+855 92 92 1000
Logo
ឆ្នេរសិប្បនិមិ្មតម្លៃជិត២ពាន់លានដុល្លារជំរុញតម្លៃដីនៅខេត្តកំពតឲ្យហក់ខ្ពស់ខ្លាំង
Updated on: June 7, 2022, 1:33 a.m.
Published on: February 1, 2019, 9:12 p.m.

ឆ្នេរសិប្បនិមិ្មតម្លៃជិត២ពាន់លានដុល្លារជំរុញតម្លៃដីនៅខេត្តកំពតឲ្យហក់ខ្ពស់ខ្លាំង


ឆ្នេរខ្សាច់សិប្បនិម្មិតមួយនឹងត្រូវបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិថ្មីមួយទៀតនៅក្នុងខេត្តកំពត។​

តំបន់នេះស្ថិតជាប់នឹងឆ្នេរសមុទ្រ ស្ថិតនៅក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត​ ដែលមានចម្ងាយប្រមាណជាង៦គីឡូម៉ែត្រពីទីរួមខេត្តកំពត។ គម្រោងឆ្នេរសប្បនិមិ្មតនេះគ្រោងនឹងចំណាយប្រាក់ជិត២ពាន់លានដុល្លារដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណ២០០ហិកតា។ 

លោក សុខ គែន ជាស្ថាបនិកក្រុមហ៊ុន Kampot Property បាននិយាថាដំណឹងនៃការបង្កើតឆ្នេរខ្សាច់នៅក្នុងតំបន់កែបថ្មីនេះបានធ្វើឲ្យតម្លៃអចលនទ្រព្យមានសន្ទុះឡើងខ្លាំងក្នុងរយៈជាងមួយឆ្នាំចុងក្រោយ។​

លោកគែន បញ្ជាក់ថាតម្លៃដីនៅតំបន់នេះបានកើតឡើងប្រមាណ៣០០ភាគរយ។ ជាក់ស្តែងដីជាប់មាត់សមុទ្រដែលក្នុងឆ្នាំ​២០១៧មានតម្លៃពី៣៥ដុល្លារទៅ៥០ដុល្លារក្នុងមួយម៉ែត្រការ៉េឥឡូវនេះកើនឡើងដល់២០០ដុល្លារទៅ២៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។  

សម្រាប់ដីដែលនៅជាប់ផ្លូវជាតិលេខ៣ដែលមានចម្ងាយ១.៥គីឡូម៉ែត្រពីតំបន់ឆ្នេរថ្មីនេះបច្ចុប្បន្ន មានតម្លៃពី៧០ដុល្លារទៅ១០០ដុល្លារដែលពីមុនតម្លៃជាមធ្យមមានខ្ទង់៣០ដុល្លារក្នុងមួយ ម៉ែត្រការ៉េ។​

​លោក គែន លើកឡើងដែរថា “កាលពី២​ឆ្នាំមុនតម្លៃដីនៅជិតផ្លូវជាតិថ្លៃជាងដីនៅជិតមាត់សមុទ្រ។​ កែបថ្មីនេះគឺជាតំបន់មានសក្តានុពលមួយសម្រាប់វិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម ដោយសារទៅទីនេះក៏មានគម្រោងធំៗ២គឺកំពង់ផែទឹកជ្រៅ (កំពុងដំណើរការសាងសង់)  និងគម្រោងតំបន់សេដ្ឋកិច្ចពិសេសទំហំ១,០០០ហិកតាដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន ហើយបច្ចុប្បន្នបានចាក់ដីរួចរាល់។​

សម្រាប់សក្តានុពលនៃវិស័យលំនៅដ្ឋានក្នុងតំបន់នេះ លោក គែន ជឿថា ក្នុងពេលពី៣ទៅ៥ឆ្នាំខាងមុខតំបន់នេះមានការពេញនិយមខ្លាំងសម្រាប់ការកំសាន្ត ពាណិជ្ជកម្ម និងការរស់នៅ ដោយសារដីលំនៅដ្ឋានខ្នាតតូចតាមមាត់ឆ្នេរ ​​ដែលមានទំហំ ១០០០ ទៅ ២០០០ ម៉ែត្រការ៉េ មានការទិញលក់ច្រើនគួរឲ្យកត់សម្គាល់។​

បន្ថែមលើលពីនេះទៀតលោកក៏មើលឃើញថា ដីមួយផ្នែកធំត្រូវបានអ្នកអភិវឌ្ឍន៍ទិញទុករួចរាល់ និងកំពុងរង់ចាំការវិនិយោគនៅក្នុងជំហ៊ានប​ន្ទាប់។

ឆ្នេរមួយនេះ មានសារៈសំខាន់មិនត្រឹមតែអាចទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងអាចជួយទ្រទ្រង់ដល់ជីវភាពរស់នៅ និងប្រកបមុខរបរប្រចាំថ្ងៃ ឲ្យកាន់តែប្រសើរឡើង ពិសេសអាចផ្តល់ឱកាសការងារដល់អ្នកប្រជាជនទូទៅនៅក្នុងតំបន់នេះ។

គេមើលឃើញថាតាមតំបន់ឆ្នេរមួយនេះនឹងអាចមានអគារខ្ពស់ៗ សណ្ឋាគារធំៗ មន្ទីរពេទ្យ សាលារៀន និងផ្សារ ដែលជាទូទៅវានឹងអាចជួយឲ្យសេដ្ឋកិច្ចក្នុងតំបន់កាន់តែមានភាពប្រសើរ ឡើង។

រំលឹកដែរថា មកដល់ពេលបច្ចុប្បន្ននេះខេត្តកំពតមានតំបន់ទេសចរណ៍ចំនួន ១៧កន្លែង ខុសៗគ្នាទាំងទេសចរណ៍ធម្មជាតិ ឆ្នេរសមុទ្រ ព្រៃភ្នំ ទឹកជ្រោះ ដងអូរ និងទេសចរណ៍បែបវប្បធម៌  ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់ជួលនៅក្នុងខេត្តកំពតតាមរយៈ Realestate.com.kh!

 

Comments