មិនថាតែធនាគារ និងមីក្រូហិរញ្ញវត្ថុនោះទេការដាក់ពាក្យស្នើសុំប្រាក់កម្ចីមិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះពួកគេត្រូវពិនិត្យ និងពិចារណាតាមលក្ខណ្ឌរបស់ស្ថាប័នខ្លួនយ៉ាងល្អិតល្អន់មុននឹងផ្តល់ប្រាក់កម្ចីទៅកាន់អតិថិជន ហើយក៏មានអតិថិជនជាច្រើនមកហើយដែលត្រូវបានធនាគារ និងមីក្រូហិរញ្ញវត្ថុបដិសេធមិនផ្តល់ប្រាក់កម្ចី ។
សម្រាប់អ្នកដែលមានគម្រោងដាក់ពាក្យស្នើសុំប្រាក់កម្ចីពីធនាគារ និងមីក្រូហិរញ្ញវត្ថុនានាមុននឹងសម្រេចចិត្តស្នើសុំត្រូវប្រាកដថាអ្នកបានរៀបចំខ្លួន និងសំណុំឯកសារស្របច្បាប់ឱ្យបានត្រឹមត្រូវជាមុនចៀសវាងដាក់សំណើច្រើនកន្លែងហើយត្រូវគេបដិសេធ ។
តាមប្រភពលោក អ៊ិន ម៉ៅ ដែលជាមន្ត្រីឥណទាននៃមីក្រូហិរញ្ញវត្ថុមហានគរបានថ្លែងប្រាប់តាមរយៈទូរស័ព្ទជាមួយនឹងសហការីនៃគេហទំព័រ realestate.com.kh ឱ្យដឹងនូវកត្តាមួយចំនួនដែលធ្វើឱ្យធនាការ និងមីក្រូហិរញ្ញវត្ថុមួយចំនួនបដិសេធការស្នើសុំប្រាក់កម្ចីរបស់អ្នក (Reject Loan) ៖
ទី១-ជាប់ឈ្មោះក្នុងបញ្ជីខ្មៅ CBC
ធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់មុននឹងសម្រេចចិត្តផ្តល់កម្ចីឥណទានទៅកាន់អតិថិជនគឺត្រូវឆ្លងកាត់ការពិនិត្យប្រវត្តិបង់សងរបស់អតិថិជនតាមរយៈ CBC (Credit Bureau Cambodia) ដែលជាប្រព័ន្ធសម្រាប់ពិនិត្យរបាយការណ៍ឥណទានរបស់អតិថិជន ។ ប្រសិនបើប្រព័ន្ធ CBC បង្ហាញថា អតិថិជនមានឈ្មោះស្ថិតក្នុងបញ្ជីខ្មៅ ពោលគឺធ្លាប់មានប្រវត្តិបង់សង់មិនល្អ ឬជំពាក់បំណុលច្រើននោះនឹងត្រូវមន្ត្រីឥណទាន (CO) បដិសេធចំពោះការស្នើសុំកម្ចីឥណទានរបស់អតិថិជន ។
ទី២-ចំណូលតិច
ស្ថាប័នដែលផ្តល់ប្រាក់កម្ចីទាមទារលំហូរសាច់ប្រាក់ប្រចាំខែ និងប្រាក់ចំណេញសុទ្ធរបស់អាជីវកម្មប្រហែល ១,៥ ដងនៃការបង់រំលស់ប្រចាំខែ ។ ពាក្យស្នើកម្ចីរបស់អ្នកនឹងត្រូវបដិសេធប្រសិនបើអ្នកមិនមានសាច់ប្រាក់គ្រប់គ្រាន់ ។
ទី៣- ស្នើកម្ចីប្រាក់ច្រើនក្នុងពេលតែមួយ
អតិថិជនមួយចំនួនបានស្នើកម្ចីឥណទានច្រើនក្នុងពេលតែមួយដែលវាជាសញ្ញាមិនល្អមួយសម្រាប់ធនាគារ និងមីក្រូហិរញ្ញវត្ថុដោយពួគគេអាចនឹងបដិសេធកម្ចីឥណទានរបស់លោកអ្នក ។ មន្ត្រីឥណទានបានបញ្ជាក់ត្រង់ចំណុចនេះថា អតិថិជនដែលធ្លាប់បានស្នើកម្ចី១ដងរួចហើយ សម្រាប់ដំណើរការកម្ចីឥណទានថ្មីគឺមានរយៈពេលចន្លោះ៧ខែទៅ៨ខែទើបអតិថិជនអាចស្នើកម្ចីឥណទានបានម្តងទៀត ដោយមើលពិនិត្យមើលលើស្ថានភាពជាក់ស្តែងរបស់អតិថិជន ។
ទី៤- គ្មានទ្រព្យបញ្ចាំ
ជាធម្មតាធនាគារ និងមីក្រូហិរញ្ញវត្ថុតម្រូវឱ្យលោកអ្នកមានទ្រព្យបញ្ចាំដែលអាចជាប្លង់់ដី ឬប្លង់ផ្ទះដើម្បីតម្កល់ទុកនៅស្ថាប័នរបស់ខ្លួន ។ ស្ថាប័នដែលផ្តល់ប្រាក់កម្ចីអាចអនុញ្ញាតឱ្យបានចន្លោះតែ ៦០% ទៅ ៦៥% នៃសមាមាត្រទៅនឹងតម្លៃទ្រព្យបញ្ចាំរបស់អ្នកតែប៉ុណ្ណោះ ប៉ុន្តែក្នុងករណីដែលលោកអ្នកមិនមានទ្រព្យបញ្ចាំនោះស្ថាប័នដែលផ្តល់ប្រាក់កម្ចីនឹងបដិសេធសំណើរបស់លោកអ្នក ។
ទី៥-ឯកសារមិនគ្រប់គ្រាន់
ក្នុងករណីដែលអតិថិជនមួយចំនួនមិនមាននូវឯកសារសំខាន់ដូចជា ៖ អត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ, វិញ្ញាបនបត្រចុះបញ្ជីអាជីវកម្ម, ប័ណ្ណប៉ាតង់, ឯកសារវត្ថុរំលស់, របាយការណ៍ហិរញ្ញវត្ថុក្នុងរយៈពេល ១២ ខែចុងក្រោយរបស់អាជីវកម្ម ក៏អាចមានឱកាសទទួលបានការបដិសេធប្រាក់កម្ចីពីធនាគារ និងមីក្រូហិរញ្ញវត្ថុដូចគ្នា ៕
Comments