេសអ្នកដែលទើបនឹងរៀបការថ្មីថ្មោង។

លោកបន្តថាជារៀងរាល់ឆ្នាំមានគូរស្វាមីភិយាថ្មីថ្មោងជាច្រើនដែលត្រូវការលំនៅដ្ឋានសម្រាប់ធ្វើការ និងរស់នៅក្នុងទីក្រុងភ្នំពេញ។ ជាទូទៅពួកគេមិនមានលទ្ធភាពទិញផ្ទះលើសពីតម្លៃ ៦០, ០០០ ដុល្លារទេ ដូច្នេះតម្លៃក្រោម ៦០,០០០ ដុល្លារ ទើបពួកគេអាចមានលទ្ធភាពទិញសម្រាប់ស្នាក់នៅបាន។

មានទស្សនៈដូចលោកសីហាដែរ លោក ចេង ខេង ប្រធានក្រុមហ៊ុន Cambodia Properties Limited (CPL) មានប្រសាសន៍ថាប៉ុន្មានឆ្នាំកន្លងមកនេះអ្នកអភិវឌ្ឍន៍ផ្ដោតលើលំនៅដ្ឋាន តម្លៃលើសពី ​៨០,០០០ ដុល្លារ ប៉ុន្តែតម្រូវការសម្រាប់ផ្ទះក្នុងតម្លៃនេះមានការយឺតយ៉ាវថ្មីៗនេះ។

សម្រាប់លោក ចេង ខេង ដោយសារតែប្រជាជនខ្មែរភាគច្រើនជាគ្រួសារចំណូលមធ្យមលោកជឿថាវាដល់ពេលដែលអ្នកអភិវឌ្ឍន៍ត្រូវផ្ដោតលើគម្រោងលំនៅដ្ឋានតម្លៃសមរម្យហើយ។

នៅក្នុងការស្ទង់មតិមួយដែលធ្វើឡើងដោយក្រុមហ៊ុន Realestate.com.kh ដែលជាការស្ទង់មតិអចលនទ្រព្យធំបំផុតដែលត្រូវបានធ្វើឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាការឆ្លើយតប ពីសំណាក់ប្រជាជនខ្មែរ និងបរទេសជាង ៥,០០០ នាក់ ទាក់ទងនឹងលទ្ធភាពទិញអចលនទ្រព្យបានពង្រឹងទស្សនៈរបស់លោក ហឹម សីហា និង លោក​ចេង ខេង។ ការស្ទង់មតិបង្ហាញថាជាងពាក់កណ្តាលនៃអ្នកឆ្លើយតប (៦៧%) មានប្រាក់មិនដល់ $ ៧០ ០០០ ដុល្លារ ដើម្បីចំណាយលើអចលនទ្រព្យនៅកម្ពុជា។ អ្នកដែលមានលទ្ធភាពទិញអចលនទ្រព្យជាទូទៅគឺជនបរទេស ចំណែកខ្មែរមិនសូវមានលទ្ធភាពទិញនោះទេ។

ដោយយល់ពីតម្រូវការទីផ្សារ អ្នកអភិវឌ្ឍន៍មួយចំនួនបានចាប់ផ្តើមសាងសង់លំនៅដ្ឋានតំលៃ សមរម្យដើម្បីសម្របទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។ បុរី Borey Maha Sen Sok ដែលជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏ធំបំផុតមួយក្នុងចំណោមគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ធំៗនៅកម្ពុជាទទួលបានជោគជ័យបំផុតលើគម្រោងរបស់ខ្លួន ដែលផ្ដោតលើគ្រួសារដែលមានចំណូលមធ្យម។

អ្នកស្រី ចេង សុខា ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Creed Group មានប្រសាសន៍ថា "បុរី Borey Maha Sen Sok បានចាប់ផ្តើមនៅដើមឆ្នាំ ២០១៦ ហើយនឹងបញ្ចប់នៅដំណាច់ឆ្នាំ ២០១៨។ គម្រោងរបស់យើងចាប់ផ្តើមពីតម្លៃ ៤៩,៥០០ ដុល្លារឡើងទៅ ហើយទទួលបានជោគជ័យយ៉ាងខ្លាំង ដោយបានលក់ដាច់៩៥ភាគរយនៃគម្រោងរហូតមកទល់ពេលនេះ"។

