+855 92 92 1000
Logo
អ៊ីអនម៉ល២ ជម្រុញតម្លៃអចលនទ្រព្យនៅសែនសុខស្ទុះឡើងខ្លាំង
Updated on: June 7, 2022, 3:57 a.m.
Published on: June 2, 2018, 11:59 p.m.

អ៊ីអនម៉ល២ ជម្រុញតម្លៃអចលនទ្រព្យនៅសែនសុខស្ទុះឡើងខ្លាំង


អត្រាតម្លៃនៅតែរំពឹងថានឹងកើនឡើងបន្តទៀតបន្ទាប់ពីផ្សារបើកដំណើរការ
វត្តមានរបស់ផ្សារអ៊ីអន២ដែលជាផ្សារលក់ទំនិញធំបំផុត និងថ្មីបំផុតនៅក្នុងទីក្រុងភ្នំពេញដែលបានបើកដំណើរការលក់នៅចុងខែឧសភាឆ្នាំ២០១៨នេះបានជម្រុញដល់កំណើនតម្លៃអចលនទ្រព្យនៅប៉ែកខាងជើងនៃទីក្រុងភ្នំពេញ ជាពិសេសនៅក្នុងខណ្ឌសែនសុខដែលជាតំបន់ជាយក្រុងរីក​ចម្រើនឆាប់រហ័សមួយក្នុងរាជធានី។ ​

ជាមួយនឹងចំនួនប្រជាជនជា១៦០,០០០​នាក់សែនសុខគឺជាខណ្ឌមួយក្នុងចំណោមខណ្ឌដែលមានប្រជាជនរស់នៅច្រើននៅក្នុងទីក្រុង។ នៅក្នុងឆ្នាំកន្លងទៅសែនសុខមានការអភិវឌ្ឍយ៉ាងខ្លាំងជាមួយនឹងអាជីវកម្មជាច្រើនប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបានហូរចូលយ៉ាងគំហុកទៅក្នុងតំបន់នេះ។

ដូចគ្នាទៅនឹងគម្រោងផ្សេងៗទៀតដែរ គម្រោងផ្សារទំនើបអ៊ីអន២ ភ្លាមៗបានជះឥទ្ធិពលយ៉ាងខ្លាំង លើតម្លៃដី ការទិញលក់ និងជួលអចលនទ្រព្យនិងតម្លៃអចលនទ្រព្យទូទៅផ្សេងៗទៀតដូចជា៖ ផ្ទះ អាផាតមេន បុរី និងឃ្លាំង​ ។ល។​ ជាក់ស្តែងផ្ទះនៅក្នុងបុរីពិភពថ្មី និងបុរីអង្គភ្នំពេញដែលជាគម្រោងស្ថិតនៅក្បែរផ្សារអ៊ីអនម៉លបានកើនឡើងថ្លៃភ្លាមៗបន្ទាប់ពីការប្រកាសសាសងសង់ផ្សារជាផ្លូវការ។

ផ្សារទំនើបអ៊ីអនម៉ល១ ដែលបានបើកដំណើរការក្នុងឆ្នាំ២០១៤មិនត្រឹមតែជម្រុញដល់សេដ្ឋកិច្ចក្នុងតំបន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានធ្វើឲ្យតម្លៃអចលទ្រព្យកើនឡើងទាំងនៅតំបន់ទន្លេបាសាក់ និងតំបន់ជុំវិញ។ បើធៀបទៅនឹងតំបន់គម្រោងផ្សេងទៀតដូចជាតំបន់នៅជិតគម្រោងស្ពានព្រែកតាម៉ាក់ និងគម្រោងព្រលានយន្តអន្តរជាតិភ្នំពេញថ្មីក៏បានទាញតម្លៃដីឲ្យកើនឡើងដែរបន្ទាប់ពីគម្រោងត្រូវបានប្រកាស។

