+855 92 92 1000
Logo
ក្រុមហ៊ុន​ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ ​និងភ្នាក់ងារអចលនវត្ថុ កម្ពុជា ប្រកាសសម្ពោធកម្មវិធីពាន រង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨
Updated on: June 6, 2022, 5:03 p.m.
Published on: March 28, 2018, 8:44 a.m.

ក្រុមហ៊ុន​ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ ​និងភ្នាក់ងារអចលនវត្ថុ កម្ពុជា ប្រកាសសម្ពោធកម្មវិធីពាន រង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨


 

ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨

វិស័យអចលនវត្ថុកម្ពុជាមានភាពរីកចម្រើនឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចំនួនដ៏ច្រើននៃគម្រោងអចលនវត្ថុដែលបានបញ្ចប់កំពុងដំណើរការ ឬសិ្ថតនៅក្នុងផែនការសាងសង់គឺជាសញ្ញាណវិជ្ជមាននៃកំណើន និងសក្តានុពលនៃវិស័យអចលនវត្ថុកម្ពុជាទាំងមូល។

ទន្ទឹមនឹងនេះការជ្រាបចូលនៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុអន្ដរជាតិដែលទទួលបានសិទ្ធិផ្តាច់មុខនិងមានយីហោល្បីៗក៏បានបង្ហាញពីការផ្លាស់ប្តូរ និងឱកាស​ជាច្រើននៅក្នុងវិស័យនេះ។ ភាពរីកចម្រើនគឺបានមកពីការចូលរួមចំណែករបស់ភ្នាក់ងារម្នាក់ៗ  និងបណ្តាក្រុមហ៊ុនទាំងអស់តាមរយៈការផ្តល់ជូនសេវាកម្មប្រកបដោយក្រមសីលធម៌ និងភាពជោគ​​ជ័យ។

ដើម្បីជម្រុញដល់វិស័យអចលនវត្ថុគឺត្រូវលើកទឹកចិត្តដល់អ្នកដែលបានខិតខំប្រឹងប្រែង និងអ្នកមានជំនាញវិជ្ជាជីវៈច្បាស់លាស់ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ​និងភ្នាក់ងារអចលនវត្ថុកម្ពុជានឹងរៀបចំឲ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨។ កម្មវិធីពានរង្វាន់អចលនវត្ថុប្រចាំឆ្នាំនេះនឹងជ្រើសរើសយកភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារឈានមុខគេនៅទូទាំងប្រទេសហើយរៀបចំកម្មវិធីប្រគល់ពានរង្វាន់ដល់ភ្នាក់ងារឬក្រុមហ៊ុនណាដែលល្អបំផុត។

នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រដែលការខិតខំប្រឹងប្រែង និងភាពជោគជ័យនៃវិស័យអចលនវត្ថុនឹងត្រូវទទួលស្គាល់ជាសកល។ លក្ខខណ្ឌចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាគឺផ្តោតសំខាន់លើ៣កម្រិតរួមមាន៖ ក្រុមហ៊ុនខ្នាតតូច ក្រុមហ៊ុនខ្នាតមធ្យម និងក្រុមហ៊ុនខ្នាតធំដែលគ្រប់ដណ្ដប់លើអាជីវកម្មជាច្រើនប្រភេទនៅក្នុងវិស័យនេះ។ ការបង្កើតឱ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះក្នុងគោលបំណងកំណត់អំពីស្តង់ដារនៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារអចលនវត្ថុ និងក្រុមហ៊ុនវាយតម្លៃ និងគ្រប់គ្រងអចលនវត្ថុនៅកម្ពុជា។

ការចុះឈ្មោះចូលរួមការប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់អចលវត្ថុកម្ពុជាគឺមិនតម្រូវឲ្យបង់​ប្រាក់ទេហើយអ្នកទទួលបានជ័យជំនះនឹងត្រូវបានកាត់សេចក្តីដោយគណៈកម្មការជំនាញរួម ជាមួយការបោះឆ្នោតជាសាធារណៈនៅលើប្រព័ន្ធអនឡាញ។ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជាដែលជាអ្នករៀបចំកម្មវិធីនឹងរក្សាភាពឯករាជ្យ មិនពាក់ព័ន្ធក្នុងដំណើរវាយតម្លៃ និងវិនិច្ឆ័យនោះទេ។ កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះបាន​យក​គម្រូតាមកម្មវិធីពានរង្វាន់លំដាប់អន្តជាតិប្រកបដោយតម្លាភាពមិនលំអៀង និងយុត្តិធម៌។

