យោងតាមការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC គិតត្រឹមរយៈពេល២ខែដំបូងនៃឆ្នាំនេះពោលគឺក្នុង ខែមករា និងខែកុម្ភៈកន្លងទៅថ្មីៗនេះបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ លើគម្រោង និងរោងចក្រចំនួន៤៥គម្រោង ដែលមានទុនវិនិយោគសរុបរហូតដល់ជាង៨២៥លានដុល្លារអាមេរិក។
គម្រោងដែលត្រូវបាន អនុម័តបើកឲ្យដំណើរការទាំង៤៥នោះគឺភាគច្រើនជារោងចក្រកាត់ដេរ ផលិតកាបូប និងផលិតសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ហើយរោងចក្រទាំងនោះក៏មានសមត្ថភាពអាចបង្កើតការងារបានរហូតដល់ជាង៦ម៉ឺនកន្លែងផងដែរ។
អានអត្ថបទបន្ថែមអំពី៖ ម្ចាស់រោងចក្រ ឃ្លាំង និងយានដ្ឋានធំៗក្នុងទីប្រជុំជនត្រូវតែរើទៅតំបន់ជាយក្រុងឱ្យអស់នៅត្រឹមឆ្នាំ២០២១!
តាមសេចក្ដីប្រកាសព័ត៌មាន របស់ CDC បានឲ្យដឹងថា នៅក្នុងខែកុម្ភៈ មានការអនុម័ត បើកឱ្យដំណើរការគម្រោងអភិវឌ្ឍន៍ និងរោងចក្រជាច្រើនដែលមានរហូតដល់៣២គម្រោង ជាមួយទុនវិនិយោគជាង៧៥៧លានដុល្លារអាមេរិកខណៈដែលនៅខែមករាមានគម្រោងអភិវឌ្ឍន៍ និងរោងចក្រតែ១៣គម្រោងជាមួយទុនវិនិយោគជាង៦៧លានដុល្លារអាមេរិកប៉ុណ្ណោះ ។
CDC បានបង្ហាញទិន្នន័យអំពីការវិនិយោគដោយផ្ទាល់របស់បរទេសមកលើកម្ពុជាថាចាប់ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៧កម្ពុជាបានទទួលគម្រោងវិនិយោគពីបណ្ដាក្រុមហ៊ុនក្នុងស្រុក និងបរទេស សរុបប្រមាណជា៩៧០គម្រោងដែលមានទុនវិនិយោគសរុបចំនួនជាង២៣ពាន់លានដុល្លារអាមេរិក ។
បើគិតក្នុងរយៈពេល៥ឆ្នាំពោលគឺចាប់ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៧ទុនវិនិយោគផ្ទាល់ពីបរទេសជាមធ្យមប្រចាំឆ្នាំមានប្រមាណជា៤០%នៃទុនវិនិយោគសរុបក្នុងឆ្នាំនីមួយៗ ។ យ៉ាងណាមិញនៅក្នុងឆ្នាំ២០១៨ទុនវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងជិត៧០% នៃទុនវិនិយោគសរុបដែលត្រូវបានកត់ត្រាដោយCDC ៕
Comments