+855 92 92 1000
Logo
អចលនទ្រព្យតម្លៃជាង ១៥ លានដុល្លារអាមេរិក បានលក់ដាច់ក្នុងព្រឹត្តិការណ៍ Black Friday Property Sale
Updated on: June 6, 2022, 5:01 p.m.
Published on: June 16, 2020, 9:24 a.m.

អចលនទ្រព្យតម្លៃជាង ១៥ លានដុល្លារអាមេរិក បានលក់ដាច់ក្នុងព្រឹត្តិការណ៍ Black Friday Property Sale


ព្រឹត្តិការណ៍លក់អចលនទ្រព្យអនឡាញបញ្ចុះតម្លៃ Black Friday Property Sale ដែលលោកអ្នកទន្ទឹងរង់ចាំជាយូរមកហើយនោះ បានប្រព្រឹត្តធ្វើឡើងកាលពីរាត្រី ថ្ងៃសុក្រ ទី១២ ខែមិថុនា កន្លងទៅនេះ ដោយមានវត្តមានចូលរួមពីសំណាក់អតិថិជនប្រមាណ ២០,០០០ នាក់ ដែលបានចូលរួមទស្សនាកម្មវិធីផ្សាយផ្ទាល់រយៈពេល ៤ម៉ោង និងស្វែងរកទិញអចលនទ្រព្យនៅលើគេហទំព័រផ្លូវការរបស់ព្រឹត្តិការណ៍នេះ។ ក្នុងអំឡុងកម្មវិធីទាំងមូល អចលនទ្រព្យតម្លៃជាង ១៥ លានដុល្លារអាមេរិក ត្រូវបានកក់ទុកដោយអតិថិជន។

ព្រឹត្តិការណ៍ Black Friday Property Sale គឺជាព្រឹត្តិការណ៍លក់អចលនទ្រព្យអនឡាញដំបូងបំផុតក្នុងប្រវត្តិសាស្រ្តនៃវិស័យអចលនទ្រព្យកម្ពុជា។ គោលដៅចំបងនៃពិព័រណ៍អនឡាញនេះ គឺដើម្បីបង្កើនសកម្មភាពទិញដូរអចលនទ្រព្យក្នុងប្រទេស ក៏ដូចជារួមចំណែកស្រោចស្រង់វិស័យអចលនទ្រព្យកម្ពុជាឱ្យងើបឡើងវិញ ក្រោយមានការឹតបណ្តឹងការធ្វើដំណើរ ក៏ដូចជាវិធានការទប់ស្កាត់មេរោគកូរ៉ូណាដទៃទៀតនៅទូទាំងសកលលោក។

ព្រឹត្តិការណ៍នេះបានប្រមូលផ្ដុំក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេជាង ៣០ក្រុមហ៊ុន មកពីទូទាំងប្រទេស ដែលបានចូលរួមដាក់លក់អចលនទ្រព្យគ្រប់ប្រភេទ រួមមាន ខុនដូ បុរី និងដីឡូតិ៍ ក្នុងតម្លៃទាបជាងទីផ្សារ។​ ព្រឹត្តិការណ៍នេះក៏បានទទួលស្វាគមន៍វត្តមានរបស់អ្នកជំនាញជាង ១០០នាក់ មកពីគ្រប់ស្ថាប័នពាក់ព័ន្ធ រួមមាន ភ្នាក់ងារអចលនទ្រព្យក្នុងស្រុកនិងក្រៅប្រទេស អ្នកសារព័ត៌មាន អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ ធនាគារ និងក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកពាណិជ្ជកម្មថែមទៀតផង។ ហើយអ្វីដែលពិសេស ពិព័រណ៍អនឡាញជាលើកដំបូងនេះបានទាក់ទាញអ្នកចូលរួមចម្រុះជាតិសាសន៍ រួមមាន អតិថិជនកម្ពុជាប្រមាណ ៥០% អតិថិជនចិនប្រមាណ ៣០% និងអតិថិជនអន្តរជាតិដទៃទៀតប្រមាណ ២០%។

អ្នកចូលរួមម្នាក់ដែលបានទិញអចលនទ្រព្យក្នុងព្រឹត្តិការណ៍នេះ បានមានប្រសាសន៍ថា៖ «ខ្ញុំបានដឹងពីពិព័រណ៍នេះតាមរយៈក្រុមហ៊ុន Century 21 Fuji ហើយបានចុះឈ្មោះចូលរួមភ្លាមៗតែម្ដង។ ខ្ញុំពេញចិត្តយ៉ាងខ្លាំងចំពោះការផ្សព្វផ្សាយតាំងពីដើមរហូតដល់ថ្ងៃកម្មវិធី ដោយសារតែការណែនាំមានភាពច្បាស់លាស់ដែលបង្កភាពងាយស្រួលសម្រាប់ខ្ញុំក្នុងការត្រៀមខ្លួន មុនពេលកម្មវិធីចូលមកដល់។ ការពិតទៅ ខ្ញុំបានសម្លឹងមើលពីការវិនិយោគនៅក្នុងប្រទេសកម្ពុជាជាយូរណាស់មកហើយ ហើយព្រឹត្តិការណ៍នេះបានចូលមកចំពេលដ៏ល្អបំផុត។ ខ្ញុំពិតជារីករាយយ៉ាងខ្លាំងដែលមានឱកាសទិញអចលនទ្រព្យក្នុងតម្លៃដ៏អស្ចារ្យនេះ។»