ដំណើរការនៃការកាត់សេចក្តីនឹងត្រូវត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ដោយការត្រួតពិនិត្យពីក្រុមហ៊ុនគណនេយ្យ និងសវនកម្ម  “Cambodian Investment Management” ដើម្បីធានាថាបាននូវសុក្រិតភាព។ នៅពេលបេក្ខភាពត្រូវបានជ្រើសរើសហើយការបោះឆ្នោតជាសាធារណៈបានធ្វើរួចរាល់បេក្ខភាពចុងក្រោយ និងអ្នកពាក់ព័ន្ធក្នុងវិស័យនឹងត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់​​ និងពិធីលាងសាយ​ភោជន៍ពេលល្ងាចជុំគ្នាដើម្បីអបអរសាទរដល់ភាពជោគជ័យរបស់បេក្ខភាពជ័យលាភីទាំងអស់។

បេក្ខភាពវគ្គផ្តាច់ព្រ័ត្រ និងបេក្ខភាពជ័យលាភីនឹងត្រូវបានផ្តល់ជាតែមសម្គាល់ជ័យលាភីរបស់កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាដែលអាចប្រើសម្រាប់ការផ្សព្វផ្សាយ និងការធ្វើទីផ្សាររួមជាមួយនឹងពានរង្វាន់និងវិញ្ញាបនបត្រដែលបញ្ជាក់ពីសមិទ្ធផលផ្ទាល់ ឬក្រុមហ៊ុនរបស់ពួកគាត់។

បេសកកម្មនៃកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាគឺដើម្បីទទួលស្គាល់នូវសមិទ្ធិផលនៃវិស័យអចលនទ្រព្យកម្ពុជាដោយមិនលំអៀង ឬរងឥទ្ធិពលណាមួយនិងឈរលើមូលដ្ឋានរួមមួយដែលអនុញ្ញាតឱ្យក្រុមហ៊ុន និងបុគ្គលគ្រប់រូបអាចចូលរួមបានដោយមិនគិតអំពីទំហំ ឬធនធាននៃការប្រតិបត្តិការនោះទេ ប៉ុន្តែក្រុមហ៊ុនទាំងនោះត្រូវតែជាសមាជិកសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។ ពានរង្វាន់នេះនឹងមានសម្រាប់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុក្រុមហ៊ុនវាយតម្លៃ និងគ្រប់គ្រងអចលនវត្ថុ និងក្រុមអ្នកលក់គម្រោងនៅទូទាំងប្រទេស។ ពានរង្វាន់នេះនឹងស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក Tom O’Sullivan ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realestate.com.kh ជាអ្នករៀបចំកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាមានប្រសាសន៏ថា “នេះគឺជាឱកាសរបស់ក្រុមហ៊ុន Realestate.com.kh ដើម្បីជម្រុញដល់វិស័យអចលនវត្ថុកម្ពុជា​ដោយផ្តល់ជូននូវ​ឱកាសដល់ក្រុមហ៊ុនទាំងអស់នៅក្នុងវិស័យដើម្បីឲ្យពួកគេបង្ហាញពីសមិទ្ធិផលដែលបានធ្វើកន្លង មក។​ យើងមានភាពរីករាយក្នុងការប្រកាសធ្វើកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨នេះក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ហើយយើងសង្ឃឹមយ៉ាងមុតមាំថាពានរង្វាន់ប្រចាំឆ្នាំនេះនឹងក្លាយជាសករាជថ្មីមួយ និងជាឧត្តមភាពមួយ​សម្រាប់វិស័យអចលនវត្ថុកម្ពុជាទាំងមូល។​”

ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុមានប្រសាសន៍ថា “កម្មវិធីពានរង្វាន់អចលវត្ថុកម្ពុជាដែលរៀបចំឡើងដោយ Realestate.com.kh​ និងសមាគមអ្នកវាយតម្លៃ ​និងភ្នាក់ងារអចលនវត្ថុកម្ពុជាគឺជាវេទិកាមួយដើម្បីលើកទឹកចិត្ត និងផ្តល់រង្វាន់ដល់ភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុដែលធ្វើប្រតិបត្តិការប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមាននៅកម្ពុជា។ ជាមួយគ្នានេះដែរ​​ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុត្រូវខិតខំជម្រុញអាជីវកម្មរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង។ ក្នុងឱកាសនេះគឺជាមោទនភាពមួយដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចូលរួមគាំទ្រ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជាដើម្បីឱ្យព្រឹត្តិការណ៍នេះលេចចេញ​ជារូបរាងប្រកបដោយភាពជោគជ័យ និងលទ្ធផលជាផ្លែផ្កា។”

