+855 92 92 1000
Logo
កន្លែងទេសចរណ៍ថ្មីៗ ៦  កន្លែងល្អបំផុតសម្រាប់ការកំសាន្ត នៅពេលឈ​​ប់សម្រាកធំៗ
Updated on: June 7, 2022, 6:41 a.m.
Published on: April 9, 2019, 4:01 a.m.

កន្លែងទេសចរណ៍ថ្មីៗ ៦ កន្លែងល្អបំផុតសម្រាប់ការកំសាន្ត នៅពេលឈ​​ប់សម្រាកធំៗ


ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានខិតចូលជិតមកដល់ ពលរដ្ឋខ្មែរគ្រប់ៗគ្នាសុទ្ធទន្ទឹងរង់ ចាំពេល វេលានេះឱ្យមកដល់ឆាប់ៗ នឹងបានសម្រាកពីការងារ ឬការសិក្សា ដើម្បីបានជួបជុំ ក្រុមគ្រួសារ និងដើរកំសាន្តទៅកន្លែងទេសចរណ៍នានាមិនថាក្នុង ឬក្រៅប្រទេស។

សម្រាប់កន្លែងកំសាន្តក្នុងប្រទេស នាពេលបច្ចុប្បន្នមានការបង្កើតរមនីយដ្ឋានថ្មីៗជាច្រើន​ ដែលលោកអ្នកអាចអញ្ចើញទៅលេងកំសាន្តបាន ដើម្បីទទួលនូវអារម្មណ៍លំហែកាយ ក៏ដូចជា ទទួលយកនូវទស្សនីយភាពធម្មជាតិថ្មីៗបានទៀតផង។

ក្នុងនោះ មានតំបន់ទេសចរណ៍៍ថ្មីៗទាំង៦នេះ ដែលអ្នកគួរដាក់នៅក្នុងគម្រោងដើរកំសាន្តនា ថ្ងៃចូលឆ្នាំថ្មី ដោយក្នុងនោះមានដូចជា៖

១ . ​ជីផាត់

តំបន់អេកូទេសចរណ៍ជីផាត ស្ថិតនៅក្នុងស្រុកជីផាត់ ខេត្តកោះកុង។ តំបន់នេះ ជាប្រភេទតំបន់ ធម្មជាតិ ដែលមានទាំងព្រែក ទឹកធ្លាក់ ព្រៃភ្នំ សាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តដើរព្រៃ ស្ទូចត្រី ហែលទឹក និងបោះតង់ជាដើម។​ ក្រៅពីនោះ ជីផាត ក៏ជាជម្រកនៃដែនសត្វព្រៃជាច្រើន ដូចជាបណ្តុំនៃព្រៃលិចទឹកយ៉ាងធំមួយនៅក្នុងអាស៊ីអាគ្នេយ៍។

តំបន់នេះនៅមិនទាន់មានការវិនិយោគទ្រង់ទ្រាយធំណាមួយនៅបានលេចវត្តមាននៅទីនោះនៅឡើយទេ ដូច្នេះហើយភាពសាមញ្ញ និងធម្មជាតិពិតៗគឺនៅរក្សាបានយ៉ាងល្អនៅទីនោះ។ សម្រាប់ការស្នាក់ អ្នកអាចជួលជាតង់សម្រាប់គេង ឬស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋ ដែលទទួលភ្ញៀវទេសចរណ៍តាមលក្ខណៈសហគមន៍។​

២. កោះសាមសិប​

កោះសាមសិប គឺជាតំបន់ទេសចរណ៍ថ្មីមួយ មានទីតាំងនៅឯ ភូមិប៉ុនជា ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ តំបន់នេះមិនសូវមានអ្នកស្គាល់ប៉ុន្មាននោះទេ ព្រោះវាទើបតែមានការអភិវឌ្ឍ ឱ្យក្លាយជារមនីយដ្ឋានប្រភេទអេកូទេសចរណ៍។ កោះនេះត្រូវបានគេដាក់ឈ្មោះថា “កោះ សាមសិប” ដោយសារតែវាមានលក្ខណះជាបណ្តុំកូនកោះតូចៗ ប្រមាណជាងសាមសិបកោះ ផុសចេញតាមបណ្តោយទន្លេមេគង្គ។​