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលមានវត្តមានក្នុងព្រឹត្តិការណ៍នេះ ក៏បានបង្ហាញមតិវិជ្ជមានផងដែរ៖

«ព្រឹត្តិការណ៍នេះពិតជាល្អខ្លាំងណាស់ ដោយសារវាបានបង្កភាពងាយស្រួលជាងមុនសម្រាប់អតិថិជនក្នុងការស្វែងរកទិញអចលនទ្រព្យក្នុងតម្លៃដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុនមក។ ការដែលអតិថិជនអាចចូលមើលគម្រោងអភិវឌ្ឍន៍ផ្សេងៗគ្នាយ៉ាងងាយស្រួល ក្នុងពេលតែមួយ តាមទូរស័ព្ទដៃឬកុំព្យូទ័រយួរដៃរបស់ពួកគាត់ គឺពិតជាបានបន្ថែមគុណតម្លៃយ៉ាងពិតប្រាកដ។

ទន្ទឹមគ្នានេះដែរ ព្រឹត្តិការណ៍នេះក៏បានជួយសម្រួលយ៉ាងខ្លាំងដល់ក្រុមហ៊ុនអភិវឌ្ឍន៍ផងដែរ ស្របពេលដែលពួកយើងជួបប្រទះការលំបាកក្នុងការទាក់ទាញអតិថិជនថ្មីៗក្នុងអំឡុងពេលនេះ។ កម្មវិធី Black Friday Property Sale បានជួយពួកយើងក្នុងការផ្លាស់ប្តូរស្ថានភាពដ៏អាក្រក់នេះយ៉ាងពិតប្រាកដ។ ពួកយើងទទួលបានការកក់ចំនួន ៣ ពីអតិថិជន ហើយក៏មានអតិថិជនជាច្រើនទៀតបានទាក់ទងមកយើងផ្ទាល់ផងដែរអំឡុងពេលកម្មវិធី ដើម្បីសួរនាំព័ត៌មានបន្ថែមអំពីគម្រោង។

យើងយល់យ៉ាងច្បាស់ថា នេះគឺជាពិព័រណ៍អនឡាញដ៏ធំនិងដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានរៀបចំឡើងដោយ Realestate.com.kh ហើយកំហុសមួយចំនួនគឺពិតជាជៀសមិនផុត។ យ៉ាងណាមិញ យើងជឿជាក់ថាក្រុមហ៊ុន REAKH នឹងអាចដោះស្រាយបញ្ហាទាំងអស់នេះបាននាពេលខាងមុខ ហើយធ្វើឱ្យព្រឹត្តិការណ៍បន្ទាប់កាន់តែប្រសើរឡើងជាងមុន។»

ប្រសាសន៍របស់លោកស្រី Nhim Pich Panha
ប្រធានការិយាល័យលក់នៃគម្រោង The Peninsula

«ដំបូងឡើយ យើងមានការស្ទាក់ស្ទើរក្នុងការចូលរួមព្រឹត្តិការណ៍ Black Friday Property Sale ពីព្រោះវាជាព្រឹត្តិការណ៍ដ៏ប្លែកនិងដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ ខ្ញុំត្រេកអរយ៉ាងខ្លាំងដែលយើងបានសម្រេចចិត្តចូលរួម ហើយទទួលបានលទ្ធផលដ៏ល្អបែបនេះ! កម្មវិធីនេះគឺពិតជាពិសេសខុសប្លែកពីគេ ហើយនាំមកនូវលទ្ធផលយ៉ាងពិតប្រាកដ។ វាគឺជាសំណាងរបស់យើងដែលបានចាប់ដៃគូជាមួយ REAKH ហើយ Mekong View Properties នឹងចូលរួមព្រឹត្តិការណ៍ក្រោយៗទៀតជាក់ជាមិនខាន!»

ប្រសាសន៍របស់លោក Felix V Calimbo

ប្រធានផ្នែកលក់និងទីផ្សារនៃក្រុមហ៊ុន Bun Ches Groups Co., Ltd.

ឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍នេះ លោក Tom O’Sullivan ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh ដែលជាអ្នករៀបចំកម្មវិធីនេះ បានមានប្រសាសន៍ថា៖ «យើងពិតជាត្រេកអរយ៉ាងខ្លាំងចំពោះលទ្ធផលដ៏ល្អនេះ ដែលវាបានឆ្លុះបញ្ចាំងឱ្យឃើញពីភាពខ្លាំងក្លានៃវិស័យអចលនទ្រព្យកម្ពុជា។​ ពិតណាស់ តម្រូវការលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជាពិតជាមានការកើនឡើងជាងមុនគួរឱ្យកត់សម្គាល់ ហើយយើងមានក្ដីសោមនស្សរីករាយជាខ្លាំងក្នុងការប្រមូលផ្ដុំក្រុមហ៊ុនអភិវឌ្ឍន៍ធំៗក៏ដូចជាភ្នាក់ងារអចលនទ្រព្យឈានមុខគេមកពីទូទាំងប្រទេស ដើម្បីនាំមកជូនទីផ្សារនូវការផ្ដល់ជូនដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មានពីមុនមក។»

លោកបានបន្តថា៖ «អំឡុងពេលដ៏លំបាកនេះ យើងមានឆន្ទៈក្នុងការបង្កើតវេទិកាមួយសម្រាប់ប្រមូលផ្ដុំអ្នកពាក់ព័ន្ធក្នុងវិស័យទាំងមូល ខណៈពេលដែលវិស័យនានាជួបប្រទះបញ្ហាប្រឈមជាច្រើនដូចគ្នា។ នេះជាពេលវេលាដ៏ប្រសើរក្នុងការដាក់ចេញព្រឹត្តិការណ៍ប្រភេទនេះ។ យើងដឹងថា មានអតិថិជនរាប់ពាន់នាក់មានបំណងវិនិយោគក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ទាំងអតិថិជនក្នុងស្រុកនិងវិនិយោគិនក្រៅប្រទេស ហើយមនុស្សមួយណាក៏ពេញចិត្តចំពោះការផ្ដល់ជូនដ៏អស្ចារ្យនេះដែរ។»

គម្រោងអភិវឌ្ឍន៍ធំៗ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ រួមមាន [Union Development City, Baoli (Cambodia) Real Estate Co., Ltd, Jindi East Asia Real Estate Development Co., Ltd., The Peninsula Capital Co., JianZhong YuTong Co., Ltd. Everhealth International Investment and Development Ltd., Romdoul Overseas Co., Ltd, Leshenwe Real Estate Development (Cambodia) Co. Ltd, Urban Hub, Borey VIP, Gracticity Realestate Development Co., Ltd, Parkway Investment Co., Ltd (Cambodia) Co., JV Parc 21, SGDP Development Co., National 6A, Creed Group, SJS Group, Hunter Estate, Prince Real Estate, KW, At Solutions, The Premier Land, Borey Sambath Meanheng III, Pointer Property Co., Ltd, Natha Residence, Chan Residence, Borey Ly Sovann, Bun Ches Groups Co., Ltd, Premium Group, Yin Yi Ventures, CBRE (L’attrait Property Development Inc.), CBRE (The Leedon heights Condominium Co., Ltd.)]

ដៃគូផ្សព្វផ្សាយសម្រាប់ព្រឹត្តិការណ៍នេះ រួមមាន [SEAPS, C21 Fuji, Amatak, CBRE, Property Area, Tnaot 柬埔寨头条, Sabay, 58.com, ATSolutions, B2B Cambodia, Beyond Design, BizKhmer, C21 Advanced, C21 Dream Property, Central Trust, Cambodian Investment Management, Coldwell Banker, CPA Realty, CPL, Dabest, Fazwaz, Grep Tech, Grobartig, HOTPROP, Huione, IPS Cambodia, ITA, Juwai IQI Cambodia, Key Real Estate, Khmer Times, Khmerload, Knight Frank Cambodia, Panasialife, RedBridge, Rentex, SKylead, Sovannphum, Towncity, YiFung億豐地產, 東旺]

អំពីព្រឹត្តិការណ៍ Black Friday Property Sale 

ព្រឹត្តិការណ៍ Black Friday Property Sale​ គឺជាកម្មវិធីដ៏ពិសេសខុសប្លែកពីគេ ដែលបានប្រមូលផ្ដុំក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមកពីទូទាំងប្រទេស ក៏ដូចជាអចលនទ្រព្យដាក់លក់បន្តជាច្រើនទៀត ដែលអាចឱ្យអតិថិជនធ្វើការចូលមើលព័ត៌មានលម្អិតរបស់អចលនទ្រព្យ និងការបញ្ចុះតម្លៃ ដែលកម្មវិធីមានរយៈពេល៤ម៉ោង។ បន្ទាប់មក អតិថិជនគ្រាន់តែធ្វើការបង់ប្រាក់កក់ចំនួន ៥០០ ដុល្លារអាមេរិក (ដែលអាចដកវិញបាន) ដើម្បីធានាការបញ្ចុះតម្លៃលើអចលនទ្រព្យដែលពួកគាត់ពេញចិត្ត។ ក្រោយថ្ងៃព្រឹត្តិការណ៍ អតិថិជនអាចធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ ដោយផ្ទាល់ជាមួយនឹងម្ចាស់គម្រោង។

សម្រាប់ទំនាក់ទំនងផ្នែកលក់ និងទីផ្សារ៖

លោក Nara Tang

+855 86 644 903

nara.tang@realestate.com.kh

Comments