+855 92 92 1000
Logo
ស្វែងយល់គន្លឹះ៥យ៉ាងនេះបើចង់ចំណេញពីការវិនិយោគអចលនទ្រព្យ
Updated on: June 6, 2022, 3:02 p.m.
Published on: March 1, 2019, 6:11 p.m.

ស្វែងយល់គន្លឹះ៥យ៉ាងនេះបើចង់ចំណេញពីការវិនិយោគអចលនទ្រព្យ


ជាទូទៅការទិញអចលនទ្រព្យធ្វើឡើងក្នុងគោលបំណងពីរបែប ទី១ ទិញដើម្បីស្នាក់នៅ​រយៈពេលវែង និងទី២ ទិញសម្រាប់ការវិនិយោគនៅពេលអនាគត។

ការវិនិយោគបែបណាក៏ដោយគឺទាមទារឲ្យអ្នកទិញត្រូវមានភាពច្បាស់លាស់ និងធ្វើការសម្រេចចិត្តវិនិយោគជាមួយអចលនទ្រ​ព្យដ៏ត្រឹមត្រូវមួយ។ ប៉ុន្តែប្រសិនបើអ្នកវិនិយោគខុសគោលដៅ អ្នកមិនមែនត្រឹមតែខាតបង់ប្រាក់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងពេលវេលាកម្លាំងកាយចិត្ត។

ដូច្នេះតើអ្នកបានដឹងអ្វីខ្លះ អំពីការវិនិយោគមួយ ដែលចាត់ទុកថាជាវិនិយោគដែលអាចធានាបានផលចំណេញ?

ខាងក្រោមនេះ យើងនឹងបង្ហាញពីកត្តា៥យ៉ាងដែលអ្នកត្រូវស្វែងយល់ជាមុនសិនប្រសិនបើចង់ទទួលបានផលចំណេញពីការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

អានអត្ថបទបន្ថែមអំពី៖ ស្វែងយល់អំពីល្បិចឆបោកនៅក្នុងវិស័យអចលនទ្រព្យនៅពេលបច្ចុប្បន្ន!

១. ទិញរស់នៅ ឬទិញវិនិយោគ

ទិញសម្រាប់រស់នៅ និងទិញទុកលក់វិញមានលក្ខណៈខុសគ្នា។ ទិញផ្ទះ ឬទិញដីសម្រាប់សាងសង់ផ្ទះរស់នៅគឺត្រូវទាមទារការគិតគូកត្តាមួយចំនួនដែលជះឥទ្ធិពលរយៈពេលវែងក្នុងនោះទីតាំងគឺជាកត្តាសំខាន់ប៉ុន្តែវាក៏អាស្រ័យគោលបំណងនៃការរស់នៅរបស់អ្នកផងដែរ ថាតើអ្នកចង់បានការរស់នៅបែបគ្រួសារ ដែលមានស្ងប់ស្ងាត់ ឬរស់នៅផង និងធ្វើអាជីវកម្មផង។

ចំណែកទិញទុកវិនិយោគមានលក្ខណៈពិសេសមួយគឺអ្នកអាចជ្រើសរើសតំបន់ណាមួយក៏បាន (ទិញឆ្ងាយពីក្រុង ឬជិតក្រុង) សំខាន់ឲ្យមានសក្តានុពលដែលចលក់ចំណេញច្រើន។ ជាទូទៅការទិញអចលនទ្រព្យនៅតាមតំបន់ជាយក្រុង ឬក្រៅក្រុងមានឱកាសចំណេញច្រើនព្រោះអ្នកអាចទិញបានក្នុងតម្លៃទាប។ ប៉ុន្តែការរង់ចាំជាអ្វីដែលអ្នកត្រូវពិចារណា។

តែទោះយ៉ាងណាសម្រាប់អ្នកដែលមានដើមទុនច្រើន ការវិនិយោគនៅតំបន់កណ្តាលក្រុងគឺអាចទទួលបានផលចំណេញជាទីគាប់ចិត្ត។

២. អចលនទ្រព្យស្របច្បាប់

អចលនទ្រព្យស្របច្បាប់ គឺសំដៅដល់អចលនទ្រព្យដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ (ប្លង់រឹង)។ នេះជាចំណុចដំបូងគេបង្អស់ ដែលអ្នកត្រូវតែទទួលបាន។ វិនិយោគអចលនទ្រព្យស្របច្បាប់ គឺចំណេញលើសពីហិរញ្ញត្ថុ។

៣. មើលពីអនាគតនៃតំបន់

ជាធម្មតាតំបន់អភិវឌ្ឍន៍នីមួយៗតែងតែងត្រូវបានកំណត់ទៅតាមផែនការមេនៃការអភិវឌ្ឍរបស់ ខេត្ត/ក្រុង។​ ផែនការមេ ឬប្លង់មេទាំងនេះអាចប្រាប់អ្នកអំពីអនាគតនៃអចលនទ្រព្យនៃតំបន់ដែលអ្នកចង់ទិញ។ ចំណុចនេះមានន័យថា អ្នកត្រូវសិក្សាពាក់ព័ន្ធទៅនឹងសកម្មភាពសេដ្ឋកិច្ច ទំនោរនៃការរស់នៅ តំបន់ឧស្សាហកម្ម គម្រោងលំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងលំហូរអ្នកចំណូលថ្មីទៅកាន់តំបន់នេះ។​

បើតាម លោក តេង រិទ្ធី ស្ថាបនិក និងនិយកក្រុមហ៊ុន P R' Investment Group បានលើកឡើងដោយផ្នែកលើផែនការមេរបស់សាលាក្រុងភ្នំពេញ។

