+855 92 92 1000
Logo
សន្និបាតបញ្ញាវន្តពិភពលោក​លើកទី3 ទទួលស្វាគមន៍​ភ្ញៀវកិត្តិយស​រាប់ពាន់នាក់​សម្រាប់​ឱកាស​ផ្នែក​ធុរកិច្ច ការ​សិក្សា និង​ការងារ​
Updated on: June 7, 2022, 2:02 a.m.
Published on: November 26, 2017, 11:18 a.m.

សន្និបាតបញ្ញាវន្តពិភពលោក​លើកទី3 ទទួលស្វាគមន៍​ភ្ញៀវកិត្តិយស​រាប់ពាន់នាក់​សម្រាប់​ឱកាស​ផ្នែក​ធុរកិច្ច ការ​សិក្សា និង​ការងារ​


មានភ្ញៀវកិត្តិយស​ច្រើន​ជាង​ 2,000 នាក់ បាន​ចូល​រួម​ក្នុង​សន្និបាតបញ្ញាវន្តពិភពលោក​លើកទី3 (GAC) កាល​ពី​ថ្ងៃទី​ 17-18 ខែ​វិច្ឆិកា ឆ្នាំ2017​ នៅ​សណ្ឋាគារ​សុខាភ្នំពេញ។ ព្រឹត្តិការណ៍​នេះត្រូវ​បាន​រៀបចំ​ឡើង​​​ជា​ប្រចាំ​ឆ្នាំ​ដោយ​ IDP Education (Cambodia) ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក​ការអប់រំអន្តរជាតិ​ឈាន​មុខ​​​គេ​នៅ​ក្នុង​ពិភព​លោក។

ជាថ្មី​ម្តង​ទៀត​ ព្រឹត្តិការណ៍​នៃ​មហាសន្និបាទ​ប្រចាំឆ្នាំ​នេះ​​ បានប្រមូល​ផ្តុំ​អតីតនិស្សិត​មក​ពី​ប្រទេស​កម្ពុជា អូស្រ្តាលី កាណាដា ណូវែលសេឡង់ ចក្រភពអង់គ្លេស សហរដ្ឋ​អាមេរិក បារាំង រុស្សី កូរ៉េ ជប៉ុន ចិន ម៉ាឡេស៊ី សិង្ហបូរី និង​ប្រទេស​ដទៃ​ផ្សេងទៀត​​ និង​បាន​ផ្តល់​​វេទិកា​មួយ​សម្រាប់​ការ​ជួប​ជុំ​គ្នាចែករំលែកគំនិត និង​បង្កើត​បណ្ដាញ​ទំនាក់​ទំនង​​ជាមួយ​អ្នកជំនាញ​អ្នក​ធ្វើការ​ក្នុង​តួនាទី​ជាអ្នកសម្រេច​ចិត្ត​ និង​ថ្នាក់ដឹកនាំ​​​រាជរដ្ឋាភិបាល​ វិស័យឯកជន និង​សង្គម​ស៊ីវិលផងដែរ​។

GAC 2017 រៀបចំ​កម្មវិធី​ដែល​មាន​លក្ខណៈ​ពិសេស​ដាច់​ដោយឡែក​ពីគ្នា​ចំនួន​បីគឺវេទិកាធុរកិច្ច និង​ការ​អប់រំ​សាកលការតាំងពិព័រណ៍ការងារនិងការអប់រំសាកល និងកម្មវិធីទទួល​ទាន​អាហារ​​​ពេល​ល្ងាចនៃ​សន្និបាត​បញ្ញាវន្តពិភពលោក។

