+855 92 92 1000
Logo
គម្រោងថ្មីមួយទៀត តម្លៃជាង ២០០ លានដុល្លារនឹងវិនិយោគ នៅលើមហាវិថីសម្តេច ហ៊ុន សែន
Updated on: May 9, 2022, 6:01 a.m.
Published on: April 4, 2019, 4:25 a.m.

គម្រោងថ្មីមួយទៀត តម្លៃជាង ២០០ លានដុល្លារនឹងវិនិយោគ នៅលើមហាវិថីសម្តេច ហ៊ុន សែន


កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឯកភាព និងដាក់ចេញនូវលិខិតអនុញ្ញាតឱ្យសាងសង់អាគារពហុមុខងារយ៉ាងធំមួយ ដែលនឹងលេចចេញ រូបរាងនៅលើមហាវិថីសម្តេច ហ៊ុន សែន ភូមិ ព្រែកតាគង់ និងភូមិព្រែកតានូ សង្កាត់ចាក់អង្ក្រែលើ ខណ្ឌមានជ័យ។ នេះបើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។  

យោងតាមលិខិតនេះ អគារសាងសង់ពហុមុខងារនេះគឺជាគម្រោងរបស់ក្រុមហ៊ុន ហ្គូតរ៉េ ឌីវេឡុបមេន លីមីធីត ដែលតំណាងដោយលោក តាន គីមលាង។ គម្រោងដ៏ធំសម្បើមនេះ មានចំនួន ៣ អាគារធំៗ ដែលអគារពហុមុខងារប្រភេទ ​(A) មានចំនួនមួយអគារ មានកម្ពស់ ១៩ ជាន់ ឬស្មើនឹង ៦៥.៦០ម៉ែត្រ។ រីឯអគារពហុមុខងារប្រភេទ (B) មានចំនួនមួយអាគារ មានកម្ពស់ ២១ជាន់ ឬស្មើនឹង ៧៣.២០ម៉ែត្រ ខណៈដែលអគារពហុមុខងារប្រភេទ (C) មានចំនួនមួយអាគារ មានកម្ពស់ ២៥ ជាន់ ឬស្មើនឹង៨៩.៧០ម៉ែត្រ។

គម្រោងនេះក៏មានបញ្ចូលជាមួយនឹងទីធ្លាសម្រាប់ហាងទំនិញចំនួន ៨៣ ហាង ការិយាល័យ ២២ បន្ទប់ និងលំនៅដ្ឋានប្រភេទខុនដូជាច្រើនយូនីត ហើយគម្រោងទាំងមូល នឹងធ្វើឡើងនៅលើផ្ទៃដី សរុបជាង ៣៤ ម៉ឺនម៉ែត្រក្រឡា ដោយគ្រោងនឹងចំណាយទឹកប្រាក់សរុបរហូតដល់ទៅជាង ២២៧ លានដុល្លារ។

សូមបញ្ជាក់ផងដែរថា នៅលើមហាវិថីសម្តេចហ៊ុន សែន ដែលគេនិយមហៅថាផ្លូវ ៦០ម៉ែត្រនេះ សព្វថ្ងៃកំពុងក្លាយជាតំបន់ដ៏មានសក្តានុពលយ៉ាងខ្លាំងក្លា ដោយក្នុងនោះមានគម្រោងលំនៅដ្ឋាន ជាច្រើនប្រភេទទាំងបុរី និងខុនដូ​ ក៏ដូចជាគម្រោងពាណិជ្ជកម្មទំនើបធំៗទៅបោះទីនៅតាមបណ្តាយផ្លូវនោះ ដែលវាជាហេតុធ្វើឱ្យតំបន់មួយនេះរឹតតែមានលក្ខណៈទាក់ទាញសម្រាប់វិនិយោគក្នុងស្រុក និងបរទេស៕

ស្វែងយល់ព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ និងអចលនទ្រព្យសម្រាប់លក់ជួល សូមចូលទៅកាន់ Realestate.com.kh!

Comments