បេក្ខភាពវគ្គផ្តាច់ព្រាត់ និងអ្នកពាក់ព័ន្ធក្នុងវិស័យអចលនវត្ថុនឹងត្រូវអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់​​និងពិធីលាងសាយ​ភោជន៍ពេលល្ងាចជុំគ្នាដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះដែលនឹងធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។​សំបុត្រចូលរួម និងការឧបត្ថម្ភសម្រាប់កម្មវិធីដ៏មានកិត្យានុភាពនេះ នឹងចាប់ផ្តើមបើកលក់នៅសប្តាហ៍ខាងមុខនេះ។

សូមថ្លែងអំណរគុណដល់ស្ថានីយ៍ទូរទ្សន៍ CTN គេហទំព័រ Biz Khmer គេហទំព័រ Thmey Thmey គេហទំព័រ Fresh News សារព័ត៌មានខ្មែរថាមស៍ វិទ្យាស្ថានជាតិគណនេយ្យករជំនាញ និងសវនករកម្ពុជា។​

ហើយក៏សូមថ្លែងអំណរគុណដល់អ្នកចូលរួមឧបត្ថម្ភដល់ព្រឹត្តិការណ៍ដ៏ធំមួយនេះដែលរួមមាន៖ ក្រុមហ៊ុនអភិវឌ្ឍន៍ Aristo ក្រុមហ៊ុនខេមហ៊ូម និងក្រុមហ៊ុនអភិវឌ្ឍន៍គ្រីដគ្រុបជាដើម។

អាចចាប់ផ្តើមចុះឈ្មោះជាបេក្ខភាពឈរឈ្មោះនៅក្នុងព្រឹត្តិការណ៍នេះគឺចាប់ពីថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៦ ខែ​ឧសភា​ ឆ្នាំ២០១៨។ អ្នកដែលនៅក្នុងវិស័យអចលនវត្ថុអាចដាក់ពាក្យចូលរួមប្រកួតប្រជែងដើម្បីដោយសេរី។ បេក្ខភាពទាំងអស់ត្រូវតែមានអាជ្ញាប័ណ្ណអាជីវកម្មត្រឹមត្រូវដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និងជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (តែមានករណីលើកលែង)។

គណៈក​ម្មការវិនិច្ជ័យនឹងជួបប្រជុំដើម្បីវិភាគលើពាក្យស្នើសុំចូលរួមប្រកួតប្រជែងក្រោមការដឹកនាំរបស់ប្រធានគណៈក​ម្មការវិនិច្ជ័យ បណ្ឌិត សុក ស៊ីផាន់ណា ជាប្រធានគ្រប់គ្រងការិយាល័យមេធាវី​ សុក  ស៊ីផាន់ណា និងសហការី (ជាសមាជិកនៃបណ្តាញការិយាល័យ ច្បាប់ ZICO) គឺជាការិយាល័យច្បាប់សាជីវកម្មនៅរាជធានីភ្នំពេញ និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។

គណៈក​ម្មការវិនិច្ជ័យដទៃទៀតរួមមាន៖ លោក Steven Path​ ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនPathmazing លោក Simon Vancliff នាយកផ្នែកវិនិយោគ និងអភិវឌ្ឍន៍នៃក្រុមហ៊ុន ING Holdings Co., Ltd.,. និងជាអនុប្រធាននៃសភាពាណិជ្ជកម្មអ៊ឺរ៉ុបនៃ Commerce’s Real Estate and Construction Committee។ លោក តេង រិទ្ធី ស្ថាបនិក និងនិយកក្រុមហ៊ុន Property Investment Realty Partner លោក Anthony Galliano នាយកនៃក្រុមហ៊ុន Cambodian Investment Management ដែលជាក្រុមហ៊ុនគណនេយ្យ និងសវនកម្មល្បីល្បាញមួយគឺក្រុមហ៊ុន Cambodia Investment Managementនឹងគ្រប់គ្រងលើនីតិវិធីវិនិច្ឆ័យទាំងមូលរបស់កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨ដើម្បីធានាថារាល់ការកាត់សេចក្តីនឹងធ្វើទៅតាមលក្ខខណ្ឌត្រឹមត្រូវ និងមានភាពស្មោះត្រង់តាំងពីដំណាក់កាលដំបូងរហូតដល់ចុងក្រោយ។