លោកស្រីបន្តថាយើងចាប់ផ្ដើមគម្រោងនេះឡើងជាការឆ្លើយតបនឹងតម្រូវការលំនៅដ្ឋានតម្លៃសមរម្យដែលកំពុងកើនឡើងខ្លាំងក្នុងចំណោមគ្រួសារចំណូលមធ្យម ហើយជឿជាក់យ៉ាងខ្លាំង ចំពោះភាពជោគជ័យនៃគម្រោងមួយនេះ។

ប្រជាជនសរុបរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើងពី ១៥ ទៅ ១៩ លាននាក់ នៅចន្លោះពេលនេះ និងឆ្នាំ២០៣០ ហើយនៅទីក្រុងភ្នំពេញ និងតំបន់ទីប្រជុំជនផ្សេងទៀតពី ៤ ទៅ ៧ លាននាក់ ដែលលំនៅដ្ឋាន ៨០០ ០០០ ខ្នង ត្រូវបានគេប៉ាន់ប្រមាណថានឹងបន្ថែម ទៅលើស្តុកលំនៅឋានបច្ចុប្បន្ន។ ការកើនឡើងចំនួនប្រជាជននាពេលអនាគតបានពង្រឹង វិសាលភាពតម្រូវការសម្រាប់លំនៅដ្ឋានដែលមានតំលៃសមរម្យ។

លោក ជាសុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់គាំទ្រចំពោះការបង្កើតលំនៅដ្ឋានដែលមានតំលៃសមរម្យដើម្បីដោះស្រាយការកើនឡើងចំនួនប្រជាជននៅកម្ពុជា។ នៅក្នុងវេទិការលំនៅដ្ឋានជាតិដែលបានធ្វើឡើងនៅខែមិថុនាឆ្នាំ ២០១៧ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា "ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងយកចិត្តទុកដាក់ បន្ថែមទៀតដើម្បីស្វែងរកមធ្យោបាយសម្រាប់ផ្តល់លំនៅដ្ឋានដែលមានតំលៃសមរម្យសម្រាប់ប្រជាជនចំណូលក្រោមមធ្យមនៅទូទាំងប្រទេសដើម្បីទទួលបានលំនៅដ្ឋានប្រកបដោយភាពកក់ក្តៅ សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាព "។

លោករដ្ឋមន្ត្រីបន្តថាក្រសួងដែនដីកំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីកំណត់តម្លៃផ្ទះដែលមានតំលៃសមរម្យ និងលើកទឹកចិត្តចំពោះពន្ធដារ និងនិយ័តកម្មនានាដើម្បីលើកទឹកចិត្តឱ្យវិស័យឯកជនអនុវត្តភារកិច្ចនេះ។

សរុបមក តម្រូវការលំនៅឋានដែលមានតំលៃសមរម្យនៅក្នុងរាជធានីភ្នំពេញគឺជានិន្នាការមួយដែលនឹងបន្តកើនឡើងពេញមួយឆ្នាំ ២០១៨ និងឆ្នាំបន្តបន្ទាប់។ ជាមួយនឹងការរំពឹងទុក ថាចំនួនប្រជាពលរដ្ឋនឹងកើនឡើងនៅប៉ុន្មានឆ្នាំទៀតខាងមុខការគាំទ្រពីក្រសួងពាក់ព័ន្ធ និងអ្នកអភិវឌ្ឍន៍ដែលបានសម្របទៅនឹងទីផ្សារក្នុងស្រុក គ្រួសារជាច្រើននៅកម្ពុជានឹងមាន ឱកាសទទួលបានលំនៅដ្ឋានសមរម្យក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតមុខនេះ។

ចុចទីនេះដើម្បីស្វែងរក អចលនទ្រព្យសម្រាប់លក់ និងជួលនៅកម្ពុជា 

 

 

 

Comments