+855 92 92 1000
Logo
៣,២ពាន់លានដុល្លារគម្រោងវិនិយោគពីម៉ាឡេស៊ីចុះបញ្ជីនៅកម្ពុជា
Updated on: May 12, 2022, 7:15 p.m.
Published on: April 11, 2022, 7:43 a.m.

៣,២ពាន់លានដុល្លារគម្រោងវិនិយោគពីម៉ាឡេស៊ីចុះបញ្ជីនៅកម្ពុជា


ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី​សរុប​ចំនួន​១៦២​ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់ CDC បាន​ចុះបញ្ជី គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០២២ ដែល​មាន​តម្លៃ​៣,២​ពាន់​លាន​ដុល្លារ ដោយ​ចាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​បន្ថែម​លើ​វិស័យ​ធំ​ៗ​ចំនួន​៣ ។ តាម​រយៈ​ការ​បង្ហាញ​ចំណាប់អារម្មណ៍​របស់​គណៈប្រតិភូ​ម៉ា​ឡេ​ស៊ី​លើ​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ វិស័យ​អចលនទ្រព្យ រួម​ជាមួយនឹង​រ៉ែ និង​ថាមពល ។

​កម្ពុជា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ឯកអគ្គរដ្ឋទូត និង​មន្ត្រី​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​ផ្តល់​ព័ត៌មាន​អំពី​ការ​វិនិយោគ និង​សម្រួល​ដល់​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​វិនិយោគ​ម៉ា​ឡេ​ស៊ី​ផ្សេង​ទៀត​នា​ពេល​ខាង​មុខ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក នុ​ត​វ័​ណ​រ៉ា អគ្គលេខាធិការ​រង នៃ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ CDC ។​

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹ​ម ហេង បាន​ថ្លែង​ឱ្យ​ដឹងផង​ដែរ​ថា អ្នក​វិនិយោគ​ម៉ា​ឡេ​ស៊ី​បាន​មើលឃើញ​ប្រទេស​កម្ពុជា​ជា​គោលដៅ​វិនិយោគ​ដ៏​សំខាន់​មួយ ដោយសារ​ព្រះរាជាណាចក្រ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន និង​កូរ៉េ​ខាងត្បូង ។

លោក​បន្ត​ថា​៖«​កម្ពុជា​ជា​ប្រទេស​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស ដោយសារ​ព្រះរាជាណាចក្រ​បើក​ទូលាយ​ដល់​អ្នក​វិនិយោគ​គ្រប់​កម្រិត​។ ជា​លទ្ធផល មាន​ក្រុមហ៊ុន​ជា​ច្រើន​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ចូល​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ស្ទើរតែ​គ្រប់​វិស័យ ដែល​បណ្តាល​មក​ពី​ការ​ជឿជាក់​របស់​អ្នក​វិនិយោគ​មក​លើ​រដ្ឋាភិបាល​កម្ពុជា ។ កម្ពុជា​បាន​ផ្តល់​ការ​អនុគ្រោះ​ទាំងអស់​ដល់​វិស័យ​ឧស្សាហកម្ម រោងចក្រ សហគ្រាស​សម្រាប់​ផលិតកម្ម និង​ការ​នាំ​ចេញ​» ។​

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ៖ « ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី​ដែល​ចូល​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ដោយសារ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​ច្រើន​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​។ ខ្ញុំ​គិត​ថា​នេះ​ជា​រឿង​ល្អ​សម្រាប់​អ្នក​វិនិយោគ​មក​កម្ពុជា​» ។

​ម៉ា​ឡេ​ស៊ី​ស្ថិត​ក្នុង​ចំណោម​វិនិយោគិន​បរទេស​សំខាន់​ៗ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​អចលនទ្រព្យ រោងចក្រ​កាត់ដេរ និង​រោងចក្រ​កែ​ច្នៃ ។ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ម៉ា​ឡេ​ស៊ី កើន​លើស ៥០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១ កើនឡើង ១៣.១៤% ធៀប​នឹង​ឆ្នាំ​មុន នេះ​បើ​យោង​តាម​ក្រសួងពាណិជ្ជកម្ម ។​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ម៉ា​ឡេ​ស៊ី​មាន​លើស​ពី ១០១ លាន​ដុល្លារ កើនឡើង ២,៦ ភាគរយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយ​ការ​នាំ​ចូល​មាន​តម្លៃ ៣៩៩ លាន​ដុល្លារ កើនឡើង ១៦ ភាគរយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ៕

Comments