+855 92 92 1000
Logo
ដឹង​អត់ ! សំណង់​បែប​ណា​ខ្លះ​ដែល​ត្រូវ​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់?
Updated on: October 6, 2022, 4:31 a.m.
Published on: September 30, 2022, 10:02 a.m.

ដឹង​អត់ ! សំណង់​បែប​ណា​ខ្លះ​ដែល​ត្រូវ​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់?


វិស័យ​សំណង់​ក្នុង​ប្រទេស​កម្ពុជា​កំពុង​វិវឌ្ឍន៍​ខ្លួន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជាក់ស្តែង​ការ​សាងសង់​លំនៅ​ឋាន អគារ​ខុន​ដូ អគារ​ពាណិជ្ជកម្ម ជាដើម​មានការ​រីក​ចម្រើន​នៅ​ពាសពេញ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ។

ប៉ុន្តែ​ក្នុង​នោះ​ផង​ដែរ រាល់​ការងារ​សាងសង់​សំណង់​ត្រូវ​ធ្វើការ​ស្នើ​សុំ​ការ​អនុញ្ញាត​សាងសង់ និង​អនុលោម​តាម​បទ​ប្បញ្ញត្តិ​បច្ចេកទេស​សំណង់ និង​ការ​ត្រួតពិនិត្យ​អនុលោម​ភាព​តាម​បទ​ប្បញ្ញត្តិ​បច្ចេកទេស​សំណង់​ត្រូវ​អនុវត្ត​ដោយ​អ្នកត្រួតពិនិត្យ និង​បញ្ជាក់​ដែល​មាន​អាជ្ញា​បណ្ណ ឬ​ការ​អនុញ្ញាត​ផ្តល់​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។

តើ​សំណង់​បែប​ណាខ្លះ​ដែល​ត្រូវ​ធ្វើការ​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់?

ចំពោះ​ការ​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់​ត្រូវ​បាន​កំណត់​ចំនួន​៣​ថ្នាក់​ផ្សេង​គ្នា​ទៅ​តាម​ទំហំ​នៃ​ការ​សាងសង់ គម្រោង​នីមួយ​ៗ ៖

  1. ចំពោះ​សំណង់​ដែល​មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​តូច​ជាង ឬ​ស្មើ ៥០០ ម៉ែត្រការ៉េ និង​មាន​កម្ពស់​ទាប​ជាង ឬ​ស្មើ​៤​ជាន់ (​គិត​ទាំង​ជាន់​ផ្ទាល់​ដី និង​គ្មាន​ជាន់​ក្រោម​ដី​) ត្រូវ​ធ្វើការ​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់​នៅ ក្រុង​-​ស្រុក​-​ខណ្ឌ ។
  2. ចំពោះ​សំណង់​ដែល​មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​ធំ​ជាង ៥០០ ម៉ែត្រការ៉េ ដល់ ៣,០០០ ម៉ែត្រការ៉េ ទាប​ជាង ឬ​ស្មើ​១១​ជាន់ (​គិត​ទាំង​ជាន់​ផ្ទាល់​ដី និង​គ្មាន​ជាន់​ក្រោម​ដី​) ត្រូវ​ធ្វើការ​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់​នៅ​រាជធានី​-​ខេត្ត ។
  3. ចំពោះ​គម្រោង​សាងសង់​ណា​ដែល​មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​ធំ​ជាង ៣,០០០ ម៉ែត្រការ៉េ ត្រូវ​ទៅ​សុំ​ការ​អនុញ្ញាត​សាងសង់​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ផ្ទាល់​តែ​ម្តង ។

តើ​ត្រូវ​ត្រៀម​ឯកសារ​អ្វីខ្លះ​ពេល​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់?

ឯកសារ​ចាំបាច់​សម្រាប់​ការ​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់​មាន​ដូច​ជា ៖

  1. ពាក្យ​ស្នុំ​សុំ​លិខិតអនុញ្ញាត​សាងសង់ (១​ច្បាប់​)
  2. ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ម្ចាស់​សំណង់ (​ថតចម្លង​) (២​ច្បាប់​)
  3. ឯកសារ​បញ្ជាក់​ការ​កាន់កាប់​ដី​ស្របច្បាប់ (​ថតចម្លង​) (២​ច្បាប់​)
  4. សលាក​ប​ត្រ​ក្បាលដី (២​ច្បាប់​)
  5. លិខិតបញ្ជាក់​ព័ត៌មាន​សុរិយោដី (២​ច្បាប់​)
  6. ប្លង់​ស្ថាបត្យកម្ម (៥​ច្បាប់​)
  7. របាយការណ៍​ស្តី​ពី​ការ​ត្រួតពិនិត្យ និង​បញ្ជាក់​គម្រោង​ប្លង់​ស្ថាបត្យកម្ម (៥​ច្បាប់​)
  8. លិខិតបញ្ជាក់​អនុលោម​ភាព​នៃ​គម្រោង​ប្លង់​ស្ថាបត្យកម្ម (៥​ច្បាប់​)
រយៈពេល​នៃ​ការ​ស្នើ​សុំ ៖
  • សម្រាប់​លិខិតអនុញ្ញាត​សាងសង់ ដែល​ត្រូវការ​អនុញ្ញាត​ពី​រដ្ឋមន្ត្រីក្រសួង​ដែនដី ត្រូវ​ចំណាយពេល​អតិបរមា ៤៥​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ ។
  • សម្រាប់​លិខិតអនុញ្ញាត​សាងសង់ ដែល​ត្រូវការ​អនុញ្ញាត​ពី​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​ចំណាយពេល​អតិបរមា ២៥​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ ។
  • សម្រាប់​លិខិតអនុញ្ញាត​សាងសង់ ដែល​ត្រូវការ​អនុញ្ញាត​ពី​អភិបាលក្រុង​-​ស្រុក​-​ខណ្ឌ ត្រូវ​ចំណាយពេល​អតិបរមា ១៥​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ ។
តើ​មាន​បញ្ហា​អ្វី​កើតឡើង​បើ​សាងសង់​ដោយ​មិន​សុំ​ការ​អនុញ្ញាត?

រាល់​សំណង់​ដែល​សាងសង់​ដោយ​គ្មាន​លិខិតអនុញ្ញាត សំណង់​នោះ​នឹង​នឹង​ត្រូវ​ចាត់ទុកជា​សំណង់​ខុសច្បាប់ (​បទល្មើស​) ហើយ​ការដ្ឋាន​សាងសង់​នឹង​ត្រូវ​បាន​បញ្ឈប់​ជា​បន្ទាន់ ។ លើស​ពី​នេះ បុគ្គល​ដែល​ក្លែងបន្លំ​ឯកសារ ឬ​ផ្តល់​ព័ត៌មាន​មិន​ពិត​ដល់​អាជ្ញាធរ ឬ​រដ្ឋមន្ត្រី​ដើម្បី​ទទួល​បាន​លិខិតអនុញ្ញាត​សាងសង់​នឹង​ត្រូវ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​តាម​បទ​ប្បញត្តិ នៃ​ក្រមព្រហ្មទណ្ឌ ៕

Comments