សម្រាប់ភ្នាក់ងារអចលនទ្រព្យ ការជូនភ្ញៀវទៅដើរមើលអចលនទ្រព្យដែលខ្លួនណែនាំគឺជារឿងសំខាន់បំផុតនៅក្នុងដំណើរទិញលក់ព្រោះភ្ញៀវម្នាក់ៗ ដែលសម្រេចចិត្តទៅមើលអចលនទ្រព្យនោះរមែងជាភ្ញៀវដែលចាប់អារម្មណ៍ខ្លាំង និងមានភាគរយនៃការបញ្ជាទិញខ្ពស់ ដូច្នេះដំណាក់កាលមួយនេះតម្រូវឱ្យភ្នាក់ងារអចលនទ្រព្យចេះក្តោបឱកាសឱ្យបានជាប់មិនឱ្យរំលង ។ ក្នុងនោះដើម្បីជួយឱ្យដំណាក់កាលនេះរឹតតែប្រកបទៅដោយភាពជោគជ័យខាងក្រោមនេះយើងសូមណែនាំ ៥ ចំណុចដែលអ្នកត្រូវធ្វើ ៖
ទី១-ស្តាប់
នៅពេលដែលអ្នកចង់រៀបចំអចលនទ្រព្យដើម្បីនាំភ្ញៀវទៅមើល រឿងដែលអ្នកត្រូវធ្វើសំខាន់ដំបូង គេនោះគឺ «ស្តាប់» ។ អ្នកត្រូវស្តាប់ថាអ្វីទៅដែលជាតម្រូវការរបស់ភ្ញៀវ និងតើអ្វីដែលភ្ញៀវមិនចង់បាន ។ ឧទាហរណ៍ ប្រសិនជាភ្ញៀវតម្រូវឱ្យមានអាងទឹក ដែលអាចហែលលំហែកាយបានអ្នកមិនគួរបង្ហាញ អចលនទ្រព្យដែលមានអាងទឹកតូចទំហំប៉ុនអាងចិញ្ចឹមត្រីនោះឡើយ ព្រោះគ្រាន់តែភ្ញៀវឃើញអចលនទ្រព្យភ្លាមគេអាចលែងមានអារម្មណ៍ទុកចិត្តលើអ្នកបាត់ទៅហើយ ។ រឿងម្យ៉ាងដែលអ្នកត្រូវចាំទៀតគឺថាភ្ញៀវម្នាក់កម្រនឹងទៅមើលអចនលទ្រព្យជាមួយអ្នកលើកទី២ ឬទី ៣ ណាស់ ប្រសិនជាលើកទី ១ អ្នកមិនបានធ្វើឱ្យគេពេញចិត្ត លុះត្រាណាតែភ្ញៀវនោះជាភ្ញៀវប្រចាំរបស់អ្នក ។
ទី២-ត្រូវប្រាកដថាអចលនទ្រព្យនោះរួចរាល់សម្រាប់មើលបាន
ប្រសិនជាអ្នកចង់ឱ្យភ្ញៀវទៅមើលអចលនទ្រព្យណាមួយ អ្នកត្រូវឱ្យប្រាកដថាអចលនទ្រព្យនោះរួចរាល់សម្រាប់មើលបាន។ ឧទាហរណ៍ អ្នកបាននាំភ្ញៀវឱ្យមើលដីមួយកន្លែង ដោយប្រាប់ថាដីនោះល្អដោយសារតែគេបានសាងសង់ផ្លូវបេតុងក្បែរនោះរួចរាល់ហើយ ដូច្នេះអ្វីដែលអ្នកប្រាប់ទៅភ្ញៀវត្រូវឱ្យសាកសមនឹងការលើកឡើងរបស់អ្នកដូចគ្នា។
ទី៣-រៀបចំឯកសារផ្សេងៗឱ្យបានរួចរាល់
នៅពេលដែលអ្នកនាំភ្ញៀវទៅមើលអចលនទ្រព្យ ជាពិសេសពេលដែលមើលច្រើនកន្លែង អ្នកត្រូវរៀបចំឯកសារដែលពាក់ព័ន្ធនឹងអចលនទ្រព្យនោះឱ្យបានរួចរាល់ ដែលឯកសារទាំងនោះមាន ដូចជាឯកសារ ដែលបង្ហាញពីពត៌មានពីផ្ទះ ឬគម្រោងបង់ប្រាក់ជាដើម ដោយសារនៅពេលដែលអ្នកដើរមើលនោះ ភ្ញៀវរបស់អ្នកប្រហែលជាមិនអាចចាំពត៌មានអស់នោះឡើយ ។ ដូច្នេះហើយល្អបំផុតគឺរៀបចំឯកសារ ដែលជួយផ្តល់ព័ត៌មានបន្ថែមឱ្យទៅកាន់ភ្ញៀវឱ្យហើយងាយស្រួលពួកគេអាចពិនិត្យបានពេលត្រលប់មកផ្ទះវិញ ។
ទី៤-សួរសំណួរ
វាជារឿងចាំបាច់មួយនៅពេល ដែលអ្នកនាំភ្ញឿវទៅមើលអចលនទ្រព្យ ដែលអ្នកត្រូវព្យាយាមសួរសំនួរឱ្យបានច្រើន ព្រោះវានឹងជួយឱ្យអ្នកដឹងពីតម្រូវការ ក៏ដូចជាគំនិតរបស់ភ្ញៀវពាក់ព័ន្ធនឹងអចលនទ្រព្យនេះ ។ លើសពីនេះទៅទៀត វាក៏ថែមទាំងអាចឱ្យអ្នកដឹងថាតើអ្នកត្រូវធ្វើអ្វីបន្តទៀតដែរ ។ តើអ្នកគួរតែរកអចលនទ្រព្យផ្សេង ឬក៏ដោយសារតែបញ្ហាអ្វីផ្សេងទៀត ។
ទី៥-បន្តទំនាក់ទំនងជាមួយភ្ញៀវ
ប្រសិនជាភ្ញៀវបានបង្ហាញសញ្ញាថាពួកគេពេញចិត្តអចលនទ្រព្យនោះ ឬពួកគេសុំពេលគិតសិន អ្នកត្រូវឧស្សាហ៍ទំនាក់ទំនងទៅសួរពីភ្ញៀវជានិច្ច ។ ការរក្សាទំនាក់ទំនងឱ្យបានជាប់លាប់ជាមួយនឹងភ្ញៀវរបស់អ្នកនឹងជួយឱ្យអ្នកអាចសម្រេចការលក់ជាមួយពួកគេនៅក្នុងថ្ងៃណាមួយ បើទោះបីជាពេលនេះពួកគេមិនទាន់មានតម្រូវការនូវអ្វីដែលអ្នកនាំឱ្យពួកគេក៏ដោយ ៕
Comments