+855 92 92 1000
Logo
រវល់តែខ្លាចរឿង ៥ យ៉ាងនេះ អ្នកនឹងមិនមានផ្ទះនៅក្នុង ទីក្រុងទេ នៅពេល​អនាគត
Updated on: June 2, 2022, 10:04 p.m.
Published on: February 19, 2019, 5:52 p.m.

រវល់តែខ្លាចរឿង ៥ យ៉ាងនេះ អ្នកនឹងមិនមានផ្ទះនៅក្នុង ទីក្រុងទេ នៅពេល​អនាគត


ទីផ្សារអចលនទ្រព្យកាន់តែរីកចម្រើន ទីក្រុងរីកកាន់តែធំ ដីស្រែប្រែជាដីក្រុង សំណង់អគារ លំនៅដ្ឋាថ្មីៗត្រូវបានសាងសង់យ៉ាងច្រើនពីមួយថ្ងៃទៅមួយ ស្របពេលចំនួនប្រជាជននៅក្នុង ទីក្រុងក្រុងកើនឡើងកាន់តែច្រើន ដែលចំនួននេះគេប៉ាន់ស្មានថាអាចនឹងកើនពី ៤ ទៅ ៧ លាននាក់ដល់ឆ្នាំ ២០៣០ (នេះតាមរបាយការណ៍ពីក្រសួងដែនដីឆ្នាំ ២០១៧)។

កត្តាទាំងនេះបានកំពុងជំរុញម្លៃអចលនទ្រព្យឲ្យកើនឡើងជានិច្ច ហើយអ្នកជំនាញជាច្រើន បានអះអាងដូចៗគ្នា តម្លៃអចលនទ្រព្យនឹងមិនធ្លាក់ចុះវិញនោះ ទោះការទិញលក់មានចំនួន ថយចុះក៏ដោយ លើកលែងតែមានវិបត្តិសេដ្ឋកិច្ច ធ្ងន់ធ្ងរ។

ខាងក្រោមនេះគឺជាកត្តា ៥ យ៉ាង ដែលអ្នកជំនាញជឿថា អ្នកនឹងមិនមានអចលនទ្រព្យ (ដី និងផ្ទះ) នៅក្នុងទីក្រុងនោះទេ ប្រសិនបើអ្នកមានការភ័យខ្លាចខ្លាំងពេក ចំពេោះចំណុចទាំងនេះ នៅពេលវិនិយោគ៖

១. មិនហ៊ានវិនិយោគ ព្រោះដីមានតែប្លង់ទន់

ជាការពិតណាស់ នៅពេលទិញដី អ្នកត្រូវជីកឬសជីកគល់រកប្លង់កម្មសិទ្ធិស្របច្បាប់ (ប្លង់រឹង) ព្រោះចំណុចសំខាន់ជាងគេបំផុត ប៉ុន្តែអ្នកក៏គួរដឹងដែរថាតើដីតំបន់នេះជាដីមានប្លង់រឹង ឬប្លង់ទន់។ ករណីបើតំបន់ទាំងមូល ជាទួទៅប្រជាជនមាន ត្រឹមតែប្លង់ទន់ អ្នកប្រហែល មិនគួរស្ទាក់ស្ទើរខ្លាំងពេកនោះទេ។

វិនិយោគិនធំៗជាច្រើនចំណេញលុយរាប់ម៉ឺនដុល្លារតាមរយៈការវិនិយោគដីជាមួយប្លង់ទន់បច្ចុប្បន្ននេះ។

២. គិតថាឆ្ងាយពីតំបន់កណ្តាលក្រុង

ជាធម្មតា អ្នកតែងតែចង់ទិញអចលនទ្រព្យមួយនៅចំតំបន់កណ្តាលក្រុង ដោយសារអ្នកចង់ រស់នៅជិតកន្លែងសេវាកម្ម និងមានភាពងាយស្រួលក្នុងការធ្វើដំណើរ។ ហើយអ្នកប្រហែលមិន ចង់បានតំបន់ជាយក្រុងសម្រាប់ការរស់នៅនោះទេ។ ប៉ុន្តែតើអ្នកដឹងទេថា តើតំបន់ទាំងនេះនឹង មានលក្ខណៈបែបណានៅពេលអនាគត។

តួយ៉ាងតំបន់តាមផ្លូវវេងស្រេង តំបន់ជ្រោយចង្វារ តំបន់បឹងស្នោរ និងតំបន់អូឌឹមជាដើម សុទ្ធតែត្រូវបាន គេចាត់ទុកថាជាតំបន់ឆ្ងាយពីទីក្រុងខ្លាំង កាលពីជិត ១០ ឆ្នាំមុន។ មួយវិញទៀត​ កាលពី ៥ ឆ្នាំមុន តើនរណាដែលបានគិតថាតំបន់សែន សុខ នឹងមានវត្តមាន សែនសុខ ស៊ីធី (អ៊ីអន២) នៅប៉ែកខាងជើងភ្នំពេញ?  បើក្រឡេកមើលបច្ចុប្បន្ននេះវិញ តំបន់ទាំងនេះបានក្លាយ ទីតាំងពាណិជកម្ម លំនៅដ្ឋាន និងឧស្សាកម្មដ៏មាមាញឹក​ ចំណែកតម្លៃដីវិញមានកម្រិត ខ្ពស់គួរសម ហើយអ្នកប្រហែលជាមិនងាយនឹងទិញ បានដីនៅជាប់ នឹងផ្លូវធំ ឬដីនៅតាមទីតាំង ល្អផង សម្រាប់ពេលនេះ។

