ស្របពេលវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងតែមានសក្តានុពលខ្លាំងដែលធ្វើឱ្យការវិនិយោគលើវិស័យមួយនេះកាន់តែលេចធ្លោ ។ ស្ថានភាពសេដ្ឋកិច្ចកម្ពុជានឹងស្ទុះងើបឡើងវិញ និងរំពឹងថាចិនដែលនាំមុខគេ វិនិយោគវិស័យចលនទ្រព្យនៅកម្ពុជា នឹងបើកប្រទេសវិញ នៅដើមឆ្នាំ២០២៣ ។
តាមប្រភពឧកញ៉ាបណ្ឌិត គឹម ហ៊ាង អ្នកជំនួញខាងផ្នែកអចលនទ្រព្យបានឱ្យដឹងថា ឆ្នាំ២០២៣ សេដ្ឋកិច្ចនឹងមានភាពល្អប្រសើរជាងឆ្នាំ២០២២ដែលអំណោយផលសម្រាប់ការរកស៊ី ឬវិនិយោគផ្សេងៗ ។ ហើយសេដ្ឋកិច្ចនឹងស្ទុះងើបឡើងវិញជាសញ្ញាល្អសម្រាប់វិស័យអចលនទ្រព្យ ។
លោកលើកឡើងបន្តថា សម្រាប់វិស័យអចលនទ្រព្យដើម្បីរកស៊ីចំណេញគ្មានអ្វីល្អជាការទិញដីនោះទេ ។ លោកពន្យល់ថា នៅឆ្នាំ២០២៣ខាងមុខនេះការវិនិយោគដីធ្លីនៅតែជាឱកាសល្អជាងគេដែលហុចផលចំណេញខ្ពស់ ជាពិសេសគួរទិញដីទំនេរ ឬដីស្រែដែលទិញពីម្ចាស់ដើម ។ ហើយតំបន់ដែលមានសន្ទុះអភិវឌ្ឍល្អគឺនៅភាគខាងជើងក្រុងភ្នំពេញ ដែលនឹងកំពុងក្លាយជាទីតាំងដ៏មានសក្តានុពល ។ បើធៀបនឹងតំបន់ដទៃទៀតនៅជុំវិញរាជធានីភ្នំពេញ ភាគខាងជើងទីក្រុងនេះជាតំបន់មានការអភិវឌ្ឍលឿន និងអាចពង្រីកក្រុងបានឆ្ងាយនាពេលអនាគត ។
គួរជម្រាបថា កាលពីថ្ងៃទី៧ ខែធ្នូ កន្លងទៅនេះរដ្ឋាភិបាលចិនបានសម្រេចបន្ធូរបន្ថយច្បាប់ប្រឆាំងកូវីដ-១៩ ដែលជាការផ្លាស់ប្តូរមួយដ៏ធំ គិតចាប់តាំងជំងឺនេះបានរាតត្បាតរយៈពេល៣ឆ្នាំមកនេះ ។ ករណីនេះ គេរំពឹងថា ចិននឹងឈានទៅបើកប្រទេសឡើងវិញ នាពេលខាងមុខនេះ ដែលជំរុញឱ្យអ្នកវិនិយោគ និងភ្ញៀវទេសចរមកកម្ពុជា ៕
Comments