+855 92 92 1000
Logo
អគារពាណិជ្ជកម្មកំពស់៧៨ជាន់នឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំក្រោយ
Updated on: June 6, 2022, 8:10 p.m.
Published on: September 19, 2016, 7:54 a.m.
Realestate News
Events & Announcements

អគារពាណិជ្ជកម្មកំពស់៧៨ជាន់នឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំក្រោយ


Horizontal-Ribbon-Editorial

img_1058

មុខមាត់ទីក្រុងភ្នំពេញពិតជាបានផ្លាស់ប្តូរគួរឲ្យភ្ញាក់ផ្អើល ក្នុងមួយទសវត្សរ៍ចុងក្រោយនេះដែលសំណង់អគារកប់ពពកកំពុង តែសាងសង់សព្វថ្ងៃនេះបានប្រែក្លាយទីក្រុងខ្មោចនេះទៅជាទីក្រុងប្រកបដោយភាពស៊ីវិល័យថ្មី និងរសរវើកមួយក្នុងពិភព លោក។

វត្តមានអគារពាណិជ្ជកម្មកំពស់៧៨ជាន់ ជាលើកតំបូងនៅទីក្រុងភ្នំពេញនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៧ខាងមុខនេះ នឹងបន្ថែមលើចំនួនអគារខ្ពស់ៗជាង៦០០អគារនៅទីក្រុងនេះ ដែលនេះជាមោទនភាពមួយរបស់កម្ពុជា បន្ទាប់ពីធនាគារអភិវឌ្ឍន៍អាស៊ីបានដាក់ឈ្មោះថ្មីឲ្យកម្ពុជាជាខ្លាសេដ្ឋកិច្ចថ្មីមួយក្នុងតំបន់អាស៊ី

បុគ្គលិកក្រុមហ៊ុនយុង ឆ័ងបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ការឌីសាញប្លង់អគារនេះបានបញ្ចប់ហើយ និងគ្រោងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៧ខាងមុខនេះ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២១ខាងមុខ ប៉ុន្តែសាលតាំងបង្ហាញគម្រោងនេះនឹងបើកដំណើរការនៅខែវិច្ឆិកាឆ្នាំនេះ។លោកបន្តថា អគារនេះនឹងប្រើប្រាស់ចម្រុះ រួមមានផ្សារទំនើប ខុនដូ និងសណ្ឋាគារ ព្រមទាំងមានអាងហែលទឹក និងភោជនីយដ្ឋានវិលលើអាកាសនាជាន់ទី៧៨ផងដែរ។

លោកបន្តថា ផែនការប្រើប្រាស់អាគារនេះលំអិត ក៏បានបញ្ចប់ផងដែរ ប៉ុន្តែលោកបដិសេធមិននិយាយលំអិតនោះទេ។ គម្រោងនេះបានទទួលការអនុម័តយល់ព្រមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រួចហើយ។

លោកសេង ឡូតអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងឲ្យដឹងថា ក្រសួងបានយល់ព្រមផ្តល់អាជ្ញាប័ណ្ណ ដល់ក្រុមហ៊ុនយន្តជ័ង រៀលអេស្ទេត ដើម្បីសាងសង់អាគារកំពស់៧៨ជាន់នេះរួចហើយ។

អ្នកនាងអាន សុធីតានាយិកាក្រុមហ៊ុនCBRE Cambodiaបានថ្លែងថា តាមព៌តមានដែលអ្នកនាងទទួលបាន អគារនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលនឹងសាងសង់នៅពេលខាងមុខនេះ ប៉ុន្តែដោយសារទីផ្សារនេះមិនសូវល្អ គម្រោងនេះអាចពន្យាពេលសាងសង់។ អ្នកនាងបន្តថា តាមអ្វីដែលជាភាពច្នៃប្រឌិតរបស់ក្រុមហ៊ុនទៅលើអាគារនេះ គំរោងនេះនឹងមិនមានបញ្ហានោះទេ សម្រាប់ទីផ្សារកម្ពុជា។ អ្នកនាងបន្តថាគម្រោងនេះមានទីតាំងនៅក្រោយអគារ The Bridge ដែលមានទីតាំងនៅក្បែរកោះពេជ្រ ទោះជាយ៉ាងណាអ្នកនាង មិនបញ្ជាក់ឲ្យដឹងពីព៌តមានលំអិតរបស់គំរោងនេះនោះទេ។

ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងបានថ្លែងថាគម្រោងអគារកប់ពពកនេះនឹងវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសចិន ស្ថិតនៅលើផ្ទៃដី៤៥០០ម៉ែត្រការ៉េដែលមានតំលៃក្រោម២០លានដុល្លារអាមេរិក។ លោកបន្តថាប្រសិនជាម្ចាស់គម្រោងមានប្រាក់គ្រប់គ្រាន់ ដើម្បីសាងសង់អគារបញ្ចប់គម្រោងនេះ អគារធំបែបនេះនឹងមិនបញ្ហាសម្រាប់ទីផ្សារនេះនោះទេ។

ប្រសិនជាអគារនេះសាងសង់បញ្ចប់ វានឹងក្លាយជាអគារខ្ពស់ជាងគេទី២នៅទីក្រុងភ្នំពេញ បន្ទាប់ពីអាគារមជ្ឈមណ្ឌលពាណិជ្ជ កម្មថៃ ប៊ុនរ៉ុង១៣៣ជាន់ និងមានកំពស់៥០០ម៉ែត្រ។

លោកបណ្ឌិតវ៉ាន់ វ៉ាតអ្នកឯកទេសផ្នែកនគរូបនីយកម្មបានថ្លែងថា កម្ពុជាមានបទបញ្ញត្តិស្តីពីការកំណត់កំពស់អគាររួចហើយ ដូច្នេះប្រសិនជាយើងអនុវត្តន៍ច្បាប់បញ្ញត្តិដែលមានបានល្អ វាមិនត្រឹមតែជួយការពារបាននូវបេតិកភ័ណ្ឌក្នុងទីក្រុងនោះទេ តែវានឹងរក្សាបាននូវទេសភាព សោភ័ណភាព និងកាត់បន្ថយបាននូវផលប៉ះពាល់បរិស្ថានផងដែរ។ លោកបន្តថាតាមធម្មតាការសាងសង់អាគារខ្ពស់បែបនេះ ក្រុមហ៊ុនបានសិក្សាពីបទដ្ឋានបច្ចេកទេសអស់ហើយ ចំណែកក្រសួងជំនាញគ្រាន់តែជាអ្នក ពិនិត្យលើបទដ្ឋានសំណង់ ដើម្បីធ្វើឲ្យប្រាកដថាក្រុមហ៊ុនគោរពបានតាមគោលការ ណ៍ស្នើសុំឬអត់ប៉ុណ្ណោះ។

លោកបន្តថា “ការមានអាគារខ្ពស់ៗបែបនេះវាជាមោទនភាពជាតិ ព្រោះវាមិនត្រឹមតែជួយដល់សេដ្ឋកិច្ចនោះទេតែវាក៏ផ្តល់ការងារនិងប្រាក់ចំណូលដល់ប្រជាពលរដ្ឋផងដែរ”។

ទទួលព័ត៌មានថ្មីៗអំពីគម្រោងអភិវឌ្ឍន៍នានាតាមគេហទំព័រ Realestate.com.kh

អត្ថបទនេះបានចុះផ្សាយនៅក្នុងទស្សាវដ្តី PROPERTY VIEW ខែកញ្ញា ឆ្នំា ២០១៦ ដែលបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។

Realestate.com.kh មានកិត្តិយសធ្វើជាដៃគូផ្សព្វផ្សាយជាមួយទស្សនាវដ្តីអចលនទ្រព្យ Property View ដែលជាទស្សនាវដ្តីបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។  សម្រាប់ព័ត៌មានបន្ថែមអំពីក្លាយជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា សូមចុចទីនេះ។  ប្រសិនបើអ្នកចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងទស្សាវដ្តី Property View សូមធ្វើការទាក់ទង ទៅកាន់លោក វីរិទ្ធតាមរយៈអ៊ីម៉េលvirith007@yahoo.com ឬទូរស័ព្ទលេខ 078 959 567  - 098 66 26 68

property view magazine september 2016

Comments