ក្នុង​ឱកាស​​បើកកម្មវិធី​ជា​ផ្លូវ​ការ ​ ឯ.ឧ ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​​ការបរទេស និង​សហប្រតិបត្តិការអន្តរជាតិបានលើក​ទឹកចិត្ត​ដល់​អ្នកចូលរួម​​កម្ពុជាទាំងអស់​​​ឲ្យប្រកាន់​ខ្ជាប់​នូវ​​តួនាទីក្នុងនាម​ជា​អគ្គរាជទូតដំណាងឲ្យ​​​ជាតិ​សាសន៍​ខ្លួនជាមួយ​នឹង​ភាព​ជោគ​ជ័យ​​របស់​ពួកគេ។ ឯកឧត្តមបានមាន​​ប្រសាសន៍ថា៖ "​​ចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា នៅក្នុងទឹកដីកំណើតយើងជាសញ្ញានៃក្តីសង្ឃឹម និងជាកូនសោរ​ឈានទៅបើកឡើងនូវសក្តានុពលរបស់ប្រទេសយើង។ សម្រាប់ពិភពលោកទាំងអស់គ្នាជាឯកអគ្គរាជទូតនៃប្រជាជាតិយើងក្នុងលក្ខណៈសុភាពរាបសាររបស់ខ្លួន ហើយដោយពុំចាំបាច់រាយការណ៏មកខ្ញុំឡើយ។ បងប្អូនជាតំណាងមុខមាត់កិត្តិនាម និងជាម៉ាកសញ្ញាសំគាល់របស់ប្រទេស​ អ្នកទាំងអស់ជាអ្នកនាំពាក្យអ្នកផ្សព្វផ្សាយ តាមរយៈកញ្ចក់ឆ្លុះបញ្ចាំងរបស់អ្នក ដែលពិភពលោកនឹងយល់ដឹងពីកម្ពុជា និងប្រជាជនយើង។ ខ្ញុំជឿជាក់ថាតួនាទីទាំងនេះទោះមានការយកចិត្តទុកទទួលយកកំរិតណានឹងជាការរំលឹក និងជំរុញទឹកចិត្តបងប្អូនអោយទៅជាតំណាងដែលល្អបំផុតតាមដែលអាចធ្វើបាន។”

ឯ.ឧ បណ្ឌិត ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងសុន្ទរកថានូវចំណុចគន្លឹះនៅកម្មវិធីទទួលទាន​អាហារពេលល្ងាចសម្រាប់ការការជួបជុំគ្នារបស់បញ្ញាវន្តពិភពលោកនោះថា៖ "សន្និបាតបញ្ញាវន្តពិភពលោក គឺជាព្រឹត្តិការណ៍​ដ៏ពិសេសមួយដែលប្រមូលផ្តុំអតីតនិស្សិត រដ្ឋាភិបាល និងវិស័យឧស្សាហកម្មឲ្យជួបជុំគ្នាដើម្បីធ្វើការពិភាក្សាអំពី​ប្រធានបទ​ថ្មីៗបង្កើតបណ្តាញទំនាក់ទំនង និងចែករំលែកបទពិសោធន៍ កម្មវិធីនេះគឺជានិមិត្តរូបមួយដ៏សំខាន់នៃការរីកចម្រើនសម្រាប់ធនធានមនុស្សរបស់ប្រទេសកម្ពុជា។"

លោកជំទាវ​ Angela Corcoran  អគ្គរាជទូតអូស្រ្តាលី​ប្រចាំ​នៅកម្ពុជា​បាន​ចូល​រួមចំណែក​ជាមួយ​ ឯ.ឧ រដ្ឋមន្រ្តី​ក្នុង​ពិធីបើកកម្មវិធីថា៖ “សន្និបាតបញ្ញាវន្ត​ពិភពលោកគឺ​ពិត​​ជាមានសារៈសំខាន់​សម្រាប់​បរិបទ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ ទីមួយ សន្និបាទ​នេះ​បាន​ប្រមូល​ផ្តុំ​​អ្នក​ផ្តល់​សេវា​អប់រំទាំង​អស់ និង​ផ្នែកអាជីវកម្ម​​ផ្សេង​ៗ​ឲ្យ​មក​ជួប​ជុំ​គ្នា​ដូច​នេះ​និស្សិត​កម្ពុជា​អាច​សម្លឹង​មើល​​ស្ថាប័ន​ទាំង​អស់​នោះ និង​ពិនិត្យ​មើល​​ថា​តើ​ជម្រើសណា​ខ្លះ​ដែល​សមស្រប​សម្រាប់​ការ​អប់រំ​នៅ​ទូទាំង​សាកល​លោក​​។ ទីពីរ​សន្និបាត​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ដែល​ប្រមូលផ្តុំ​អតីតនិស្សិត​​ឲ្យ​មកជួប​ជុំ​គ្នាដើម្បី​បង្កើត​បណ្តាញទំនាក់ទំនង​ និង​ដើម្បីរៀនសូត្រ​​ពី​គ្នាទៅវិញ​ទៅ​មក​ដែល​នេះ​គឺ​ជា​ចំណុច​ដ៏មាន​សារៈសំខាន់​​មួយ​។”