ទីក្រុងភ្នំពេញត្រូវបានបែងចែកតំបន់អភិវឌ្ឍន៍សំខាន់ៗដូចជា៖

  • ជ្រោយចង្វា៖ តំបន់ពាណិជ្ជកម្ម លំនៅដ្ឋានប្រណិង និងការិយាល័យ

  • ព្រែកភ្នៅ៖ តំបន់ដោះដូរពាណិជ្ជកម្ម និងមជ្ឈមណ្ឌលដឹកជញ្ជូន

  • អរិយក្សត៖ មជ្ឈមណ្ឌលកំសាន្ត និងទីតាំងការងារ

  • បឹងកក់៖ មជ្ឍមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ

  • ដូនពេញ ៖ តំបន់កំពង់ផែ និងគម្រោងអភិវឌ្ឍន៍ខ្នាតធំ

  • ចោមចៅ៖ តំបន់រោងឧស្សាហកម្ម ដឹកជញ្ជូន ​និងអាជីវកម្ម

  • ច្បារអំពៅ៖ តំបន់លំនៅដ្ឋាន និងការលម្ហែកាយ

  • តាខ្មៅ៖ ការស្នាក់នៅ ស្ថាប័នការងារ និងទីតាំងកំសាន្ត

៤. ស្គាល់តំបន់ឲ្យច្បាស់មុនសម្រេចចិត្តទិញ

ដឹងពីតំបន់ច្បាស់ទើបអ្នកអាចដឹងអំពីសក្តានុពលពិតប្រាកដ ឬបញ្ហាប្រឈមនានាដែលមាននៅទីតាំងនោះក្នុងពេលបច្ចុប្បន្ន។

ការស្គាល់តំបន់បានច្បាស់លាស់ អ្នកនឹងដឹងពីស្ថានភាពទូទៅដូចជា៖ ដីមានជម្លោះ ដីកម្មសិទ្ធិរដ្ឋ ដីសម្បទាន អសន្តិសុខ និងតំបន់មានទឹកជំនន់ជាដើម។ ដូចគ្នាដែរសម្រាប់សក្តានុពលវិញ អ្នកអាចដឹងពីចំនួនប្រជាសាស្ត្រ តម្លៃដីសកម្មភាពសេដ្ឋកិច្ច ឬភាពងាយស្រួលនៃការរស់នៅ និងធ្វើដំណើរជាដើម។​

៥. ត្រូវដឹងថា នរណានឹងជួលអចលនទ្រព្យរបស់អ្នក

បើអ្នកចង់ទិញអចលនទ្រព្យទុកដាក់ជួលដើម្បីបានប្រាកចំណូលប្រចាំខែដំបូងអ្នកត្រូវដឹងថា តើអ្នកចង់បានអតិថិជនប្រភេទណាជាអ្នកចំណូលទាប កម្មកររោងចក្រ សិស្សនិស្សិត អ្នកប្រកបអាជីវកម្ម បុគ្គលិកក្រុមហ៊ុន ឬជនបរទេស។ មនុស្សទាំងនេះមានតម្រូវការខុសគ្នា ហើយការចំណាយរបស់ពួកគេក៏មានកម្រិតខុសគ្នាផងដែរ។

សម្រាប់ទីផ្សារអចលនទ្រព្យជួលនៅភ្នំពេញអ្នកជួលមានតាមលំដាប់ខុសៗគ្នាដែលមានចាប់ពីតម្លៃក្រោម ៥០ដុល្លារ/ខែ រហូតដល់រាប់ពាន់ដុល្លារ។

នៅពេលដឹងពីអ្នកជួល អ្នកអាចសិក្សាអំពីនិន្នាការ និងអត្តចរិករបស់អ្នកជួល។ ឧទារណ៍បើអ្នកចង់ជួលអោយជនបរទេស អ្នកត្រូវទិញផ្ទះនៅតំបន់កណ្តាលក្រុង ហើយផ្ទះត្រូវមានដេរគ័របែបអឺរ៉ុប។

ក្រៅពីនេះ ជនជាតិជន និងខ្មែរក៏មាននិន្នាការរស់នៅផ្សេងៗគ្នាផងដែរ។ ដូច្នេះអ្នកត្រូវដឹងថាអចលនទ្រព្យរបស់អ្នកត្រូវជួលអោយអ្នកណាបន្ទាប់មកអ្នកនឹងដឹងថាអ្វីដែលពួកគេត្រូវការ។​

ជារួមរាល់ការវិនិយោគអ្នកត្រូវធ្វើទៅតាមលទ្ធភាពជាក់ស្តែងរបស់ខ្លួន ដោយភ្ជាប់មកជាមួយ កត្តាវាយតម្លៃ ជាមូលដ្ឋានដូចបានបញ្ជាក់ខាងលើ។ ជាការណែនាំ អ្នកត្រូវមានភាពច្បាស់លាស់ ទាំងផ្នែកហិរញ្ញវត្ថុ និងចំណឹងដឹងអំទីផ្សារ ហើយប្រសិនបើអ្នកមិនទាន់មានភាពស៊ីជម្រៅនៅក្នុងវិស័យនេះទេការស្វែងរកការប្រឹក្សាយោបល់ជាមួយអ្នកជំនាញ ជាជម្រើសដែលមិនអាចខ្វះបាន៕

ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួលលក់សូមចូលទៅកាន់ Realestate.com.kh!

Comments