ខេត្តព្រះសីហនុកំពុងតែក្លាយជាគោលដៅវិនិយោគសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានសំខាន់ៗ ហើយគម្រោងទាំងនេះជាថវិកាវិនិយោគរបស់វិនិយោគិនទាំងក្នុងស្រុក និងអន្តរជាតិជាពិសេសវិនិយោគិនជនជាតិចិន។អ្នកវិនិយោគចិនកំពុងត្រូវបានខេត្តមួយនេះទាក់ទាញដោយសារតែមានការលើកទឹកចិត្តផ្នែកឧស្សាហកម្មភាពងាយស្រួលធ្វើលិខិតអនុញ្ញាតិល្បែងស៊ីសង និងការកើនឡើងដ៏រហ័សទីផ្សារទេសចរណ៍។
គេកំពុងតែលេចឮពាក្យចចាមអារ៉ាមនៅក្នុងសហគមន៍អចលនទ្រព្យខេត្តព្រះសីហនុស្ដីពីការលក់ដីដ្លីនៅក្នុងតំបន់ឆ្នេរសំខាន់ៗពោលគឺនៅម្ដុំឆ្នេរអូរត្រេសហើយពាក្យចចាមអារ៉ាមអស់ទាំងនេះហាក់កំពុងតែមានឥទ្ធិពលទៅលើតម្លៃដីធ្លីនៅតំបន់ជុំវិញនោះ។
លោក Brad King នាយកគ្រប់គ្រងក្រុមហ៊ុន Cambodia Real Estate ដែលជាភ្នាក់ងារអចលនទ្រព្យផ្តោតសំខាន់ទៅលើដីធ្លីនៅក្នុងខេត្តព្រះសីហនុមានប្រសាសន៍ថា ”ខ្ញុំបានជួបជាមួយភ្នាក់ងារអចលនទ្រព្យក្នុងស្រុកដទៃទៀតកាលពីសប្តាហ៍មុន ហើយពួកគាត់មួយចំនួនបានបង្ហើបឲ្យដឹងថាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អាលីបាបា (Alibaba)
បច្ចុប្បន្នកំពុងតែពិចារណាត្រៀមទិញដីអភិវឌ្ឍន៍មួយភាគធំនៅតំបន់អូរត្រេស។ ”
ទោះបីជាមិនទាន់មានការបញ្ជាក់ ឬប្រកាសជាផ្លូវការពីខាងក្រុមហ៊ុនអាលីបាបាក៏ដោយលោក King បានកត់សំគាល់ថារយៈពេល២សប្តាហ៍ចុងក្រោយនេះតម្លៃដីធ្លីនៅផ្លូវក្រោយទីពីរពីឆ្នេរអូរត្រេសបានកើនតម្លៃរង្វង់១៥០ ល្លារក្នុងមួយម៉ែត្រការ៉េដោយសារតែមានលេចឮពាក្យចចាមអារ៉ាមអស់ទាំងនេះ។
បើតាមលោក King មុនពេលមានពាក្យចចាមអារ៉ាមទាក់ទងនឹងចេតនាក្រុមហ៊ុនអាលីបាបាចង់ទិញដីធ្លីនៅឆ្នេរអូត្រេសតម្លៃដីធ្លីនៅក្នុងតំបន់នោះជាមធ្យមមានតម្លៃ៣៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបច្ចុប្បន្នបានកើនឡើងរហូតដល់៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយសារម្ចាស់ដីតម្លើងថ្លៃដីឲ្យកើនឡើងស្របពេលដេលដែលមានព័ត៌មានថា នឹងមានការអភិវឌ្ឍន៍ក្នុងពេលឆាប់ៗនៅក្បែរនោះ។
អ្នកតំណាងក្រុមហ៊ុនអាលីបាបា (Alibaba) តាមរយៈអ៊ីម៉ែលបដិសេធមិនអធិប្បាយលើប្រធានបទនេះដោយចាត់ទុកពត៌មាននោះថាជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។
ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យឯកជន និងជាឈ្មួញកណ្ដាលនៅក្នុងខេត្តព្រះសីហនុដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា លោកមិនអាចបញ្ជាក់បានទេថាតើអាលីបាបាកំពុងពិចារណាទិញដីធ្លីនៅឆ្នេរអូត្រេសឫអត់។ យ៉ាងណាក៏ដោយលោកអធិប្បាយថា មានការវិនិយោគលើដីធ្លីថ្មីៗនៅតំបន់ឆ្នេរអូត្រេសដែលមានទំហំសរុបប្រហែល៣០០ ហិកតាដោយក្រុមហ៊ុនចិនមួយឈ្មោះថា JetStar ដែលនឹងអភិវឌ្ឍន៍លើគម្រោងលំនៅដ្ឋាន។
លោក ដែន សាកល នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Universal Real Estate ដែលជាឈ្មួញកណ្ដាលស្ថិតនៅខេត្តព្រះសីហនុបានលើកឡើងថា លោកទទួលដំណឹងថាមានក្រុមហ៊ុនចិនធំមួយទើបតែចូលក្នុងទីផ្សារដោយវិនិយោគលើក្បាលដីដ៏ធំនៅតាមបណ្ដោយឆ្នេរអូត្រេស និងដីធ្លីមួយចំនួនទៀតនៅក្នុងទីក្រុង។ យ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ពីទំនាក់ទំនងរបស់អាលីបាបាទៅនឹងរឿងនោះទេហើយលោកក៏មិនបានដឹងពីថាគម្រោងក្រុមហ៊ុនចិននឹងអភិវឌ្ឍន៍អ្វីឲ្យប្រាកដនោះដែរ។
លោកសាកលបានបន្ថែមថាអ្នកវិនិយោគចិនបានចូលក្នុងតំបន់នេះអំឡុងខែឧសភាឆ្នាំនេះក្រោយចូលឆ្នាំខ្មែរ ហើយតាំងពីពេលនោះមកតម្លៃដីធ្លីនៅជុំវិញគម្រោងនោះបានកើនឡើងយ៉ាងរហ័ស។ តាមពិតទៅតម្លៃដីធ្លីគោលនៅមុខឆ្នេរអូត្រេសបានកើនឡើងដល់ទៅ១,៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េហើយក្នុងករណីខ្លះកើនឡើងដោយ សារតែមានទំនុកចិត្តថានឹងមានការអភិវឌ្ឍន៍របស់ចិននៅទីនោះ។
យ៉ាងណាក៏ដោយលោកដែនកត់សំគាល់ថាការជួញដូរដីធ្លីនៅតំបន់ឆ្នេរអូត្រេសមិនបានកើនឡើងតាមការតំឡើងដីនៃទីផ្សារត្រឹមត្រូវទេ។ ការកើនឡើងនៃតម្លៃគឺម្ចាស់ដីជាអ្នកតម្លើងតម្លៃខ្ពស់ដោយខ្លួងឯង ហើយគេនៅមិនទាន់ដឹងច្បាស់នោះទេថាតើតម្លៃលក់នឹងអាចឡើងដល់កម្រិតដែលពួកគេចង់បានឬអត់។ លោកដែនបានលើកឡើងទៀតថាការតំឡើងថ្លៃនេះនឹងបង្កើតឱ្យមានការបំប៉ោងតម្លៃដីនៅក្នុងទីផ្សារ ហើយតម្លៃដ៏ថ្លៃនេះសាកសមតែសម្រាប់អ្នកទិញជនជាតិចិនដែលមានបំណងទិញក្នុងតម្លៃខ្ពស់តែប៉ុណ្ណោះ ហើយប្រការនេះនឹងធ្វើឲ្យខាតបង់ប្រយោជន៍ដល់វិនិយោគិនផ្សេងទៀតក្នុងតំបន់ទាំងក្នុងស្រុក និងក្រៅស្រុក។
ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅក្នុងខេត្តព្រះសីហនុ!
Comments