លោកបណ្ឌិត សុក ស៊ីផាន់ណាបានលើកឡើងថា “ខ្ញុំមានមោទនភាពណាស់​ដែលបានក្លាយជាប្រធានគណៈកម្មការវិនិច្ឆ័យ​ក្នុងកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជា។  យើងនឹងធ្វើការវិនិច្ឆ័យបេក្ខភាពទាំងអស់ និងវិស័យអចលនវត្ថុដោយគោរពយ៉ាងមុតមាំតាមគោលការណ៍ឧត្តមគតិស្នូលដែលកម្មវិធីនេះបានកំណត់។ គណៈកម្មការនឹងធ្វើការវិនិច្ឆ័យដោយម៉ត់ចត់មិនលំអៀង និងផ្តល់រង្វាន់ដល់ភ្នាក់ងារក្រុមហ៊ុនភ្នាក់ងារ និងអ្នកលក់ណា ដែលពិតជាមានគុណសម្បត្តិសាកសមនឹងទទួលបានពានរង្វាន់នេះ។ ខ្ញុំទន្ទឹងរង់ចាំព្រឹត្តិការណ៍ដ៏ល្អបំផុតមួយនេះក្នុងឆ្នាំនេះ និងឆ្នាំក្រោយៗទៀត។ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន Realestate.com.kh ចំពោះឱកាសដ៏អស្ចារ្យនេះ "។

កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាក៏ដាក់ឲ្យមានការបោះឆ្នោតជាសាធារណៈតាមប្រព័ន្ធអនឡាញផងដែរពោលគឺអនុញ្ញាតឱ្យសាធារណជនទូទៅចូលរួមបោះឆ្នោតឲ្យភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារដែលពួកគាត់គិតថាសាកសមនឹងទទួលបានពានរង្វាន់នេះ។ ការបោះឆ្នោតជាសាធារណៈនេះនឹងត្រូវកំណត់ជាពានរង្វាន់មួយប្រភេទដាច់ដោយឡែក។​ ការបោះឆ្នោតនឹងត្រូវបានបង្ហោះនៅលើគេហទំព័រ Cambodiarealestateawards.com

ប្រភេទពានរង្វាន់ទាំង៣០ត្រូវបែងចែកជាពីរប្រភេទគឺ៖ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ និងពានរង្វាន់ភ្នាក់ងារអចលនវត្ថុ។​ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យមានដូចជា៖ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យប្រចាំឆ្នាំក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុទើបរីកចម្រើនថ្មីប្រចាំឆ្នាំ (ពានរង្វាន់កូនក្លា) ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុប្រចាំតំបន់ក្រុមហ៊ុនវាយតម្លៃអចលនវត្ថុប្រចាំឆ្នាំក្រុមហ៊ុនភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យប្រចាំឆ្នាំពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុពាណិជ្ជកម្មប្រចាំឆ្នាំ ពានរង្វាន់បុគ្គលឆ្នើមក្នុង​វិស័យអចលនវត្ថុ ពានរង្វាន់អចលនវត្ថុជ្រើសរើសដោយសធារណៈជន ពានរង្វាន់ក្រុមហ៊ុនឆ្នើម(ខាងគ្រប់គ្រង និងចាត់ចែងបុគ្គលិក)។ ចំណែកពានរង្វាន់ភ្នាក់ងារ អចលនវត្ថុមានដូចជា ៖ ពានរង្វាន់បុគ្គលឆ្នើម ក្នុងវិស័យអចលនវត្ថុ (Hall of Famer) ពានរង្វាន់ភ្នាក់ងារអចលនវត្ថុថ្មី (ភ្នាក់ងារកូនខ្លា) និងពានរង្វាន់ភ្នាក់ងារប្រចាំឆ្នាំ ដែលបែងចែកជា៦ប្រភេទទៀតដូចជា៖ ពានរង្វាន់ភ្នាក់ងារលក់ប្រចាំឆ្នាំ ពានរង្វាន់ភ្នាក់ងារជួលប្រចាំឆ្នាំ​​ ពានរង្វាន់ភ្នាក់ងារពាណិជ្ជកម្មប្រចាំឆ្នាំ ពានរង្វាន់ភ្នាក់ងារវាយតម្លៃប្រចាំឆ្នាំ និងពានរង្វាន់អ្នកគ្របគ្រងអចលនវត្ថុប្រចាំឆ្នាំ។ បុគ្គលដែលមានចក្ខុវិស័យខ្ពស់សម្រាប់វិស័យតាមរយៈការផ្តល់សេវាកម្មទូទៅ និងការអភិវឌ្ឍន៍អចលនវត្ថុកម្ពុជាក៏នឹងត្រូវផ្តល់ជាពានរង្វាន់ "បុគ្គលឆ្នើមក្នុងវិស័យអចលនវត្ថុ" នៅក្នុងកម្មវិធីពានរង្វាន់អចលន វត្ថុកម្ពុជា​ ផងដែរ។

