ជាទូទៅគេដឹងថាភ្នាក់ងារអចលនទ្រព្យមានជំនាញក្នុងការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងការប្រឹក្សាយោបល់ ។ ទោះបីជាយ៉ាងណា បើពិនិត្យលើស្ថានភាពជាក់ស្តែង ក្នុងវិស័យអចលនទ្រព្យកម្ពុជាបច្ចុប្បន្នប្រជាពលរដ្ឋមួយចំនួននៅតែងមានទស្សនៈថាមិនចង់ជួលភ្នាក់ងារអចលនទ្រព្យ ដោយសារតែមានការតម្រូវឱ្យបង់ប្រាក់ជាដើម ។
ទទឹមជាមួយគ្នានេះ ការវិនិយោគអចលនទ្រព្យបានក្លាយជាផ្នត់គំនិតថ្មីមួយសម្រាប់របស់ប្រជាជនក្នុងស្រុក ។ ជាការពិតណាស់ សម្រាប់អ្នកដែលវិនិយោគបានត្រឹមត្រូវ ពួកគេអាចទទួលបានផលចំណេញខ្ពស់ជាទីគាប់ចិត្ត ។ ប៉ុន្តែពួកគេប្រហែលជាមិនដឹងទេថា ភ្នាក់ងារអាចជួយគេបានច្រើនបំផុត និងចំណេញច្រើនលើសពីហិរញ្ញវត្ថុ ។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលអ្នកគួរតែដឹង ៖
ទី១- ទទួលបានផ្ទះតាមក្តីស្រមៃ
ជាធម្មតា នៅពេលមានបំណងចង់ទិញផ្ទះ អ្នកតែងតែស្រមៃឃើញពីលក្ខណៈ និងស្ថានភាពផ្ទះដែលអ្នកចង់បាន ។ ប៉ុន្តែមិនមានមនុស្សច្រើនប៉ុន្មានទេ ដែលទទួលបានផ្ទះ ដូចការស្រមៃរបស់ខ្លួន ។ អ្នកខ្លះចង់បានផ្ទះ ដែលមានទីតាំងជិត សាលារៀន មន្ទីរពេទ្យ ឬកន្លែងកម្សាន្តនានា ជាមួយនឹងបរិយាកាសសមប្រកប ប៉ុន្តែអ្វីដែលគេទទួលបាន គឺគ្រាន់តែជាផ្ទះសាមញ្ញធម្មតា ។ អ្វីទាំងអស់នេះ អាចកើតឡើងដោយសារតែការមិនមាន ការជួយជ្រោមជ្រែងពីភ្នាក់ងារអចលនទ្រព្យ ក្នុងការជួយរកផ្ទះតាមការចង់បានរបស់ របស់ពួកគេ ។ ម្ចាស់ផ្ទះមួយចំនួនដាក់លក់ផ្ទះតាមរយៈភ្នាក់ងារ (ដោយមិនមានការដាក់ផ្លាកផ្សព្វផ្សាយនោះទេ) ។
ដូចនេះប្រសិនបើអ្នកមិនមែនជាភ្នាក់ងារអចលនទ្រព្យ អ្នកប្រហែលជាមិនអាចដឹងបានថា ផ្ទះនោះត្រូវបានដាក់លក់នោះទេ ។ ដូច្នេះការជួលភ្នាក់ងារអចលនទ្រព្យអាចជួយអ្នកឱ្យរកបានផ្ទះតាមក្តីស្រមៃ ក្នុងតម្លៃសមរម្យណាមួយ ។
ទី២- តិចនិចនៃការចរចា
តម្រូវការទិញលក់ក្នុងពេលបច្ចុប្បន្ន មានការកើនឡើង ប៉ុន្តែការប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យហាក់នៅមានកម្រិតនៅឡើយ ដោយសារគេសម្រេចចិត្តចរចាជាមួយអ្នកលក់ដោយខ្លួនឯង ។ ប៉ុន្តែជាធម្មតា ការចរចាតែងភ្ជាប់មួយអារម្មណ៍ ដែលឧបសគ្គយ៉ាងខ្លាំងក្នុងការសម្រេចចិត្ត ឬធ្វើឱ្យអ្នកមិនអាចទទួលបានផ្ទះ ក្នុងតម្លៃដែលអ្នកចង់បាន ។ ចំណែកភ្នាក់ងារអចលនទ្រព្យ ដែលប្រកបដោយវិជ្ជាជីវៈ មានសមត្ថភាពបញ្ចុះបញ្ចូលអ្នកលក់ឱ្យម្ចាស់ផ្ទះព្រមបញ្ចុះតម្លៃទៅតាមការចង់បានរបស់អ្នក ។ ដូច្នេះ អ្នកមិនចាំបាច់ចូលនិយាយចរចាដោយផ្ទាល់នោះទេ ។
