+855 92 92 1000
Logo

Editorial content

ស្វែងយល់អំពីល្បិចឆបោកនៅក្នុងវិស័យអចលនទ្រព្យនៅពេលបច្ចុប្បន្ន
Updated on: June 7, 2022, 3:32 a.m.
Published on: December 22, 2016, 5:37 p.m.
Realestate News
Home & Living

ស្វែងយល់អំពីល្បិចឆបោកនៅក្នុងវិស័យអចលនទ្រព្យនៅពេលបច្ចុប្បន្ន


ប្រទេសកម្ពុជាមានកំណើនវិស័យអចលនទ្រព្យយ៉ាងខ្លាំងក្លា ដែលបានកំពុងស្រូបយកវិនិយោគិនពីបរទេស និងរុញប្រជាជនក្នុងស្រុកដ៏ច្រើនឲ្យងាកមកវិនិយោគកាន់តែច្រើនឡើងនៅក្នុងវិស័យ ទាំងវិស័យដីធ្លី និងវិស័យលំនៅដ្ឋាន។ ពោលគឺកំណើននេះបានរីកដុះដាលនៅគ្រប់ទិសទីនៅ​តាមទីក្រុងធំៗ ទីក្រុងរីកចម្រើនថ្មីៗ តំបន់រោងចក្រឧស្សាហកម្ម និងផ្លូវជាតិសំខាន់ៗមួយចំនួន។

ប្រាកដណាស់និន្នាការថ្មីនេះគឺបានផ្តល់ផលចំណេញជាច្រើនដល់អ្នកអភិវឌ្ឍន៍ និងវិនិយោគចុងក្រោយ។ ស្របជាមួយគ្នានេះមានអ្នកភិវឌ្ឍន៍ និងជនខិលខូចមួយចំនួនបានកេងបន្លំក្នុងវិស័យអចលនទ្រព្យដោយផ្តល់ព័ត៌មានមិនមានភាពច្បាស់លាស់ ដើម្បីទទួលបានផលចំណេញក្នុងរយៈពេលខ្លី។

នេះប្រហែលជាមកពីភាពធូរលុងផ្នែកច្បាប់ ចំណែកស្តង់ដារអាជីវកម្មក្នុងវិស័យក៏ហាក់មិនទាន់់មានភាពច្បាស់លាស់ ដែលធ្វើឲ្យអ្នកទិញមិនបានដឹងថាពួកគេកំពុងត្រូវបានគេបោកប្រាស់ ឬករណីខ្លះវាហាក់យឺតពេលនៅពេលពួកគេដឹងថាត្រូវបានគេបោកប្រាស់។  ពិតណាស់ប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទេនោះអ្នកនឹងអាចខាតបង់ទាំងពេលវេលា និងហិរញ្ញវត្ថុដោយឥតប្រយោជន៍។

ដើម្បីបញ្ជៀសពីហានិភ័យទាំងនេះវាប្រហែលជាត្រូវទាមទាឲ្យអ្នកទិញខ្លួនឯងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ជាមួយគ្នានេះអ្នកទិញអាចស្វែងយល់ពីល្បិចបោកប្រាស់មួយចំនួនរបស់ក្រុមខិលខូច ។ ​ខាងក្រោមនេះគឺជាល្បិចឆបោកខ្លះៗ ដែលធ្លាប់កើតមាននៅក្នុងប្រតិបត្តិការទិញលក់អចលនទ្រព្យនៅកម្ពុជា។

ប្លង់កម្មសិទ្ធិចំនួនពីរ

ប្លង់រឹង និងប្លង់ទន់គឺជាប័ណ្ណកម្មសិទ្ធិអចលនទ្រព្យដែលត្រូវបានគេប្រើប្រាស់នៅកម្ពុជា។ ជាធម្មតាអចលនទ្រព្យមួយអាចមានប័ណ្ណកម្មសិទ្ធិកាន់កាប់មួយ ប៉ុន្តែអចលនទ្រព្យខ្លះអាចមានទាំងប្លង់រឹង និងប្លង់ទន់។

