កត្តាមួយដែលជម្រុញការលក់អចលនទ្រព្យ (ពិសេសសំដៅលើផ្ទះ អាផាតមេន ខុនដូ ដី) ឱ្យមានសន្ទុះលឿនជាងធម្មតា គឺបានមកពីការថតរូប ឬការរៀបចំរូបភាព ដែលមើលទៅ មានភាពទាក់ទាញត្រជាក់ភ្នែកគួរឱ្យចង់ទិញដើម្បីរស់នៅ។ យើងមានគន្លឹះងាយៗទាំង៧យ៉ាង ដែលអ្នកអាចស្វែងយល់នៅពេលអ្នកចង់ថតរូបផ្ទះរបស់អ្នកដើម្បីដាក់លក់ ឬប្រសិនបើអ្នក ជាភ្នាក់ងារលក់អចលនទ្រព្យ អាចធ្វើឱ្យអចលនទ្រព្យក្នុងដៃរបស់អ្នកកាន់តែមានចំណុចទាក់ទាញ ច្រើនជាងមុនមួយកម្រិតទៀត។
ខាងក្រោមនេះគឺជាទិចនិចទាំង ៧យ៉ាង ដែលត្រូវរៀនសូត្រ៖
១. រកទីតាំងមានពន្លឺគ្រប់គ្រាន់
នៅក្នុងផ្ទះ តែងតែមានបង្អួចនៅតាមជ្រុងមួយចំនួន ដូច្នេះភាគច្រើននៅពេលថតរូបផ្ទះពេលមានពន្លឺ ជួនកាលវាអាចធ្វើឱ្យរូបភាពងងឹត ប្រសិនជាការថតនោះមានលក្ខណៈកុងពន្លឺ។
ដូច្នេះមុនពេលដែលអ្នកចាប់ផ្តើមថត អ្នកគួរតែដើរមើលឲ្យគ្រប់កន្លែងនៃផ្ទះមុនសិន ដើម្បីមើលថាតើប្រភពពន្លឺមានចេញពីណាខ្លះ បន្ទាប់មកអ្នកអាចរៀបចំប្លង់ថតតាមក្រោយ។
សម្រាប់ប្លង់ថត អ្នកគួររក្សាគោលការណ៍ ៣ សន្លឹក នៅពេលដែលថតរូបពេលមានពន្លឺថ្ងៃ។ គោលការណ៍បីសន្លឹកនេះគឺ រូបថតត្រូវថតទាំងអស់បីប៉ុស្តិ៍ ដោយរូបទីមួយគឺយកកន្លែងភ្លឺ រូបទីពីរយកពន្លឺងងឹត និងរូបទី៣គឺត្រូវយកកន្លែងមានពន្លឺនិងគ្មានពន្លឺប្រសព្វគ្នា។
បន្ទាប់មកត្រូវបញ្ចូលរូបទាំង ៣ នេះចូលគ្នា អ្នកនឹងទទួលបានរូបភាពដ៏ល្អមួយដែលមាន ពន្លឺគ្រប់គ្រាន់ និងស្អាតបំផុត។
ប៉ុន្តែប្រសិនជាអ្នកមិនមានពេល ឬអ្នកជំនាញ ដើម្បីរៀបចំរូបភាពទាំងនេះទេ អ្នកក៏នៅតែថតដោយខ្លួនឯងបានដែរ ប៉ុន្តែអ្នកត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណា រៀបចំប្លង់ឱ្យមានពន្លឺល្អ (មិនភ្លឺពេក មិនងងឹតពេក)។
២. ថតរូបឱ្យត្រង់
មិនថាអ្នកថតតាមទូរស័ព្ទ ឬក៏ថតតាមកាមេរ៉ា អ្នកត្រូវថតយ៉ាងណាឱ្យរូប ឬកាមេរ៉ារបស់អ្នកមាន ជំហរត្រង់ ពោលគឺការថតបែបនេះមើលទៅនឹងឃើញរូបភាពនោះដូចគ្នានឹងរូបថតដែលថតដោយ អ្នកជំនាញអញ្ចឹងដែរ។ ការថតរូបឃើញវៀច ឬផ្ទៃលើក្រោមមិនស្មើគ្នា អាចនឹងធ្វើឱ្យសម្រស់របស់ផ្ទះ ឬអចលនទ្រព្យនោះធ្លាក់ចុះមួយកម្រិតតាមនោះដែរ។
៣. ការរៀបចំដេគ័រ
នៅពេលដែលថតរូបអចនលទ្រព្យ (ផ្ទះ) ការថតនៅខាងក្នុង គឺត្រូវមានការរៀបចំជាមុន ពោលគឺមិនត្រូវឱ្យផ្ទះនោះទទេរពេកនោះទេ ប៉ុន្តែក៏មិនត្រូវដេគ័រច្រើនខ្លាំងពេកនោះដែរ។ ជាទូទៅ សម្រាប់អ្នកទិញអចលនទ្រព្យ ពួកគេអាចនឹងមានបំណងទិញកាន់តែខ្លាំង ប្រសិនជាពួកគេឃើញថាផ្ទះ ឬអាគារនោះមានការតុបតែងស្អាត គួរឱ្យចង់រស់នៅ។
ទោះជាយ៉ាងណាក៏ដោយ អ្នកក៏មិនគួរតុបតែងខ្លាំងជ្រុលពេកដែរ ដោយសារតែប្រសិនជា អ្នកតុបតែងពេក វាបែរជាបង្ហាញឱ្យឃើញពីសម្រស់របស់គ្រឿងតុបតែង ច្រើនជាងសម្រស់របស់ផ្ទះ (ជាពិសេសប្រសិនជានៅពេល ដែលផ្ទះនោះមិនត្រូវបានលក់ផ្គួបជាមួយ នឹងគ្រឿងសង្ហារឹម) ដូច្នេះហើយនៅពេល ដែលតុបតែងផ្ទះដើម្បីថតរូប អ្នកត្រូវមើលសិនថា តើទំហំផ្ទះប៉ុននេះ គូរតែតុបតែងអ្វីខ្លះ បន្ទាប់មកទើបចាប់ផ្តើមថត។