កោះនេះមានវាលខ្សាច់យ៉ាងស និងមានជម្រកសត្វស្លាបយ៉ាងសម្បូរបែបទៀតផង។ សម្រាប់អ្នក ដែលចង់ទៅកំសាន្ត អ្នកអាចស្នាក់នៅជាលក្ខណៈបោះបង់លើកោះឫស្សី (ដែលជាកោះធំមួយនៅ ក្នុងរង្វង់កោះសាមសិប) ដោយក្នុងនោះ អាចក៏អាចគេងស្តាប់សម្លេងសត្វយំរកគ្នា ហាក់ដូចជា តន្ត្រីកំដរអារម្មណ៍មួយអញ្ចឹងដែរ។

៣. កោះហាន

នៅខេត្តស្ទឹងត្រែង ក៏មានរមនីយដ្ឋានទេសចរណ៍ដ៏ស្រស់បំព្រង តែមិនសូវមានអ្នកស្គាល់ ច្រើនម្នាក់ដែរ។ ក្រៅពីទឹកធ្លាក់សុភមិត្រ (ឬល្បាក់ខោន) អ្នកដែលចង់ទៅកំសាន្តនៅ ខេត្តស្ទឹងត្រែងក៏មិនត្រូវរំលង “កោះហាន” ដែរ។ កោះហានមានទីតាំងនៅស្រុកសាមគ្គី​ ខេត្តស្ទឹងត្រង។ កោះនេះមានលក្ខណះពិសេសត្រង់ថា វាមានទឹករាក់នៅជាមួយនឹង ដើមឈើដ៏ធំៗ ដុះចាក់ស្រេះគ្នា ហាក់ដូចជាព្យាយាមការពារអ្នកទេសចរណ៍ឱ្យត្រជាក់ចិត្ត មិនឱ្យត្រូវពន្លឺថ្ងៃនោះឡើយ ដែលវាល្អបំផុតសម្រាប់ខែប្រាំងនាពេលចូលឆ្នាំថ្មីនេះ។

អ្នកដែលទៅកំសាន្តនោះទីនោះអាចលេងទឹក និងជិះទូកមើលទេសភាពដើមឈើដុះប្រលែងនឹង ទឹកឡើងថ្លាមើលឃើញដល់បាត។ សម្រាប់ទូក អ្នកអាចជួលទូកអ្នកភូមិដោយមានគេអុំ​ឱ្យក៏ បាន ឬក៏ជួលទូកកាយ៉ាក់អុំដោយខ្លួនឯងក៏បាន។

៤. កោះស្តេច

ថ្វីបើមនុស្សជាច្រើនសុទ្ធតែធ្លាប់លឺឈ្មោះកោះស្តេចហើយ ប៉ុន្តែតំបន់នេះនូវតែមិនទាន់សូវមាន អ្នកបានទៅដល់ច្រើននៅឡើយ ព្រោះតែការធ្វើដំណើរនៅមិនទាន់មានភាពងាយស្រួល ពោលគឺ ត្រូវជួលឡាន និងទូកជិះដើម្បីទៅដល់ទីនោះ។​ ថ្វីត្បិតតែបែបនេះមែន តំបន់ទេសចរណ៍កោះស្តេច មានទេសភាពស្អាតមិនចាញ់ឆ្នេរ និងកោះនៅខេត្តព្រះសីហនុ ប៉ុន្មាននោះទេ។

ផ្ទុយទៅវិញ ដោយសារតែមិនទាន់មានមនុស្សទៅដល់ច្រើន តំបន់នេះអាចរក្សាភាពដើមរបស់ ខ្លួនបានយ៉ាងល្អ ខណៈដែលការចំណាយចាយវាយដើម្បីស្នាក់នៅ និងញ៉ាំអាហារនៅលើកោះស្តេច ក៏មានតម្លៃសមរម្យច្រើនដែរ ពោលគឺបើប្រៀបធៀបទៅនឹងតំបន់ទេសចរណ៍នាខេត្តព្រះសីហនុ ការចំណាយទៅកំសាន្តនៅកោះស្តេចគឺអស់តិចជាងច្រើនណាស់។​

