+855 92 92 1000
Logo
តំបន់អរិយក្សត្រ និងវិហារសួគ៍បង្ហាញអំពីសក្តានុពលរបស់ខ្លួនទៅកាន់អ្នកវិនិយោគ
Updated on: June 7, 2022, 6:22 a.m.
Published on: May 29, 2017, 7:00 a.m.
Location Profiles

តំបន់អរិយក្សត្រ និងវិហារសួគ៍បង្ហាញអំពីសក្តានុពលរបស់ខ្លួនទៅកាន់អ្នកវិនិយោគ


 

អរិយក្សត្រមានទីតាំងស្ថិតនៅក្នុងខេត្តកណ្តាលភាគខាងកើតនៃទីក្រុងភ្នំពេញ យើងអាចជិះនាវាចម្លងកាត់ទន្លេចតុមុខដោយប្រើរយៈពេលខ្លីតែប៉ុណ្ណោះ។ តំបន់នេះបានទាក់ទាញអ្នកវិនិយោគិនយ៉ាងច្រើនជាមួយនឹងការវិនិយោគដូចជា៖ លំនៅដ្ឋាន ឧស្សាហកម្ម និងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតដែលស្ថិតនៅក្នុងដំណាក់កាលសិក្សា។ ទន្ទឹមនឹងនេះមានការ ចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលឆ្នាំកន្លងទៅបន្ទាប់ពីឯកឧត្តម ប៉ាសុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានបង្ហាញពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនាពេលខាងមុខគឺគម្រោងស្ពានបីតភ្ជាប់ពីរាជធានីភ្នំពេញទៅកោះដាច់ ស្វាយជ្រុំ និងអរិយក្សត្រ។

 

ការវិនិយោគនៅក្នុងតំបន់អរិយក្សត្របានពន្យាគម្រោងអភិវឌ្ឍន៍មួយចំនួនប៉ុន្តែទោះជាយ៉ាងណាអ្នកជំនាញផ្នែកអចលនទ្រព្យ និងវិនិយោគិននៅតែធ្វើការយកចិត្តទុកដាក់ផ្តោតសំខាន់ទៅលើតំបន់មួយនេះដដែល។

 

បាននិយាយថា “អរិយក្សត្រនាពេលថ្មីៗនេះមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានយ៉ាងច្រើនដែលមានដូចជា៖ បុរីចតុមុខ ចតុមុខវីយ៉ូ គម្រោង Evergreen និងគម្រោងដីពុះឡូតិ៍ជាច្រើនទៀត។ ការអភិវឌ្ឍន៍ទាំងនេះអាចជម្រុញឲ្យតម្លៃដីមានការកើនឡើងបើធៀបទៅនឹងតម្លៃដីនៅរយៈកាល៣ ឬ៤ឆ្នាំមុន។”

 

គម្រោង Skyland ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Jet’s Group និងក្រុមហ៊ុន STAR5 Development ហើយការវិនិយោគលើគម្រោងមួយនេះមានទំហំទឹកប្រាក់ប្រមាណ៩០លានដុល្លារដែលជាប្រភេទលំនៅដ្ឋានដែលមានតម្លៃស​មរម្យមានទីតាំងស្ថិតនៅវិហារសួគ៍។

 

កញ្ញា ជា វីតា ជំនួយការ ប្រធានគ្រប់គ្រងទូទៅនៃគម្រោង Skyland បាននិយាយថា “គម្រោងអភិវឌ្ឍន៍នេះមានទំហផ្ទៃ ដីសរុប ៧,៧៧០ ហិកតា ដែលរួមមានគម្រោង ស្កាយខុនដូ ស្កាយវីឡា និងគម្រោងផ្ទះវីឡា។”

 

កញ្ញាបានបន្ថែមទៀតថា “គម្រោងដំបូងស្ថិតនៅលើផ្ទៃដីដែល មានទំហំ១,០០០ហិកតាជាគម្រោងដីឡូតិ៍ និងលំនៅដ្ឋាន។”

 

បើតាមសម្តីរបស់កញ្ញាបានបន្តទៀតថា “មានចំងាយតែ១៤គីឡូម៉ែត្រពីភ្នំពេញ គម្រោងអភិវឌ្ឍន៍ Skyland ក៏ស្ថិតនៅជិតតំបន់ឧស្សាហកម្មដែលមានរោងចក្រប្រមាណ២០ដែលមានកម្មករជាង ៤០,០០០នាក់ ដែលនេះជាសក្តានុពលដ៏ល្អសម្រាប់ការទិញនៅក្នុងតំបន់នេះ។”

 

កញ្ញា វីតា បានបង្ហើបឲ្យដឹងថាក្រុមហ៊ុនក៏បានធ្វើការព្រមព្រៀងរួចហើយជាមួួយក្រុមហ៊ុនផ្សេងទៀតដើម្បីបង្កើតនូវសេវាកម្ម និងកន្លែងកំសាន្តផ្សេងៗដូចជា៖ សួនទឹកកំសាន្ត ប្រព័ន្ធថាមពលព្រះអាទិត្យ ក្លឹបហាត់ប្រាណ ហ្គូវក្លឹប ផ្សារបណ្តែតទឹកជាដើម។

 

