វត្តមានរបស់ជនជាតិចិនទៅវិនិយោគនៅក្រៅប្រទេសមិនមានអ្វីគួរឱ្យចម្លែកទាល់តែសោះដោយ សារមិនថានៅប្រទេសជឿនលឿន ឬប្រទេសកំពុងអភិវឌ្ឍនោះទេ សុទ្ធតែមានអ្នកវិនិយោគជនជាតិចិនបោះទុននៅលើវិស័យផ្សេងៗទាំងអស់ក្នុងនោះវិស៏យអចលនទ្រព្យ និងសំណង់ត្រូវបានគេមើលឃើញថាហាក់មានការចាប់អារម្មណ៍ខ្លាំងជាងគេ។
អានអត្ថបទបន្ថែមអំពី៖ ហេតុអ្វីជនជាតិចិននិយមទិញអចលនទ្រព្យនៅក្រៅប្រទេស?
ថ្វីបើកំណើនវិនិយោគិនចិនវិនិយោគលើវិស័យអចលនទ្រព្យបរទេសមានចំនួនច្រើនក៏ដោយ ពិសេសលំនៅដ្ឋានប្រភេទខុនដូនៅ ប៉ុន្តែបើងាកទៅមើលនៅក្នុងប្រទេសចិនឯណោះវិញមានទីក្រុង និងសំណង់អគារជាច្រើនដែលត្រូវបានគេបោះបង់ចោលទាំងនៅថ្មីៗនៅឡើយ ដែលជាហេតុធ្វើឱ្យប្រទេសចិនសម្បូរទៅដោយអគារ និងទីក្រុងខ្មោច។
ហេតុផលដែលធ្វើឱ្យកំណើនអគារលំនៅដ្ឋានខ្មោច[អគារគេបោះបង់ចោល] នោះអាចបណ្តាលមកពីកត្តាធំៗមួយចំនួនរួមមាន៖ ការចំណាកស្រុករបស់ប្រជាជនចិនពីទីជនបទមកនៅក្នុងទីក្រុង។ បាតុភូតនេះបានកើតឡើងបន្ទាប់ពីគោលនយោបាយរបស់រដ្ឋាភិបាលចិនបានដាក់ចេញក្នុងគោលបំណងលើកទឹកចិត្តឱ្យប្រជាជនខ្លួនចំណាកស្រុកពីទីជនបទមកកាន់ទីប្រជុំជនធំៗដើម្បីងាយស្រួលក្នុងការធ្វើការងារ ទំនាក់ទំនង និងគ្រប់គ្រងជាដើម។
ក្រៅពីនោះ ដោយសារតែនៅពេលបច្ចុប្បន្នជីវភាពរបស់ប្រជាជនចិនបានកើនឡើងខ្ពស់ជាងមុនច្រើន ដូច្នេះខុនដូល្មមៗដែលប្រើប្រាស់ត្រឹមតែការ៉ូ និងការឌីស្សាញបែបសាមញ្ញលែងក្លាយជា ជម្រើសរបស់ពួកគេតទៅទៀតហើយ ពោលគឺមនុស្សជាច្រើនសុខចិត្តបង់រំលោះដើម្បីទទួលបានផ្ទះដែលមានការតុបតែងទាន់សម័យ មានអាងហែលទឹក ក្លឹបហាត់ប្រាណ ផ្សារទំនើប ឬកន្លែងកំសាន្តផ្សេងៗជាដើម។
ដំបូងអ្នកភិវឌ្ឍន៍គិតថាអគារស្នាក់នៅទាំងនេះសមស្របតាមស្តង់ដារស្នាក់នៅកម្រិតមធ្យមរបស់ប្រជាជន និងអាចតម្រូវតាមការចង់បានរបស់អ្នកដែលចង់ទិញលំនៅដ្ឋាននៅក្នុងតំបន់។ ក៏ប៉ុន្តែនិន្នាការនៃការស្នាក់នៅ និងលទ្ធភាពចំណាយរបស់ប្រជាជនចិនសម័យថ្មីបានផ្លាស់ប្តូរ។ ជាលទ្ធផលវាបានធ្វើឱ្យប្រទេសចិនសម្បូរទៅដោយអចលនទ្រព្យដែលគេបោះបង់ចោលរាប់មិនអស់។
រីឯការចេញវិនិយោគនៅក្រៅប្រទេសហាក់បីដូចជាមានសន្ទុះខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើប្រៀបធៀបទៅនឹងការអភិវឌ្ឍក្នុងប្រទេសចិននោះគឺដោយសារតែប្រជាជនជាច្រើនចាប់ ផ្តើមធ្វើចំណាកស្រុក ដើម្បីវិនិយោគមិនថាក្នុងទំហំទឹកប្រាក់តិច រឺច្រើននោះឡើយ ដូច្នេះហើយអ្នកវិនិយោគចិនទាំងនោះឃើញថាវាជាឱកាសល្អមួយនៅក្នុងការវិនិយោគលើវិស័យសំណង់ និងលំនៅដ្ឋាន។
លើសពីនេះទៅទៀត តម្លៃអចលនទ្រព្យភាគច្រើននៅក្នុងប្រទេសកំពុងអភិវឌ្ឍនៅស្ថិតក្នុងតម្លៃទាបនៅឡើយ ដែលនេះគឺជាកត្តាសក្តានុពលមួយសម្រាប់អ្នកវិនិយោគដើម្បីទទួលបានប្រាក់ចំណេញរហូតដល់ កម្រិតអតិបរមា។
ទោះជាយ៉ាងណាក៏ដោយ សំណង់អគារស្នាក់នៅដ៏ច្រើនលើសលប់របស់ក្រុមអ្នកវិនិយោគចិន នាពេលនេះ ក៏បានបង្កជាក្តីកង្វល់មួយចំនួនដល់អ្នកវិភាគក្នុងវិស័យនេះ ព្រោះគេខ្លាចថាកំណើននៃការផ្គត់ផ្គង់យ៉ាងសម្បើមនៃសំណង់អគារលំនៅដ្ឋាននេះអាចនឹងធ្វើឱ្យមានលំហូរចូលពលករជនជាតិចិនកាន់តែច្រើនថែមទៀត ឬក៏វាអាចបង្កឱ្យប្រទេសទាំងនោះពោរពេញទៅដោយសំណង់ដែលគ្មានមនុស្សរស់នៅដូចគ្នាដែរ៕
Comments