+855 92 92 1000
Logo
មុនសម្រេចទិញផ្ទះមុនគម្រោងមើល៤ចំណុចនេះឱ្យច្បាស់ប្រយ័ត្នអស់លុយតែមិនឃើញផ្ទះ
Updated on: June 7, 2022, 6:36 a.m.
Published on: September 6, 2021, 6:05 a.m.

មុនសម្រេចទិញផ្ទះមុនគម្រោងមើល៤ចំណុចនេះឱ្យច្បាស់ប្រយ័ត្នអស់លុយតែមិនឃើញផ្ទះ


ប្រសិនបើអ្នកធ្លាប់បានទៅទីក្រុងភ្នំពេញអ្នកនឹងមើលឃើញពីឱកាសយ៉ាងច្រើនអ្នកបានឃើញការផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើននៅតាមផ្លូវ ឬតាមបណ្តាញសង្គមហ្វេសប៊ុកជាដើមទាក់ទងទៅនឹងការលក់អចលនទ្រព្យដែលមានវិនិយោគិនជាច្រើនកំពុងអភិវឌ្ឍន៍អចលនទ្រព្យ និងដាក់លក់មុនគម្រោង ។ ការផ្សព្វផ្សាយលក់អចលនទ្រព្យមុនគម្រោងទាំងនោះហាក់បីដូចជាកំពុងស្រែកហៅអ្នក ប៉ុន្តែវាក៏​មានលក្ខណៈពិសេសដែលផ្តល់ជូន​ហើយធ្វើឱ្យអ្នកចាប់អារម្មណ៍ផងដែរ ។

ការទិញគេហដ្ឋានមុនគម្រោងជារឿយៗធ្វើឱ្យអ្នកទិញផ្ទះថ្មីថ្មោងមានការខ្វល់ចិត្ត វាអាចជាការខ្វល់ចិត្តដែលអ្នកត្រូវយកប្រាក់ទៅទិញផ្ទះដែលមិនទាន់លេចចេញជារូបរាងនៅឡើយ ។ យ៉ាងណាក៏ដោយការទិញមុនគម្រោងអាចឱ្យអ្នកមានលទ្ធភាពទិញផ្ទះដែលមានគុណភាពខ្ពស់ស្របទៅតាមចំនួនថវិការបស់អ្នកដែលតាមធម្មតាថវិកានេះអ្នកមិនអាចទិញផ្ទះដែលសាងសង់រួចបានទេ ។

* អ្វីទៅជាការលក់អចលនទ្រព្យមុនគម្រោង?

ការលក់អចលនទ្រព្យមុនគម្រោងគឺជា ការបញ្ចេញ ឬក៏លក់អចលនទ្រព្យដែលមាន ផ្ទះ ឬដីឡូត៍ នៅក្នុងទីផ្សារក្នុងដំណាក់កាលណាមួយមុនពេលការអភិវឌ្ឍន៍បានបញ្ចប់ ឬចេញជារូបរាង ។ ការលក់មុនគម្រោង​ត្រូវបានអនុវត្តក្នុងហេតុ​ផលមួយចំនួន ។ អ្នកអភិវឌ្ឍន៍ខ្លះធ្វើការលក់មុនគម្រោងដើម្បីយកប្រាក់ទៅសាងសង់គម្រោង ខណៈដែលអ្នកអភិវឌ្ឍន៍ខ្លះទៀតបានអនុវត្តតាមវិធីនេះដើម្បីធានាថា អចលនទ្រព្យទាំងអស់ត្រូវបានលក់នៅមុនពេលការសាងសង់ត្រូវបានបញ្ចប់ ។ អ្នកអភិវឌ្ឍន៍មួយចំនួនទៀតបានធ្វើការលក់មុនគម្រោងសម្រាប់ហេតុផលទាំងពីរ ប៉ុន្តែការទិញអចលនទ្រព្យមុនគម្រោងសុទ្ធតែមានគុណសម្បត្តិ និងហានិភ័យស្មើគ្នាផងដែរ ។ ថ្ងៃនេះ Realestate.com.kh សូមលើកយកហានិភ័យមួយចំនួនដែលអាចកើតមានពេលទិញអចលនទ្រព្យមុនគម្រោង ៖