មាន​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើកកម្មវិធី​នេះ​ផង​ដែរ ឯ.ឧ Bill Longhurst អគ្គរាជទូត​ចក្រភព​អង់គ្លេស​​ប្រចាំ​កម្ពុជាបាន​គូស​បញ្ជាក់​អំពី​តួនាទី​ដ៏​សំខាន់​នៃ​ការ​អប់រំ​នៅ​ក្នុង​ព្រឹត្តិការ​ណ៍​នេះ ដោយ ឯ.ឧ ​បាន​មាន​​ប្រសាសន៍លើកឡើង​ថា៖ “ខ្ញុំ​ជឿជាក់ថា GAC នឹង​ដើរតួរ​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចពិភាក្សា​នានា​អំពីគំនិត​ផ្តួចផ្តើម​ដ៏​គួរឲ្យចាប់​អារម្មណ៍​និង​ស្រដៀង​គ្នានេះ​​ជា​ច្រើន​​ទៀត​នៅ​ក្នុង​វិស័យ​អប់រំ។ ខ្ញុំ​សូម​ជូន​ពរដល់​អង្គសន្និបាត​ទាំ​ងមូល និង​ភ្ញៀវកិត្តិយស​ដែល​បាន​អញ្ជើញចូលរួម​ទាំង​អស់​ឲ្យ​ជួប​ប្រទះ​តែ​ភាព​ជោគជ័យ​ក្នុង​ការ​រៀន​សូត្រ​ការ​បង្កើតបណ្តាញទំនាក់ទំនង​ និង​ការ​ចែករំលែក​បទពិសោធន៍​នានា​របស់​ពួកគេ​”។

ឯ.ឧ George Edgar អគ្គរដ្ឋទូត​សហភាពអឺរ៉ុប​​ប្រចាំ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធីបើកកម្មវិធី​ថា៖ “សន្និបាតបញ្ញាវន្តពិភពលោក​ គឺ​ជា​ឱកាស​មួយ​ដ៏​ប្រសើរ​បំផុត​សម្រាប់​សមាជិក​មកពី​សមាគមអតីតនិស្សិត​ផ្សេងៗ​ជួប​ជុំ​គ្នា​​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ និង​ព័ត៌មាន​នានា​ និង​បង្កើត​បណ្តាញ​ទំនាក់ទំនង​ជាមួយ​អតីតនិស្សិត​​មក​ពីជុំ​វិញ​ពិភពលោក​"។

វេទិកា​ធុរកិច្ច​និង​ការ​អប់រំ​សាកល បាន​រៀប​ចំ​ព្រឹត្តិការណ៍​កិច្ចពិភាក្សាសំណួរ​ចម្លើយ ដែល​មាន​ការ​សម្របសម្រួល​លើ​ប្រធាន​បទ​​ដែល​ផ្តោត​លើ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​កម្ពុជា​ និង​មាន​ការ​ចូលរួម​ពីវាគ្មិន​ច្រើនជាង​60រូប​ផងដែរ​​ប្រធានបទ​ក្នុង​ឆ្នាំ​នេះ​រួម​មាន៖

អនាគត​នៃ​កសិពាណិជ្ជកម្ម, ទំនាក់ទំនង​អាជីវកម្ម​ក្នុង​យុគសម័យ​ឌីជីថល, អំពើហិង្សាក្នុងគ្រួសារ​ ធុរកិច្ច​​​អន្តរជាតិ​៖ ផលចំណេញ និង​ផលលំបាក​, ការទាក់ទាញ និង​ការ​រក្សា​ទុក​៖ តើ​មាន​អ្វី​ដែល​មាន​តម្លៃ​ក្នុង​ជីវិត​ជាជាង​មាសប្រាក់? នវានុវត្តន៍ - ភាព​ជា​អ្នកដឹកនាំ​ដែល​មាន​ការ​ជម្រុញ​លើកទឹក​ចិត្ត​, តារារះ​របស់​កម្ពុជា​, និន្នាករ​ (Trendsetters)៖ ការ​ប្រកួត​ប្រជែង​សម្រាប់​ទីផ្សារ​អតិថិជន​ដែល​កំពុង​រីកដុះដាល, ហេតុអ្វីបាន​ជា CSR ល្អ​សម្រាប់​អាជីវកម្ម? ការផុស​ឡើង​នៃ​ឧស្សាហកម្មច្នៃប្រឌិត​, ការកើនឡើង​នៃ​ការ​ធ្វើដំណើរក្នុងតំបន់, អចលទ្រព្យកម្ពុជា៖ កំណើន ឬ​ការ​ថយចុះ? ចល័តភាព​នៃកម្លាំង​ពលកម្ម​៖ គុណសម្បត្តិ និងគុណវិបត្ត?

