ស្របពេលដែលវិស័យអចលនទ្រព្យកំពុងតែមានសន្ទុះកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ មានក្រុមហ៊ុនជាច្រើនបានអភិវឌ្ឍគម្រោងរបស់ខ្លួនមិនថាតែដីឡូត៍ ឬផ្ទះបុរី ដើម្បីប្រកួតប្រជែងនៅលើទីផ្សារលក់ ។ ក្នុងនោះផងដែរ ដោយសារតែកំណើនអ្នកអភិវឌ្ឍគម្រោងកាន់តែមានការកើនឡើងធ្វើឱ្យការលក់របស់គម្រោងនីមួយៗអាចនឹងពិបាកក្នុងការលក់ ជាពិសេសបុគ្គលិកដែលលក់គម្រោង ។ ខាងក្រោមនេះជាគន្លឹះសំខាន់ៗចំនួន៤ដែលអាចជាជំនួយដល់បុគ្គលិកផ្នែកលក់ និងការលក់របស់អ្នកកាន់តែមានប្រសិទ្ធភាពជាងមុន ៖
ទី១- បង្ហាញហេតុផលទៅកាន់អតិថិជន
ជាទូទៅមុននឹងអ្នកអាចលក់អ្វីមួយទៅកាន់អតិថិជនអ្នកត្រូវសួរខ្លួនឯងនូវសំណួរមួយថា ហេតុអ្វីអតិថិជនត្រូវទិញផលិតផលរបស់អ្នក? ឧទាហរណ៍ ៖ ប្រសិនបើអ្នកជាអ្នកលក់ដីឡូត៍ ឬផ្ទះបុរី ខុនដូ និងអ្វីៗផ្សេងៗទៀតជាដើម អ្នកត្រូវត្រៀមឱ្យរួចរាល់នូវហេតុផលមួយចំនួនសម្រាប់បង្ហាញទៅកាន់អតិថិជនរបស់អ្នកថា តើហេតុអ្វីពួកគាត់ត្រូវទិញដីឡូត៍របស់អ្នក?
ជាការជំនួយ ប្រសិនបើអ្នកលក់ដីឡូត៍អ្នកអាចលើកឡើងនូវហេតុផលមួយចំនួនដូចជា ៖ «មនុស្សកើត និងកើនឡើងជារៀងរាល់ថ្លៃ ប៉ុន្តែដីមិនកើននោះទេ», «ដីជាទ្រព្យសម្បត្តិតកូនតចៅ ដីស្ថិតក្នងចំណោមទ្រព្យសម្បត្តិមួយដែលសំខាន់បំផុត» ឬអ្នកអាចបង្ហាញពីភាពជាក់ស្តែងនៃសក្តានុពលទីតាំងដីរបស់អ្នកជាដើម ។
ទី២- បង្ហាញប្រយោជន៍ដល់អតិថិជន
ជារឿយៗ មុននឹងទិញអ្វីមួយអតិថិជនតែងតែគិតគូរអំពីអត្ថប្រយោជន៍ដែលគាត់អាចទទួលបានក្រោយពីទិញរួចថា តើគាត់អាចទទួលបាននូវអ្វីខ្លះក្រោយពេលទិញដី ឬផ្ទះនោះរួច?
