ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនលំហូរវិនិយោគផ្ទាល់ពីបរទេស (FDIs) ក្នុងឆមាសទី ១ ឆ្នាំនេះ បានក្លាយជាកត្តាវាស់វែងដ៏រឹងមាំនៃសេដ្ឋកិច្ចកម្ពុជា និងបង្កើតជាសញ្ញាវិជ្ជមានថាវិស័យអចលនទ្រព្យនឹងនៅបន្តភាពខ្លាំងរបស់ខ្លួនសម្រាប់ឆ្នាំនេះ និងឆ្នាំបន្ទាប់។
កាលពីចុងខែកក្កដាកន្លងទៅ ធនាគារជាតិនៃកម្ពុជា បានព្យាករថាកម្ពុជានឹងមានកំណើនផ្នែកសេដ្ឋកិច្ច ៧.១ ភាគរយក្នុងឆ្នាំ២០១៩ នេះដោយបានរួមចំណែកខ្លាំងដោយវិស័យសំណង់ វិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍ជាដើម។
ទន្ទឹមនឹងនេះដែរ នៅដើមខែនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថាខ្លួនបានយល់ព្រមលើគម្រោងស្នើរសុំវិនិយោគដែលមានទឹកប្រាក់ចំនួន ៥.២ ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំនេះ។ នេះគឺជាការកើនឡើង ៤៨.៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នាយកក្រុមហ៊ុនសេវាកម្មអចលនទ្រព្យកម្ពុជា CBRE (ខេមបូឌា) អ្នកស្រី អាន សុធីតា បានមានប្រសាសន៍ថាលំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេសឆ្លុះបញ្ចាំងពីទំនុកចិត្តកាន់តែខ្លាំងឡើងរបស់វិនិយោគិនទៅលើបរិយាកាសអាជីវកម្មនៅកម្ពុជា។ អ្នកស្រីបញ្ជាក់ថា កត្តានេះមានន័យថាតម្រូវការអចលនទ្រព្យ និងសេវាកម្មផ្សេងៗនៅតែកើនឡើង។
លោកស្រីបន្តថា៖ «កំណើនសេដ្ឋកិច្ចរឹងមាំគឺជាសញ្ញាល្អសម្រាប់វិស័យអចលនទ្រព្យហើយវាបង្កើតនូវទំនុកចិត្តភាគីពាក់ព័ន្ធនានានៅក្នុងឧស្សាហកម្មនេះ»។
លោកស្រីបានបន្ថែមទៀតថាចំនួនគម្រោងស្នើរសុំវិនិយោគដែលត្រូវបានអនុម័តពី CDC កាន់តែច្រើនមានន័យថាតម្រូវការដីសម្រាប់សាងសង់រោងចក្រនឹងកើនឡើង ជាពិសេសទីតាំងនៅតំបន់ជុំវិញ និងជាយរាជធានីភ្នំពេញ។
អ្នកស្រីបន្តថា៖ «ការសាកសួររកដីទំនេរដើម្បីសាងសង់រោងចក្រកំពុងកើនឡើង ជាពិសេសតំបន់ជាយក្រុង ហើយយើងមិនឃើញមានសញ្ញាណាមួយថាអាចនឹងថមថយនៅពេលឆាប់ៗទេ»។
រោងចក្របានផ្លាស់ប្តូរទីតាំងពីប្រទេសចិនចូលមកកម្ពុជា
បើតាមអ្នកស្រី សុធីតា មាននិន្នាការកើនឡើងនៃរោងចក្រដែលផ្លាស់ប្តូរទីតាំងមកប្រទេសកម្ពុជាពីប្រទេសចិន។ លោកស្រីបាននិយាយថានេះកំពុងបង្កើតតម្រូវការបន្ថែមទៀតទាំងកន្លែងរោងចក្រនិងកន្លែងការិយាល័យ។
ទិន្នន័យរបស់ CBRE បានបង្ហាញថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះផ្ទៃក្រលាការិយាល័យថ្មីទំហំ ៦,៥០០ ម៉ែត្រការ៉េ ត្រូវបានជួល។ នេះគឺជាការកើនឡើងទ្វេដងបើធាបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ។
បើបូកបញ្ចូលទាំងអគារការិយាល័យបង្កើតថ្មី និងអគារដែលមានស្រាប់ ចំនួនការិយាល័យសរុបនៅភ្នំពេញបានកើនឡើងដល់ជិត ៣៦០,០០០ ម៉ែត្រការ៉េគិតត្រឹមចុងខែមិថុនាឆ្នាំ ២០១៩ នេះ។
មានការព្យាករថាកម្ពុជានឹងដើរតួនាទីដ៏សំខាន់ជាងមុនក្នុងវិស័យផលិតកម្មនាពេលខាងមុខ។
យោងតាម NBC ប្រទេសកម្ពុជាបាននាំចេញទំនិញដែលមានតម្លៃប្រហែល ៦,៨ ពាន់លានដុល្លារនៅឆមាសទីមួយក្នុងឆ្នាំនេះ។ តួលេខនេះតំណាងឲ្យជិតពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនិងបានកើនឡើង ១៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក វង្សី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងសិក្ខាសាលាមួយកាលពីខែមុនថាកំណើននៃការនាំចេញនឹងនៅតែរឹងមាំពេញមួយឆ្នាំ។
លោកបញ្ជាក់ថា៖«ក្នុងរយៈពេល ៦ ខែដំបូងឆ្នាំនេះ ការនាំចេញមិនមានការធ្លាក់ចុះនោះទេ។ កំណើននាំចេញគឺខ្លាំង” ។ លោកបានបន្ថែមថាវិស័យកាត់ដេរកំពុងដំណើរការល្អដោយសារការនាំចូលវត្ថុធាតុដើមបានកើនឡើង។
យ៉ាងណាក៏ដោយ ស្របពេលមានសកម្មភាពវិជ្ជមានលើកត្តាវាស់វែងពីសុខុមាលភាពសេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនឹងហានិភ័យមួយចំនួនផងដែរ។ ការប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) របស់សហភាពអឺរ៉ុបអាចប៉ះពាល់ដល់កំណើនឧស្សាហកម្ម។
កាលពីខែកុម្ភៈឆ្នាំនេះ សហភាពអ៊ឺរ៉ុបបានប្រកាសថាខ្លួនបានចាប់ផ្តើមរាប់ថយក្រោយរយៈពេល ១៨ ខែដើម្បីសម្រេចពីការដក EBA ពីកម្ពុជាក្រោមហេតុផលស្ថានភាពសិទ្ធិមនុស្សកាន់តែអាក្រក់នៅក្នុងប្រទេស។
ការបាត់បង់កិច្ចព្រមព្រៀង EBA អាចប៉ះពាល់ដល់ឧស្សាហកម្មកាត់ដេររបស់ប្រទេសកម្ពុជាដែលមានចំនួន ១៦ ភាគរយនៃទំហំសេដ្ឋកិច្ចរបស់ប្រទេស។
ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញ និងអចលនទ្រព្យសម្រាប់ជួលនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះ!
Comments