លោក ឡាំ វិបុល នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអិលវិបុលរៀលធី (ខេមបូឌា) បានមានប្រសាសន៍ថាចាប់តាំងពីការសាងសង់ផ្សារទំនើបអ៊ីអនម៉ល២បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៦មកមានក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងអភិវឌ្ឍន៍ជាច្រើនបានឆ្ពោះទៅកាន់តំបន់នេះ។ លោកបានលើកឡើងថា “ចាប់តាំងពីមានគម្រោងផ្សារអ៊ីអន២មកការទិញលក់អចលនទ្រព្យគឺមានច្រើនហើយតម្លៃដីនិងផ្ទះបានកើនឡើងជារៀងរាល់ខែ។”

លោកបានបញ្ជាក់ថា “មុនពេលការសាងសង់បានចាប់ផ្តើមដីដែលស្ថិតក្នុងចំងាយក្រោម១គីឡូម៉ែត្រទៅទិសខាងលិចពីទីតាំងរបស់ផ្សារមានតម្លៃត្រឹមតែ ៣០០ទៅ៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ប៉ុន្តែឥឡូវនេះតម្លៃលក់មានចាប់ពី៥០០​ទៅ៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

នៅតាមបណ្តោយផ្លូវធំៗក្នុងតំបន់ដដែលនេះតម្លៃដីឡើងដល់ ៧០០ដុល្លារទៅ១,០០០​ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សម្រាប់ដីនៅតាមបណ្តោយផ្លូវឧកញ៉ា ម៉ុង រិទ្ធី ច​ន្លោះផ្លូវ១០០៣ និងផ្លូវហាណូយតម្លៃកើនឡើងដល់១,៥០០ដុល្លារទៅ២,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ​ ដែលពីមុនមានតម្លៃ១,០០០ទៅ១,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះបើតាមលោក វិបុល។

លើកឡើងបន្ថែមពីលើលោក វិបុល លោក ស៊ន សៀប នាយក និងស្ថាបនិករបស់ក្រុមហ៊ុន Key Real Estate មានប្រសាសន៍ថា ផ្សារទំនើបអ៊ីអនម៉ល២មានឥទ្ធិពលខ្លាំងលើតម្លៃអចលនទ្រព្យនៅក្នុងតំបន់ជុំវិញ។ លោក សៀប បានបន្ថែមទៀតថា តម្លៃដីនៅតាមបណ្តោយផ្លូវ ជា សុផារ៉ាបានកើនឡើងជាមធ្យមដល់១,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េដែលតម្លៃដីនឹងកាន់តែខ្ពស់បើមានទីតាំងស្ថិតនៅកាន់តែជិតផ្លូវធំ ។”

លោក សៀប បានបញ្ជាក់ទៀតថាបើទោះបីតម្លៃដីបានកើនឡើងខ្លាំងក៏ដោយប៉ុុន្តែតម្រូវការនៅតែមានច្រើន។ ហើយជាក់ស្តែងនៅតាមបណ្តោយផ្លូវធំៗស្ទើរតែមិនមានដីទំនេរសម្រាប់លក់ទេ។ ប៉ុន្តែសម្រាប់ដីនៅប៉ែកខាងលិច និងប៉ែកខាងជើងនៃគម្រោងផ្សារនៅមានដីទំនេរច្រើន។

ចំណែកតម្លៃផ្ទះនៅតំបន់សែនសុខក៏បានកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ តាមការលើកឡើងរបស់លោកវិបុល បានបញ្ជាក់ថាផ្ទះនៅតាមបណ្តោយផ្លូវធំៗបានកើនឡើងថ្លៃរាប់ដង។ ផ្ទះអាជីវកម្មដែលមានតម្លៃជាង ១០០,០០០ ដុល្លារពីមុន បច្ចុប្បន្នតម្លៃបានការកើនឡើងរហូត៣ទៅ៥ដង។