ទី១- ការផ្លាស់ប្តូរលក្ខខណ្ឌ

កិច្ចសន្យាលក់មុនគម្រោងអាចនឹងមានភាពមិនប្រាកដ និងមិនច្បាស់លាស់ពេលខ្លះអាចមានការផ្លាស់ប្តូរបន្ថែមទៀតមិនថា ស្របច្បាប់ ឬតាមបច្ចេកទេស ឬភាពចន្លោះប្រហោងដែលមិនបានបំពេញក្នុងកិច្ចសន្យា ។ ហានិភ័យដែលកើតមានគឺអ្នកប្រហែលពិតជាទទួលបានយូនីតដែលខុសពីអ្វីដែលគេបានសន្យាជាមួយ ។ នេះរួមបញ្ចូលទាំងការផ្លាស់ប្តូរនៅក្នុងសម្ភារ ទីតាំង ប្លង់ ទំហំ និងក្បាច់រចនាជាដើម ។ ហើយដោយសារតែអ្នកបានចុះហត្ថលេខាលើកិច្ចសន្យារួចហើយអ្នកនឹងមិនអាចធ្វើអ្វីបាននោះឡើយ ប៉ុន្តែមានតែរស់នៅទីនោះ ។ អ្វីដែលអ្នកមួយចំនួនអាចបានធ្វើគឺពួកគេជួលយូនីតទាំងនោះសម្រាប់ប្រាក់ចំណេញដែលជាមធ្យោបាយមួយដើម្បីពន្យាពេលនៃការខកចិត្តរបស់អ្នក ។

ទី២- បំរែបម្រួលការបញ្ចប់គម្រោង

ពេលខ្លះក្នុងកិច្ចសន្យាលក់មុនគម្រោងមាន(ខ)សន្យានៃការពន្យាពេល ដែលអាចជួយឱ្យអ្នកអភិវឌ្ឍន៍គេចផុតពីការទទួលខុសត្រូវក្នុងការបញ្ចប់គម្រោងឱ្យទាន់ពេលវេលា ។  នោះហើយជាមូលហេតុសំខាន់ដែលអ្នកត្រូវតែពិនិត្យមើលក្នុងកិច្ចសន្យាឱ្យបានល្អិតល្អន់មុនទិញអចលនទ្រព្យមុនគម្រោង ។

ទី៣- ការបាត់បង់ហិរញ្ញវត្ថុ

ប្រសិនបើអ្នកអភិវឌ្ឍន៍ក្ស័យធន ឬគម្រោងត្រូវជាប់គាំងមិនអាចដំណើរការទៅមុខបាន ជាធម្មតាអតិថិជនដែលទិញមិនទទួលបានអ្វីទាំងអស់ ។ សូមប្រាកដថា អ្នកអាចប្តឹងពួកគេបាន ប៉ុន្តែវានឹងចំណាយពេលយូរក្នុងការសងប្រាក់ត្រឡប់មកអ្នកវិញ ។

ទី៤- ក្រុមហ៊ុនតំណាងរញ៉េរញ៉ៃ

ដោយសារអចលនទ្រព្យគឺនៅលើដំណាក់កាលនៃការលក់មុនគម្រោង ដូច្នេះអ្នកអាចជួបហានិភ័យនៃការបោកប្រាស់ដែលពួកគេមានបំណងបញ្ចុះបញ្ចូលអ្នកឱ្យបង់ប្រាក់តាមលក្ខខណ្ឌ ឬរូបភាពផ្សេងៗរួចយកប្រាក់របស់អ្នករត់គេចខ្លួនបាត់ក៏មាន ។​  ហើយប្រសិន បើមិនមែនជាករណីនេះទេការអភិវឌ្ឍន៍មួយចំនួនអាចមានហានីភ័យដោយសារជួលអ្នកតំណាងលក់ពុករលួយដែលកឹបកេងកំណត់តម្លៃទ្វេដងនៅពេលធ្វើបទបង្ហាញលក់ ៕

Comments