ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា (ADB) ខេត្តកំពតបានចាប់ផ្តើមបើកសម្ពោធការដ្ឋានសាងសង់កំពង់ផែទេសចរលំដាប់អន្តរជាតិកាលពី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នេះ។
កំពង់ផែទេសចរដ៏ធំមួយនេះគ្រោងនឹងវិនិយោគក្នុងរង្វង់ទឹកប្រាក់ប្រមាណជិត១០លានដុល្លារអាមេរិក ហើយគម្រោងនេះមានទីតាំងស្ថិតនៅក្នុងភូមិជំគ្រាល ឃុំជំគ្រាល ស្រុកទឹកឈូ ខេត្តកំពតក្នុងចម្ងាយដីប្រមាណជា៥ ទៅ ៦គីឡូម៉ែត្រពីទីរួមខេត្តកំពត។
លោក សុខ គែន ជាស្ថាបនិកក្រុមហ៊ុន Kampot Property បានស្វាគមន៍ចំពោះគម្រោងដ៏ធំមួយនេះ។
សម្រាប់វិស័យអចលនទ្រព្យលោក គែន បានមានប្រសាសន៍ថាគម្រោងនេះជាផ្នែកមួយដ៏ចាំបាច់សម្រាប់ជំរុញដល់កំណើននៃវិស័យទាំងមូលនៅក្នុងតំបន់។
លោកបានបញ្ជាក់ថាតំបន់នេះពីមុនគ្រាន់តែជាដីព្រៃជាប់មាត់ព្រែកហើយមិនសូវមានការអភិវឌ្ឍទេ។ ប៉ុន្តែបច្ចុប្បន្នវាមានភាពសាកសមសម្រាប់ការវិនិយោគវិស័យលំនៅដ្ឋាន សណ្ឋាគារ និងកន្លែងស្នាក់នៅផ្សេងៗ។
ពាក់ព័ន្ធនឹងតម្លៃដីវិញ លោក គែន បញ្ជាក់ថាដោយសារមានគម្រោងសាងសង់កំពងផែ និងស្ថិតនៅកៀកសមុទ្រផង បច្ចុប្បន្នដីធ្លីនៅទំបន់នេះមានតម្លៃចាប់ពី៨០ដុល្លារទៅ១០០ដុល្លារ ឬខ្ពស់ជាងនេះ។ បើធៀបទៅមួយឆ្នាំមុនដីមានតម្លៃត្រឹមតែ២០ដុល្លារទៅ៣០ដុល្លារប៉ុណ្ណោះ។
បច្ចុប្បន្នកំពតមានកំពង់ផែចំនួនបីក្នុងនោះពីរជាកំពង់ផែទឹកជ្រៅសម្រាប់ការដឹកជញ្ជូនលក្ខណៈពាណិជ្ជកម្ម ហើយមួួយចុងក្រោយនេះជាកំពង់ផែទេសចរ។
លោក គែន ក៏បានកត់សម្គាល់ឃើញដែរថាខេត្តកំពតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយទទួលបានភ្ញៀវទេសចរណ៍ច្រើនគួរឲ្យកត់សម្គាល់។ ជាមួយវត្តមានកំពងផែថ្មីនេះលោកមើលឃើញថាវានឹងជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវអន្តរជាតិដែលលក្ខណៈទាំងនេះនឹងជួយឲ្យខេត្តកំពតទទួលបានកំណើនភ្ញៀវទេចរណ៍អន្តរជាតិកាន់តែច្រើនឡើងថែមទៀត។
លោកជឿថា “តម្លៃនៃអចលនទ្រព្យទាំងមូលនឹងបន្តកើនឡើង ហើយការវិនិយោគធំៗ ដ៏ទៃទៀតនឹងបន្តចូលក្នុងខេត្តកំពត។”
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានថ្លែងថាការកសាងកំពង់ផែទេសចរណ៍នឹងបើកច្រកសមុទ្រកម្ពុជាឆ្ពោះទៅកាន់ពិភពលោក និងជំរុញខេត្តកំពតក្លាយជាទិសដៅទេសចរណ៍គួរឲ្យទាក់ទាញនៅពេលអនាគត។
Comments