នៅក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជាចិន កម្ពុជាបានទទួលការវិនិយោគផ្ទាល់ពីប្រទេស ចិនក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
ការវិនិយោគដ៏សម្បើមពីប្រទេសចិនបានកំពុងប្រែក្លាយតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជា ឲ្យទៅតំបន់សេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្ម និងការកំសាន្តជាច្រើន។ ខេត្តមូយចំនួន ដូចជា ក្រុងព្រះសីហនុ សៀមរាប កំពង់ស្ពឺ ប៉ោយប៉ែត ជាដើម មានការផ្លាស់ប្តូរយ៉ាងខ្លាំង ក្នុងនោះតម្លៃអចលនទ្រព្យបានហក់ឡើងយ៉ាងខ្លាំង។
កម្ពុជានៅតែត្រូវការការវិនិយោគបន្ថែមទៀត ជាក់ស្តែងកម្ពុជាកំពុងជំរុញឲ្យគ្រប់ ស្ថាប័នរដ្ឋ និងឯកជនឲ្យបន្ដស្វះស្វែងដៃគូពាណិជ្ជកម្ម ដើម្បីបន្ដអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ឆ្លើយតបនឹងការអំពាវនាវនេះកាលពីថ្ងៃទី ១៩ មេសា កន្លងទៅនេះ គណៈប្រតិភូខេត្ត ស៊ីឈួន ប្រទេសចិនដឹកនាំដោយ ឯកឧត្តម ជុង មាន អនុប្រធានសភាប្រឹក្សាយោបល់នយោបាយជួបពិភាក្សាការងារជាមួយកម្ពុជា ក្នុងគោលបំណងស្វែងរកអ្នកវិនិយោគចិនមកកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។
នៅក្នុងឱកាសនេះ ឯកឧត្តម ជុង មាន ប្រធានគណៈប្រតិភូ បានមានប្រសាសន៍ប៉ុន្មានឆ្នាំ ចុងក្រោយនេះ ទំនាក់ទំនងកម្ពុជា-ចិន មានភាពកាន់តែស្និតស្នាល ដែលធ្វើអោយការវិនិយោគពីខេត្ដស៊ីឈួនមកកម្ពុជាកាន់តែមានភាពប្រសើរឡើង។
នេះក៏ដោយដោយសារខេត្ដស៊ីឈួនបានអនុវត្តតាមគោលនយោបាយផ្លូវមួយខែ្សក្រវ៉ាត់មួយ ពិសេសកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះដែរការវិនិយោគពីខេត្ដស៊ីឈួនមកកម្ពុជាមានទំហំទឹកប្រាក់ជាង ២, ០០០ លានដុល្លារ អាមេរិក និងមានក្រុមហ៊ុនចំនួន ៩ ដែលបានចុះបញ្ជីរួចរាល់។
លោកបានបន្ដទៀតថារាជធានីភ្នំពេញមានការរីកចម្រើន ក្នុងវិស័យជាច្រើនជាពិសេស វិស័យសំណង់ អគារពាណិជ្ជកម្ម មធ្យោបាយធ្វើដំណើរ និងហេដ្ឋារចនា សម្ព័ន្ធ ដែលមានភាពរីក ចម្រើនច្រើនគួឲ្យកត់សម្គាល់។ ហើយលោកសន្យាថានឹងបន្ដផ្សព្វផ្សាយនូវដំណឹងដ៏ល្អនៃ ភាពរីកចម្រើននេះទៅអ្នកវិនិយោគនៅខេត្តស៊ីឈួន។
មន្រ្ដីជាន់ខ្ពស់រូបនេះក៏បានបញ្ជាក់ពីជំហររបស់រដ្ឋបាលខេត្តស៊ីឈួនថា ខ្លួនបានត្រៀមរួចជា ស្រេចហើយ ក្នុងការសម្របសម្រួលដល់គម្រោងនាំផលិតផលពីកម្ពុជាទៅកាន់ខេត្តខ្លួន ហើយនឹងសន្យាទាក់ទាញអ្នកវិនិយោគឱ្យមកកម្ពុជាបានកាន់តែច្រើន៕
ស្វែងរកព័ត៌មានថ្មីៗ ឬស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួល សូមចូលទៅកាន់ Realestate.com.kh!
Comments