+855 92 92 1000
Logo
ឆា​ប់ៗខាងមុខអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យត្រូវតែមានអាជ្ញាប័ណ្ណវិជ្ជាជីវៈ
Updated on: June 5, 2022, 7:13 p.m.
Published on: May 26, 2018, 1:05 p.m.

ឆា​ប់ៗខាងមុខអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យត្រូវតែមានអាជ្ញាប័ណ្ណវិជ្ជាជីវៈ


ដោយមើលឃើញពីភាពរីកចម្រើននៃវិស័យអចលនវត្ថុកម្ពុជាដែលបានជម្រុញសន្ទស្សន៍នៃការទិញលក់ដីធ្លី និងលំនៅដ្ឋានពីសំណាក់ប្រជាជនក្នុងស្រុក និងក្រៅស្រុកនៅពេលបច្ចុប្បន្ននេះសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាកំពុងសហការជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីបង្កើត និងរៀបចំវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ក្រុមហ៊ុន និងភ្នាក់ងារអចលនវត្ថុដែលចង់ប្រកបអាជីវកម្ម / រកស៊ីក្នុងវិស័យអចលនទ្រព្យដោយភាពស្របច្បាប់នៅកម្ពុជា។

លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយនាពេលថ្មីៗនេះ លោកបណ្ឌិត គីម ហ៊ាង ដែលជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបាននិយាយថាដើម្បីជម្រុញដល់ការអភិវឌ្ឍវិស័យអចលនទ្រព្យប្រកបដោយចីរភាពយើងទាមទារឲ្យមានធនធានមនុស្សជាមូលដ្ឋានគ្រឹះ និងការប្រកួតប្រជែងដោយភាពស្របច្បាប់ជាមួយនឹងវិជ្ជាជីវៈត្រឹមត្រូវ។

ត្រង់ចំណុចនេះ លោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថាដើម្បីជម្រុញដល់ភាពរីកចម្រើនឲ្យដូចទៅនឹងបណ្តាប្រទេសជឿនលឿនជាច្រើនដូចជា៖ សិង្ហបុរី អាមេរិក និងអឺរ៉ុបជាដើមគឺទាមទារឲ្យមានការចូលរួមពីអ្នកពាក់ព័ន្ធនៅក្នុងវិស័យដែលមានន័យថាអ្នកធ្វើការជាភ្នាក់ងារ​ទិញលក់អចលនទ្រព្យត្រូវឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវមានសញ្ញាបត្របញ្ជាក់ការសិក្សា និងបានស្នើសុំយកអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឹមត្រូវ។​

បើទោះបីជាយ៉ាងណាសម្រាប់ពេលបច្ចុប្បន្ននេះគ្រប់គ្នានៅតែអាចធ្វើជាឈ្មួញកណ្តាល ឬភ្នាក់ងារទិញលក់អចលនទ្រព្យបានបើទោះបីជាគ្មានអាជ្ញាប័ណ្ណក៏ដោយ។ ប៉ុន្តែសម្រាប់ពេលអនាគតឆាប់ៗខាងមុខប្រសិនបើគ្មានអាជ្ញាប័ណ្ណទេ ភ្នាក់ងារអាចប្រឈមនឹងការមិនទទួលបានកម្រៃជើងសារ។ នេះបើតាមលោកបណ្ឌិតគីម ហ៊ាង។

ពាក់ព័ន្ធទៅនឹងកម្មវិធីសិក្សាវិញ លោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថាសម្រាប់ជំហ៊ានដំបូង “ដើម្បីក្លាយជាភ្នាក់ងារលក់អចលនទ្រព្យនឹងត្រូវសិក្សារយៈពេល៧៥ម៉ោង រីឯភ្នាក់ងារវាយតម្លៃអចលនទ្រព្យវិញនឹងត្រូវសិក្សារយៈពេល១០០ម៉ោង។ ហើយសមាគមជាអ្នករៀបចំកម្មវិធីសិក្សា និងចាត់ចែងបញ្ជូនគ្រូជំនាញទាំងគ្រូខ្មែរ និងជនបរទេសសម្រា​ប់វគ្គសិក្សារទាំងមូល”។  ជំហ៊ានបន្ទាប់ (អាចក្នុងរយៈ២ ឬ៣ឆ្នាំខាងមុខ) នឹងត្រូវរៀបចំកម្មវិធីសិក្សាជាថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រទៅជាលក្ខខណ្ឌតម្រូវ។

សូមបញ្ជាក់ផងដែរថាវគ្គសិក្សាខ្លីនេះត្រូវធ្វើឡើងដោយបានសហការជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកំពុងសហការជិតស្និទ្ធជាមួយ​នឹងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ចង់ទិញ ឬជួលអចលនទ្រព្យសូមចូលទៅកាន់ Realestate.com.kh

លោកអ្នកអាចបង្ហោះអចលនទ្រព្យសម្រាប់លក់ ឬជួលតាមរយៈ Realestate.com.kh

Comments