ការឆបោកនេះពាក់ព័ន្ធទៅនឹងម្ចាស់ដែលលក់អចលនទ្រព្យឲ្យអ្នកទិញពីរនាក់ផ្សេងគ្នាដោយ អ្នកទិញម្នាក់ទទួលបានប្លង់រឹង ហើយម្នាក់ទៀតទទួលបានប្លង់ទន់។​ ក្នុងរណីនេះអ្នកទិញដែល ទទួលបានប្លង់ទន់នឹងមិនមានសិទ្ធិស្របច្បាប់ទេ ដោយសារតែប្លង់ទន់បានទទួលស្គាល់ត្រឹមតែពីអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ រីឯប្លង់រឹងវិញគឺទទួលស្គាល់ពីថ្នាក់ជាតិ។

ករណីនៃការចេញប្លង់ច្រើនលើអចលនទ្រព្យតែមួយនេះធ្លាប់បានកើតឡើង ហើយអ្នកលក់បានលក់អចលនទ្រព្យដដែលទៅឲ្យអ្នកទិញច្រើននាក់។

ជាដំណោះស្រាយ៖

អ្នកអាចធ្វើការស៊ើបអង្កេតដោយផ្ទាល់ជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងការិយាល័យសុរិយោដី​ក្នុងតំបន់នោះ ដោយត្រូវថតចម្លង ប្លង់កម្មសិទ្ធិពីអ្នកលក់ ដើម្បីត្រួតពិនិត្យជាមួយនឹងកំណត់ត្រាជាផ្លូវការ។

ការប្រុងប្រយ័ត្នមួយផ្សេងទៀតគឺការពិនិត្យមើលថាតើអ្នកជិតខាងមានប្លង់រឹង ឬប្លង់ទន់។ ប្រសិនបើប្រជាជននៅក្នុងតំបន់នោះកាន់កាប់ប្លង់រឹងនោះគឺមានន័យថារដ្ឋាភិបាលបានចេញប្លង់រឹងជូនដល់តំបន់នោះរួចហើយ។ យើងមិនណែនាំឲ្យអ្នកទិញអចលនទ្រព្យមួយដែលមានប្លង់ទន់នៅក្នុង តំបន់ ដែលអ្នកជិតខាងមានប្លង់រឹងនោះទេ។

ប្លង់រឹងក្លែងក្លាយ៖

កាលពីដើមឆ្នាំ២០១៨កន្លងទៅមានករណីឆបោកលក់ដីដោយប្រើប្រាស់ប្លង់រឹងក្លែងក្លាយនៅក្នុងរាជធានីភ្នំពេញ។​ ការឆបោកនេះបានធ្វើឡើងជាស៊ែរីហើយម្ចាស់ដីនីមួយៗបានលក់ដីក្នុងតម្លៃក្រោមទីផ្សារទៅអោយម្ចាស់តែមួយ។

ករណីខាងលើនេះអ្នកទិញបានពិនិត្យប្លង់ដី  និងផ្ទៀងផ្ទាត់អត្តសញ្ញាណម្ចាស់កម្មសិទ្ធិករ អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារឃើញមានភាពត្រឹមត្រូវទាំងអស់។ ប៉ុន្តែប៉ុន្មានខែក្រោយមក បន្ទាប់ពីដាក់ឯកសារផ្ទេរកម្មសិទ្ធិដីភូមិបាលខណ្ឌរកឃើញថាជាប្លង់ដីក្លែងក្លាយ។

ជាដំណោះស្រាយ៖

អ្នកទិញអចលនទ្រព្យគួរធ្វើការផ្ទៀងផ្ទាត់ប្លង់ជាមួយការិយាល័យសុរិយោដី ឬភូមិបាលសុ្រក/ខណ្ឌអោយបានច្បាស់លាស់ជាមុនសិនមុនសម្រេចចិត្តកក់លុយ។

ដីមានវិវាទ៖

អ្នកអាចក្លាយទៅជនរងគ្រោះដោយមិនដឹងខ្លួនប្រសិនបើអ្នកទិញដីកំពុងមានវិវាទ ឬមានការហាមឃាត់តាមផ្លូវតុលាការ។ អ្នកប្រហែលជាមិនងាយដឹងទេថាដីមានជម្លោះ ឬអត់ប្រសិនបើអ្នកមិនរស់នៅតំបន់នោះ។

ដំណោះស្រាយ៖

ការនិយាយជាមួយអ្នកជិតខាងជាធម្មតាអាចជួយអ្នកក្នុងការប្រមូលរាល់ព័ត៌មានចាំបាច់។ អ្នកក៏គួរតែធ្វើការស្វែងរកជំនួយ ឬកម្មសិទ្ធិកាន់កាប់​តាមរយៈក្រុមប្រឹក្សាឃុំ/សង្កាត់ ឬមន្រ្តីក្រសួងដែនដីដើម្បីដឹងថាដីនោះពិតជាមានសុវត្ថិភាព។

