វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងមានសន្ទុះយ៉ាងផុះផុលធ្វើឱ្យអ្នកវិនិយោគជាច្រើនបានបណ្តាក់ទុនវិនិយោគលើគម្រោងអចលនទ្រព្យជាច្រើនប្រភេទដូចជា គម្រោងផ្ទះបុរី, គម្រោងខុនដូ និងដីឡូត៍ជាដើម ។ មិនតែប៉ុណ្ណោះ ដើម្បីអាចបង្កើនការលក់នៃគម្រោងទាំងនោះ អ្នកអភិវឌ្ឍន៍គម្រោងតែងតែធ្វើការផ្សព្វផ្សាយលក់អចលនទ្រព្យមុនគម្រោង ដោយភ្ជាប់ជាមួយការផ្តល់ជូននានាសម្រាប់ទាក់ទាញអតិថិជនគោលដៅរបស់ខ្លួន ។
ដូចច្នេះតើការលក់មុនគម្រោងមានន័យដូចម្តេច? ហើយវាផ្តល់គុណសម្បត្តិ និងហានិភ័យអ្វីខ្លះដល់អ្នកទិញ? ថ្ងៃនេះ Realestate.com.kh នឹងបកស្រាយចម្ងល់អំពីគុណសម្បត្តិ និងហានិភ័យនៃការទិញអចលនទ្រព្យមុនគម្រោង !
ដំបូងត្រូវស្គាល់ថា តើអ្វីទៅជាការលក់អចលនទ្រព្យមុនគម្រោង?
ការលក់អចលនទ្រព្យមុនគម្រោងគឺជាការបញ្ចេញ ឬក៏លក់អចលនទ្រព្យដែលមាន ផ្ទះ, ខុនដូ ឬដីឡូត៍ នៅក្នុងទីផ្សារក្នុងដំណាក់កាលណាមួយមុនពេលការអភិវឌ្ឍបានបញ្ចប់ ។ អ្នកអភិវឌ្ឍន៍ខ្លះធ្វើការលក់មុនគម្រោងដើម្បីយកប្រាក់ទៅសាងសង់គម្រោង ខណៈដែលអ្នកអភិវឌ្ឍន៍ខ្លះទៀតបានអនុវត្តន៍តាមវិធីនេះដើម្បីធានាថា ផ្ទះ, យូនីតខុនដូ ឬដីឡូត៍ទាំងអស់ត្រូវបានលក់នៅមុនពេលការសាងសង់ត្រូវបានបញ្ចប់ ។ អ្នកអភិវឌ្ឍន៍មួយចំនួនទៀតបានធ្វើការលក់មុនគម្រោងសម្រាប់ហេតុផលទាំងពីរ។ ប៉ុន្តែការទិញអចលនទ្រព្យមុនគម្រោងគឺមានទាំងគុណសម្បត្តិ និងហានិភ័យស្មើគ្នាផងដែរ។
តើអ្វីដែលជាគុណសម្បត្តិនៃការទិញអចលនទ្រព្យមុនគម្រោង?
ទី១- ផ្តល់ជូនតម្លៃសមរម្យ
ភាគច្រើននៃការលក់មុនគម្រោងគឺផ្តល់ជូននូវតម្លៃទាប ឬលក្ខខណ្ឌទូទាត់ប្រាក់អាចបត់បែនបាន ជាងអចលនទ្រព្យដែលចាប់ផ្តើមសាងសង់ ឬសាងសង់រួចខ្លះៗ ព្រោះតែអ្នកទិញនៅមិនទាន់ឃើញជាក់ស្តែងនូវការសាងសង់អចលនទ្រព្យទាំងនោះទេ ។ សម្រាប់ការទិញអចលនទ្រព្យមុនគម្រោង អ្នកអភិវឌ្ឍន៍អាចផ្តល់ជូនការបញ្ចុះតម្លៃពិសេសផ្សេងៗដល់អតិថិជន ឬអាចបង់រម្លស់ ព្រមទាំងការប្រាក់ទាបទៅគ្មានការប្រាក់តែម្តងដែលនេះគឺជាយុទ្ធសាស្ត្រទីផ្សារ (Marketing Strategies) របស់ម្ចាស់គម្រោង ដើម្បីធ្វើឱ្យអចលនទ្រព្យទាំងអស់កាន់តែទាក់ទាញ ។
ទី២-ជាការវិនិយោគដ៏ល្អបំផុត