ដូច្នេះ បើអ្នកគិតថា តំបន់ផ្សេងៗ​ ដែលនៅតាមជាយក្រុង មិនទាន់មានការអភិវឌ្ឍច្រើន​ មិនមែនជាជម្រើសអ្នកពេលនេះ នោះប្រហែលជា ៥ ទៅ ១០ ឆ្នាំទៅមុខ អ្នកនឹងនៅតែ គ្មានផ្ទះនៅក្នុងទីក្រុងដដែល។

៣. យល់ថាចំណូលតិចពេក

ប្រសិនមានចំណូលទាបពេក អ្នកគួរចេះសន្សំសម្រាប់គម្រោងអនាគត។ អ្នកជំនាញជាច្រើន បានណែនាំថា អ្នកដែលមានចំណូលត្រឹម ៥០០ ដុល្លារ ឬប្រហាក់ប្រហែលនេះ គួរទិញដីតាមរយៈការបង់រំលោះ។

លោក ឆេង វណ្ណា ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ លោកបានបាននិយាយថា លោកបានបទិញដីឡូតិ៍មួយកន្លែង​នៅពេលលោកមានប្រាក់ខែ​ ៣៥០ ដុល្លារក្នុងមួយខែ។

“ខ្ញុំពិបាកទុកលុយឲ្យបានច្រើនណាស់​ ព្រោះចំណូលរបស់ខ្ញុំទាប ដូច្នេះខ្ញុំប្រថុយយកលុយទៅ បង់រំលោះដីជាមួយធនាគារ។ ឥឡូវដីរបស់ខ្ញុំមានតម្លៃជាង ២ ម៉ឺនដុល្លារ។”

ដូចនេះបើទោះបីជាអ្នកមានចំណូលទាប ប៉ុន្តែអ្នកក៏អាចជ្រើសរើសយកការវិនិយោគខ្នាតតូច ណាមួយទៅ តាមលទ្ធភាពរបស់អ្នកបានដែរ ដោយហ៊ានប្រថុយប្រថាប្រកបដោយភាពឆ្លាតវៃ។

៤. រង់ចាំសិន

មុនពេលទិញដី ឬផ្ទះ អ្នកប្រហែលជារង់ចាំពេលរៀបការរួច ឬចាំដល់ពេលមានចំណូលច្រើនជាង នេះ ឬចាំមើលសិនថាតើតំបន់នេះនឹងក្លាយជាកន្លែងល្អសម្រាប់ការរស់នៅ​ ឬក៏អត់។

ប៉ុន្តែសូមចង់ចាំថា ពីមួយឆ្នាំទៅមួយឆ្នាំតម្លៃដីកាន់តែឡើងថ្លៃ មនុស្សកាន់តែច្រើន ហើយប្រសិនបើអ្នកមិនចាប់ផ្តើមវិនិយោគឲ្យបានលឿនបំផុត នោះអ្នកនឹងប្រឈម នឹងបញ្ហាដដែល នៅពេលអនាគត។​

៥. គិតថាតម្លៃអចលនទ្រព្យនឹងឆ្លាក់ចុះ

លោក ស៊ន សៀប ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត បាននិយាយថាតម្លៃ អចលនទ្រព្យនឹងមិនធ្លាក់ចុះវិញទេ តែអាចមានសភាពថេរ ឬកើនតិចតួច។​ លោកថាជាធម្មតា តម្លៃអចលនទ្រព្យបានបន្តកើនឡើងជាប់ជានិច្ចពីមួយឆ្នាំទៅ មួយឆ្នាំ។ ​​ជារួមប្រសិនបើអ្នក ពិតជាចង់បានលំនៅដ្ឋានមួយនៅក្នុងទីក្រុងនៅពេលអនាគត អ្នកគួរចាប់ផ្តើម វិនិយោគនៅពេលនេះ។  

សម្រាប់ពេលបច្ចុប្បនេះ អ្នកប្រហែលមិនចាំបាច់ សន្សំលុយឲ្យគ្រប់ ជាមុននោះទេ ដោយសារតែជម្រើសនៃ ការបង់រំលោះអាចវិធីល្អបំផុតសម្រាប់អ្នក។

ប៉ុន្តែអ្វីដែលអ្នកត្រូវចងចាំគឺអ្នកត្រូវតែជាវិនិយោគិ​នដ៏ឆ្លាតវៃ ទាំងកត្តាច្បាប់ កត្តាហានិភ័យ ភាពចន្លោះប្រហោងនៃទីផ្សារ និងការរំពឹងពីទីផ្សារ​នៅពេលខាងមុខជាដើម។

យើងសូមណែនាំឲ្យអ្នកធ្វើការវិនិយោគដោយមានការប្រឹក្សាយោបល់ជាមួយអ្នកជំនាញណាមួយ ប្រសិនបើអ្នកមាន ភាពក្មេងខ្ចីក្នុងវិស័យនេះ៕

 

ស្វែងរកអចលនទ្រព្យសម្រាប់លក់ជួលនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!

 

Comments