ខណៈដែលខេត្តធំៗជាច្រើនពេលនេះសុទ្ធតែមានការអភិវឌ្ឍន៍យ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ក្នុងនោះខេត្តកំពង់ស្ពឺក៏មិនចាញ់គេប៉ុន្មានដែរ។ តួយ៉ាងតាមរយៈការចុះផ្សាយពីគេហទំព័រផ្លូវការរបស់រដ្ឋបាលខេត្តកំពង់ស្ពឺនៅលើបណ្តាញសង្គមកាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅនេះ បានឱ្យដឹងថា ថ្នាក់ខេត្តមានកិច្ចប្រជុំមួយ ដែលប្រព្រឹត្តឡើងក្រោមអធិបតីភាពឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តជាមួយនឹងក្រុមហ៊ុន ចូហ្គ្រេន អ៉ិនវេសម៉ិន ឯ.ក។
គម្រោងវិនិយោគអភិវឌ្ឍន៍ខ្នាតយក្សលើមជ្ឈមណ្ឌលកម្សាន្តនេះគ្រោងនឹងចំណាយទឹកប្រាក់ខ្ទង់ ៥០០ លានដុល្លារ ដោយគ្រប់បណ្តប់លើផ្ទៃដី ២០៥ហិចតា ដែលមានទីតាំងនៅ ឃុំមហាសាំង ស្រុកភ្នំស្រួច និង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមយៈប្រភពដដែលបានបង្ហាញផងដែរថា គម្រោងនេះចង់សំដៅបង្កើត តំបន់ទេសចរណ៍ធម្មជាតិ ដោយមានជាសួនកម្សាន្ត សួនទឹក សួនកសិកម្មទេសចរណ៍ សួនកុមារ សួនសត្វ រមណីយដ្ឋាន និង សណ្ឋាគារនៅក្នុងបរិវេណតែមួយតែម្តង។
ទោះជាយ៉ាងណាក៏ដោយ ទាក់ទិននឹងគម្រោងនេះគឺមិនទាន់មានការបញ្ជាក់ផ្លូវការណាមួយថាតើក្រុមហ៊ុននេះនឹងបើកការដ្ឋានសាងសង់នៅថ្ងៃណានោះទេ។ ប៉ុន្តែប្រសិនជាគម្រោងនេះពិតជាអាចមានវត្តមាននៅក្នុងខេត្តកំពង់ស្ពឺនេះមែន វានឹងផ្តល់ការងារដល់ប្រជាជននៅក្នុងខេត្ត ក៏ដូចជាពង្រឹងវិស័យទេសចរណ៍ដល់ខេត្តនេះបានកាន់តែច្រើនជាងមុនបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថាទីតាំងខេត្តកំពង់ស្ពឺមានលក្ខណៈអំណោយផលក្នុងការវិនិយោគលើមជ្ឈមណ្ឌលទេសចរណ៍បែបនេះព្រោះថាខេត្តនេះមានចម្ងាយមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ និងមានផ្លូវឆ្លងកាត់ទៅខេត្តព្រះសីហនុយ៉ាងងាយស្រួល។ លើសពីនេះទៅទៀត តំបន់នេះក៏ពោរពេញទៅដោយសម្បតិ្តធម្មជាតិ រួមមានភ្នំ ស្ទឺង និងព្រៃឈើ ហើយបច្ចុប្បន្នេះខេត្តនេះមានរមណីយដ្ឋានសំខាន់ៗចំនួន ៥ រួចទៅហើយរួមមាន៖ រមណីដ្ឋានធម្មជាតិគិរីរម្យ រមណីដ្ឋានធម្មជាតិចំបក់ រមណីយដ្ឋានធម្មជាតិទឹកពុះ រមណីដ្ឋានធម្មជាតិភ្នំចាស់ និងរមណីយដ្ឋានអំពភ្នំ៕
ឥឡូវនេះអ្នកអាចស្វែងរកអចលនទ្រព្យគ្រប់ប្រភេទតាមរយៈ Realestate.com.kh!
Comments