វិស័យអចលនទ្រព្យកម្ពុជាកំពុងតែបោះជំហានទៅរកភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃបើទោះបីជាបច្ចុប្បន្នកំពុងប្រឈមជាមួយនឹងជំងឺរាតត្បាតកូវីដ១៩ក្តី ។ បណ្តាវិនិយោគិនទាំងក្នុង និងក្រៅស្រុកសម្រុុកធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់លើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមិនថាតែផ្នែកដីធ្លី ផ្ទះបុរី ផ្ទះវីឡា ខុនដូ ជាដើម ។
សឹងតែគ្រប់ផ្នែកនៃវិស័យអចលនទ្រព្យកំពុងតែមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗ ជាពិសេសអត្រានៃអ្នកអភិវឌ្ឍន៍កាន់តែមានច្រើនឡើងៗ ដូច្នេះសម្រាប់ទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជា តើអចលនទ្រព្យប្រភេទណាដែលកំពុងទទួលបានការពេញនិយមខ្លាំងសម្រាប់អ្នកអភិវឌ្ឍន៍ក្នុងការចំណាយទុនសម្រាប់វិនិយោគយកចំណេញនាពេលបច្ចុប្បន្នបាន?
បើតាមប្រភពអ្នកជំនាញអចលនទ្រព្យជាច្រើនធ្លាប់បានលើកឡើងឱ្យដឹងថា អចលនទ្រព្យមួយប្រភេទដែលមានការពេញនិយម និងទទួលបានការចំណេញច្រើនក្នុងការជួញដូរនោះគឺ «វិស័យដីធ្លី» ។ ព្រោះបច្ចុប្បន្នការអភិវឌ្ឍន៍បន្តរីករាលដាលគ្រប់ទិសទី ហើយតំបន់ទេសចរណ៍កែច្នៃក៏ចេះតែកើនឡើងដែលធ្វើឱ្យតម្រូវការដីធ្លីនៅតែកើនឡើងជាបន្តបន្ទាប់ ។
មិនតែប៉ុណ្ណោះ បើតំបន់ដែលមានវិនិយោគិនចិនទៅដល់ទៀតនោះ តម្លៃដីគឺកើនឡើងទ្វេដងតែម្ដងដោយសារតែការវិនិយោគរបស់វិនិយោគិនចិនសុទ្ធតែជាគម្រោងធំ ដូច្នេះហើយគេត្រូវការទិញយកឱ្យបានលឿនមិនសូវចរចាយូរពេកនោះទេ ។
តម្លៃដីធ្លីនៅកម្ពុជាចាប់ផ្ដើមមានសន្ទុះបន្តិចម្ដងៗអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ ហើយបន្ទាប់ពីមានវត្តមានវិនិយោគិនចិនរួចមក តម្លៃដីបានហក់ឡើងទ្វេដង ដោយតម្លៃដីនៅតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តព្រសីហនុ និងខេត្តកំពតជាដើម បានឡើងថ្លៃស្ទើរស្មើនឹងតម្លៃដីធ្លីនៅក្នុងទីក្រុងភ្នំពេញទៅហើយ ៕
Comments