ភ្នាក់ងារអចលនទ្រព្យ ដែលមានជំនាញវិជ្ជាជីវៈ ឬមេធាវីដែលមានបទពិសោធន៍អាចជួយធ្វើការនេះ ជំនួសអ្នកបានប្រសិនបើអ្នកត្រូវការ ។

ម្ចាស់ក្លែងក្លាយ៖

អ្នកប្រហែលធ្លាប់ឃើញដីទំនេរធំៗ​ដាក់ប្រកាសលក់។ ការឆបោកនេះជាប់ពាក់ព័ន្ធនឹងនរណាម្នាក់ដែលតាំងខ្លួនជាម្ចាស់កម្មសិទ្ធិលើដីណាមួយ។

ដំណោះស្រាយ៖

អ្នកត្រូវសាកសួរអ្នកជិតខាង និងប្រធានភូមិអំពីអចលនទ្រព្យ និងប្រវត្តិរបស់ម្ចាស់ដីនោះ។ បន្ទាប់មកពិនិត្យថាតើអ្វីជាភាពខុសគ្នារវាងព័ត៌មានដែលអ្នកទទួលបានពីមេភូមិ និងព័ត៌មានដែលអ្នកលក់បានអះអាង។  ការត្រួតពិនិត្យប្លង់កម្មសិទ្ធិគឺមានសារៈសំខាន់ ហើយប្រសិនបើម្ចាស់ដីមិនមានប្លង់កម្មសិទ្ធិ នោះគឺប្រាកដមានអ្វីមួយមិនប្រក្រតីជាមិនខាន។ ជារួមទៅជំនួយពីអាជ្ញាធរពាក់ព័ន្ធនឹងអាចបញ្ជាក់ថានរណាជាម្ចាស់ពិតប្រាកដ។

ប្រយ័ត្នចំពោះប្រាក់កក់៖

អ្នកលក់ដីឡូតិ៍ខ្យល់ម្ចាស់ក្លែងក្លាយ ឬអ្នកលក់ក្លែងតែងតែចង់បានប្រាក់កក់មុនបំផុត។ អ្នកទិញត្រូវបានស្នើរឲ្យកក់ប្រាក់ដើម្បីទទួលបានអចលនទ្រព្យមុនគេ។ បន្ទាប់ពីទទួលបានប្រាក់កក់ អ្នកលក់ក្លែងក្លាយបានគេចខ្លួនបាត់។

ដំណោះស្រាយ៖

អ្នកអាចជ្រើសយកជម្រើសនៃការផ្ញើប្រាក់កក់តាមរយៈភាគីទីបីដែលអាចទុកចិត្តបាន ឬដាក់ក្នុងគណនីធនាគារអន្តរការីរងចាំរហូតដល់អ្វីគ្រប់យ៉ាងត្រូវបានដោះស្រាយ។  ធ្វើបែបនេះអាចការពារខ្លួនអ្នកពី​ការឆបោក។

អ្នកលក់ដីឡូតិ៍ខ្យល់៖

ពួកគេប្រើប្រាស់គម្រោងអ្នកដ៏ទៃមកធ្វើទីផ្សារដោយប្រាប់ថាជាដីរបស់ក្រុមហ៊ុន ឬគម្រោងរបស់ពួកគេ។  ពួកគេមិនមានក្រុមហ៊ុនច្បាស់លាស់តែមានក្រុមការងារច្រើន និងមានជាការិយាល័យបណ្តោះអាសន្ន។ អ្នកចាញ់បោកអ្នកលក់ដីឡូតិ៍ខ្យល់អាចមកពីមិនបានធ្វើការស្វែងរយល់ស៊ីជម្រៅពីគម្រោងពិសេសអ្នកធ្វើការនៅក្រៅប្រទេស (ដូចជាប្រទេសកូរ៉េជាដើម)។

ដំណោះស្រាយ៖

អ្នកទិញមិនត្រូវជឿដោយគ្រាន់តែឃើញតាមរយ​ៈការផ្សព្វផ្សាយតាមហ្វេកប៊ុកនោះឡើយ។ អ្នកត្រូវដឹងពីប្រវត្តិក្រុមហ៊ុន និងភាពស្របច្បាប់របស់ក្រុមហ៊ុន​ និងកម្មសិទ្ធិស្របច្បាប់នៃអចលនទ្រព្យនោះ។