សម្រាប់បេក្ខភាពវគ្គចុងក្រោយ និងអ្នកទទួលបានជ័យលាភីពានរង្វាន់អចលនវត្ថុមានផ្តល់ជូនតែមសម្គាល់ជ័យលាភីរបស់កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាសម្រាប់ប្រើក្នុងការធ្វើទីផ្សារ និងការផ្សព្វផ្សាយនានានៅក្នុងឆ្នាំ២០១៨ រួមជាមួយនឹងពានរង្វាន់ និងវិញ្ញាបនបត្រដែលបញ្ជាក់ពីសមិទ្ធផលក្រុមហ៊ុនរបស់ពួកគាត់។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ cambodiarealestateawards.com

អំពីRealestate.com.kh:

បង្កើតឡើងនៅក្នុងឆ្នាំ​ ២០០៩ ដោយលោក ម៉ឹក ចិន្តា ជាជនជាតិខ្មែរ ក្រុមហ៊ុន Realestate.com.kh បានក្លាយជាគេហទំព័រនិងក្រុមហ៊ុនផ្សព្វផ្សាយអចលនវត្ថុឈានមុខគេនៅក្នុងប្រទេសកម្ពុជាដែលបានធ្វើការជាមួយក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុអ្នកអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុជាច្រើននៅក្នុងប្រទេស។

នៅក្នុងឆ្នាំ ២០១៥  DCG ដែលជាក្រុមហ៊ុនធ្វើពាណិជ្ជកម្មអនឡាញល្បីល្បាញមួយរបស់ប្រទេសអូស្រ្តាលីបានសហការជាមួយលោក ចិន្តា ដើម្បីអភិវឌ្ឍន៍គេហទំព័រ Realestate.com.khឲ្យកាន់តែប្រសើរជាមុន។ គេហទំព័រនេះមានជាភាសាខ្មែរ អង់គ្លេស និងភាសាចិនដែលមានជាង ៤,០០០ អចលនទ្រព្យបានដាក់លក់ និងជួលជាមួយនឹងអ្នកចូលស្វែង

រកអចលនវត្ថុរាប់ពាននាក់តាមរយៈគេហទំព័រ និងកម្មវិធីស្វែងរកអចលនទ្រព្យលលើទូរសព្ទ (Realestate​ App) រៀងរាល់ខែ។ Realestate.com.kh ក៏មានជា “ទស្សនាវដ្តីអចលនទ្រព្យកម្ពុជា” ដែលចេញផ្សាយក្នុងរៀងរាល់ត្រីមាស ​និងមានចេញផ្សាយអត្ថបទអចលនវត្ថុជាមួយ

កាសែតខ្មែរថាមស៍រៀងរាល់សប្តាហ៍។​ Realestate.com.kh ក៏រៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍អចលនវត្ថុកម្ពុជាជារៀងរាល់ឆ្នាំដែលពិព័រណ៍ក្នុងឆ្នាំ២០១៧ បានលក់លំនៅដ្ឋានរាប់សិបយូនីត ដែលគិតជាទឹកប្រាក់ប្រមាណ ៣០ លានដុល្លារអាមេរិក៕

ចុះឈ្មោះជាបេក្ខភាពក្នុងកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានៅទីនេះ!

Comments