លោក ម៉ៅ ស្រេង អ្នករៀបចំសន្និបាត GAC និង​ជានាយក​ IDP Education-ACE ប្រចាំប្រទេស​បាន​មានប្រសាសន៍ថា៖ “​ជាថ្មីម្តង​ទៀត សន្និបាតបញ្ញាវន្តពិភពលោក​​បាន​ផ្តល់ជូននូវ​ឱកាស​​និង​វេទិកា​យ៉ាង​ពិសេស​​មួយ​សម្រាប់​អតីតនិស្សិត​បាន​ជួប​ជុំ​គ្នា​ចែករំលែកបទ​ពិសោធន៍​ និង​បង្កើន​ចំណេះ​ដឹង​របស់ពួកគេ​ជាមួយ​​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ វិស័យឧស្សាហកម្ម និង​សង្គមស៊ីវិល។”

​គាត់​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​៖ “​សន្និបាត​នេះ​ឆ្លុះ​បញ្ចាំង​ពី​ឥទ្ធិពល​ដ៏​​សំខាន់​​​ដែល​អតីតនិស្សិត​មាន​ចំពោះ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​របស់​ជាតិ​ និង​ការ​ទទួល​ស្គាល់​​សារៈសំខាន់​នេះ​ក្នុង​កម្រិត​ខ្ពស់​បំផុត​ពីរដ្ឋាភិបាល​និង​វិស័យឧស្សាហកម្ម។”​

សន្និបាត GAC លើកទី3 បាន​ទាក់​ទាញ​ម្ចាស់​ឧបត្ថម្ភ និង​អ្នកគាំទ្រ​សំខាន់ៗ​ពី​វិស័យ​សាជីវកម្ម សភាពាណិជ្ជកម្ម​ សមាគម​អតីតនិស្សិត​ និងប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ផង​ដែរ​។ លេខាធិការ GAC សូម​ថ្លែង​អំណរគុណចំពោះ​៖

· ក្រុមហ៊ុន AIA (Cambodia) Life Insurance Plc. និង​ IELTS ជា​អ្នក​ឧបត្ថម្ភ​កម្រិត Platinum

· ធនាគារ ABA និងមជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​អប់រំ​ (ACE) ជា​អ្នក​ឧបត្ថម្ភ​កម្រិត Gold​

· ស្ថានទូត​ចក្រភព​អង់គ្លេស វិទ្យាសា្ថនគណនេយ្យករជំនាញ អូស្រ្តាលី (CPA Australia) ក្រុមហ៊ុន ATHE Cambodia សាលារៀន Singapore Cambodia International Academy (SCIA) និង​ ទីភ្នាក់ងារ​អន្តោប្រវេសន៍​អូស្រ្តាលី (AMA) ជា​អ្នក​ឧបត្ថម្ភ​កម្រិត Silver។

· សណ្ឋាគារសុខា​ភ្នំពេញ​ (ដៃគូ​សម្រាប់​កន្លែង​រៀបចំកម្មវិធី) ក្រុមហ៊ុន HRInc (ដៃគូ​ផ្នែក​ការងារ) និង​ក្រុមហ៊ុន 360 Light and Sound (ដៃគូផ្នែក​ពន្លឺ និង​សំឡេង​)

ការតាំងពិព័រណ៍​ការងារនិងការអប់រំសាកល ដំណើរ​ការ​យ៉ាង​រលូន​ជាមួយ​នឹង​សកម្មភាព​ដទៃ​ផ្សេង​ទៀត​របស់ GAC និង​បាន​បង្ហាញ​​ពី​វិថី​ការងារ​ និ​ង​ការ​អប់រំ​ជា​ច្រើន​​។ មាន​សិស្សនិស្សិត មាតាបិតា និង​សាធារណជន​ទូទៅ​​ច្រើន​ជាង​ 1,500 នាក់​​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ​​ដោយសេរី​​ ដោយបាន​ទៅ​​ទស្សនា​ស្តង់ពិព័រណ៍​​ច្រើនជាង​60កន្លែង​ ដែល​មាន​តំណាងស​សាកលវិទ្យាល័យ​ចំនួន​ 37 ស្ថាប័នអប់រំក្នុង​ស្រុក​ កម្មវិធី​អាហារូបករណ៍​ សមាគម​អតីតនិស្សិត​ និង​អាជីវកម្ម​អន្តរជាតិ​ដើម្បី​ទទួល​បាន​ដំបូន្មាន​សម្រាប់​​អនាគត​របស់​ពួកគេ​។