ក្នុងចំណុចនេះផងដែរ ជាអ្នកលក់ឆ្លាតវ៉ៃ និងពូកែដើម្បីលក់គម្រោង ឬផលិតផលរបស់អ្នកឆាប់ដាច់ អ្នកត្រូវតែព្យាយមប្រមូលភស្តុតាងពីគម្រោងរដ្ឋ និងគម្រោងធំៗដើម្បីបង្ហាញអតិថិជនប្រសិនបើអ្នកលក់ដីឡូត៍ ឬផ្ទះ ជាដើម ។ ប្រសិនបើអ្នកលក់ដីឡូត៍ អ្នកត្រូវបង្ហាញអតិថិជនអំពីហេដ្ឋារចនាសម្ព័ន្ធ ភាពងាយស្រួលក្នុងការបង់ប្រាក់ និងកត្តាដែលអាចធ្វើឱ្យតម្លៃទីតាំងដីឡើង ឬចុះជាដើម ដែលទាំងអស់នេះសុទ្ធសឹងតែជាផលប្រយោជន៍ដែលអ្នកត្រូវបង្ហាញអតិថិជន ។
ទី៣- ត្រូវស្គាល់ពីអតិថិជនគោលដៅឱ្យបានច្បាស់
ឧបមាថា អ្នកជាអ្នកលក់គម្រោងផ្ទះបុរីរបស់ក្រុមហ៊ុនមួយដូច្នេះអ្នកត្រូវតែបែងចែង និងត្រូវស្គាល់អតិថិជនគោលដីរបស់អ្នកឱ្យបានច្បាស់ថា តើគាត់ជាប្រភេទអតិថិជនបែបណា?...ជាអ្នកទើបតែរៀបការហើយថ្មីថ្មោង, ជាអ្នកដែលនឹងបែកផ្ទះចេញពីគ្រួសារ, ជាអ្នកដែលផ្លាស់ប្តូរទីលំនៅពីក្រុងទៅខេត្ត ឬពីខេត្តទៅក្រុង ឬក៏ជាប្រភេទអតិថិជនដែលទិញដើម្បីវិនិយោគ ។ល។
ដូច្នេះក្រោយពេលដែលអ្នកស្គាល់ប្រភេទអតិថិជនច្បាស់ហើយអ្វីដែលអ្នកត្រូវធ្វើដើម្បីលក់គម្រោងផ្ទះបុរីរបស់អ្នកឆាប់ដាច់គឺយុទ្ធសាស្ត្រលក់សម្រាប់ប្រភេទអតិថិជននីមួយៗ ។ ឧទាហរណ៍ដូចជាយុទ្ធសាស្ត្ររកត្រីនៅទីតាំងណាមួយ ។ នៅពេលដែលអ្នកដឹងហើយថា ទីតាំងនោះមានត្រីដែលអ្នកចង់បាន អ្វីដែលត្រូវធ្វើបន្ទាប់គឺពិនិត្យទីតាំងរបស់ត្រីនោះថា តើអ្នកគួរប្រើយុទ្ធសាស្ត្រ និងវិធីសាស្ត្របែបណាដើម្បីបានវាដូចជា អ្នកត្រូវប្រើវិធីសាស្ត្រស្ទូចត្រី, វិធីសាស្ត្របង់សំណាញ់, វិធីសាស្ត្រអូសអួន ឬក៏វិធីសាស្ត្រប្រើអង្រុត ។ល។
ទី៤- លក់ឱ្យមនុស្សដែលត្រូវការ និងមានលទ្ធភាព
ពាក្យចាស់ពោលថា «លក់នៅពេលដែលគេចង់ទិញ ហើយទិញនៅពេលដែលគេត្រូវការលក់» ទ្រឹស្តីមួយនេះសាកសម និងល្អបំផុតសម្រាប់ការលក់ ។ ឧទាហរណ៍ថា ប្រសិនបើអ្នកមានដីនៅតំបន់ក្បែររោងចក្រ មានទំហំដីធំ និងថែមទាំងនៅជាប់ផ្លូវធំសំខាន់ថែមទៀត ដូច្នេះអ្នកត្រូវដឹងថា តើក្រុមមនុស្សណាដែលអាចមានលទ្ធភាព និងត្រូវការដីតំបន់នោះ ។ បើអ្នកមានគម្រោងចង់ពុះដីឡូត៍ ឬលក់គម្រោងផ្ទះបុរីជាដើម អ្នកត្រូវប្រមើលមើលថា តំបន់ហ្នឹងមានអ្នកចង់ទិញ និងនរណាខ្លះមានលទ្ធភាពក្នុងការទិញដី ឬផ្ទះរបស់អ្នក ៕
Comments