+855 92 92 1000
Logo
ទេសចរណ៍ចិនជាកត្តាលីករថ្មីជម្រុញវិស័យអចលនទ្រព្យកម្ពុជា
Updated on: June 7, 2022, 5:20 a.m.
Published on: November 26, 2017, 6:16 a.m.

ទេសចរណ៍ចិនជាកត្តាលីករថ្មីជម្រុញវិស័យអចលនទ្រព្យកម្ពុជា


កំណើនវិស័យអចលនទ្រព្យកម្ពុជានឹងត្រូវបានជម្រុញថែមទៀតតាមរយៈកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនចំនួនភ្ញៀវទេសចរណ៍ចិនមកកាន់ប្រទេសកម្ពុជា។ វេទិការថ្នាក់ជាតិលើកទីពីរស្ដីពីគំនិតផ្ដួចផ្ដើមគោលនយោបាយ «ការត្រៀមខ្លួនរបស់ចិនសម្រាប់ទេសចរណ៍កម្ពុជា» បានចាប់ផ្ដើមកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។

គំនិតផ្ដួចផ្ដើមគោលនយោបាយសៀវភៅសមានបំណងចង់បង្កើនចំនួនភ្ញៀវទេសចរណ៍ចិនមកកាន់ប្រទេសកម្ពុជាដោយបានពន្យល់ពីជំហានដំបូងរបស់ក្រសួងទេសចរណ៍ក្នុងការសម្របសម្រួលទេសចរណ៍ចិនរួមមានការជម្រុញការប្រើប្រាស់ប្រាក់យ័នការគិតគូរពីជម្រើសម្ហូបអាហារ និងកន្លែងស្នាក់នៅ និងការផ្ដល់ឯកសារសម្រាប់ដំណើរការធ្វើទិដ្ឋការសម្រាប់ជនជាតិចិន។ លោក ថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានគូសបញ្ជាក់ថាកម្ពុជាមានបំណងទាក់ទាញភ្ញៀវទេសចរណ៍ចិនចំនួន២លាននាក់ជារៀងរាល់ឆ្នាំត្រឹមឆ្នាំ២០២០។

កម្ពុជាទទួលបានភ្ញៀវទេសចរណ៍បរទេសចំនួន៣.៥លាននាក់ក្នុងរយៈពេល៨ខែដំបូងឆ្នាំ២០១៧ពោលគឺកើនឡើងចំនួន១១.៨ភាគរយធៀបនឹងឆ្នាំមុនដែលក្នុងនោះភ្ញៀវទេសចរណ៍ចិនមានចំនួន៧៤២,៥៨៦នាក់។ បើតាមលោករដ្ឋមន្រ្តីទេសចរណ៍ចិនកើនឡើង៤៤ភាគរយដែលនេះជាដំណឹងល្អសម្រាប់សេដ្ឋកិច្ចកម្ពុជាជាពិសេសវិស័យអចលនទ្រព្យដែលត្រូវបានជម្រុញដោយលំហូរចូលនៃវិនិយោគទុនចិន។

លោកស្រី ជៀម សំណាង នាយកក្រុមហ៊ុន Lucky Property Service បានពន្យល់ពីឥទ្ធិពលរបស់ទេសចរណ៍ចិនមកលើវិស័យអចលនទ្រព្យកម្ពុជាថានៅពេលភ្ញៀវទេសចរណ៍ចិនមកដល់កម្ពុជាទីផ្សារអចលនទ្រព្យនឹងមានសន្ទុះខ្លាំងជាងមុន ហើយតម្លៃដីនឹងកើនឡើងស្របនឹងការកើនឡើងតម្រូវការគម្រោងអភិវឌ្ឍន៍ដូចជា៖ ខុនដូ សណ្ឋាគារ និងផ្ទះសំណាក់ជាដើមដើម្បីឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរណ៍ចិន។ លោកស្រីជឿថា ប្រការនេះនឹងមានឥទ្ធិពលជាវិជ្ជមានលើសេដ្ឋកិច្ចកម្ពុជាក្នុងរូបភាពនៃការបង្កើតការងារច្រើនជាងមុនសម្រាប់កម្មករសំណង់។

លោកស្រីបន្តថា យ៉ាងណាក៏ដោយ ម្ចាស់ផ្ទះដែលមានអចលនទ្រព្យសម្រាប់ជួល ឫលក់គួរតែប្រុងប្រយ័ត្នជាមួយការកំណត់តម្លៃ។ នៅពេលមានតម្រូវការច្រើនជាពិសេសពីភ្ញៀវទេសចរណ៍ចិនដែលស្វែងរកបន្ទប់ជួល ម្ចាស់ផ្ទះមិនគួរតម្លើងតម្លៃខ្ពស់ហួសហេតុពេកទេ ពីព្រោះមានតែចិនដែលអាចមានលទ្ធភាពចំណាយ ចំណែកខ្មែរ និងបច្ចឹមប្រទេសមិនចង់ចំណាយខ្ពស់ពេកទេ។

