ប្រសិនបើអ្នកកំពុងស្វែងរកទិញដី ផ្ទះ ឬអចលនទ្រព្យណាមួយអ្នកអាចទៅរកភ្នាក់ងារអចលនទ្រព្យឱ្យជួយអ្នក នោះអ្នកអាចទិញបានលឿន និងតាមតម្រូវការរបស់អ្នក ។ វាមិនខុសគ្នាទេ ប្រសិនបើអ្នកចង់ដាក់លក់ ឬជួលអចលនទ្រព្យ អ្នកក៏អាចទៅរកភ្នាក់ងារអចលនទ្រព្យឱ្យជួយអ្នកបានដែរ ។ ទោះយ៉ាងណា ប្រសិនបើអ្នកមិនត្រូវការជំនួយពីក្រុមហ៊ុនទាំងនេះទេ អ្នកអាចធ្វើការងារនេះដោយខ្លួនឯងក៏បាន ។
ប៉ុន្តែតើអ្នកបានពិចារណាច្បាស់លាស់ពីគុណសម្បត្តិរវាងធ្វើការដោយខ្លួនឯង និងការជួលក្រុមហ៊ុនភ្នាក់ងារឱ្យជួយលក់ជូនដែរឬទេ? ខាងក្រោមជាចំណុចខ្លះៗថា តើអ្នកគួរជ្រើសរើស ជម្រើសណាមួយក្នុងចំណោមជម្រើសទាំងពីរ ។
*ហេតុអ្វីគួរប្រើភ្នាក់ងារឱ្យជួយលក់អចលនទ្រព្យរបស់លោកអ្នក?
ទី១-លក់លឿន
ភ្នាក់ងារមានភ្ញៀវក្នុងដៃស្រាប់ ហើយពួកគេងដឹងថា ភ្ញៀវបែបណាត្រូវការអចលនទ្រព្យប្រភេទណា ។ វាមិនមែនជារឿងលំបាកខ្លាំងនោះទេក្នុងការលក់ដី ឬផ្ទះរបស់អ្នកឱ្យបានឆាប់រហ័ស ។ ភ្នាក់ងារមានបណ្តាញក្រុមហ៊ុមការងារ ដែលពួកគេទាំងអស់បានធ្វើការជាមួយគ្នាដើម្បីជំរុញការលក់ដី ឬផ្ទះរបស់អ្នកឱ្យបានលឿងបំផុត ។ (ទាក់ទងភ្នាក់ងារទិញ-លក់ឬជួលអចលនទ្រព្យឥតគិតថ្លៃ)
ទី២-ភ្នាក់ងារវិជ្ជាជីវៈមានជំនាញលក់
ប្រសិនបើម្ចាស់អចលនទ្រព្យគ្មានជំនាញលក់អាចធ្វើឱ្យអ្នកទិញដឹងបានយ៉ាងច្បាស់ថា អ្នកលក់អាចមានចំណុចខ្សោយ ។ អ្នកលក់អាចត្រង់ពេក ឬលាក់បាំងច្រើនពេកដែលទាំងនេះអាចធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការលក់ ។ ប៉ុន្តែអ្នកជំនាញអាចធ្វើការនេះបានយ៉ាងល្អដោយសារពួកគេដឹងពីអ្វីដែលអតិជនត្រូវការ និងដឹងអ្វីដែលអ្នកលក់ចង់បាន ។ ដូច្នេះអ្នកជំនាញនឹងនិយាយតែព័ត៌មានដែលចាំបាច់ប៉ុណ្ណោះដើម្បីជំរុញការលក់ជោគជ័យ ។
ទី៣-ចៀសវាងអារម្មណ៍ក្នុងការលក់
អ្នកលក់អាចនឹងសម្រេចចិត្តបដិសេធនៅពេលដែលអ្នកទិញឱ្យតម្លៃទាបនៅពេលការចរចាដំបូង ប៉ុន្តែភ្នាក់ងារអាចមានវិធីសាស្រ្តក្នុងការចរចាតម្លើងតម្លៃបាន ។ ការសម្រេចចិត្ត ដោយមិនមានភ្នាក់ងារអាចនឹងធ្វើឱ្យម្ចាស់អចលនទ្រព្យបដិសេធដោយសារតែតម្លៃផ្តល់ឱ្យមិនស្របនឹងអ្វីដែលខ្លួនចង់បាន ។ ជាធម្មតាអ្នកទិញតែងតែចង់បានតម្លៃទាប រីឯអ្នកលក់តែងតែចង់បានតម្លៃខ្ពស់ ដូច្នេះការសម្រេចចិត្តដោយអារម្មណ៍អាចធ្វើឱ្យការលក់មិនទទួលបានជោគជ័យនោះទេ ។
ទី៤-ចំណេញពេលវេលា
មិនថាអ្នកជាអ្នកធ្វើការ ម្ចាស់ក្រុមហ៊ុន ឬប្រកបអាជីវកម្មណាមួយក៏ដោយ អ្នកប្រហែលជាមានពេលវេលាតិចតួចបន្ទាប់ពីការងារ។ ដូច្នេះអ្នកមិនអាចឈប់ធ្វើការងាររបស់អ្នកដើម្បីតែការលក់អចលនទ្រព្យរបស់អ្នកនោះទេ ។ មូលហេតុនេះហើយទើបភ្នាក់ងារជាជម្រើសដ៏ល្អបំផុតដែលអាចជួយសម្រួលពេលវេលាទាំងនេះជំនួសអ្នកបាន ។
