ការអភិវឌ្ឍដីត្រូវគោរពតាមបទបញ្ញត្តិប្រើប្រាស់ដី ឬប្លង់គោលប្រើប្រាស់ដី ឬផែនការប្រើប្រាស់ដីក្នុងរាជធានី ក្រុង ទីប្រជុុំជន ដែលទីតាំងគម្រោងស្ថិតនៅ និងលក្ខខណ្ឌច្បាប់ជាធរមាន។
ក្រសួងដែនរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី កាលពីថ្ងៃទី២៥ ខែកញ្ញា នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីប្រកាសស្តីអំពីការអភិវឌ្ឍដី។ ប្រកាសនេះនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយប្រកាសនេះក៏នឹងតម្រូវឲ្យគ្រប់ការអភិវឌ្ឍដីរួមទាំងគម្រោងពុះដីឡូតិ៍ត្រូវតែអនុវត្តតាម។
គម្រោងដីឡូតិ៍តម្រូវឲ្យសុំច្បាប់ អនុញ្ញាតពីក្រសួងរៀបចំដែនដី ឬក៏ពីសាលារាជធានី-ខេត្ត ឬក៏ពីសាលាក្រុង-ស្រុក-ខណ្ឌ ទៅតាមទំហំសមត្ថកិច្ច។
តាមលក្ខខណ្ឌច្បាប់ខាងក្រោមនេះជាផែនការសម្រាប់ការអភិវឌ្ឍដីដែលអ្នកអភិវឌ្ឍ ត្រូវគោរពតាម៖
១. ត្រូវរក្សាទុកផ្ទៃដី ២៥% នៃផ្ទៃដីសរុប សម្រាប់សាងសង់ហេដ្ឋារចនា ដូចជា ផ្លូវសាធារណៈប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹក បណ្តាញអគ្គិសនី បណ្តាញទូរគមនាគមន៍ប្រព័ន្ធគ្រងគ្រងសំណល់រឹង និងរាវ និងប្រព័ន្ធគ្រប់គ្រងអគ្គិភ័យ និងហានិភ័យផ្សេងៗ។
២. ត្រូវរក្សាទុកផ្ទៃដី១០%នៃផ្ទៃដីសរុប ឬ១០ម៉ែត្រការ៉េសម្រាប់មនុស្សម្នាក់ សម្រាប់រៀបចំតំបន់សាធារណៈ និងតំបន់បៃតង ដូចជា៖ សួនច្បារសាធារណៈ កន្លែងលេងសម្រាប់កុមារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា និងកន្លែងកំសាន្ត។
៣. ត្រូវរៀបចំឲ្យមានកន្លែងផ្តល់សេវាជូនសាធារណជនឲ្យបានសមស្របដូចជា៖ សាលារៀន មណ្ឌលសុខភាព អគារដ្ឋបាល និងផ្សារ។
៤ . ត្រូវរៀបចំការអភិវឌ្ឍបៃតង ដើម្បីជួយជម្រុញដល់ការរស់នៅលក្ខណៈធម្មជាតិ។
ទាក់ទងនឹងការប្រកាសប្រើប្រាស់ដីនេះ លោក ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម ក៏បានលើកឡើងពីវិធានការផ្លូវច្បាប់ លើអ្នកលក់ដីឡូតិ៍ ទាំងឡាយក្នុងករណីលក់ដីឡូតិ៍ខ្យល់ ឬលក់ដីឡូតិ៍ដែលមិនបានចុះបញ្ជីត្រឹមត្រូវ ។ វិធានការនេះគឺចំពេលដែលវិស័យដីធ្លីកំពុងមានសន្ទុះខ្លាំង ហើយការពុះដីឡូតិ៍មួយចំនួនហាក់មានភាពអនាធិបតេយ្យ និងមិនបានគោរពតាមគោលការណ៍ច្បាប់ត្រឹមត្រូវ៕
Comments