ករណីបើអ្នកមិនសូវយល់ដឹងពីទីផ្សារ អ្នកត្រូវស្វែងរកការប្រឹក្សាយោបល់ជាមួយភ្នាក់ងារ អចលនទ្រព្យ ឬអ្នកជំនាញមុននឹងសម្រេចចិត្តទិញ។

ការខូចខាតលាក់កំបាំង៖

មូលហេតុមួយដែលគេលក់ផ្ទះក្នុងតម្លៃទាបជាងទីផ្សារខ្លាំងគឺអាចដោយសារតែមានការខូចខាតដែលអ្នកនឹងមិនអាចមើលឃើញ។ អ្នកលក់អាចប្រាប់ថាប្រញាតប់លក់ក្នុងហេតុផលណាមួយ ហើយអ្នក ទិញមិនអាចរកឃើញការខូចខាតទាំងនេះបានទេក្នុងពេលភ្លាមៗ ប៉ុន្តែនឹងដឹងនៅពេលទិញ និងចូលទៅស្នាក់នៅបានមួយរយៈពេល។

ដំណោះស្រាយ៖

ជាការណែនាំអ្នកគួរនាំអ្នកជំនាញមកជាមួយដើម្បីឲ្យជួយពិនិត្យមើលប្រព័ន្ធទឹក អគ្គិសនី និងភាពរឹងមាំនៃសំណង់នោះមុនពេលអ្នកទិញលំនៅដ្ឋានណាមួយ។

តំបន់មានទឹកជំនន់៖

“គ្មានទឹកជំនន់” គឺជាចំណុចដ៏ពិសេសមួយនៃអចលនទ្រព្យសម្រាប់លក់។ អ្នកលក់នឹងធ្វើការផ្សព្វ ផ្សាយថាតំបន់នោះគឺគ្មា​នទឹកជំនន់ទេ បើទោះបីជាក្នុងតំបន់នោះមានទឹកជំនន់ក៏ដោយ។ អ្នកទិញអាចនឹងមានបញ្ហានៅពេលដែលមានភ្លៀងធ្លាក់ច្រើននៅក្នុងតំបន់។

ដំណោះស្រាយ៖

អ្នកអាចត្រួតពិនិត្យមើលថាតើតំបន់នេះមានទឹកជំនន់ ឬក៏អត់ ដោយធ្វើការសាកសួរអ្នកក្នុងតំបន់​ ឬអ្នកជិតខាងនៅកន្លែងនោះ ថាតើតំបន់នោះពិតជាមានទឹកជំនន់ ឬក៏អត់។

ការបង់ប្រាក់មុនគម្រោង៖

អ្នកអភិវឌ្ឍក្លែងក្លាយបានផ្សព្វផ្សាយថាពួកគេមានគម្រោងថ្មី​ និងចាប់បើកលក់មុនគម្រោង។   ពួកគេបើកឲ្យមានការទិញ និងបង់ប្រាក់ ឬកក់ប្រាក់មុនគម្រោង ហើយបន្ទាប់ពីប្រមូលបានប្រាក់ច្រើនល្មមពួកគេស្រាប់តែគេចខ្លួនបាត់។

ដំណោះស្រាយ៖

ដើម្បីជៀសវាងរាល់បញ្ហាទាំងនេះ អ្នកអាចធ្វើការពិនិត្យឲ្យបានម៉ត់ចត់លើប្រវត្តិរបស់គម្រោងពីមុនៗរបស់អ្នកអភិវឌ្ឍន៍។ អ្នកអភិវឌ្ឍន៍ដែលទុកចិត្តបានជាធម្មតាបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្អតាមរយៈគម្រោងកន្លងមក។ អ្នកអាចព្យាយាមរកមើលអត្ថបទព័ត៌មានល្អៗពីគេហទំព័រ ដែលអាចទុកចិត្តបាន​ ដែលផ្សព្វផ្សាយទាក់ទងនឹងគម្រោងអភិវឌ្ឍន៍នានា។