អចលនទ្រព្យដែលលក់មុនគម្រោងភាគច្រើននឹងកើនឡើងតម្លៃនៅពេលដែលគម្រោងជិតបញ្ចប់ ដែលវាគឺជាផលប្រយោជន៍មួយសម្រាប់អ្នកទិញ ។ ឧទាហរណ៍ ៖ ប្រសិនបើអ្នកទិញអចលនទ្រព្យមួយដែលនៅក្នុងដំណាក់កាលមុនគម្រោងគេលក់ត្រឹម ១០០,០០០ដុល្លារ (១០ម៉ឺនដុល្លារ) ហើយប្រហែលពីរទៅបីឆ្នាំក្រោយនៅពេលដែលគម្រោងបានបញ្ចប់សាងសង់ តម្លៃលក់វិញអាចនឹងកើនឡើងដល់ទៅប្រហែល១៣ទៅ១៥ម៉ឺនដុល្លារ (ទៅតាមលក្ខណៈពិសេស និងអំណោយផលរបស់គម្រោងនោះ) ។ ដូច្នេះលោកអ្នកអាចចំណេញ៣ទៅ៥ម៉ឺនដុល្លារ ដោយមិនចាំបាច់ធ្វើអ្វីសោះគ្រាន់តែរង់ចាំការអភិវឌ្ឍន៍បញ្ចប់ប៉ុណ្ណោះ។ ប៉ុន្តែជាការពិតណាស់ អ្នកក៏ត្រូវតែធ្វើការសិក្សាឱ្យបានច្បាស់លាស់លើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យនោះជាមុនសិន ។
ទី៣-មានជម្រើសច្រើន
ដោយសារតែអចលនទ្រព្យស្ថិតនៅក្នុងដំណាក់កាលលក់មុនគម្រោងទើបមិនសូវមានមនុស្សច្រើនបានទៅមើល និងទិញអចលនទ្រព្យនោះ ។ ដូច្នេះក្នុងនាមជាអ្នកទិញអចលនទ្រព្យមុនគម្រោងអ្នកមានសេរីភាពក្នុងការជ្រើសរើសយកយូនីតដែលអ្នកចង់បាន ទីតាំងបែបណា ជាន់ទីប៉ុន្មាន និងចំណុចជាច្រើនទៀត ។ ជាមួយនឹងយូនីតដែលសាងសង់រួចគឺមិនមានផ្តល់ជូនបែបនេះនោះទេ ។
តើអាចមានហានិភ័យអ្វីខ្លះពេលទិញអចលនទ្រព្យមុនគម្រោង?
ទី១-ការផ្លាស់ប្តូរលក្ខខណ្ឌ
នៅពេលខ្លះ កិច្ចសន្យាលក់មុនគម្រោងអាចនឹងមានភាពមិនប្រាកដ និងមិនច្បាស់លាស់ និងអាចមានការផ្លាស់ប្តូរបន្ថែមទៀតមិនថា ស្របច្បាប់ ឬតាមបច្ចេកទេស ឬភាពចន្លោះប្រហោងដែលមិនបានបំពេញក្នុងកិច្ចសន្យាជាដើម ។ ហានិភ័យដែលអាចកើតមានគឺអ្នកលោកអ្នកដែលទិញមុនគម្រោងអាចនឹងបានយូនីតដែលខុសពីអ្វីដែលគេបានសន្យាជាមួយ ។ នេះរួមបញ្ចូលទាំងការផ្លាស់ប្តូរនៅក្នុងសម្ភារៈ ទីតាំង ប្លង់ ទំហំ និងក្បាច់រចនាជាដើម ។ ហើយដោយសារតែអ្នកបានចុះហត្ថលេខាលើកិច្ចសន្យារួចទៅហើយ អ្នកនឹងមិនអាចធ្វើអ្វីបាននោះឡើយប៉ុន្តែមានតែទ្រាំទទួលយកតែប៉ុណ្ណោះ ។ ហើយអ្វីដែលអ្នកទិញមួយចំនួនអាចធ្វើបាន គឺពួកគេជួលអចលនទ្រព្យទាំងនោះសម្រាប់ប្រាក់ចំណេញដែលជាមធ្យោបាយមួយដើម្បីលួងការខកចិត្ត ។
ទី២-ការគ្រប់គ្រងពេលវេលា
ពន្យាពេលក្នុងការបញ្ចប់គម្រោង និងការបញ្ចប់ហួសពេលកំណត់ គឺជាការប្រឈមមុខមួយទៀតដែលអ្នកចង់ទិញអចលនទ្រព្យមុនគម្រោងត្រូវតែពិចារណា ។ ពេលខ្លះក្នុងកិច្ចសន្យាលក់មុនគម្រោងមាន (ខ) សន្យានៃការពន្យាពេល ដែលអាចជួយឱ្យអ្នកអភិវឌ្ឍន៍គេចផុតពីការទទួលខុសត្រូវក្នុងការបញ្ចប់គម្រោងឱ្យទាន់ពេលវេលា ។ នោះហើយជាមូលហេតុសំខាន់ដែលអ្នកត្រូវតែពិនិត្យមើលក្នុងកិច្ចសន្យាឱ្យបានល្អិតល្អន់ ។
