+855 92 92 1000
Logo
មុនទិញផ្ទះបុរីដាច់ខាតត្រូវមើលយ័ន្តទាំង៥នេះកុំឱ្យទឹកភ្នែកក្រោយទិញ
Updated on: May 21, 2022, 5:57 a.m.
Published on: August 16, 2021, 10:04 a.m.

មុនទិញផ្ទះបុរីដាច់ខាតត្រូវមើលយ័ន្តទាំង៥នេះកុំឱ្យទឹកភ្នែកក្រោយទិញ


គម្រោងផ្ទះបុរីក្នុងប្រទេសកម្ពុជាកំពុងតែមានការកើនឡើងជាបន្តបន្ទាប់ក្រោយពីមានតម្រូវការកាន់តែច្រើនឡើងៗ ស្របពេលវិស័យអចលនទ្រព្យបោះជំហានឆ្ពោះទៅមុខពីមួយថ្ងៃទៅមួយថ្ងៃដែលជាហេតុធ្វើឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងសម្រាប់អ្នកអភិវឌ្ឍន៍គម្រោងផ្ទះបុរី ។

រូបតំណាង

ទន្ទឹមនឹងនោះផងដែរ សម្រាប់ប្រជាពលរដ្ឋដែលកំពុងស្វែងរកគម្រោងផ្ទះបុរីនានាមុននឹងសម្រេចចិត្តចំណាយលុយទិញគួរណាតែពិចារណា និងពិនិត្យឱ្យបានល្អិតល្អន់បំផុត ព្រោះថាកន្លងមកធ្លាប់មានប្រជាពលរដ្ឋមួយចំនួនបានជួបហានិភ័យជាច្រើនករណីមកហើយ ។ ថ្ងៃនេះ Realestate.com.kh នឹងចែករំលែកចំណេះដឹងបន្ថែមសម្រាប់លោកអ្នកដែលមានគម្រោងទិញផ្ទះបុរីដើម្បីបញ្ចៀសហានិភ័យដោយត្រូវពិនិត្យឯកសារចាំបាច់សំខាន់ៗទាំង៥ខាងក្រោមនេះ ៖ 

១- ប្លង់រឹង

Hard Title

អ្នកត្រូវប្រាកដថាម្ចាស់គម្រោងមានសិទ្ធិកាន់​កាប់ស្របច្បាប់ទៅលើគម្រោងអភិវឌ្ឍន៍​នេះ ហើយ​គម្រោងបុរីដែលអ្នកមានបំណងទិញត្រូវមានប្លង់រឹងមេមួយដែល​ត្រូវ​ធ្វើ​ការបែង​ចែក​ប្លង់រឹងទៅឲ្យម្ចាស់ផ្ទះនីមួយៗជាចំាបាច់ ។  ឯកសារខាងលើវាពិតជាចំណុចចាំបាច់ត្រូវយល់ដឹងដើម្បីកុំឲ្យមានការខាតបង់ថវិកាជា​យ​ថាហេតុនៅពេលអ្នកទិញគម្រោងបុរីណាមួយ ។

២- លិខិតចុះបញ្ជីក្រុមហ៊ុន

ក្រុមហ៊ុនអភិវឌ្ឍន៍ទំាងអស់ត្រូវមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដើម្បីទទួលសិទ្ធិក្នុងការប្រកបរបរអាជីវកម្មនេះជាកាតព្វកិច្ចដែលក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវតែបំពេញជាចាំបាច់ ។

៣- ផែនការមេ

ផែនការមេរបស់គម្រោងបុរីគឺជាប្លង់មេដ៏សំខាន់របស់គម្រោង ។ វាបង្ហាញពីប្លង់រួមនៃគម្រោងមានដូចជា ហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានគ្រប់ប្រភេទទាំងអស់ដែលមាននៅក្នុងគម្រោងនេះ ។ មុនពេលផ្តល់អាជ្ញាប័ណ្ណសាងសង់ទៅឱ្យ​គម្រោង​អភិវឌ្ឍន៍ណាមួយក្រសួងរៀបចំដែនដី នគរូ​បនីយកម្ម​ និង​សំណង់តម្រូវឲ្យម្ចាស់គម្រោងធ្វើបទបង្ហាញពីផែនការមេនៃគម្រោង របស់ពួកគេជាមុនសិន ។ ការអភិវឌ្ឍទំាងអស់ត្រូវគោរពតាមគោលការណ៍នៃការ​ផែនការមេ​សម្រាប់​​​អភិវឌ្ឍទីក្រុង និយាយជារួមការមានផែនការមេមួយច្បាស់លាស់​វាពិតជាធ្វើ​ឱ្យ​គម្រោង​​បុរីនោះ​អាចដំណើរការបានប្រកបដោយស្តង់ដារខ្ពស់ ។

៤- អាជ្ញាបណ្ណសាងសង់

អាជ្ញាបណ្ណសាងសង់ ក្រៅពីផែនការមេគម្រោងបុរីត្រូវតែមានអាជ្ញាបណ្ណសាងសង់ត្រឹមត្រូវដែលចេញដោយ ក្រសួងរៀបចំដែនដី នគរូ​បនីយកម្ម​ និង​សំណង់ ។ ដើម្បីទទួលបានអាជ្ញាបណ្ណនេះ ម្ចាស់គម្រោងត្រូវមានផែនការមេ​ ប្រាក់តម្កល់២% ប្រភពប្រាក់ចំណូលច្បាស់លាស់ដើមទុន និងទ្រព្យផ្សេងៗទៀតដែលជួយគាំទ្រដល់គម្រោងនោះ ។

៥- អាជ្ញាបណ្ណបុរី

ឯកសារសំខាន់ដែលអ្នកត្រូវតែត្រួតពិនិត្យផងដែរនោះគឺអាជ្ញាបណ្ណបុរី ។ នៅពេលដែលបុរីមានឯកសារនេះបានន័យថាបុរីនេះជាបុរីដែលទទួលស្គាល់ដោយ​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ តួយ៉ាងមានគម្រោងផ្ទះល្វែងមួយចំនួនដែលមានការសាងសង់មានភាព​ប្រហាក់ប្រហែលទៅនឹងគម្រោងបុរី ប៉ុន្តែពួកគេមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវចេញដោយក្រសួងឡើយ​ ដោយសារពួកគេចង់ជៀសវាងការចំណាយច្រើនក៏ដូចជាគេចវេសពីការត្រួតពិនិត្យបទដ្ឋានផ្លូវច្បាប់ផ្សេងៗ ។ ដូច្នេះការទិញផ្ទះពីគម្រោងដែលមិនមានអាជ្ញាបណ្ណត្រឹមត្រូវគឺមានការប្រឈមជាមួយហានិភ័យខ្ពស់ ៕

Comments