ទី៣- ច្បាស់លាស់លើលិខិតស្នាមផ្សេងៗ
ជាទូទៅ លិខិតស្នាមផ្លូវច្បាប់តែងត្រូវបានភ្ជាប់មកជាមួយនៅពេលដែលអ្នកមានសកម្មភាពសេដ្ឋកិច្ចអ្វីមួយ ។ លើសពីនេះទៅទៀត លិខិតស្នាមក្នុងវិស័យអចលនទ្រព្យប្រហែលជាមានលក្ខណៈស្មុគស្មាញច្រើន ប្រសិនបើអ្នកមិនមែនជាអ្នកប្រឡូកក្នុងវិស័យនោះ ។ អ្នកអាចជួបបញ្ហាច្រើន ដូចជាការឆបោកផ្សេងៗ ដែលកំពុងតែកើតមានច្រើននៅក្នុងវិស័យអចលនទ្រព្យសព្វថ្ងៃនេះ ។
ប៉ុន្តែភ្នាក់ងារអចលនទ្រព្យអាចជួយដោះស្រាយបញ្ហានេះបាន ដោយសារតែពួកគេបានទទួលការហ្វឹកហ្វឺនទាក់ទងនឹងផ្នែកនេះ ។ គុណសម្បត្តិមួយ គឺអាចជួយឱ្យអ្នកជៀសវាងបានពីបញ្ហាផ្សេងៗ និងការឆបោកផងដែរ ។
ទី៤- ភ្នាក់ងារអចលនទ្រព្យបានចំណេះដឹងច្រើនជាងអ្នក
ដោយសារតែភ្នាក់ងារអចលនទ្រព្យ ប្រឡូកក្នុងវិស័យនេះ និងបានចំណាយពេលវេលាច្រើនជាមួយនឹងអចលនវត្ថុ ពួកគេដឹងច្រើនពីស្ថានភាពផ្សេងៗរបស់ផ្ទះ ដី អចលនទ្រព្យណាមួយ ពាក់ព័ន្ធនឹងទីតាំង ប្រព័ន្ធលូ ច្បាប់ទំលាប់ផ្សេងៗ ។
ប្រសិនបើអ្នកទិញដោយខ្លួនឯង អ្នកអាចនឹងមិនដឹងពីព័ត៌មានទាំងអស់នេះ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកនៅពេលដែលអ្នកចូលទៅរស់នៅ ។ ការជួលភ្នាក់ងារអចលនទ្រព្យអាចធ្វើឱ្យអ្នកដឹងពីស្ថានភាពទាំងនេះ និងធ្វើឱ្យអ្នកសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ ។
ទី៥- ជួយបិទការលក់ដោយជោគជ័យ
ការចុះកិច្ចសន្យាជាផ្លូវការអាចមានដំណើរការយូរ ដែលធ្វើឱ្យអ្នកមានភាពធុនទ្រាន់ ។ ប៉ុន្តែបើអ្នកមានជំនួយពីភ្នាក់ងារតាមដំណាក់កាលនីមួយៗ អ្នកនឹងមិនស្មុកស្មាញច្រើននោះទេ ។ លើសពីនេះក្រោយពីអ្នកបានសម្រេចចិត្តទិញផ្ទះនោះហើយ អ្នកក៏នៅតែមានរឿងជាច្រើនទៀតត្រូវគិតគូរដូចជា៖ ការបង់ពន្ធ ការផ្ទេរទ្រព្យសម្បត្តិជាដើម ។ ប្រសិនបើអ្នកមិនមានភ្នាក់ងារអចលនទ្រព្យនោះទេ អ្នកប្រហែលជាពិបាកក្នុងតំណាក់កាលនេះបន្តិច ។ ដូច្នេះ ការមានភ្នាក់ងារចាំជួយយើងរាល់កិច្ចការស្មុគស្មាញទាំងនេះ វាក៏ជួយយើងឱ្យធូស្រាលមួយកម្រិតទៀតដែរ ៕
Comments