ចំពោះប្រភេទផ្ទះអាជីវកម្មស្ថិតនៅតាមបណ្តោយផ្លូវតូចបានកើនតម្លៃជិតទ្វេរដង។​ ជាក់ស្តែង ផ្ទះអាជីវកម្មដែលពីមុនមានតម្លៃ១៥០,០០០ដុល្លារបច្ចុប្បន្នលក់ក្នុងតម្លៃ ២៥០,០០០ដុល្លារ។ នេះជាការបញ្ជាក់របស់លោក វិបុលអត្រាតម្លៃជួលអចលនទ្រព្យក៏ទទួលរងឥទ្ធិពលនៃគម្រោងដ៏ធំមួយនេះផងដែរ។

លោក សៀប បានមានប្រសាសន៍ថា បច្ចុប្បន្ននេះឃ្លាំងអាចជួលបានក្នុងតម្លៃ១,៥ ទៅ ២,៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយផ្ទះអាជីវកម្មអាចជួលបានក្នុងតម្លៃពី៥០០ដុល្លារទៅ១,៥០០ដុល្លារក្នុង មួយខែសម្រាប់លំនៅដ្ឋានធម្មតាវិញអាចជួលបានក្នុងតម្លៃ៣០០ដុល្លារទៅ៦០០ដុល្លារក្នុងមួយខែ ចំណែកផ្ទះវីឡាតម្លៃអាចជួលបានចាប់ពី១,០០០ទៅ ២,០០០ដុល្លារក្នុងមួយខែ។ លោកបញ្ជាក់ថា "តម្លៃជួលអចលនទ្រព្យនៅសែនសុខមានការកើនឡើងបើប្រៀបធៀបទៅនឹងរយៈពេលពី៣ឆ្នាំមុន"។

លោក វិបុល ជឿជាក់ថាការបើដំណើរការរបស់ផ្សារទំនើបអ៊ីអនម៉ល២ និងការហូរចូលនៃអាជីវកម្ម នានា និងវិនិយោគិនទូទៅចូលមកក្នុងតំបន់នេះនឹងធ្វើឲ្យតម្លៃលក់ និងជួលអចលនទ្រព្យបន្តកើន ឡើងបន្ថែមទៀត។ “ក្នុងតំបន់នៅមានដីទំនេរច្រើនសម្រាប់ការវិនិយោគ ជាច្រើនទៀត។ យើងរំពឹងថា តំបន់នេះនឹងក្លាយជាតំបន់ពាណិជ្ជកម្មមួយដ៏សំខាន់នៅក្នុងទីក្រុងភ្នំពេញ”។

គ្របដណ្តប់លើផ្ទៃដីទំហំ ១០ ហិកតា និងមានផ្ទៃក្រឡា ១៥១,០០០ ម៉ែត្រការ៉េ ផ្សារទំនើបអ៊ីអនម៉ល ២ ដែលគ្រប់គ្រងដោយជប៉ុនមួយនេះបានបើកដំណើរការលក់ជាផ្លូវការហើយ។ នៅក្នុងផ្សារទំនើបនេះមានហាងលក់ទំនិញធំ ៗ រោងភាពយន្ត ភោជនីយដ្ឋាន ហាងលក់ភេសជ្ជៈ និងអាហារ និងសេវាកម្មផ្សេងៗជាច្រើនទៀត។ នៅខាងក្រៅមានកន្លែងចតយាន្តយន្តធំទូលាយ ដែលអាចដាក់រថយន្តបានចំនួន ២,៥០០ គ្រឿង និងម៉ូតូចំនួន ២,០០០ គ្រឿង។

ចង់ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅសែនសុខសូមចូលទៅកាន់ Realestate.com.kh នៅថ្ងៃនេះ! 

លោកអ្នកក៏អាចដាក់ផ្សព្វផ្សាយអចលនទ្រព្យទូទៅដោយឥតគិតថ្លៃនៅលើគេហទំព័ររបស់យើងបានផងដែរ!

 

Comments