៥. ឆ្នេរតាបារាំង

ឆ្នេរតាបារាំងនេះជាកន្លែងទេសចរណ៍ថ្មីមួយដែលមានមនុស្សតិចណាស់ដែលធ្លាប់លឺ ឬទៅដល់។ ឆ្នេរតាបារាំងនេះ មានចម្ងាយជិត ពោលគឺត្រឹមតែប្រហែល ១៩០គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានី ភ្នំពេញ។ ឆ្នេរនេះមានខ្សាច់សក្បុស ប្រៀបបាននឹងកោះរ៉ុងសន្លឹមដែរ ប៉ុន្តែការធ្វើដំណើរគឺបាន បើកទៅបាន យ៉ាងងាយស្រួលតាមឡាន ពោលគឺមិនចាំបាច់ជិះទូកទៅដូចជាកោះរ៉ុងនោះទេ។​

ម្យ៉ាងវិញទៀត ឆ្នេរនេះមិនទាន់មានមនុស្សច្រើនទៅដល់ ដូច្នេះហើយទេសភាពរបស់វាគឺនៅស្រស់ បំព្រមល្អ មិនមានសំរាម ឬទឹកកង្វក់អ្វីនៅទីនោះឡើយ។ សម្រាប់អ្នកដែលចង់ទៅកំ សាន្តនៅ ទីនោះ អ្នកអាចជិះតាមផ្លូវជាតិលេខ ៤ ដល់គីឡូម៉ែត្រលេខ ១៦៣ ( ហួស ៥០០ម៉ែត្រ) ដល់ម្តុំដែលគេហៅថា “តានៃ” រួចបត់ចូលខាងស្តាំដៃ ហើយជិះទៅក្នុងរហូតនឹងបាន ឃើញ។​

៦. ភ្នំណាមលៀវ

ក្រៅពីសមុទ្រឈើ ទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ ខេត្តមណ្ឌលគីរីមានរមណីយដ្ឋានទេចរណ៍ ល្បីមួយទៀតមួយថា ភ្នំថាភ្នំណាមលៀវ ។ ភ្នំនេះមានលក្ខណៈពិសេស ដោយមានពណ៌ខ្មៅ និងមិនមានព្រៃឈើ ឬស្មៅដុះនៅពីលើនោះទេ។

ថ្មភ្នំពណ៌ខ្មៅ អមដោយព្រៃឈើនៅខាងក្រោមបង្កើតជាទេសភាពមួយដ៏ពិសេសកម្រមាន ដែលអាចឱ្យភ្ញៀវទេសចរណ៍ថតរូប លំហែកាយបានយ៉ាងសប្បាយរីករាយ។ នៅតំបន់នោះ ពោរពេញទៅដោយខ្យល់បរិសុទ្ធ និងស្ងប់ស្ងាត់ណាស់ ល្អបំផុតសម្រាប់អ្នកដែលចង់បន្ធូរអារម្មណ៍ ពីភាពស្ត្រេសផ្សេងៗប្រចាំថ្ងៃ។​

គូសបញ្ជាក់ផងដែរថា រមនីយដ្ឋានទេសចរណ៍ទាំង៦ខាងលើនេះ សុទ្ធតែមានលក្ខណៈពិសេស រៀងៗខ្លួន និងពោរពេញទៅដោយសក្តានុពលក្នុងការវិនិយោគ និងអភិវឌ្ឍន៍បន្ថែម។

ទោះជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ មិនទាន់មានការវិនិយោគណាមួយជាលក្ខណៈ អន្តរជាតិបានចូលទៅអភិវឌ្ឍន៍តំបន់ទាំងនោះទេ ដោយសារតែតំបន់ខ្លះនៅតាមលក្ខណៈ ដាច់ស្រយាលនៅឡើយ ហើយមិនសូវមានមនុស្សទៅកំសាន្ត ឬរស់នៅច្រើន។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនជាតំបន់ទេសចរណ៍ទាំងនោះអាចមានការអភិវឌ្ឍ​ឱ្យបានល្អ និងមានការអភិរក្សខ្ពស់ ជាពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រងសម្រាម ក៏ដូចជាប្រព័ន្ធអេកូសាស្ត្រ ដែលនៅជុំវិញនោះ វានឹងផ្តល់ជាចំណូលយ៉ាងច្រើនដល់ប្រទេសកម្ពុជា៕​

តាមដានព័ត៌មានថ្មីៗអំពីទីផ្សារអចលនទ្រព្យកម្ពុជា ឬ ចង់ស្វែងរកអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh! 

 

Comments