ដោយហេតុតែមានគម្រោងអភិវឌ្ឍន៍ជាច្រើនបានកំពុងដំណើរការ លោក អ៊ិន ស៊ីថា បានបន្ថែមទៀតថាតំបន់នេះពិតជាមានសក្តានុពលដ៏ល្អសម្រាប់ទៅថ្ងៃអនាគត ជាពិសេសការអភិវឌ្ឍន៍លំនៅដ្ឋានព្រោះថានេះជាតំបន់ដែល មានទីតាំងល្អបំផុតស្ថិតនៅជិតទីក្រុងមានទេសភាពបៃតង ខ្យល់បរិសុទ្ធ និងបរិយាកាសស្រស់ ត្រកាល។

 

លោក សេង សុភ័ក្រ្ត ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យ CPL មានគំនិតស្របទៅនឹងលោកស៊ីថាផងដែរ “ទីតាំងនេះពិតជាយុទ្ធសាស្រ្តទីតាំងដ៏អំណោយផល ដែលជាកត្តាទាក់ទាញដល់អ្នកអភិវឌ្ឍន៍ឲ្យមកអភិវឌ្ឍន៍កាន់តែច្រើននាពេលអនាគត។”

 

ជាមួយតម្លៃដីវិញ លោក សេង សុភ័ក្រ្ត បាននិយាយថា “តម្លៃដីនៅតំបន់នោះចែកចេញជាតំបន់លំនៅដ្ឋាន តំបន់តាមទន្លេ តំបន់ទំនាប។ តម្លៃមានការកើនឡើងខ្ពស់នៅក្នុងឆ្នាំ ២០១៤ និង ២០១៥ ប៉ុន្តែសព្វថ្ងៃតម្លៃហាក់បីដូចជានៅថេរ។”

 

គាត់បន្ថែមទៀតថា “សម្រាប់តម្លៃដីនៅក្នុងតំបន់អរិយក្សត្រតាមបណ្តោយផ្លូវលេខ៣៨០មានតម្លៃចាប់ពី

៤០០ដុល្លារទៅ៥០០ដុល្លារក្នុងមួួយម៉ែត្រការ៉េ។ តម្លៃដីនៅតាមមាត់ទន្លេមានតម្លៃដីចាប់ពី១៥០ដុល្លារទៅ ២៥០ដុល្លារក្នុងម៉ែត្រការ៉េ។ តម្លៃដីនៅតាមតំបន់ទំនាបមានតម្លៃចាប់ពី៣០ដុល្លារទៅ៥០ដុល្លារក្នុងមួយ

ម៉ែត្រការ៉េ។ វាអាចទៅរួចដែលអាចរកដីដែលមានតម្លៃទាបប៉ុន្តែមិនប្រាកដថាមានសុវត្ថិភាពនោះទេ។”

 

ចំណែកឯដីដែលមានទីតាំងស្ថិតនៅជិតគម្រោងបុរី និងខុនដូ មានតម្លៃចាប់ពី៨០ដុល្លារទៅ១៥០ដុល្លារក្នុងម៉ែត្រការ៉េ។ ចំណែកឯគម្រោងតម្លៃដីពុះឡូតិ៍វិញតម្លៃដីអាចឡើងដល់១០០ដុល្លារទៅ១៥០ដុល្លារក្នុងមួយ ម៉ែត្រការ៉េ។”

 

លោក សុភ័ក្រ្ត បានគូសបញ្ជាក់ថាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អរិយក្សត្របានជម្រុញឲ្យ ប្រជាជននៅក្នុងតំបន់ផ្លាស់ប្តូរមករស់នៅទីនេះតួយ៉ាងហេដ្ឋារចនាសម្ព័ន្ធចំបងៗដូចជាទឹក អគ្គិសនីបានធ្វើការតភ្ជាប់មកកាន់តំបន់នេះហើយ ជាពិសេសការអភិវឌ្ឍន៍ផ្លូវធ្វើដំណើរភ្ជាប់ទៅកាន់ទីក្រុងក៏កំពុងសាង សង់ជាដំណាក់កាលផងដែរ។

 

ទោះជាយ៉ាងណាសម្រាប់អ្នកវិនិយោគិនជាមួយនឹងពេលវេលាមួយដែលរំពឹងផលចំណេញពីការ វិនិយោគ ដោយធ្វើការទិញមុនពេលសាងសង់ផ្លូវ ឬស្ពានមានន័យថាតម្លៃនៅតែមានការប្រកួតប្រជែងខ្ពស់។

 

លោក មឿន ម្ចាស់តូបលក់ដូរនៅក្នុងភូមិមួយនៅតំបន់អរិយក្សត្របាននិយាយ “ខ្ញុំពិតជាចង់ឲ្យមានការសាងសង់ស្ពានយ៉ាងខ្លាំងនៅពេលដែលមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធច្រើន គម្រោងអភិវឌ្ឍន៍ជាច្រើននឹងចាប់ផ្តើមមកកាន់តំបន់នេះ។ នៅពេលមានស្ពានវាផ្តល់ភាពងាយស្រួលធ្វើដំណើរទៅវិញទៅមកទៅកាន់ទីក្រុង។”

 

លោក ហិន ហឿន អ្នករស់នៅក្នុងតំបន់នេះក៏បានបញ្ចេញយោបល់ផងដែរថា “ខ្ញុំចង់ឲ្យមានការអភិវឌ្ឍន៍លំនៅដ្ឋាននៅទីនេះ ហើយខ្ញុំចង់ទិញសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំដោយសារវាមានភាពងាយស្រួលក្នុងការរស់ នៅខ្ញុំមិនចង់ផ្លាស់ប្តូរទៅរស់នៅទីណានោះទេ៕”

 

 ស្វែងរកអចលនទ្រព្យសម្រាប់លក់ជួលតាមរយៈ Realestate.com.kh!

 

 

 

 

Comments