មានទស្សនៈដូចលោកស្រីសំណាងដែរ លោក ហៃ រ៉ាវី ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Daily Realty Group លើកឡើងថាភ្ញៀវទេសចរណ៍ចិនកាន់តែច្រើននឹងនាំឱ្យមានតម្រូវការទិញដីកាន់តែច្រើនដើម្បីសាងសង់សណ្ឋាគារ រម្មណីដ្ឋាន និងផ្ទះសំណាក់ជាដើម ដែលមានន័យថាតម្លៃដីនៅជុំវិញតំបន់ទេសចរណ៍នឹងកើនឡើងខ្លាំង។ លោក រ៉ាវីជឿថា នឹងមានឱកាសការងារ

ច្រើនជាងមុនសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងក្នុងវស័យសំណង់ និងបដិសណ្ឋារកិច្ចជាពិសេសតម្រូវការសម្រាប់អ្នកចេះភាសាចិននៅក្នុងសណ្ឋាគារ និងរម្មណីដ្ឋាន។ ម្យ៉ាងទៀត វាក៏នឹងរួមចំណែកដល់ប្រាក់ចំណូលជាតិផងដែរសម្រាប់វិស័យទេសចរណ៍។

លោករ៉ាវីជឿថាហេតុផលចម្បងដែលភ្ញៀវទេសចរណ៍ចិនមកកម្ពុជាគឺដោយសារតែទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរនៅគ្រប់វិស័យដូចជា ការទូត ជំនួញ និងវិនិយោគ។ នារយៈកាល ជាង៥ឆ្នាំចុងក្រោយនេះ ចិនបានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើវិស័យអចលនទ្រព្យកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ។ ចិនកំពុងតែគ្រប់ដណ្ដ់លើវិស័យអចលនទ្រព្យនៅក្នុងខេត្តមួយនេះដូចដែលបានឃើញតាមរយៈការអភិវឌ្ឍន៍ជាច្រើនដូចជា គម្រោង Blue Bay Condominium  និង The SeaGate Suite ដែលកំពុងតែសាងសង់។

ហេតុផលសំខាន់ដែលទាក់ទាញភ្ញៀវទេសចរណ៍ចិន គឺតម្លៃនៃការស្នាក់នៅទាបនៅក្នុងប្រទេសកម្ពុជា។ បើធៀបនឹងប្រទេសដទៃដូចជា កូរ៉េខាងត្បូង ចិន និងជប៉ុនតម្លៃម្ហូបអាហារ ការស្នាក់នៅ និងដឹកជញ្ជូនមានតម្លៃថ្លៃជាងនៅប្រទេសកម្ពុជា ៥ ទៅ ៦ ដង។ លោកជឿថាទីតាំងអច្ឆៈរយៈដូចជា៖ ប្រាសាទអង្គរវត្ត ព្រះវិហារ និងសម្បូរព្រៃគុក និងរម្មណីដ្ឋានទេសចរណ៍ជាច្រើន

ទៀតក៏បានជួយទាក់ទាញភ្ញៀវទេសចរណ៍ចិនផងដែរ។លោក Jin Zhen ប្រធានផ្នែកលក់សណ្ឋាគារ EastLand Hotel and Apartments និយាយថាកម្ពុជាគឺជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង និងមានស្ថេរភាពនយោបាយល្អ។ ស្ថេរភាពនយោបាយល្អនៅតែបន្តទាក់ទាញទាំងភ្ញៀវទេសចរណ៍អ៊ឺរ៉ុប និងចិនមកកាន់ប្រទេសកម្ពុជា។

លោកបន្តថា  EastLand មិនមានបន្ទប់ទំនេរទេនៅពេលនេះដោយសារតែយើងនៅតែបន្តផ្ដល់ជូនសេវាកម្មល្អប្រសើរដល់អតិថិជនរបស់យើង។ យ៉ាងណាក៏ដោយការកើនឡើងភ្ញៀវទេសចរណ៍ចិននឹងបន្តពង្រឹងជំនឿចិត្តរបស់យើងថែមទៀតថាយើងកំពុងតែវិនិយោគត្រឹមត្រូវលើវិស័យបដិសណ្ឋារកិច្ចនៅក្នុងប្រទេសកម្ពុជា។ 

យោងតាមក្រសួងទេសចរណ៍ទេសចរណ៍គឺជាវិស័យសំខាន់មួយក្នុងចំណោមវិស័យសំខាន់ៗទាំងបួនដែលគាំទ្រសេដ្ឋកិច្ចកម្ពុជា។ នៅឆ្នាំ២០១៦កម្ពុជាទទួលបានភ្ញៀវទេសចរណ៍បរទេសជាង៥លាននាក់ ក្នុងនោះ ៨៣០ ០០០ នាក់ជាជនជាតិចិន ហើយបង្កើតចំណូលសរុបជាង ៣.៤ ពាន់លានដុល្លារ។ នៅឆ្នាំនេះក្រសួងរំពឹងថាភ្ញៀវទេសចរណ៍ចិនមកកាន់ប្រទេសកម្ពុជានឹងមានចំនួន១លាននាក់។

ស្វែងរកព័ត៌មានអចលនទ្រព្យថ្មីៗបំផុតនៅលើគេហទំព័រ Realestate.com.kh!

 

Comments