+855 92 92 1000
Logo
អ្នកជំនាញ៖ តម្រូវការគេហដ្ឋានតម្លៃសមរម្យ និងដីឡូតិ៍កើនឡើងខ្ពស់ក្នុងឆ្នាំ២០១៧
Updated on: June 6, 2022, 5:03 p.m.
Published on: December 19, 2017, 6:43 p.m.

អ្នកជំនាញ៖ តម្រូវការគេហដ្ឋានតម្លៃសមរម្យ និងដីឡូតិ៍កើនឡើងខ្ពស់ក្នុងឆ្នាំ២០១៧


ជិតពេញ១ឆ្នាំ២០១៧គេសង្កេតឃើញថាតម្រូវការគេហដ្ឋានតម្លៃសមរម្យ និងដីឡូតិ៍មានការកើនឡើងខ្លាំងស្របពេលដែលប្រជាជនមកពីបណ្ដាខេត្ត និងក្រុងនានាសម្រុកមកកាន់ទីក្រុងភ្នំពេញដើម្បីស្វែង រកការងារធ្វើ។ ប្រការនេះបានជម្រុញឱ្យមានតម្រូវការលំនៅដ្ឋានកើនឡើងខ្ពស់នៅរាជធានីភ្នំពេញ។ ដោយឡែកតម្រូវការលំនៅដ្ឋានតម្លៃសមរម្យត្រូវគេមើលឃើញថាមានការកើនឡើងខ្ពស់ជាងគេក្នុងជិតពេញមួយឆ្នាំ២០១៧នេះ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍ចាប់ផ្ដើមចាប់អារម្មណ៍ខ្លាំងលើទីផ្សារដ៏មានសក្ដានុពលមួយនេះ។

ការកើនឡើងតម្រូវការគេហដ្ឋានតម្លៃសមរម្យបានជម្រុញគម្រោងល្បីល្បាញមួយរបស់ជប៉ុនឈ្មោះថាអារ៉ាខាវ៉ាមកវិនិយោគលើគម្រោងគេហដ្ឋានតម្លៃសមរម្យនៅភូមិផ្សារទឹកថ្លាដែលផ្ដោតជាពិសេសលើគ្រួសារចំណូលក្រោមមធ្យម។ គម្រោងនេះមានតម្លៃចន្លោះពី ២០,០០០ ទៅ ៣០,០០០ ដុល្លារតែប៉ុណ្ណោះ។

លោក បណ្ឌិត គីម ហ៊ាង ប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាមានប្រសាសន៍ថា២០១៧គឺជាឆ្នាំនៃផ្ទះតម្លៃសមរម្យនិងដីឡូតិ៍។ កាលពីប៉ុន្មានឆ្នាំមុនអ្នកអភិវឌ្ឍន៍បានសាងសង់លំនៅដ្ឋានតម្លៃចន្លោះ ៨០,០០០ ទៅ ១០,០០០ ដុល្លាររួចហើយ។ អ្នកដែលមានលទ្ធភាពទិញក្នុងតម្លៃនេះក៏បានទិញច្រើនមកហើយដែរដូច្នេះពួកគេលែងសាងសង់លំនៅដ្ឋានតម្លៃខ្ពស់ទៀតហើយតែបានប្ដូរមកសាងសង់លំនៅដ្ឋានតម្លៃសមរម្យវិញម្ដង។

លោកបន្តថាពេលនេះអ្នកអភិវឌ្ឍន៍ចាប់ផ្ដើមសាងសង់គម្រោងតម្លៃថោកជាងនេះវិញម្ដងជាមួយតម្លៃចន្លោះពី ៣០,០០០ ទៅ ៤០,០០០ ដុល្លារ។ ជាក់ស្ដែងតម្លៃក្នុងចន្លោះនេះមានការគាំទ្រជាច្រើនពីសំណាក់គ្រួសារចំណូលក្រោមមធ្យមដែលមានចំនួនយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា។

ក្រោពីគេហដ្ឋានតម្លៃសមរម្យតម្រូវការដីឡូតិ៍ក៏មានការកើនឡើងខ្លាំងដែរនៅឆ្នាំ២០១៧នេះ។ លោក សេង សារ៉ាម៉ានី ភ្នាក់ងារអចលនទ្រព្យក្រុមហ៊ុន Moana Realty និយាយថាយើងមានគម្រោងពីរ៖ មួយស្ថិតនៅភាគខាងលិចរាជធានីភ្នំពេញ និងមួយទៀតនៅខេត្តសៀមរាប។ នៅឆ្នាំនេះយើងទទួលបានការគាំទ្រជាច្រើនពីសំណាក់អតិថិជនរបស់យើងចំពោះដីឡូតិ៍ ដែលពួកគេភាពច្រើនជាប្រជាជនដែលមានប្រាក់ចំណូលក្រោមមធ្យម។