ទី៣-ការបាត់បង់ហិរញ្ញវត្ថុ
ប្រសិនបើអ្នកអភិវឌ្ឍន៍ក្ស័យធន ឬគម្រោងមិនអាចដំណើរការទៅមុខបាន អ្នកដែលទិញអចលនទ្រព្យមុនគម្រោងនោះច្បាស់ណាស់គឺមិនទទួលបានអ្វីទាំងអស់ ។ អ្នកអាចប្តឹងអ្នកអភិវឌ្ឍន៍គម្រោងនោះបាន ប៉ុន្តែវានឹងចំណាយពេលយូរក្នុងការសងប្រាក់ត្រលប់មកអ្នកវិញ ឬមិនអាចសងគ្រប់ចំនួនជាដើម ។
ទី៤-ក្រុមហ៊ុនតំណាងរញ៉េរញ៉ៃ
ដោយសារអចលនទ្រព្យគឺនៅលើដំណាក់កាលនៃការលក់មុនគម្រោង អ្នកដែលទិញអាចជួបហានិភ័យនៃការបោកប្រាស់ដែលពួកគេមានបំណងយកប្រាក់របស់អ្នករួចរត់គេចខ្លួនបាត់ ។ ហើយប្រសិនបើមិនមែនជាករណីនេះទេ ការអភិវឌ្ឍមួយចំនួនអាចមានហានីភ័យដោយសារជួល អ្នកតំណាងលក់ពុករលួយ ដែលកឹបកេងកំណត់តម្លៃទ្វេរដងនៅពេលធ្វើបទបង្ហាញលក់ឱ្យអ្នក ។
*គន្លឹះនៅពេលទិញអចលនទ្រព្យមុនគម្រោង
ទោះបីជាមានហានិភ័យជាក់ស្តែងទាំងនេះក៏ដោយតាមពិតទៅចំណុចល្អពិតជាអាចមានច្រើនជាងអាក្រក់ ប្រសិនបើអ្នកដឹងពីអ្វីដែលអ្នកកំពុងធ្វើ និងអ្វីដែលអ្នកកំពុងតែស្វែងរក ។ ដូច្នេះខាងក្រោមនេះគឺជាចំណុចមួយចំនួនសម្រាប់លោកអ្នកដែលចង់ទិញអចលនទ្រព្យមុនគម្រោងពិចារណា សង្ឃឹមថាអាចជាជំនួយខ្លះសម្រាប់លោកអ្នកនៅពេលដែលដើរមើលចង់ទិញអចលនទ្រព្យមុនគម្រោង ។
ទី១- មុននឹងទិញលោកអ្នកគួរតែចំណាយពេលវេលាក្នុងការស្វែងរកអ្នកអភិវឌ្ឍន៍មួយដែលមានកេរ្តិ៍ឈ្មោះល្អដើម្បីបង្ការហានិភ័យខាងលើ ។
ទី២-ត្រូវស្វែងរកភ្នាក់ងារដែលមានល្បីឈ្មោះល្បីដែលអាចទុកចិត្តបានដូចជា «ក្រុមហ៊ុន Realestate.com.kh មានភ្នាក់ងារល្បីៗជាច្រើនសម្រាប់ជួយលោកអ្នកជាដើម» ។
ទី៣-រកមេធាវីល្អម្នាក់ដើម្បីជួយធានាលើកិច្ចសន្យាជាមួយអ្នកដើម្បីពិនិត្យមើលភាពពុំត្រឹមត្រូវណាមួយ ឬ(ខ)សន្យា ណាដែលមិនប្រក្រតី ។
ទី៤-ត្រូវផ្ទៀងផ្ទាត់ភាពស្របច្បាប់នៃការអភិវឌ្ឍជាមួយភ្នាក់ងាររដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាដើម ។
ការទិញអចលនទ្រព្យមុនគម្រោងប្រកបដោយការប្រុងប្រយ័ត្នបានត្រឹមត្រូវ និងការស្រាវជ្រាវបានល្អិតល្អន់ រួមផ្សំជាមួយនឹងគន្លឹះទាំងនេះ អាចនឹងធ្វើឱ្យលោកអ្នកចៀសផុតពីហានិភ័យបានខ្ពស់ និងអាចទទួលបានផលចំណេញច្រើនមកវិញ ៕
Comments