+855 92 92 1000
Logo
ត្រូវប៉ាន់ហើយពេលនេះ ! ការបង្កើតក្រុងថ្មីចំនួន៣ទៀតនឹងធ្វើឱ្យតម្លៃ​អចលន​ទ្រព្យតំបន់នោះឡើងថ្លៃ
Updated on: December 27, 2022, 7:26 a.m.
Published on: December 27, 2022, 7:26 a.m.

ត្រូវប៉ាន់ហើយពេលនេះ ! ការបង្កើតក្រុងថ្មីចំនួន៣ទៀតនឹងធ្វើឱ្យតម្លៃ​អចលន​ទ្រព្យតំបន់នោះឡើងថ្លៃ


ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានាពេលថ្មីៗនេះទើបតែបានសម្រេចបង្កើតក្រុងថ្មីដូចជា ក្រុងឧដុង្គម៉ែ​ជ័យ (ខេត្ត​កំពង់​ស្ពឺ), ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន (ខេត្តកណ្តាល) ដែលត្រូវបានអ្នកជំនាញក្នុងវិស័យ​អចលន​ទ្រព្យ​បាន​លើក​ឡើង​​ថា ក្រុងថ្មីទាំង៣នេះនឹងធ្វើឱ្យតម្លៃអចលនទ្រព្យនឹងស្ទុះឡើងថ្លៃ ។

ការបង្កើតក្រុងទាំង៣នេះគឺជាយន្តការរបស់រាជរដ្ឋាភិបាលដើម្បី​ជំរុញ​សេដ្ឋកិច្ចនៅតាមតំបន់​ឱ្យកាន់តែមាន​ភាពទា​ក់​ទាញ និងមានការរីកចម្រើនជាមុន ​ក៏ដូចជាការបង្កើនការផ្តល់សេវា​សាធារណៈ​កាន់តែ​កៀក និងមានប្រសិទ្ធភាព ។

ក្នុង​ពេលដែលទីក្រុងថ្មីនេះចាប់ផ្តើមកសាងតម្រូវការដីនឹងមានការកើនឡើងដែលធ្វើឱ្យតម្លៃអចលនទ្រព្យ​កើន​ឡើង ។ ប៉ុន្តែយ៉ាង​ណាការរៀបចំក្រុងថ្មីនេះទាមទារនូវការវិនិ​យោគរបស់រាជរដ្ឋា​ភិបាលក្នុ​ងការកសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ឱ្យ​បាន​កាន់តែប្រសើរ​ជាង​មុន​ផងដែរ ។ សម្រាប់ឆ្នាំ២០២៣ តម្លៃដី​អាចនឹងមិនប្រែប្រួលខ្លាំងនោះទេ ដោយសារ​ស្ថាន​ភាពសេដ្ឋកិច្ចមិនសូវល្អ ក៏ដូចជា​បញ្ហា​អូស​បន្លាយនៃសង្រ្គាមអ៊ុយក្រែន ។ តែយ៉ាងណា ចាប់ពីឆ្នាំ២០២៤ និងឆ្នាំ២០២៥ តម្លៃដីអាចនឹងកើនឡើងពី២០% ទៅ​៣០%​នៃតម្លៃ​បច្ចុប្បន្ន ។ នេះបើតាមការឱ្យពីលោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ។

លោក ច្រឹក សុខនីម បានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះនៅក្នុងតំបន់អរិយក្សត្រ​អចលនទ្រព្យមាន​តម្លៃ​ចន្លោះ​ពី៨០​ដុល្លារ​ទៅ១៣០ដុល្លារក្នុង​មួយ​ម៉ែត្រការ៉េ សម្រាប់នៅតាមផ្លូវធំៗ និងតាមផ្លូវតូចៗ តម្លៃប្រមាណ​ពី២០​ដុល្លារ​ទៅ​ក្រោម​​៨​០ដុល្លារក្នុងមួយម៉ែត្រការ៉េ ។ ដោយ​ឡែក​នៅ តំបន់ក្រុងឧដុង្គម៉ែជ័យ ក្នុងខេត្តកំពង់ស្ពឺវិញ ជាមធ្យមតម្លៃដី ប្រហាក់ប្រហែលនឹងតំបន់អរិយក្សត្រដែរ ពោលគឺនៅតាម​ផ្លូវ៥១ តម្លៃចន្លោះពី​៧០​ដុល្លារ​ទៅជិត​២០០​ដុល្លារ​ក្នុងមួយ​ម៉ែត្រការ៉េ និងនៅតាមផ្លូវតូចៗ នៅរង្វង់២០ទៅ៣០ដុល្លារ ក្នុងមួយ​ម៉ែត្រ​ការ៉េ ។

ក្រុងចំនួន២នៅខេត្តកណ្តាល គឺក្រុងអរិយក្សត្រ ​ត្រូវបានកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ នៅស្រុកល្វាឯម​ ខណៈក្រុងសំពៅពូន ដែលជាប់ព្រំដែនវៀតណាម ត្រូវបានកាត់យកឃុំចំនួន០៥ ពីស្រុកកោះធំ ។ ​ដោយឡែក​ក្រុងឧដុង្គម៉ែជ័យ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ត្រូវបានបំបែកចេញពីស្រុកឧដុង្គ ​ដោយកាត់យក​ឃុំចំនួន​៥ពីស្រុក​ឧដុង្គ ​៕

Comments