លោក ជាង វ៉ាន់តាក់ ប្រធាន​ផ្នែក​ការ​សិក្សា​នៅបរទេស​នៅ IDP Education (Cambodia) បាន​ថ្លែង​ថា៖ “ការតាំងពិព័រណ៍​ការងារនិងការអប់រំសាកល បាន​ផ្តល់​ឱកាស​​ដល់​សិស្សនិស្សិត​ក្នុង​ការ​ស្វែង​យល់​អំពី​ពិភពលោក​តាម​រយៈ​យើងដោយ​ធ្វើ​ការ​ជជែក​ជាមួយ​ស្ថាប័ននានា​ពី​ទីកន្លែង​ផ្សេងៗ​ជុំ​វិញ​ពិភពលោក​ដែល​ជួយ​ពួកគេ​ឲ្យ​ធ្វើ​ការ​ពិចារណា​អំពី​ទីកន្លែង​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ដែល​ល្អ​សម្រាប់ពួកគេ​។ យើង​ពិត​ជា​មាន​ក្តី​សប្បាយរីករាយ​ក្នុង​ការ​ស្វាគមន៍​ចំពោះការចូលរួម​ពី​​សាលារៀន​ និង​​សាកលវិទ្យាល័យ​នានា​មកពី​ប្រទេស​​កម្ពុជា សិង្ហបូរី អូស្រ្តាលី ណូវែលសេឡង់ ចក្រភពអង់គ្លេស​ កាណាដា សហរដ្ឋអាមេរិក​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ”។

ការតាំងពិព័រណ៍​ការងារនិងការអប់រំសាកល ក៏មាន​រួម​បញ្ចូល​នូវ​កិច្ចពិភាក្សា​ពេញ​អង្គដែល​មាន​និយោជិត និយោជក និង​តំណាង​ស្ថាប័ន​សរុប​ជាង​40នាក់​ ធ្វើ​បទ​បង្ហាញ​ស្តីពីវិថី​ការងារ​និង​ការអប់រំ​ផ្សេង​ៗ​គ្នា ក្នុង​​​លក្ខណៈ​ជា​ការ​ឆ្លើយឆ្លង​គ្នា​តាមរយៈ​​សំណួរ​និង​ចម្លើយ។

GAC 2017 បាន​បញ្ចប់​ទៅ​ប្រកប​ដោយជោគជ័យ​ ដោយ​មាន​​ការរៀបចំ​កម្មវិធី​ទទួល​ទាន​អាហារ​​​ពេល​ល្ងាច​សម្រាប់ការ​ជួបជុំគ្នា​របស់​បញ្ញាវន្តពិភពលោកដែលបាន​អញ្ជើញ​​​​ចូលរួម​ដោយ​​ភ្ញៀវកិត្តិយស​ជាង​ 800 នាក់​ ពួកគេទាំងនោះ​ក៏​បាន​ចូល​រួមផង​ដែរ​​នៅក្នុង​ការអបអរសាទរ​ចំពោះខួប​លើកទី​25ឆ្នាំ​នៃ​ប្រតិបត្តិការ​របស់​ IDP Education នៅ​ក្នុង​ប្រទេសកម្ពុជា​។លេខាធិកា GAC នឹង​ទន្ទឹងរង់ចាំ​ស្វាគមន៍​​ចំពោះ​ម្ចាស់​ឧបត្ថម្ភ អ្នកគាំទ្រ វាគ្មិន និង​គណៈប្រតិភូ​នានា​​សម្រាប់​សន្និសីត GAC លើកទី4ក្នុង​ឆ្នាំ2018។

ដើម្បីទទួលបានព្រឹត្តិបត្តិព័ត៌មានទាក់ទងនឹងវិស័យអចលនទ្រព្យថ្មីៗចុងក្រោយបំផុត សូមចុះឈ្មោះរបស់លោកអ្នកនៅថ្ងៃនេះ!

Comments