+855 92 92 1000
Logo
ប្រយ័ត្ន៥ចំណុចនេះពេលទិញផ្ទះតពីគេបើមិនចង់នាំទុក្ខដាក់ខ្លួន
Updated on: June 7, 2022, 6:12 a.m.
Published on: August 17, 2021, 8:13 a.m.

ប្រយ័ត្ន៥ចំណុចនេះពេលទិញផ្ទះតពីគេបើមិនចង់នាំទុក្ខដាក់ខ្លួន


ជាធម្មតាមនុស្សគ្រប់រូបតែងតែមានបំណងចង់បានផ្ទះដែលជារបស់ខ្លួនដើម្បីរស់នៅ ប៉ុន្តែអ្វីដែលសំខាន់​នោះគឺការទិញផ្ទះនីមួយៗមិនមែនជារឿងលេងសើចដូចទិញទំនិញផ្សេងៗនោះទេ ព្រោះថាផ្ទះមុន​នឹង​ទិញត្រូវតែគិតគូរឱ្យបានល្អិតល្អន់ដោយហេតុអាចនឹងជួបហានិភ័យនានាដោយមិនដឹងខ្លួនជាពិសេស​ផ្ទះដែលទិញបន្តពីអ្នកដទៃតែម្តង ។

សម្រាប់លោកអ្នកដែលមានបំណងចងស្វែងរកទិញផ្ទះដែលបន្តពីគេត្រូវតែប្រុងប្រយ័ត្នបំផុតចំពោះបញ្ហា​មួយចំនួនដែលអាចកើតមានឡើងធ្វើឱ្យលោកអ្នកពិបាកនៅពេលក្រោយ ។ ខាងក្រោមនេះ Realestate.com.kh នឹងលើកយកចំណុចមួយចំនួនសម្រាប់លោកអ្នកដែលមានបំណងចង់ស្វែង​រកទិញផ្ទះ (ទិញតពីគេ) ជាជំនួយសម្រាប់ពិចារណាដើម្បីបញ្ចៀសហានិភ័យនាពេលក្រោយ ៖

១- សាវតាផ្ទះ​

វាមានសារៈសំខាន់ណាស់សម្រាប់អ្នកទិញអចលនទ្រព្យគ្រប់ប្រភេទ ទោះជាប្រភេទដីទទេរ ឬដីមានសំណង់ (ផ្ទះ) ខុនដូ សណ្ឋាគារ ឬអចលនទ្រព្យណាមួយក៏ដោយ អ្នកត្រូវតែសិក្សាស្រាវជ្រាវជាមុនដើម្បីប្រាកដថា អចលនទ្រព្យនោះមានភាពស្របច្បាប់ដោយមិនមានបញ្ហា ឬវិវាទផ្លូវច្បាប់ណាមួយនោះទេ ។ នេះជាចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់ដទៃទៀតដែលលោកអ្នកត្រូវស្រាវជ្រាវឱ្យបានច្បាស់លាស់ ពោលគឺមុន​សម្រេច​ចិត្ត​ទិញ ត្រូវ​សាកសួរ​អាជ្ញាធរ​មូលដ្ឋានអំពីប្រវត្តិរបស់ផ្ទះនោះទាក់ទងនឹងភាពស្រប់ច្បាប់ជាមុនសិន ​។ មូលហេតុដែលលោកអ្នកត្រូវតែស៊ើបឱ្យច្បាស់លាស់នោះដើម្បីការពារករណីម្ចាស់ផ្ទះអាចជាប់បំណុលដោយយកផ្ទះនោះទៅបញ្ចាំធនាគាររួចប្រកាសលក់ដោយមិនទាន់បានសងបំណុលរួចនៅឡើយ ។ មិនតែប៉ុណ្ណោះ សាវតាផ្ទះអាចជួយលោកអ្នកឱ្យដឹងស្ថានភាពរឿងរ៉ាវរបស់ផ្ទះថា តើកំពុងមានជាប់រឿងរ៉ាវប្តឹងផ្តល់គ្នា ឬកំពុងមានជម្លោះព្រំប្រទល់ផ្ទះជាមួយនឹងអ្នកជិតខាងដែរឬទេ?

