+855 92 92 1000
Logo
មិនចង់ឱ្យភ្ញៀវជួបមុខហើយរត់បាត់អ្នកលក់អចលនទ្រព្យត្រូវចេះក្តោបឱកាស៥នេះ
Updated on: May 22, 2022, 2:24 p.m.
Published on: August 27, 2021, 7:20 a.m.

មិនចង់ឱ្យភ្ញៀវជួបមុខហើយរត់បាត់អ្នកលក់អចលនទ្រព្យត្រូវចេះក្តោបឱកាស៥នេះ


សម្រាប់ភ្នាក់ងារអចលនទ្រព្យការជូនភ្ញៀវទៅដើរមើលអចលនទ្រព្យដែលខ្លួនណែនាំគឺជារឿងសំខាន់បំផុតនៅក្នុងដំណើរទិញលក់​ ព្រោះភ្ញៀវម្នាក់ៗដែលសម្រេចចិត្តទៅមើលអចលនទ្រព្យនោះរមែងជាភ្ញៀវដែលចាប់អារម្មណ៍ខ្លាំង និងមានភាគរយនៃការបញ្ជាទិញខ្ពស់ ដូច្នេះដំណាក់កាលមួយនេះតម្រូវ​ឱ្យភ្នាក់ងារអចលនទ្រព្យចេះក្តោបឱកាសឱ្យបានជាប់មិនឱ្យរំលង ។​

ក្នុងនោះដើម្បីជួយ​ឱ្យដំណាក់កាលនេះរឹតតែប្រកបទៅដោយភាពជោគជ័យខាងក្រោមនេះ realestate.com.kh សូមណែនាំ៥ចំណុចដែលអ្នកត្រូវធ្វើ ៖

១). ស្តាប់

នៅពេលដែលអ្នកចង់រៀបចំអចលនទ្រព្យដើម្បី​នាំភ្ញៀវទៅមើលរឿងដែលអ្នកត្រូវធ្វើសំខាន់ដំបូងគេនោះគឺ «ស្តាប់» ។ អ្នកត្រូវស្តាប់ថាអ្វីទៅដែលជាតម្រូវការរបស់ភ្ញៀវ និងតើអ្វីដែលភ្ញៀវមិនចង់បាន។ ឧទាហរណ៍ ៖ ប្រសិនជាភ្ញៀវតម្រូវឱ្យមានអាងទឹកដែលអាចហែលលំហែកាយបានអ្នកមិនគួរបង្ហាញ អចលនទ្រព្យដែលមានអាងទឹកតូចទំហំប៉ុនអាងចិញ្ចឹមត្រីនោះឡើយ ព្រោះគ្រាន់តែភ្ញៀវឃើញអចលនទ្រព្យភ្លាមគេអាចលែងមានអារម្មណ៍ទុកចិត្តលើអ្នកបាត់ទៅហើយ ។ រឿងម្យ៉ាងដែលអ្នកត្រូវចាំទៀតគឺថាភ្ញៀវម្នាក់កម្រនឹងទៅមើលអចនលទ្រព្យជាមួយអ្នកលើកទី២ ឬទី៣ណាស់ប្រសិនជាលើកទី១អ្នកមិនបានធ្វើ​ឱ្យគេពេញចិត្ត លុះត្រាណាតែភ្ញៀវនោះជាភ្ញៀវប្រចាំរបស់អ្នក។

២). ត្រូវប្រាកដថាអចលនទ្រព្យនោះរួចរាល់សម្រាប់មើលបាន

ប្រសិនជាអ្នកចង់ឱ្យភ្ញៀវទៅមើលអចលនទ្រព្យណាមួយ អ្នកត្រូវ​ឱ្យប្រាកដថាអចលនទ្រព្យនោះរួចរាល់សម្រាប់មើលបាន ។ ឧទាហរណ៍ ៖ អ្នកបាននាំភ្ញៀវឱ្យមើលដីមួយកន្លែងដោយប្រាប់ថាដីនោះល្អដោយសារតែគេបានសាងសង់ផ្លូវបេតុងក្បែរនោះរួចរាល់ហើយ ដូច្នេះអ្វីដែលអ្នកប្រាប់ទៅភ្ញៀវត្រូវឱ្យសាកសមនឹងការលើកឡើងរបស់អ្នកដូចគ្នា ។

៣). រៀបចំឯកសារផ្សេងៗឱ្យបានរួចរាល់

នៅពេលដែលអ្នកនាំភ្ញៀវទៅមើលអចលនទ្រព្យ ជាពិសេសពេលដែលមើលច្រើនកន្លែងអ្នកត្រូវរៀបចំឯកសារដែលពាក់ព័ន្ធនឹងអចលនទ្រព្យនោះឱ្យបានរួចរាល់ដែលឯកសារទាំងនោះមាន ដូចជាឯកសារ ដែលបង្ហាញពីព័ត៌មានពីផ្ទះ ឬគម្រោងបង់ប្រាក់ជាដើម ដោយសារនៅពេលដែលអ្នកដើរមើលនោះ ភ្ញៀវរបស់អ្នកប្រហែលជាមិនអាចចាំព័ត៌មានអស់នោះឡើយ ។​ ដូច្នេះហើយល្អបំផុតគឺរៀបចំឯកសារដែលជួយផ្តល់ព័ត៌មានបន្ថែម​ឱ្យទៅកាន់ភ្ញៀវឱ្យហើយងាយស្រួលពួកគេអាចពិនិត្យបានពេលត្រលប់មកផ្ទះវិញ ។

៤). សួរសំណួរ

វាជារឿងចាំបាច់មួយនៅពេលដែលអ្នកនាំភ្ញឿវទៅមើលអចលនទ្រព្យដែលអ្នកត្រូវព្យាយាមសួរសំណួរឱ្យបានច្រើនព្រោះវានឹងជួយឱ្យអ្នកដឹងពីតម្រូវការក៏ដូចជាគំនិតរបស់ភ្ញៀវពាក់ព័ន្ធនឹងអចលនទ្រព្យនេះ ។ លើសពីនេះទៅទៀតវាក៏ថែមទាំងអាចឱ្យអ្នកដឹងថា តើអ្នកត្រូវធ្វើអ្វីបន្តទៀតដែរ ។ តើអ្នកគួរតែរកអចលនទ្រព្យផ្សេង ឬក៏ដោយសារតែបញ្ហាអ្វីផ្សេងទៀត ។

៥). បន្តទំនាក់ទំនងជាមួយភ្ញៀវ

ប្រសិនជាភ្ញៀវបានបង្ហាញសញ្ញាថា ពួកគេពេញចិត្តអចលនទ្រព្យនោះ ឬពួកគេសុំពេលគិតសិន អ្នកត្រូវឧស្សាហ៍ទំនាក់ទំនងទៅសួរពីភ្ញៀវជានិច្ច ។ ការរក្សាទំនាក់ទំនងឱ្យបានជាប់លាប់ជាមួយនឹងភ្ញៀវរបស់អ្នកនឹងជួយឱ្យអ្នកអាចសម្រេចការលក់ជាមួយពួកគេនៅក្នុងថ្ងៃណាមួយ បើទោះបីជាពេលនេះពួកគេមិនទាន់មានតម្រូវការនូវអ្វីដែលអ្នកនាំឱ្យពួកគេក៏ដោយ ៕

Comments