+855 92 92 1000
Logo
គម្រោងផ្លូវរថភ្លើងពីភ្នំពេញទៅកាន់ប្រទេសសឹង្ហបុរីកាន់តែជិតលេចជារូបរាងហើយ!
Updated on: May 9, 2022, 6:01 a.m.
Published on: April 18, 2019, 3:37 a.m.

គម្រោងផ្លូវរថភ្លើងពីភ្នំពេញទៅកាន់ប្រទេសសឹង្ហបុរីកាន់តែជិតលេចជារូបរាងហើយ!


រូបភាព៖ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប

ក្រៅពីគម្រោងផ្លូវល្បឿនលឿន គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុង និងគម្រោងពង្រីកផ្លូវតាមបណ្តាយផ្លូវជាតិសំខាន់ៗនៅក្នុងប្រទេសកម្ពុជាកំពុងមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលក៏ដូចជាការអភិវឌ្ឍនផ្សេងៗទៀតនៅតាមខេត្តដែលជាប់ព្រំប្រទល់ជាមួយនឹងប្រទេសដទៃផងដែរ។

តួយ៉ាងកាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៩ កន្លងទៅនេះ ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណប្រតិភូរបស់ក្រសួងសាធារណការ និងដឹកជញ្ចូនអញ្ជើញទៅពិនិត្យមើលទីតាំងតភ្ជាប់ស្ពាន មិត្តភាពកម្ពុជា-ថៃ នៅក្នុងតំបន់ស្ទឹងបត់-បានណងអៀង និងការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងសា្ថនីយរថភ្លើងប៉ោយប៉ែត។ ការចុះត្រួតពិនិត្យវន្ឍនភាពនៃទីតាំងរៀបចំកម្មវិធីនេះ គឺត្រូវបានធ្វើឡើងដើម្បីត្រៀមក្នុងការប្រារព្ធពិធីចុះហត្ថលេខានៃរាជរដ្ឋាភិបាលប្រទេសកម្ពុជានឹងថៃ ចំពោះគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរួមគ្នាជាច្រើន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ។​

កម្មវិធីដែលនឹងធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នឹងប្រព្រឹត្តឡើងក្រោមរបៀបវារៈសំខាន់ៗ៤ចំណុចដូចតទៅ៖

១. ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀង)

២. ពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥

៣. ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់ទទួលក្បាលរថភ្លើង (DMU) អំណោយរបស់រាជរដ្ឋាភិបាលព្រះរាជាណាចក្រថៃ ជូនរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា

៤. នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ នឹងជិះរថភ្លើងរួមគ្នាពីស្ថានីយបានខ្លងលឹក មកស្ថានីយប៉ោយប៉ែត។

គួរបញ្ជាក់ផងដែរថាគម្រោងប្រតិបត្តិការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់តាមព្រំដែនពីកម្ពុជាទៅកាន់ថៃនេះមិនត្រឹមតែអាចឱ្យប្រជាពលរដ្ឋដែលនៅក្នុងប្រទេសកម្ពុជាអាចធ្វើដំណើរទៅកាន់ប្រទេសថៃបានកាន់តែងាយស្រួលជាងមុននោះទេ ប៉ុន្តែរថភ្លើងនេះថែមទាំងអាចតភ្ជាប់ទៅដល់ប្រទេសសឹង្ហបុរីទៀតផង ដោយផ្លូវដែកនេះបានតភ្ជាប់ពីប្រទេសសឹង្ហបុរីភ្ជាប់ទៅប្រទេសម៉ាឡេស៊ី និងថៃ។

ដូច្នេះហើយ បន្ទាប់ពីការដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះហើយ ប្រជាពលរដ្ឋកម្ពុជាអាចធ្វើដំណើរទៅកាន់ប្រទេសដទៃបានកាន់តែងាយស្រួល៕​

ស្វែងរកព័ត៌មានថ្មីៗ ឬស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួល សូមចូលទៅកាន់ Realestate.com.kh!

Comments