ភ្នាក់ងារជាអ្នកតំណាងរបស់អ្នក នៅពេលអ្នកទិញសុំមើលផ្ទះរបស់អ្នក ហើយនៅពេលដែលអ្នករវល់ភ្នាក់ងាររបស់អ្នកអាចតំណាងឱ្យអ្នកក្នុងការចរចាលក់អចលនទ្រព្យនោះឱ្យអ្នកបាន ។
ទី៤-ភ្នាក់ងារមានរបៀបលក់ និងបណ្តាញលក់
ប្រសិនបើអ្នកមានបណ្តាញលក់ នោះប្រហែលជាមានអ្នកចាប់អារម្មណ៍ទិញផ្ទះរបស់អ្នកច្រើន ។ ប៉ុន្តែអ្នកមិនមានទេ ។ ចំណែកភ្នាក់ងារអចលនទ្រព្យដែលជាអ្នកប្រឡូកក្នុងវិស័យនេះ ពួកគេស្គាល់អ្នកមនុស្សច្រើនមានបណ្តាញ និងមានទិន្នន័យរបស់អ្នកចង់ទិញផ្ទះច្រើនជាងអ្នក ។ នេះហើយជាមូលហេតុ ដែលអ្នកអាចលក់ផ្ទះដ៏មានប្រសិទ្ធភាពតាមរយៈក្រុមហ៊ុនភ្នាក់ងារ ។
ទី៥-ជំនាញចរចា
បើអ្នកមិនចេះចរចា អ្នកអាចបាត់បង់ឱកាសលក់ ។ អ្នកទិញខ្លះបន្ទាបតម្លៃផ្ទះរបស់អ្នក ប៉ុន្តែមិនមែនមានន័យថា ពួកគេមិនចង់ទិញនោះទេ ។ ភ្នាក់ងារអចលនទ្រព្យអាចតំណាងម្ចាស់អចលនទ្រព្យដើម្បីចរចាតម្លៃតាមដែលអ្នកចង់បាន ដោយសារតែភ្នាក់ងារនោះមានបទពិសោធន៍ចរចាតម្លៃផ្ទះក្នុងស្ថានភាពជាច្រើនមកហើយ។ ការចរចារបស់របស់ភ្នាក់ងារ តែងតែមានប្រសិទ្ធិភាព។
ទី៦-ជួយបំពេញចន្លោះប្រហោងរបស់ផ្ទះ
ម្ចាស់ផ្ទះអាចនឹងមើលរំលងភាពចន្លោះប្រហោងផ្សេងៗនៅក្នុងផ្ទះ ដែលកត្តានេះអាចធ្វើឱ្យ ឱកាសក្នុងការលក់ចេញរបស់អ្នកចុះទាប ឬអាចលក់បានតម្លៃទាប។ ប៉ុន្តែការធ្វើការងារជាមួយភ្នាក់ងារ អាចជួយអ្នកឱ្យមើលឃើញចន្លោះបញ្ហាទាំងនោះបាន ហើយអ្នកអាចកែលម្អមុននឹងដាក់ផ្ទះលក់ ។ បន្ថែមលើសពីនេះអ្នកអាចអ្នកតុបតែង ឬឱ្យក្រុមហ៊ុនលាងសម្អាតមុននឹងដាក់លក់ផងដែរ ។ ទាំងនេះសុទ្ធជាគន្លឹះខ្លីៗ ដែលជួយឱ្យអ្នកអាចលក់ផ្ទះបានក្នុងតម្លៃខ្ពស់ និងបង្កើនឱកាសក្នុងការលក់ចេញដ៏មានប្រសិទ្ធិភាព ។
ទី៧-បញ្ហាផ្លូវច្បាប់
នេះជាចំណុចសំខាន់បំផុតនៅក្នុងប្រតិបត្តិការទិញលក់អចលនទ្រព្យ។ ក្នុងការងារអនុវត្តជាក់ស្តែង បញ្ហាផ្លូវច្បាប់ទាក់ទងនឹងវិស័យអចលនទ្រព្យមានភាពចំរូងចំរាស់ជាខ្លាំង ប្រសិនបើមិនមានការគិតគូធ្វើតាមអ្វីដែលច្បាប់តាំងពីដំបូង ។ នៅក្នុងប្រទេសកម្ពុជាបញ្ហាដី និងផ្ទះមានច្រើន ដោយសារតែអ្នកលក់ និងអ្នកទិញមិនសូវមានការយល់ដឹងផ្នែកច្បាប់។ សម្រាប់ភ្នាក់ងារអចលនទ្រព្យ គេមានការហ្វឹកហាត់ទាក់ទងនឹងនីតិវិធីច្បាប់ និងបញ្ញត្តិនានា ដើម្បីការពារបញ្ហានៅពេលខាងមុខ ។
*បើសិនខ្ញុំលក់ដីឬផ្ទះដោយខ្លួនឯង តើអាចចំណេញអ្វីខ្លះ?
ប្រសិនបើអ្នកសម្រេចចិត្តលក់ផ្ទះរបស់អ្នកដោយខ្លួនឯង អ្នកនឹងចំណេញផ្នែកហិរញ្ញវត្ថុ ដោយសារអ្នកនឹងមិនចំណាយលើថ្លៃកម្រៃជើងសារ ដែលមានន័យថាអ្នកនឹងមិនបង់ថ្លៃសេវាកម្ម៣ភាគរយទៅឱ្យភ្នាក់ងារលក់ឡើយ ។
ប៉ុន្តែអ្នកត្រូវប្រាកដថា អ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើការងារនេះ ។ ផ្ទុយមកវិញ ប្រសិនបើអ្នកមិនចង់រវល់ជាមួយនឹងការងារនេះទេ អ្នកអាចប្រើប្រាស់សេវាកម្មពីភ្នាក់ងារទិញលក់អចលនទ្រព្យ ៕
Comments