+855 92 92 1000
Logo
កាត់ប្លង់ដីដោយខ្លួនឯងមិនអស់លុយពឹងអ្នករត់ការសូម្បី១រៀល
Updated on: June 7, 2022, 1:27 a.m.
Published on: November 2, 2021, 10:32 a.m.

កាត់ប្លង់ដីដោយខ្លួនឯងមិនអស់លុយពឹងអ្នករត់ការសូម្បី១រៀល


កំណើននៃការទិញ-លក់ដីកាន់តែមានការកើនឡើងជាលំដាប់ក្នុងប្រទេសកម្ពុជាដោយសារតែវិស័យអចលនទ្រព្យកំពុងតែមានសក្តានុពលខ្លាំងគួរឱ្យកត់សម្គាល់ ជាពិសេសចរន្តក្នុងការទិញ-លក់ដីធ្លីកំពុងទទួលបានប្រជាប្រិយភាព ។ ការទិញ-លក់ដីធ្លីកាន់តែមានសន្ទុះតម្រូវការនៃការកាត់ប្លង់ដីរវាងម្ចាស់ដី និងអ្នកទិញគឺកាន់តែសំខាន់ និងចាំបាច់ដើម្បីឱ្យការទិញ-លក់ប្រកបដោយសុវត្ថិភាព និងស្របច្បាប់ ។

ក្នុងនោះផងដែរ មានប្រជាពលរដ្ឋមួយចំនួនដែលធ្លាប់មានបទពិសោធន៍រួចទៅហើយលើការទិញ-លក់ដីធ្លីច្បាស់ជាធ្លាប់ឆ្លងកាត់ការកាត់ប្លង់ដីដោយខ្លួនឯង ឬត្រូវចំណាយថវិការរកអ្នករត់ការដើម្បីជាជំនួយក្នុងការកាត់ប្លង់ដីជាដើម ។ ប៉ុន្តែក្នុងថ្ងៃនេះផងដែរសម្រាប់ប្រជាពលរដ្ឋដែលមិនចង់ចំណាយថវិការលើអ្នករត់ការដើម្បីកាត់ប្លង់ដី លោកអ្នកអាចកាត់ប្លង់ដីដោយខ្លួនឯងតាមរយៈ៣ជំហានដូចខាងក្រោម ៖

រូបតំណាង

ជំហានទី១ ៖ ក្នុងនាមលោកអ្នកដែលជាទិញដី លោកអ្នកត្រូវនាំម្ចាស់ដីដើមទាំងប្តីប្រពន្ធ និងសាក្សីម្នាក់ ដោយភ្ជាប់ជាមួយប្លង់ដីច្បាប់ដើម, អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត និងសៀវភៅគ្រួសារថតចម្លង រួមទាំងអត្តសញ្ញាណប័ណ្ណរបស់លោកអ្នកដែលជាអ្នកទិញ ទៅកាន់ទីស្នាក់ការសុរិយោដីស្រុកដើម្បីបំពេញលិខិតលក់ផ្តាច់, ឯកសារផ្ទេរសិទ្ធិ រួចផ្តិតមេដៃដើម្បីយល់ព្រមទាំងអស់គ្នា (បុគ្គលិកសុរិយោដីស្រុកនឹងបំពេញឯកសារពាក់ព័ន្ធទាំងអស់នោះ) ។

រូបតំណាង

ជំហានទី២ ៖ ក្រោយពីបំពេញលើលិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ និងផ្តិតមេដៃនៅចំពោះមុខបុគ្គលិកសុរិយោដៃរួចហើយ បន្ទាប់មកអ្នកទិញដែលជាម្ចាស់ដីថ្មីត្រូវយកឯកសារទាំងអស់ទៅជួបមេភូមិ និងមេឃុំដើម្បីចុះហត្ថលេខា និងបោះត្រា (មេភូមិ និងមេឃុំមានសិទ្ធិចុះហត្ថលេខា និងបោះត្រាតែលើលិខិតផ្ទេរសិទ្ធិប៉ុណ្ណោះ) ។ ក្រោយចុះហត្ថលេខា និងបោះត្រារួចហើយលោកអ្នកត្រូវយកឯកសារទាំងនោះទៅប្រគល់ជូនប្រធានមន្ទីសុរិយោដីស្រុកវិញដើម្បីហត្ថលេខាសម្រេច និងបោះត្រាបញ្ចប់ការផ្ទេរសិទ្ធិត្រឹមស្រុក ។

ត្រឹមដំណាក់កាលនេះ អាចជាដំណាក់កាល ៥០% នៃដំណើរការផ្ទេរសិទ្ធិ ប៉ុន្តែប្លង់ដីដដែលគឺនៅតែជាប់ឈ្មោះម្ចាស់ដីដើមនៅឡើយ តែគ្រាន់តែមានលិខិតផ្ទេរសិទ្ធិ និងលក់ផ្តាច់អមជាមួយដោយស្របច្បាប់មានន័យអំណះអំណាងថា អ្នកបានទិញរួចហើយ ។

រូបតំណាង

ជំហានទី៣ ៖ លោកអ្នកដែលជាម្ចាស់ដីថ្មី (អ្នកទិញ) ត្រូវយកឯកសារទាំងអស់ដែលបានធ្វើរួចរាល់ពីមន្ទីសុរិយោដីស្រុកយកទៅកាន់មន្ទីសុរិយោដីខេត្តដើម្បីត្រួតពិនិត្យឡើងវិញ និងបោះត្រាបញ្ជាក់ថា មានឯកសារបញ្ជាក់លិខិតស្នាមគ្រប់គ្រាន់ដោយអនុវត្តគ្រប់តាមនីតិវិធី ។

រូបតំណាង

រួចត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិទៅបង់ពន្ធប្រថាប់ត្រានៃតម្លៃដីតាមច្បាប់កំណត់នៅឯអគ្គនាយដ្ឋានពន្ធដាខេត្តដោយរងចាំរយៈពេល១ខែដើម្បីវាយតម្លៃដីក្នុងតំបន់ ។ ក្រោយពីវាយតម្លៃដី និងគណនាពន្ធប្រថាប់ត្រារួច ខាងអគ្គនាយដ្ឋានពន្ធដាខេត្តនឹងទាក់ទងទៅម្ចាស់ដីថ្មី ឬអ្នកទិញដើម្បីមកបង់ពន្ធប្រថាប់ត្រារួចដកយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិត្រឡប់មកវិញ ។

បន្ទាប់ពីបានបង់ពន្ធប្រថាប់ត្រារួចហើយ លោកអ្នកដែលជាម្ចាស់ដី (អ្នកទិញ) ត្រូវយកលិខិតទាំងអស់នោះទៅកាន់មន្ទីរសុរិយោដីខេត្តវិញដើម្បីចុះហត្ថលេខា និងបោះត្រាសម្រេចដោយជោគជ័យដើម្បីចេញជាប្លង់ដីថ្មីជាឈ្មោះកម្មសិទ្ធិរបស់អ្នកទិញដែលជាម្ចាស់ដីថ្មី ហើយរយៈពេលទទួលបានប្លង់ថ្មីអាចចន្លោះពី៣ខែទៅ៦ខែ ៕

ប្រសិនបើលោកអ្នកមានបំណងព្រឹក្សាយោបល់ ឬទិញ លក់ និងជួលអចលនទ្រព្យនានាអាចទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះបាន !!!

Comments