ប្រសិនបើជាក្រុមហ៊ុនស្របច្បាប់ពួកគេមានអាជ្ញាប័ណ្ណក្រុមហ៊ុន អាជ្ញាប័ណ្ណសាងសង់ អាជ្ញាប័ណ្ណបុរី ផែនការមេ និងប្លង់រឹងជាដើម។ ប្រសិនបើអ្នកអភិវឌ្ឍន៍មិនបង្ហាញនូវឯកសារទាំងនេះច្បាស់លាស់ទេ នេះជាសញ្ញាមិនល្អសម្រាប់អ្នកទិញ។

ប៉ុន្តែសូមចំណាំថានេះមិនមែនមានន័យថាអ្នកអភិវឌ្ឍន៍ថ្មីគឺសុទ្ធតែជាអ្នកបោកប្រាស់ទាំងអស់នោះទេ។

ការឆបោករួមគ្នា៖

ការឆបោកបែបនេះត្រូវធ្វើឡើងដោយក្រុមហ៊ុនពីរ  ឬមនុស្សពីរនាក់ធ្វើការរួមគ្នាដើម្បីបង្កើនតម្លៃអចលនទ្រព្យណាមួយ។ អ្នកទី១ទិញដីដែលមិនទាន់មានការអភិវឌ្ឍន៍ចំណែកអ្នកទី២បានប្រកាសថានឹងមានគម្រោងអភិវឌ្ឍន៍នៅក្បែរនោះ។ ប៉ុន្តែការអភិវឌ្ឍន៍នេះជាធម្មតាមិនបានបញ្ជាក់ពីទីតាំងជាក់លាក់ណាមួយទេ។ បន្ទាប់មកអ្នកទី១ចាប់ផ្តើមលក់ដីដែលមិនទាន់មានការអភិវឌ្ឍនោះវិញក្នុងតម្លៃខ្ពស់។ បន្ទាប់មកពួកគេទាំងពីរនាក់បានចែកប្រាក់ចំណេញគ្នា ហើយទីបំផុតទៅដីនៅក្នុងតំ​បន់នោះមិនមានគម្រោងសាងសង់ ឬការអភិវឌ្ឍណាមួយឡើយ។

ដំណោះស្រាយ៖

អ្នកអាចមើលដឹងថាវាជាការឆបោក ឬអត់ដោយសារគម្រោងអភិវឌ្ឍន៍ធំៗត្រូវទាមទារការឯកភាពពីក្រសួងពាក់ព័ន្ធជាច្រើន និងត្រូវអភិវឌ្ឍដោយក្រុមហ៊ុនដែលមានបទពិសោធន៍ជោគជ័យ។ ជាធម្មតាជនបោកប្រាស់មិនមានការិយាល័យពិតប្រាកដឡើយ។ ដូចបានលើកឡើងខាងលើពួកគេចាំបាច់ត្រូវតែមានបានអាជ្ញាប័ណ្ណក្រុមហ៊ុន អាជ្ញាប័ណ្ណសាងសង់ ប្លង់រឹងមេ និងប្លង់មេរបស់គម្រោងអភិវឌ្ឍ និងអាជ្ញាប័ណ្ណសាងសង់។ ប្រសិនបើការអភិវឌ្ឍនេះមិនបង្ហាញនូវឯកសារទាំងនេះច្បាស់លាស់ទេវាជាសញ្ញាមិនល្អសម្រាប់អ្នកទិញនោះឡើយ។

មិនត្រូវអនុញ្ញាតឱ្យការបោកប្រាស់ទាំងនេះបន្លាចអ្នកនោះទេអ្នកត្រូវយល់ដឹង ...

ការទិញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាអាចមានប្រយោជន៍ប្រសិនបើអ្នកធ្វើបានត្រឹមត្រូវ។ ភ្នាក់ងារអចលនទ្រព្យដែលអាចជឿទុកចិត្តបាន និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់អាចធ្វើការ ជាមួយអ្នក ជួយអ្នក និងប្រាប់អ្នកពីការឆបោកគ្រប់រូបភាពបាន។

លើសពីនេះប្រសិនបើអ្នកមានការព្រួយបារម្ភថាអ្នកកំពុងត្រូវបានគេបោកប្រាស់ សូមស្វែងរកដំបូន្មានផ្នែកច្បាប់មុនពេល ដែលអ្នកសម្រេចចិត្តទិញអចលនទ្រព្យមួយ!

ស្វែងរកភ្នាក់ងារអចលនទ្រព្យល្អបំផុត៖ តាមរយៈ Realestate.com.kh!

Comments