​២- សិទ្ធកាន់កាប់

យក​ល្អ​មុន​ទិញ​ផ្ទះ​ដែល​មាន​ម្ចាស់​បែប​នេះ​គួរ​រក​​អ្នក​វាយ​តម្លៃ​អចលនទ្រព្យ​ជួយ​ធ្វើ​ការ​លើ​រឿង​នេះ​ព្រោះថា ភាពជាម្ចាស់​កម្មសិទ្ធិ​ផ្ទះ​ក៏​ជា​រឿងមួយដែល​សំខាន់​មិន​គួរ​មើល​រំលង ជួន​កាល​ផ្ទះ​មួយ​នឹង​អាច​មាន​ម្ចាស់​កម្មសិទ្ធិ​ច្រើន​អ្នក អាច​មាន​ករណី​អ្នក​លួច​លក់​ផ្ទះ​ហើយ​ម្ចាស់​ផ្សេង​ទៀត​មិន​ដឹង​គឺ​១០០%​ប្រាកដ​ជា​មាន​បញ្ហា​មិន​ខាន ​។ ចំណែក​ឯ​ការ​ផ្ទេរ​កម្មសិទ្ធិ​គឺ​ដូចគ្នា ត្រូវ​ប្រាកដ​ថា​ផ្ទះ​ និង​ប្លង់​ដី​ផ្ទះ​នោះ​មិន​មាន​ការ​ដាក់​បញ្ចាំ​ប្លង់​រឹង​នៅ​ធនាគារ​ ព្រោះ​បើ​ប្លង់​ត្រូវ​បាន​បញ្ចាំ​មាន​ន័យ​ថា ​បាន​តែ​សំបក​ផ្ទះ​ទេ រី​ឯ​ផ្ទះ​ពិត​ប្រាកដ​ធនាគារ​ជា​អ្នក​គ្រប់​គ្រង ​។

​៣- តម្លៃ​ផ្ទះ

រឿង​តម្លៃ​ផ្ទះគឺ​ជា​រឿង​សំខាន់​ត្រូវ​ស៊ើប​ពី​តម្លៃ​ផ្ទះ​ក្នុង​ទីផ្សារ​សិន​​ថា ​តើ​ផ្ទះ​នៅ​តំបន់​នោះ​មាន​តម្លៃ​ប៉ុណ្ណា? ត្រូវ​នឹង​តម្លៃ​ទីផ្សារ​ដែរ​ឬទេ? រឿង​សំខាន់​មួយ​ទៀត​នោះ​គឺថា ​តើ​ចំពោះ​តម្លៃ​បង់​ពន្ធ​ជូន​រដ្ឋ​តើ​ម្ចាស់​ផ្ទះ​ជា​អ្នក​ត្រូវ​បង់ ឬ​ត្រូវ​បង់​ខ្លួន​ឯង​ ព្រោះ​ទាក់ទង​នឹង​ការ​បង់ពន្ធ​នេះ​ផ្ទះ​ដែល​មាន​ការ​ផ្ទេរ​ឈ្មោះ​បែប​នេះ គឺ​ត្រូវ​ជាប់​ពន្ធ​ ។ ក្នុង​ករណី​នេះ​ត្រូវ​និយាយ​គ្នា​ជាមួយ​ម្ចាស់​ផ្ទះ​ឱ្យ​ច្បាស់ចំពោះ​ការ​បង់ពន្ធ​ ។

៤- គុណភាពសំណង់

ជា​ធម្មតា​ផ្ទះ​ដែល​ទិញ​ត​ពី​គេមិន​ដូច​ផ្ទះ​ទិញ​ថ្មី​ទេ​ អាច​ប្រឈម​នឹង​ហានិភ័យ​ច្រើន ​។ ដូចនេះ​មុន​ទិញ​ត្រូវ​ពិនិត្យ​មើល​ឱ្យ​ច្បាស់​ដូចជា​គុណភាព​នៃ​សំណង់ មាន​ការ​ប្រេះ​ស្រាំ​ ឬ​បែក​បាក់​ត្រង់​ចំណុច​ណា​ទេ​? ក្រោយ​​​ពេល​ទិញ​តើ​ត្រូវ​ចំណាយ​លុយ​ជួសជុល​អស់​ច្រើន​ឬ​ក៏​អត់? បើ​​អស់​ច្រើន​ពេក​មិន​ចាំ​បាច់​ទិញ​ទេ​។​

៥- បរិស្ថាន​ជុំវិញ​ផ្ទះ​​

បរិស្ថាន​មនុស្ស​មាន​ន័យ​ថា មនុស្ស​នៅ​ជុំវិញ​ផ្ទះ​ជា​មនុស្ស​ល្អមិន​មាន​ក្រុម​ខិល​ខូច​រស់​នៅ​ទី​នោះ មិន​មាន​ចោរ​លួច​ចោរ​ឆក់​ជា​ដើម ​។ ចំណែក​ឯ​បរិស្ថាន​ជុំវិញ​មាន​ន័យ​ថា តើ​មាន​បរិយាកាស​ល្អ​ដែរ​ឬ​ទេ? ​ព្រោះ​តំបន់​ខ្លះ​ពិបាក​រស់​នៅ​ដូចជា​ មាន​សំឡេង​​រំខាន បរិយាកាស​អាប់អួ​ប៉ះពាល់​សុខភាព​ដែរ​ឬ​ទេ? ហើយ​តើ​នៅ​តំបន់​នោះ​មាន​សក្ដានុពល​សេដ្ឋកិច្ច អាច​ប្រកប​របរ​រកស៊ី​បាន​ដែរ​ឬ​ទេ? ប្រសិន​មាន​គ្រប់​លក្ខខណ្ឌ​ទាំង​នេះ​ទិញ​ទៅ​មិន​ខុស​ទេ​ ៕

Comments