៤. ថតផ្តេក (Landscape) មិនឲ្យបាត់ផ្អែកណាមួយ
ប្រសិនបើអ្នកថតតាមទូរស័ព្ទ អ្នកគួរតែថតរូបនោះជាប្រភេទរូបផ្តេក ដោយសារតែការថតបែបនេះ នឹងជួយឱ្យឃើញផ្ទៃធំ និងមើលឃើញជ្រុងមួយផ្នែកធំនៃអចលនទ្រព្យនោះ។
អ្នកគួរតែជៀសវាងថតដាច់ៗពីគ្នា ព្រោះវានឹងធ្វើឱ្យមើលទៅឃើញបន្ទប់នោះមិនសូវទាក់ទាក់។ ឧទាហរណ៍ ប្រសិនជាអ្នកថតពីបន្ទប់គេង រួបមួយប៉ុស្តិ៍នៅបន្ទប់គេងនោះគួរតែមានគ្រែគេង បង្អួច/វាំងនន ទូសម្អាង ឬទូសម្លៀកបំពាក់ជាដើម។
៥. ថតមួយៗមិនប្រញាប់
នៅពេលដែលអ្នកទៅថតរូប ជាពិសេសប្រភេទរូបអចលនទ្រព្យ ដូចជាផ្ទះជាដើម អ្នកត្រូវមានពេល គ្រប់គ្រាន់ ពោលគឺមិនត្រូវប្រញាប់ពេកទេ ព្រោះការថតរូបឱ្យបានស្អាតត្រូវការការផ្ចិតផ្ចង់ច្រើន និងប្រកបដោយការយកចិត្តទុកដាក់។
ដូច្នេះប្រសិនជាអ្នកមិនបានគ្រោងទុកជាមុន ឬថតប្រញាប់ ឬមិនមានពេលគ្រប់គ្រាន់ ដើម្បីថតរូប អ្នកគួរតែរកពេលរកផ្សេងដើម្បីថតវិញល្អជាង។
៦. មើលអាកាសធាតុមុនចេញថត
ចំណុចនេះ ចង់សំដៅខ្លាំងទៅលើការថតអចនលទ្រព្យនៅផ្នែកខាងក្រៅ ដូចជាថតផ្ទះ ដី ឬអគារជាដើម។ ការយកចិត្តទុកដាក់មើលទៅលើអាកាសធាតុគឺជារឿងសំខាន់ ព្រោះជួនកាលនៅពេលដែលអ្នកទៅថត វាអាចមានពន្លឺខ្លាំងពេក ឬងងឹតពេក ឬជួនកាលអាចមានភ្ញៀងជាដើម។ ដូច្នេះដើម្បីសន្សំទាំងពេលវេលា និងការចំណាយពីការធ្វើដំណើរ អ្នកគួរតែមើលពីការព្យាករអាកាសធាតុ ឬពិនិត្យជាក់ស្តែង ថាតើពេលណាដែលល្អបំផុត ដើម្បីចេញថតប្រសើរជាង។ ជាទូទៅ ការថតពីខាងក្រៅ គេច្រើនថតនៅពេលរាងព្រលឹមម៉ោង ៨ ទៅ ១០ (ក្រោយថ្ងៃរះប៉ុន្មានម៉ោង) ខណៈដែលពេលល្ងាចគឺថតពីម៉ោង ៤ ទៅ ៦ (មុនថ្ងៃលិចប៉ុន្មានម៉ោង)។
៧. ប្រើប្រាស់កម្មវិធីខ្លះដើម្បីជាជំនួយ
មិនថាអ្នកប្រើប្រាស់ទូរស័ព្ទដៃ ឬកក៏កាមេរ៉ាថ្លៃប៉ុណ្ណាក៏ដោយ ដើម្បីឱ្យរូបថតដែលអ្នកថត ហើយនោះមើលទៅឃើញស្អាត ច្បាស់ ត្រជាក់ភ្នែក និងទាក់ទាញ អ្នកគួរចេះប្រើប្រាស់កម្មវិធីជំនួយ មួយចំនួន ពោលគឺដើម្បីកែពន្លឺខ្លះ ឬជួយបង្កើនគុណភាពរូបថត ដើម្បីឱ្យមើលទៅកាន់តែទាក់ទាញ។
តែវាក៏អាស្រ័យទៅលើថាតើអ្នកមានជំនាញក្នុងការប្រើប្រាស់កម្មវិធីតាមទូរស័ព្ទ ឬកុំព្យូទ័រកម្រិតណា។ ទោះយ៉ាងណាកម្មវិធីមួយចំនួនលើទូរស័ព្ទ អាចផ្តល់ភាពងាយស្រួលក្នុងការបន្ថែមគុណភាពរូបថតអ្នក។
សរុបមកវិញ បើសិនបើអ្នកចង់ថតរូបអចលនទ្រព្យបានស្អាត ច្បាស់ និងមានគុណភាព ល្អ ដូចអ្នកជំនាញ អ្នកគ្រាន់តែធ្វើតាមការណែនាំខាងលើនេះ។
ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅក្នុងប្រទេសកម្ពុជា ឬស្វែងយល់ពីការណែនាំអំពីការវិនិយោគនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!
កុំភ្លេចចូលរួមជាមួយពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ២០១៩។ សូមចុចចុះឈ្មោះឥឡូវនេះ!
Comments