សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះបានចេញសេចក្តីប្រកាសថ្មីស្តីពីការចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ៣០០០០រៀល ដោយបានអនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានូវធនប័ត្រអនុស្សាវរីយ៍នេះទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ ។
អនុលោមទៅតាមអនុក្រឹត្យស្តីពីការចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ៣០០០០រៀលនេះ ធនាគារជាតិនៃកម្ពុជាក៏បានចេញផ្សាយពីលក្ខណៈសម្គាល់នៃក្រដាសប្រាក់ថ្មីនេះដែលមានលក្ខណៈពិសេសដូចជា ពណ៍ចម្បងគឺ ពណ៍បៃតង ពណ៍ត្នោត និងពណ៍ស្វាយ ដែលក្រដាសប្រាក់នោះមានទំហំបណ្តោយ១៧០មម និងទទឹង៧៥មម ផងដែរ ។
មិនតែប៉ុណ្ណោះផ្ទៃកណ្តាលនៃក្រដាសប្រាក់ថ្មីនេះ ខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំពីមុខនៃ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" នាឱកាសកិច្ចព្រមព្រៀមសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ តែតុលា ឆ្នាំ១៩៩១ ដែលផ្ទៃខាងក្រោយត្រូវបានតែងលម្អដោយក្បាច់ចម្លាក់ជាប្រពៃណីក្នុងព្រះបរមរាជរាំងភ្នំពេញ ព្រមជាមួយអក្សរ "បីម៉ឺនរៀល" នៅខាងក្រោម និងមានលក្ខណៈសម្គាល់ជាច្រើនទៀតដែលមានចែងក្នុងសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ។
ធនាគារជាតិនៃកម្ពុជាក៏បានបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃចេញប្រកាសនេះតទៅក្រដាសប្រាក់ប្រភេទ៣០០០០រៀលនេះនឹងត្រូវបានដាក់ឱ្យចរាចរទន្ទឹមគ្នាជាមួយនឹងក្រដាសប្រាក់ប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក ។ សាធារណជនគ្រប់រូបត្រូវពិនិត្យ និងសម្គាល់ក្រដាសប្រាក់ថ្មីនេះឱ្យបានច្បាស់លាស់ដើម្បីចៀសវាងការភាន់ច្រឡំ ៕
ប្រសិនបើលោកអ្នកមានបំណងព្រឹក្សាយោបល់ ឬទិញ លក់ និងជួលអចលនទ្រព្យនានាអាចទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះបាន !!!
Comments