+855 92 92 1000
Logo
សេចក្តីព្រាងច្បាប់ថ្មីស្តីពីការវិនិយោគនៅកម្ពុជាដើម្បីទាក់ទាញវិនិយោគិនក្នុង និងក្រៅស្រុក
Updated on: June 7, 2022, 3:59 a.m.
Published on: August 13, 2021, 9:58 a.m.

សេចក្តីព្រាងច្បាប់ថ្មីស្តីពីការវិនិយោគនៅកម្ពុជាដើម្បីទាក់ទាញវិនិយោគិនក្នុង និងក្រៅស្រុក


រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញសេចក្តីព្រាងច្បាប់ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ស្តីពី «សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា» ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបានប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ញាតិខ្មែរ ឬបរទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជាតាមរយៈ ៖

១- ការបង្កើតរបបលើកទឹកចិត្តវិនិយោគមួយដែលមានតម្លាភាព, ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន, គ្មានការរើសអើង, មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គម-សេដ្ឋកិច្ច

២- ការធ្វើទំនើបកម្ម ការបង្កើនផលិតភាពនៃឱស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនលំហូរចូលមូលធន ការផ្ទេរបច្ចេកវិទ្យ ចំណេះដឹង និងចំណេះធ្វើ

៣- ការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា​ដើម្បីធ្វើឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចអាចធ្វើពិពិធកម្មបាន និងធន់ទៅនឹងវិបត្តិក្នុងតំបន់ និងសកលលោក

៤- ការផ្តល់ការការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ដល់វិនិយោគិននៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតនូវក្របខ័ណ្ឌគតិយុទ្ធដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ស្របទៅនឹងផលប្រយោជន៍ជាតិ ។

តាមរយៈខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះបានគិតគូរអំពីការផ្តល់ការលើកទឹកចិត្តដល់វិស័យអាទិភាព កម្រិតបច្ចេកវិទ្យា និងបច្ចេកទេស ការបង្កើតការងារ ការបណ្តុះបណ្តាលជំនាញ ការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍ និងនាវានុវត្តន៍ និងសហគ្រាសធុនតូច និងមធ្យម ។

ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាជូនវិនិយោគិន សេចក្តីព្រាងច្បាប់នេះក៏បានរំលេចផងដែរនូវយន្តការនៃការពិនិត្យ និងសម្រេចលើការវិនិយោគឯកជន និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគតាមរយៈការធ្វើប្រតិភូកម្មទៅរដ្ឋបាលរាជធានី-ខេត្ត តាមការសម្រេចរបស់រាជរដ្ឋាភិបាលដោយបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តតាមរយៈអនុក្រឹត្យដោយឡែក ។

មិនតែប៉ុណ្ណោះ សេចក្តីព្រាងច្បាប់ក៏បានផ្តល់នូវការលើកលែងអាករលើតម្លៃបន្ថែមចំពោះការទិញធាតុចូលផលិតកម្មដែលត្រូវបានផលិតនៅក្នុងស្រុក ក្នុងគោលបំណងផ្សារភ្ជាប់ផលិតករក្នុងស្រុកទៅនឹងខ្សែច្រវាក់ផលិតកម្មរបស់គម្រោងវិនិយោគ ក៏ដូចជាការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ។

សេចក្តីព្រាងច្បាប់នេះក៏ត្រូវបានរៀបចំឡើងឱ្យមានភាពបត់បែនបាន ដោយមានការផ្តល់ការលើកទឹកចិត្តពិសេសចំពោះវិស័យ និងសកម្មភាពវិនិយោគជាក់លាក់ណាមួយ ដែលមានសក្តានុពលខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍជាតិ​ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយការលើកទឹកចិត្តពិសេសនេះនឹងត្រូវកំណត់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ។

ក្រៅអំពីខ្លឹមសារស្នូលខាងលើ ដើម្បីផ្តល់ភាពកក់ក្តៅដល់វិនិយោគិន សេចក្តីព្រាងច្បាប់នេះបានដាក់បញ្ចូលនូវកាតព្វកិច្ចជាអន្តរជាតិមួយចំនួនរបស់កម្ពុជា ដើម្បីបង្ហាញដល់វិនិយោគិនទាំងអស់នូវការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារវិនិយោគ និងផ្តល់ការធានាដោយអនុលោមតាមច្បាប់អន្តរជាតិនូវប្រព្រឹត្តកម្មដែលមិនរើសអើង ព្រមទាំងផ្តល់សេវាថែទាំវិនិយោគផងដែរ ។

នៅក្នុងស្ថានភាពវិបត្តិនៃជំងឺកូវីដ-១៩ ដែលកំពុងញាំញីពិភពលោករួមទាំងកម្ពុជាផង សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជាដោយសារសេចក្តីព្រាងច្បាប់នេះនឹងធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទាញចំពោះការវិនិយោគផ្ទាល់ពីបរទេស និងការវិនិយោគក្នុងស្រុក ។ បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័ត និងចូលជាធរមានចាំបាច់ត្រូវមាបបទដ្ឋានក្រោមច្បាប់ផ្សេងទៀតដើម្បីគាំទ្រដល់ការអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ៕

Comments