លោកបន្តថាគម្រោងរបស់យើងទទួលបានជោគជ័យយ៉ាងខ្លាំងនៅឆ្នាំនេះដោយសារតែមានតម្រូវការច្រើនពីសំណាក់ប្រជាពលរដ្ឋ។ ដីឡូតិ៍តម្លៃចន្លោះពី ៥,០០០ ទៅ ៧,០០០ ដុល្លារមានការគាំទ្រច្រើនបំផុត ពីពួកគាត់សម្រាប់សាងសង់លំនៅដ្ឋានសមរម្យមួយដើម្បីស្នាក់នៅ។

អធិប្បាយលើតម្រូវការដីឡូតិ៍អ្នកស្រី ជៀម សំណាងប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Lucky Property Services មានប្រសាសន៍ថាតម្រូវការដីឡូតិ៍ជាពិសេសនៅក្រៅទីក្រុងភ្នំពេញដូចជា ព្រៃសរ តាខ្មៅ បែកចាន និងតាមបណ្ដោយផ្លូវជាតិលេខ១មានការកើនឡើងយ៉ាងខ្លាំង។

លោកស្រីពន្យល់បន្ថែមថាគ្រួសារចំណូលក្រោមមធ្យមគឺជាគោលដៅសម្រាប់ទីផ្សារដីឡូតិ៍ ដោយសារតែពួកគេមិនមានលទ្ធភាពទិញបុរី និងខុនដូរដែលមានតម្លៃថ្លៃនៅកណ្ដាលក្រុងភ្នំពេញ។ ដូច្នេះដើម្បីទទួលបានលំនៅដ្ឋានសមរម្យមួយពួកគេបានងាកទៅរកដីឡូតិ៍វិញដើម្បីសាងសង់លំនៅដ្ឋានសម្រាប់ថ្ងៃអនាគត។ តាមពិតទៅដីឡូតិ៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគ្រួសារទាំងនេះឱ្យមានលំនៅដ្ឋានសមរម្យមួយនៅពេលដែលពួកគេគ្មានថវិការគ្រប់គ្រាន់ដើម្បីទិញគម្រោងលំនៅដ្ឋានតម្លៃថ្លៃ។

យ៉ាងណាក៏ដោយលោកស្រីគូសបញ្ជាក់ថាវាជារឿងសំខាន់ណាស់ដែលអ្នកអភិវឌ្ឍន៍ទាំងនោះត្រូវគិតគូរពីការសាងសង់ផ្លូវចូល ប្រព័ន្ធទឹក ភ្លើង និងលូជាដើមនៅពេលដែលចង់លក់ដីឡូតិ៍ទៅឱ្យអ្នកទិញ។

ទន្ទឹមនេះ លោក តេង រិទ្ធី ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Property Investment Realty Partner លើកឡើងថារាល់គម្រោងដីឡូតិ៍ទាំងអស់នៅរាជធានីភ្នំពេញគួរតែស្របទៅតាមផែនការមេរបស់ទីក្រុង។ គម្រោងដីឡូតិ៍មួយចំនួនមិនបានគោរពទៅតាមផែនការមេនោះទេ ហើយនៅថ្ងៃមុខ នឹងជៀសមិនផុត ពីជួបបញ្ហានោះទេ។ ឩទាហរណ៍តំបន់មួយចំនួនគ្រោងនឹងអភិវឌ្ឍន៍ទៅជាតំបន់ឧស្សាហកម្មប៉ុន្តែអ្នកអភិវឌ្ឍន៍មួយចំនួនបែរជាយកតំបន់នោះមកអភិវឌ្ឍន៍ជាគម្រោងលំនៅដ្ឋានទៅវិញ។

លោកបន្តថានៅតំបន់ឧស្សាហកម្មនឹងមានរោងចក្រជាច្រើនដែលបង្ករសម្លេងជាច្រើន ហើយដែលនឹងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់អ្នករស់នៅក្បែរនោះ។ ធ្ងន់ធ្ងរជាងនេះនៅតំបន់ឧស្សាហកម្មនឹងមិនមានមន្ទីរពេទ្រ ឫសាលារៀនទេដោយសារតែវាមិនមែនជាតំបន់សម្រាប់ស្នាក់នៅ។ ដូច្នេះអ្នកទិញគួរតែស្វែងយល់ពីតំបន់ណាមួយជាមុនសិនមុននឹងសម្រេចចិត្តទិញគម្រោងណាមួយដើម្បីប្រាកដថាគម្រោងនោះស្របតាមផែនការមេរបស់ក្រុងភ្នំពេញជៀសវាងមានបញ្ហាទៅថ្ងៃក្រោយ។

សរុបសេចក្ដីមកវិញតម្រូវការផ្ទះតម្លៃសមរម្យ និងដីឡូតិ៍មានការកើនឡើងខ្ពស់នៅឆ្នាំ២០១៧នេះ ហើយនិន្នាការនេះនឹងទំនងជាបន្តនៅប៉ុន្មានឆ្នាំទៀតខាងមុខ។

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅប្រទេសកម្ពុជា និងតាមដានព័ត៌មានអចលនទ្រព្យចុងក្រោយបំផុតតាមរយៈ Realestate.com.kh

 

 

 




Comments